ភ្នំបន្ទាយនាងជាស្ថានីយ៍ផូស៊ីលសត្វសមុទ្របុរាណមួយកន្លែង មានទីតាំងស្ថិតនៅឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានចំនុចនិយាមការ X 285286 Y 1495132 ។ ភ្នំនេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅទីប្រជុំជន នៃឃុំបន្ទាយនាង។ បើសិនយើងធ្វើដំណើរពីទីរួមខេត្តបាត់ដំបង ទៅទីរួមខេត្តបន្ទាយមានជ័យភ្នំនេះស្ថិតនៅផ្នែកខាងឆ្វេងជាប់និងផ្លូវរថភ្លើង។ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋាន តំបន់បេតិកភណ្ឌ អគ្គសហកមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះទៅសិក្សាបឋម កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០។
ភ្នំបន្ទាយនាងជាភ្នំថ្មកំបោរ ដែលបានកំណត់អាយុកាលក្នុងស័កទី១ Paleozoic សម័យ Permian (២៥១-២៩៩លានឆ្នាំ)។ ភ្នំបន្ទាយនាងជាកូនភ្នំថ្មកំបោរតូចមួយ មានរូងភ្នំមួយចំនួន សិលាចារឹក បំណែកឥដ្ឋបុរាណ និងបំណែកចម្លាក់នៅក្នុងរូងភ្នំ និងវត្តស្ថិតនៅទីនោះផងដែរ ។ ភ្នំនេះក៏មានរឿងនិទានពីបុរាណកាលមកដែលមានទំនាក់ទំនងនឹងរឿងនាងរំសាយសក់ ដែលជាប់ទាក់ទងនឹងភ្នំសំពៅ ភ្នំបាណន់ផងដែរ។
ភ្នំនេះមានអតីតកាលជាសមុទ្រ ដែលកើតឡើងដោយកំណកនៃកំបោរ។ ថ្មកំបោរជាប្រភេទថ្មដែលកើតពី កំណកនៃជីវៈចម្រុះមួយចំនួន ដែលបានបង្កើតពីការប្រមូលផ្តុំនៃសំបកគ្រំ ងាវ , ផ្កាថ្ម, សារាយ, សំណល់ផ្សេងៗ និងកំទេចកំទីសរីរាង្គផ្សេងទៀត។ វាក៏អាចបង្កើតបានដោយដំណើរការនៃកំណក គីមីដូចជាទឹកភ្លៀងនៃកាបូនកាល់ស្យូមពីទឹកបឹងឬទឹកសមុទ្រ។ ថ្មទាំងនេះកើតនៅក្នុងតំបន់ទឹកសមុទ្រស្ងប់ ទឹករាក់ ថ្លា និងមានថ្មប៉ប្រះទឹក។ ដោយសារកំណកកំបោរដែលបានពីសារធាតុកំបោរនៃពពួកសត្វសមុទ្រ ភ្នំបន្ទាយនាង បានបន្សល់នូវភស្តុតាងមួយចំនួន ដែលអាចបញ្ជាក់ថាទីតាំងនេះពិតជាសមុទ្រកាលពីអតីតកាល ភស្តុតាងនោះមានដូចជា៖
១. ផ្កាថ្មមួយប្រភេទត្រូវបានរកឃើញមានចំនួនច្រើនជាងគេនៅភ្នំនេះ តាមការពិនិត្យ ពួកនេះប្រហែលស្ថិតនៅក្នុង Family Rhizangiidae, Class Scleractinia, Filum Cnidaria។ ពួកនេះបានរស់នៅតាមស្រទាប់ថ្ម នៃថ្មកំបោរ ជាច្រើនស្រទាប់ មានន័យថាពួកវាបានបន្តរស់នៅបន្តបន្ទាប់ទៅតាមសម័យកាល នៃកំណកថ្មកំបោរ នៃរយៈពេលនីមួយៗ។
២. ផ្កាថ្មមួយប្រភេទទៀតមានលក្ខណៈប្រហាក់ប្រហែល ប្រភេទផ្កាចំនុចលេខ១ខាងលើដែរ។ តែខ្ញុំយល់ថាវាមានលក្ខណៈខុសគ្នាខ្លះ វាអាចស្ថិតនៅក្នុងគ្រួសារតែមួយ និងអាចមានឈ្មោះផ្សេងគ្នា។
៣. ផ្កាថ្មមួយប្រភេទទៀត មានរាងជាដុំមូល ដោយសារស្លាកស្នាមដែលមាននៅលើវានោះ យើងអាចដឹងថាវាក៏ស្ថិតនៅក្នុងក្រុមជាមួយពពួកមុននេះដែរ។
៤. ផ្កាថ្មមួយប្រភេទមានលក្ខណៈជាដើមតូចៗ ជាកញ្ចុំ ដែលយើងឃើញតែផ្នែកខ្លះតែប៉ុណ្ណោះ ផ្នែកមួយចំនួនទៀតប្រហែលត្រូវបានបាក់បែក។ ផ្កាថ្មនេះស្ថិត ប្រហាក់ប្រហែលនឹង ប្រភេទ Chonostegites sp. Other Tabulate, Class Tabulata, Filum Cnidaria។
៥. ចំពោះថ្មនេះវាមានលក្ខណៈប្រហាក់ប្រហែលនិងផ្កាថ្មរូបខាងលើដែរ។ ប៉ុន្តែវាមានដើមតូចៗមានលក្ខណៈដូចជាសារ៉ាយ ឬជាផ្កាថ្ម។ ដោយយើងមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ?
៦- អាម៉ូនីតមួយប្រភេទមានទំហំតូចប្រមាណ៣ស.ម ដែលស្ថិតនៅក្នុង Family Ammonoidea, Class Cephalopoda, Filum Mollusca។ ពពួកនេះត្រូវបានរកឃើញក្នុង ចំនួនតិចតូច យើងក៏បានជួបប្រទះនៅស្ថានីយផូស៊ីលភ្នំបាក់ ក្នុងខេត្តបន្ទាយមានជ័យផងដែរ។ យើងមិនទាន់អាចកំណត់ពីឈ្មោះរបស់វាបាននៅឡើយទេ?
៧. យើងបានជួបសំបកពពួកលាស ឬBrachiopod ដោយមានចំនួនតិចតួច។
៨. ក្រៅអំពីផូស៊ីលនៃសត្វសមុទ្រសម័យបុរាណ ភ្នំនេះជាទីតាំងបុរាណស្ថាន ដែលមាននៅសល់សិលាចារឹកមួយចារជាភាសាសំស្ក្រឹតនៅលើជញ្ជាំងថ្មភ្នំ អាចក្នុងអំឡុងស.វទី៧គ.ស (រូបលេខ១១) និងបំណែកឥដ្ឋបុរាណក្នុងរូងភ្នំមួយទៀតនៃភ្នំនោះដែរ តែត្រូវបិទផ្ជឹតដោយស៊ីម៉ងត៍ និងបំណែកបដិមាព្រះព្រហ្ម?
រួមសេចក្តីមកយើងអាចនិយាយបានថា ភ្នំបន្ទាយនាងជាទីតាំងផូស៊ីលសត្វសមុទ្រមួយមានដែលអាយុកាលក្នុងស័កទី១ Paleozoic ក្នុងសម័យ Permian (២៥១-២៩៩លានឆ្នាំ)ចំនុចទាំងឡាយដែលបានបង្ហាញខាងលើជាផ្នែកមួយនៃពត៌មានបឋម ដែលបានរកឃើញក្នុងការសិក្សាស្រាវជ្រាវអំពីផូស៊ីលនៅកម្ពុជា។ ទីតាំងនេះជាទីតាំងសម្រាប់ការសិក្សាស្រាវជ្រាវស្តីអំពីជីចម្រុះសម័យបុរាណនាពេលអនាគត។ ភ្នំនេះគួរជាទីតាំងសម្រាប់ការអភិរក្សផូស៊ីលសត្វសម័យបុរាណ។
អត្ថបទដោយ៖ លោក លឹម វណ្ណច័ន្ទ