គ្រុឌ គឺជាឈ្មោះមួយនៃសត្វបក្សីនៅក្នុងរឿងទេពកថារបស់ឥណ្ឌា (Mahabharta) និងជាយាន ជំនិះរបស់ព្រះវិស្ណុ និងជាសត្រូវសួរពូជនឹងសត្វនាគ ហើយគ្រុឌក៏ជានិមិត្តរូបនៃកម្លាំង ភាពអង់អាចក្លាហាន និងភាពរវាសនៃការហោះហើរ ព្រមទាំងអាចហោះទៅកាន់ឋានសួគ៌ និងអាចហោះទំលុះមេឃបាន។ ជាទូទៅគ្រុឌបង្ហាញក្នុងសិល្បៈខែ្មរមានដងខ្លួន និងដៃដូចជាមនុស្ស មានចំពុះ ស្លាប ជើង និងក្រញុំាដូចជាសត្វឥន្ទ្រី។
ពាក្យថា “គ្រុឌ” មកពីពាក្យសំស្ក្រឹតមានន័យថា គរុឌ ឬ គរូឌ (Garuda) ហើយពាក្យបាលីមានន័យថា គុរុឡ “គ្រុឌ សត្វសសេះ”។ តាមរយៈអត្ថបទទេពកថាឥណ្ឌាបានបរិយាយថា គ្រុឌមានឪពុកឈ្មោះកស្យប (Kasyapa) មានប្រពន្ធពីរឈ្មោះនាងកទូ្រ (Kadrū) និងនាងវិនតា (Vinatā) ដែលត្រូវជាកូនស្រីរបស់ទ័ក្ស (Daksha) និងជាម្តាយរបស់សត្វគ្រុឌ។ គ្រុឌមានភរិយាឈ្មោះថា ឧណ្ណតិ ឬ វិនាយកា មានបុត្រមួយឈ្មោះថា សម្បាតិ ខ្លះយល់ថាជតាយុក៏ជាបុត្ររបស់គ្រុឌដែរ។ ក្រៅពីនេះសត្វគ្រុឌ ក៏មានបង្ហាញតាមរឿងទេពកថាដូចជារឿងកូរសមុទ្រទឹកដោះ រឿងក្រឹស្ណៈបង្រ្កាបនាគកាល្យណ៍ និងរឿងគ្រុឌជាយានជំនិៈរបស់ព្រះវិស្ណុ ជាដើម។
ចម្លាក់គ្រុឌនៅក្នុងសិល្បៈខែ្មរ គឺភាគច្រើនទទួលឥទ្ធពលពីឥណ្ឌាដែលហូរចូលមកក្នុងប្រទេសខ្មែតាំងពីដើមនៃគ្រឹស្គករាជ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺខ្មែរបានកែច្នៃឱ្យក្លាយទៅជាសិល្បៈរបស់ខ្លួន។ ក្នុងនោះចម្លាក់សត្វគ្រុឌត្រូវបានបង្ហាញឡើងស្ទើរតែគ្រប់កន្លែងតាមរយៈរូបបដិមាមានទាំងថ្ម និងសំរិទ្ធ និងសំណង់លម្អស្ថាបត្យកម្មនៃប្រាសាទដូចជា លើផ្តែរ សសរផ្អោប ហោងជាង បង្កាន់ដៃ និងមេដៃយ៉ុង។ ជាទូទៅគ្រុឌបង្ហាញជារូបកិន្នរមានដុះក្បាលពោះដែលស្រដៀងទៅនឹងលក្ខណៈរបស់ឥណ្ឌា និងអាចឱ្យយើងដឹងពីការចំលងសិល្បៈពីឥណ្ឌារួមមាននៅបណ្តារូងភ្នំចុងក្រោយនៅ Ajanta និងបណ្តារូងភ្នំ ដំបូងៗនៅ Ellora។ គ្រុឌចាប់ផ្តើមមានវត្តមានដំបូងក្នុងអាណាចក្រខ្មែរនាសតវត្សទី៧ នៃគ.ស ស្ថិតនៅក្នុងរចនាបថសម្បូរព្រៃគុកនៃប្រាសាទសម្បូរព្រៃគុក ដែលបង្ហាញក្នុងមេដៃយ៉ុងនៅចំកណ្តាលអង្កត់ធ្នូ សក់មានផ្នត់ធំៗ ច្រមុះវែងធំៗ ភែ្នកលៀន និងមានពាក់ក្រវិលរាងមូលៗ ប៉ុន្តែហាក់សំដែងនូវភាពគ្មានសម្រស់ និងមានទ្រទ្រាយជាមនុស្សមាឌក្រអាញពោះរាងធ្លាក់រយាក និងមានសត្វម្ករនៅសង្ខាង ថែមទាំងក្បាច់ផ្ការំយោងនៅក្រោមដងធ្នូនៃផ្តែរ។
ក្នុងសម័យអង្គរដើមសតវត្សទី៩ គ្រុឌបង្ហាញឡើងលើផ្តែរនៅចំពាក់កណ្តាលអង្កត់ធ្នូដែលពេលនោះចម្លាក់គ្រុឌដើរតួនាទីជាយានជំនិះរបស់ព្រះវិស្ណុផងដែរ។ ជាស្តែងមានដូចជា នៅប្រាសាទព្រះគោផ្តែរមានសភាពល្អ និងការឆ្លាក់គួរឲ្យចាប់អារម្មណ៍ គឺបង្ហាញពីព្រះវិស្ណុជិះលើគ្រុឌចាប់នាគពីរក្បាលដែលខ្លួននាគគេឆ្លាក់ជាទម្រង់អង្កត់ធ្នូ ក្បាច់រំយោលផ្កា និងក្បាច់ភ្ញីភ្លើងផេ្សងៗទៀតផង។
ចំណែកឯផ្ទាំងចម្លាក់ប្រាសាទអង្គរវត្តនៅថែវខាងជើងប៉ែកខាងលិច និយាយពីរឿងរ៉ាវធ្វើសង្រ្គាមរបស់ព្រះវិស្ណុ ឬ ក្រឹស្នៈជាមួយអសុរៈ (Asura) បង្ហាញពីព្រះវិស្ណុជិះលើគ្រុឌដែលកំពុងប្រយុទ្ធជាមួយកងទ័ពអសុរៈ។ ព្រមជាមួយគ្នានោះ ប្រាសាទព្រះខ័នគ្រុឌបង្ហាញជាក្បាច់លម្អដែលឆ្លាក់នៅតាមជ្រុងនៃផ្នែកខាងលើជញ្ជាំង និងបង្ហាញក្នុងទម្រង់ដ៏ធំមហិមា និងមានភាពទាក់ទាញជាងគេបំផុតដែលគ្រុឌសម្រាប់លម្អស្ថាបត្យកម្ម ជាអ្នកទ្រ និងការពាររបងជញ្ជាំងព័ទ្ធជុំវិញប្រាសាទព្រះខ័ន ។ ចំណែកឯគ្រុឌនៅតាមជណើ្តរអក្ស័កណ្តាលនៃទីព្រលានជល់ដំរី ក៏បានបង្ហាញជាលក្ខណៈក្បាច់លម្អមានទម្រង់ធំៗនៅតាមជញ្ជាំងដូចនៅប្រាសាទព្រះខ័នដែរ និងមានរំយោងផ្កាតាមចន្លោះ នៃរូបគ្រុឌនិមួយៗ។
ក្នុងនោះរូបព្រះវិស្ណុជិះលើគ្រុឌក៏មានបង្ហាញតាមរយៈរូបបដិមាធ្វើពីសំរិទ្ធ ដោយព្រះអង្គមានព្រះហស្ថបួនកាន់នូវកេតនភ័ណ្ឌខុសៗគ្នារួមមាន ព្រះហស្ថស្តាំផែ្នកខាងលើកាន់កងចក្រ ផែ្នកខាងក្រោមកាន់ដាវ ឬ ដំបង រីឯព្រះហស្ថឆ្វេងផ្នែកខាងលើកាន់អាវុធមុខបី និងផ្នែកខាងក្រោមកាន់ខ្យងសង្ខ័ ឬ ផ្កាឈូក។ ម្យ៉ាងទៀតព្រះអង្គឈរលើស្មាគ្រុឌមានសំលៀកបំពាក់ ដូចជាអ្នករបាំសម័យបច្ចុប្បន្ន និងមានគ្រឿងអលង្កាលម្អជាច្រើន។ ចំណែកគ្រុឌវិញដៃពីរលើកឡើងលើសំលៀកបំពាក់ ដូចជាព្រះវិស្ណុដែរ លម្អដោយស្រងកធំមួយខ្សែ និងបង្ហាញក្បាច់លម្អយ៉ាងស្អាត គឺបញ្ចេញនូវភាពអស្ចារ្យរបស់សត្វនេះ។
រហូតមកដល់សម័យក្រោយអង្គរ ចាប់ពីសតវត្សទី១គឺមានការផ្តូរសាសនាពីព្រហ្មញ្ញសាសនាមក ព្រះពុទ្ធសាសនាថេរវាទ ហើយរាល់សម្ភារៈសំណង់ស្ថាបត្យកម្មជាច្រើនដែលសាងក្នុងសម័យនេះ ត្រូវបានផ្លាស់ប្តូរជាសំណង់វត្តអារាមធ្វើពីឈើ។ ក្នុងនោះចម្លាក់គ្រុឌត្រូវបានបង្ហាញជាក្បាច់លម្អធ្វើពីឈើតាមក្បាលសសរ ហោងជាងនៃព្រះវិហារ និងផ្ទាំងគំនូរដែលនិយាយពីរឿងផ្សេងៗ។ រូបគ្រុឌលម្អនៅលើហោងជាង ធ្វើពីឈើលើព្រះវិហារនៃវត្តរាជបូរណ៍សតវត្សទី១៩ បង្ហាញក្នុងទម្រង់ព្រះវិស្ណុជិៈគ្រុឌ។ ចំណែកគ្រុឌលើផ្ទាំងគំនូរមានបង្ហាញនៅថែវខាងជើង នៃព្រះវិហារព្រះកែវមរកតក្នុងរឿងរាមកេរ្តិ៍ត្រង់ឈុតគ្រុឌចុះមកដេញកំចាត់ពស់ ដោយចាប់ពស់នឹងដៃទាំងពីរ។
ជារួមសត្វគ្រុឌ គឺជាសត្វបក្សីដែលជានិមិត្ដរូបនៃកំលាំង ថាមពល នៃភាពអង់អាចក្លាហាននៅក្នុងការហោះហើរ។ នៅក្នុងសិល្បៈខ្មែរ គ្រុឌមានតួនាទីច្រើនយ៉ាង គឺជាយានជំនិះរបស់ព្រះវិស្ណុ ជាទម្រ ជាការលម្អទៅលើផ្នែកផ្សេងៗនៃសំណង់ស្ថាបត្យកម្មទាំងនៅលើសំណង់ប្រាសាទ និងសំណង់ព្រះវិហារ។ ចម្លាក់គ្រុឌដែលបង្ហាញនៅក្នុងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរជាលើកដំបូងគេ ឃើញមានវត្ដមានក្នុងរចនាបថសំបូរព្រៃគុកនៅចំផ្នែកកណ្ដាលនៃផ្ដែរទ្វារស្ថិតនៅក្នុងមេដៃយ៉ុងដែលពេលនេះ មើលទៅគ្រុឌគ្មានចលនា គ្មានសម្រស់។ ចូលមកដល់សម័យអង្គរចម្លាក់គ្រុឌមានការវិវត្ដន៍បន្ដិចម្ដងៗ ដោយគ្រុឌពេលនេះឆ្លាក់ជាតួនាទីជាយានជំនិះរបស់ព្រះវិស្ណុ និងជាគ្រឿងលម្អសំណង់ស្ថាបត្យកម្មរបស់ប្រាសាទ។ រហូតមកដល់សម័យក្រោយអង្គរគ្រុឌក៏នៅតែជាការពេញនិយមយកមកធ្វើជាគ្រឿងតុបតែងលម្អក្នុងសំណង់នានាមានដូចជា សំណង់ព្រះវិហារ និងវត្តអារាម។ ក្រៅពីនេះរូបគ្រុឌគឺមានការលម្អដោយគំនូរដែលគូរនៅលើជញ្ជាំង ឬពិដានដែលនិយាយពីរឿងរ៉ាវពុទ្ធប្រវត្ដិ ឬក៏រឿងព្រេងទេវកថាផ្សេងៗ។
អត្ថបទដើម៖ លោក ថាន់ មនោមយិទ្ធិ