តាមរយៈការកំណាយបុរាណវិទ្យាជាច្រើននៅក្នុងតំបន់អង្គរ ដោយអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិកន្លងមក បានរកឃើញស្ថានីយ៍បញ្ចុះសពចំនួនពីរ ដែលនៅពុំឆ្ងាយពីក្រុងអង្គរធំ ពោលគឺនៅបរិវេណតំបន់បារាយណ៍ខាងលិច។ ស្ថានីយ៍ទាំងនោះមានដូចជា ព្រៃក្មេង និងកោះតាមាស ។
ព្រៃក្មេងគឺជាភូមិមួយដែលមានចម្ងាយ១៣គីឡូពីក្រុងអង្គរធំ និងនៅទីនោះមានប្រាសាទសម័យមុនអង្គរមួយដែលហៅថាប្រាសាទព្រៃក្មេង ។
នៅឆ្នាំ ២០១៤ តាមរយៈគម្រោង MAFKATA បានធ្វើកំណាយនៅខាងត្បូងប្រាសាទព្រៃក្មេង។ តាមរយៈលទ្ឋផលនៃការកំណាយ បានបង្ហាញឱ្យឃើញស្រទាប់ដីនៅទីនោះមាន៤ស្រទាប់ ដែលស្រទាប់ទី១ រកឃើញមានកុលាលភាជន៍ផុយវត្ថុអំពីដែកជាច្រើន ស្ថិតក្នុងសម័យអង្គរ និងឃើញមានប្រភេទឥដ្ឋដែលដូចនឹងឥដ្ឋប្រាសាទព្រៃក្មេងដែរ។ ស្រទាប់ទី២ និងទី៣ រកឃើញភាគច្រើនជាកុលាលភាជន៍ចិន និងឃើញមានភាជន៍ភ្នំគូលែនស.វ.ទី១០ ហើយស្រទាប់ដីដែលសំខាន់ជាងគេនោះ គឺស្រទាប់ទី៤ ដែលរកឃើញផ្នូរចំនួន១១ ដោយផ្នូរទាំងនោះ ខ្លះជាផ្នូរតែឯង និងខ្លះទៀតផ្នូរជាក្រុម ព្រមទាំងមានវត្ថុសំណែនកប់ជាមួយ។ តាមរយៈការសិក្សាលើធ្មេញនៃគ្រោងឆ្អឹងទាំងនោះបានបង្ហាញថា ជាមនុស្សក្មេង វ័យជំទង់ និងមនុស្សចាស់ ប្រុស ស្រី ក្នុងចំណោមនោះ មានគ្រោងឆ្អឹង២ប្រហែលជាក្មេងស្រី (អាយុ ១៣ទៅ១៥ឆ្នាំ), គ្រោងឆ្អឹង៣ ឬ ៤ប្រហែលជាមនុស្សប្រុស (មនុស្សវ័យកណ្តាល ឬចាស់ជាង) នឹងគ្រោងឆ្អឹងក្មេងវ័យជំទង់២នាក់។ តាមរយៈវត្ថុសិល្បៈដែលបានរកឃើញ និងការវិភាគកាបូន១៤ ផ្នូរទាំង១១នោះ គឺស្ថិតនៅចន្លោះពី២០០ទៅ៤០០ឆ្នាំ មុនគ.ស. ពោលគឺស្ថិតនៅក្នុងយុគដែក។
តាមរយៈការស្រាវជ្រាវផ្នែកបុរាណវិទ្យាមួយធ្វើឡើងរវាងសាលាបារាំងចុងបូព៌ា និងអាជ្ញាធរអប្សរាក្នុងឆ្នាំ២០០៤-២០០៥ បានកំណាយនៅស្ថានីយ៍មួយដែលអ្នកស្រុកហៅថា កោះតាមាសដែលស្ថិតនៅក្នុងបារាយណ៍ខាងលិច និងនៅខាងលិចប្រាសាទមេបុណ្យ។ ជាលទ្ឋផលនៃការកំណាយនោះ បានរកឃើញផ្នូរចំនួន២៧ ដែលមានគ្រោងឆ្អឹងទាំងមូល រួមជាមួយវត្ថុសំណែនផ្សេងៗ និងឆ្អឹងសត្វជាច្រើនទៀតដែលបានរកឃើញ។ ចំពោះផ្នូរទាំង២៧នោះ មាន១៩ដែលមានគ្រោងឆ្អឹងមនុស្សទាំងមូល និង១២ទៀតពុំមានគ្រោងឆ្អឹងពេញលេញនោះទេ។ តាមរយៈគ្រោងឆ្អឹង វត្ថុសិល្បៈ និងសំណល់ឆ្អឹងសត្វដែលបានរកឃើញនៅស្ថានីយ៍នេះ បានបង្ហាញថាស្ថានីយ៍នេះមានការតាំងទីរស់នៅ និងជាកន្លែងកប់សពផងដែរ ដែលស្ថិតនៅក្នុងយុគសំរិទ្ឋ។ បញ្ជាក់ដែរថា ឆ្អឹងសត្វដែលបានរកឃើញទាំងនោះ ពុំមែនមានន័យថាជាសត្វដែលរស់នៅជុំវិញនៃស្ថានីយ៍នេះទេ ប្រហែលជាសំណល់ដែលមនុស្សសម័យនោះបរិភោគ ឬយកមកកែច្នៃធ្វើជាឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ បច្ចុប្បន្នវត្ថុសិល្បៈ ក៏ដូចជាគ្រោងឆ្អឹងដែលបានរកឃើញទាំងនោះបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរត្តសីហនុ-អង្គរក្នុងខេត្តសៀមរាប។
ការរកឃើញពីស្ថានីយ៍បញ្ចុះសពទាំងពីរនេះ គឺបានផ្តល់ទិន្នន័យប្រវត្តិសាស្រ្តអំពីការតាំងទីរស់នៅរបស់មនុស្សនៅតំបន់ខាងលិចក្រុងអង្គរ តាំងពីសម័យបុរេប្រវត្តិសាស្រ្តមកម៉្លេះ និងនៅសម័យមុនអង្គរ និងអង្គរ មនុស្សបន្តកសាងសំណង់ស្ថាបត្យកម្មសាសនានៅលើទីតាំងចាស់ផងដែរ។ ចំពោះស្ថានីយ៍បញ្ចុះសពសម័យអង្គរដែលរកឃើញនៅក្នុងតំបន់អង្គរវិញ គឺពុំសូវមានទិន្នន័យនោះទេ ប៉ុន្តែដូចដែលខ្ញុំធ្លាប់បានបង្ហាញ ពីអត្ថបទមុនមកហើយ អំពីការកំណាយស្រះស្រង់ឆ្នាំ ១៩៦៤ ដែលបានបង្ហាញអំពីស្រទាប់ទី២នៃស្រះស្រង់ជាកន្លែងដែលមនុស្សសម័យអង្គរ យកទីតាំងនេះធ្វើជាកន្លែងបញ្ចុះសព ហើយនេះគឺជាការរកឃើញដំបូង និងក៏ជាឧទារហណ៍តែមួយអំពីស្ថានីយ៍បញ្ចុះសពសម័យអង្គរដែលបានរកឃើញនៅក្នុងតំបន់អង្គរ ហើយការរកឃើញនេះគឺតាំងពីសម័យបារាំង ប៉ុន្តែតាមរយៈការកំណាយស្រាវជ្រាវក្រោយៗមកទៀតបានបង្ហាញស្ថានីយ៍ ពីរផ្សេងទៀតប្រហែលជាកន្លែងបញ្ចុះសពសម័យអង្គរមួយ គឺនៅប្រាសាទទ្រមូង ដែលប្រាសាទរបស់មន្ទីរពេទ្យ នឹងមួយទៀតនៅពើងត្បាល់លើភ្នំគូលែន។
អត្ថបទដោយ៖ លោក អេង តុលា