ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកថ្មីនៅប្រាសាទពោធិរោងជាង

សិលាចារឹកថ្មីនៅប្រាសាទពោធិរោងជាង

ប្រាសាទពោធិរោងជាងមានទីតាំងស្ថិតនៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ទួលប្រាសាទនេះពុំមានឃើញក្នុងរបាយការណ៌ចាស់ៗរបស់អ្នកស្រាវជ្រាវមុនទេ។ ប្រាសាទរលំបាក់អស់ទៅហើយ នៅសល់តែគ្រឿងសំណង់ស្ថាបត្យកម្មមួយចំនួនធ្វើអំពីថ្មភក់ពណ៌ប្រផេះ។ វាត្រូវបានគេសង់នៅលើទីទួលខ្ពស់មួយ និងព័ទ្ធដោយកស្សិណមួយជាន់ផងដែរ ប៉ុន្តែយើងមិនអាចសន្និដ្ឋានអំពីប្លង់របស់សំណង់ដើម និងចំនួនប្រាង្គរបស់ប្រាសាទនេះបានទេ។  ក្នុងកំឡុងពេលឈូសឆាយទួលបុរាណ បំណែកសិលាចារឹកមួយត្រូវបានគេប្រទះឃើញដោយចៃដន្យ និងបានរក្សាទុកដោយអ្នកភូមិ។ ក្រោយមក ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ តំណាងដោយលោក ឈូក សុមាឡា បានទៅទទួលយកបំណែកសិលាចារឹកនេះមករក្សាទុកនៅក្នុងការិយាល័យរបស់អាជ្ញាធរជាតិអប្សារា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

សិលាចារឹកចារនៅលើដុំថ្មភក់ពណ៌ប្រផេះមួយផ្ទាំង (stèle) មានលក្ខណៈជាថ្មគោល (រាងដូចសន្លឹកសីមា) បែកបាត់មួយផ្នែក (ខាងឆ្វេង) ទំហំដែលនៅសល់គឺ បណ្តោយ៣៤សង់ទីម៉ែត្រ ទទឹង១០សង់ទីម៉ែត្រ និងកំពស់៣៦សង់ទីម៉ែត្រ។ ទំហំដើមរបស់សិលាចារឹកនេះអាចមានបណ្តោយ៥០សង់ទីម៉ែត្រ។ សិលាចារឹកចារជាអក្សរខ្មែរ មាន២ភាសា និងចំនួន១៨បន្ទាត់ ដោយ៩បន្ទាត់ខាងលើជាភាសាសំស្ក្រឹត និង៩បន្ទាត់ខាងក្រោមជាភាសាខ្មែរ។   អត្ថបទជាភាសាសំស្ក្រឹតមាន៩បន្ទាត់ ឬប្រហែល៧ស្លោក។ នៅបន្ទាត់ទី១ ប្រហែលជាឧទ្ទិសដល់ទេព ដែលជាត្រៃលោកិយ (ស្ត្រៃលោក្យ) គឺប្រហែលជាព្រះវិស្ណុ ដែលមានបង្ហាញនៅបន្ទាត់ទី២ (វិស្ណុភកវន្ម)។ អត្ថបទនេះហាក់ដូចជាបង្ហាញពីព្រះនាមរបស់ស្តេចមួយអង្គព្រះនាម ស្រិន្ទ្រុវរ៌្ម នៅបន្ទាត់ទី៤។ នៅបន្ទាត់ចុងក្រោយបង្អស់របស់អត្ថបទភាសាសំស្ក្រឹតនេះ ប្រហែលជាបណ្តាសារដល់អ្នកប្រព្រឹត្តមិនល្អចំពោះប្រាសាទនិងទេពនៅទីនោះ ដោយនិងចុះទៅខាននករ (ទន្ទ្យស្តេយាន្តុនរកេឞុច)។

អត្ថបទជាភាសាខ្មែរ មានបង្ហាញពី ថ្ងៃ (..កត=កេត=កើត ឬទី…កើត) ខែចែត្រ ថ្ងៃព្រហស្បតិ៍ ប៉ុន្តែពុំមាននៅសល់ឆ្នាំទេ ដោយសារវាបានបែកបាត់ទៅហើយ។ នៅបន្ទាត់ទី១០ មានបង្ហាញឈ្មោះមន្ត្រីម្នាក់ ហៅថា ម្រតាញ វិស្ណុវ្រាហ្មញរាជ ដែលប្រហែលជាគាត់បានស្នើសុំ ឬទទួលរាជបញ្ជាពីស្តេច ដែលមានឈ្មោះ ស្រីយ……. មកធ្វើកំណត់ចំណាំលើបណ្តាលដង្វាយដែលបានប្រទានដល់ទីប្រាសាទនិងទេព និងឆ្លងប្រតិតិន នៅទីស្ថានមួយឈ្មោះ ភិមាលយ (ភិមៈ+អល័យ=ភិមាលយ/ភិមាល័យ)។ បន្ទាត់ទី១៣ដល់១៦ ជាបញ្ជីរាយឈ្មោះវត្ថុ និងមនុស្សដែលជាកម្មសិទ្ធរបស់ប្រាសាទនិងទេពនោះ។​

សេចក្តីបកប្រែ

បន្ទាត់ទី១ ដល់បន្ទាត់ទី៩ (ជាភាសាសំស្ក្រឹត) មិនបានបកប្រែ

(១០) . . . . . . .ថ្ងៃទី.​​ . .កើត ខែចែត្រ ថ្ងៃព្រហស្បតិ គឺមានម្រតាញ ឈ្មោះវិស្ណុភក្តិព្រាហ្មញរាជ (១១) . . . . . . . .ព្រះបាទធូលិព្រះបាទធូលិជើងព្រះកម្រតេងអញស្រីយ​ (១២) . . . . . . .មកទុកចំនាំការធ្វើពិធីថ្វាយ (កល្បនា) ដង្វាយ មាន អង្ករចំនួន៣លិៈ អ្នកធ្វើការជាប្រចាំ (ប្រតិទិន=ថ្ងៃខែបន្តក្នុង១ឆ្នាំ) ត្វង ស្រែ. . .(១៣) . . . . . . .ខ្ទះ ចំនួន២ ដង្វាយដែលមានលាយក្រមួនឃ្មុំ (មធុបក៌្ក) ខ្ញុំជាអ្នកសរសេរព្យញ្ជនៈចតុស្នេហាស្វរា ទក្តអាស្រម. . (១៤) . . . . .  .ទេព (ម្រតេង អញ) នៅភិមល័យ និងគកតញៈហ នេះ ខ្ញុំ. . . បុរសឈ្មោះ សិ កញ្វា (១៥) . . . . . . .ទាស សហឬទ័យចិន្តា បុរសឈ្មោះ សិ ព្រះប្រសាទ ស្ត្រីឈ្មោះ តៃ ជន ប្រ. . . ស្ត្រីឈ្មោះ តៃ កន្លៅ (១៦) . . . . . . .យា ស្ត្រីឈ្មោះ តៃ បំណង ស្ត្រីឈ្មោះ តៃ កន្ស្រាច ស្ត្រីឈ្មោះ តៃ ខ្វិក ស្ត្រីឈ្មោះ តៃ ខ្មៅ ស្ត្រីឈ្មោះ តៃ ក្វុង ស្ត្រីឈ្មោះ តៃ ថ្ក (១៧) . . . . . . .នៅពេលវេលានេះ ដល់តាបសឈ្មោះ គន្ធចោជវ្ជ្យតិង (១៨) . . . . . . .នាយ អ្នកគ្វាលបំរើដល់ទេពឬបដិមាធំ (កន្លោង) នៅភិមាល័យ

អត្ថន័យរបស់អត្ថបទជាភាសាខ្មែរ គឺចង់បង្ហាញអំពីការប្រទានជាដង្វាយផ្សេងៗដល់ទីប្រាសាទដែលមានទីតាំងស្ថិតនៅកន្លែងមួយឈ្មោះថា ភិមាលយ។ ព្រះដង្វាយនេះប្រហែលប្រទានដោយស្តេចមួយអង្គឈ្មោះ ស្រីយ…… ក្រោមការទទួលខុសត្រូវរបស់មន្ត្រីម្នាក់ឈ្មោះ  វិស្ណុភក្តិព្រាហ្មញរាជ ដើម្បីធ្វើពិធីឆ្លងប្រតិទិន។ ដង្វាយនេះមានតំលៃស្មើនិង៣លិៈ រួមមានខ្ទះចំនួន២ ដង្វាយដែលមានលាយទឹកឬក្រមួនឃ្មុំ និងអ្នកសរសេរ (ស្មេរ)  ជាដើម។ ក្រៅពីនេះមានអ្នកនៅចាំបំរើដល់ទីប្រាសាទ ជាបុរសចំនួនប្រហែល៣នាក់ និងស្ត្រីចំនួន៨នាក់។ ដង្វាយនេះប្រទានដល់ទេពនិងទីប្រាសាទក្រោមការទទួលខុសត្រូវ (ផ្តល់ទៅអោយ)​ ដោយតាបសម្នាក់ឈ្មោះ គន្ធចោជវ្ជ្យតិង ដែលជាអ្នកបំរើរក្សាព្រះធំ (កន្លោង) នៅភិមាល័យនេះ។

 រូបភាពផ្តាមពីសិលាចារិកដើម

វិភាគទូទៅលើសិលាចារឹក         

សិលាចារឹកសរសេរជាភាសាខ្មែរ អាចមានកាលបរិឆ្ឆេទច្បាស់លាស់អំពីពេលវេលានៃការចារ តែដោយសារមួយផ្នែកនៃសិលាចារឹកនេះបានបាក់បែកបាត់ត្រង់ចំនុចឆ្នាំធ្វើឱ្យយើងពុំអាចដឹងអំពីឆ្នាំពិតប្រាកដរបស់វាទេ។ ប៉ុន្តែអត្ថបទជាភាសាសំស្រ្កឹតបន្ទាត់ទី៤ បង្ហាញពីកាលបរិច្ឆេទឆ្នាំ៧៩៩ស.ក (៨៧៧គ.ស) គឺស្ថិតនៅចុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ (៨៣៦គ.សដល់៨៧៧គ.ស)។ លក្ខណៈនៃតួអក្សរក៏ពិបាកធ្វើយើងឱ្យសន្និដ្ឋានថាវាស្ថិតក្នុងសម័យកាលណាមួយបានដែរ ព្រោះវាអាចទៅតាមទឹកដៃមនុស្ស ទាប ខ្លី និងពេលខ្លះមិនច្បាស់លាស់ក្នុងការសរសេរអោយខុសគ្នាឆ្ងាយរវាងព្យញ្ជនៈ ដែលមើលទៅមានទំរង់ដូចគ្នា ពិបាកវិភាគនិងបែងចែកអោយដាច់ស្រឡះណាស់។ ប៉ុន្តែមានចំនុចមួយ បើតាម​រយៈពាក្យជាឈ្មោះរបស់ស្តេចឬក្សត្រមួយអង្គ គឺ ស្រីយ… យើងអាចសន្និដ្ខានថា សិលាចារឹកនេះអាចស្ថិតនៅក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (គ.ស៨៨៩ ដល់គ.ស៩១០)។ ក្នុងអត្ថបទជាភាសាសំស្ក្រឹតហាក់ដូចជាបង្ហាញពីឈ្មោះស្តេចមួយអង្គ ដែលមានព្រះនាមថា ឝ្រិន្ទ្រវរ៌្ម។ ពាក្យ ឝ្រិ អាចជា ឝ្រី ព្រោះបើយើងសង្កេតមើលក្នុងអត្ថបទទាំងមូល យើងឃើញថា ពាក្យខ្លះដែលគេត្រូវប្រើ ស្រះ (ី) គឺពុំមានទេ គេប្រើតែស្រះ (ិ) ទាំងអស់ ឧទាហរណ៌ដូចជាពាក្យ លក្ស្មី តែគេសរសេរតែ លក្ស្មិ ទេ។ ដូចនេះពាក្យ ឝ្រិន្ទ្រវរ៌្ម អាចជាពាក្យ ឝ្រីន្ទ្រវរ៌្ម (ឝ្រិ + ឥន្ទ្រ+ វរ៌្ម= ឝ្រិឥន្ទ្រវរ៌្ម= ឝ្រីន្ទ្រវរ៌្ម) គឺអាចជា ព្រះបាទឥន្ទ្រវរ្ម័នទី១ (គ.ស​៨៧៧ ដល់គ.ស៨៨៩) ដែលជាព្រះបិតារបស់ព្រះបាទយសោវរ្ម័នទី១។ ការប្រើប្រាស់ពាក្យមួយចំនួនមានលក្ខណៈខុសប្លែកពីអត្ថបទសិលាចារឹកដទៃ ឧទាហរណ៌ដូចបានបង្ហាញពាក្យលក្ស្មីខាងលើ។ ពាក្យផ្សេងទៀត ដូចជាពាក្យ អញ រូបលេខ១-២) ដែលក្នុងសិលាចារឹកនេះមានលក្ខណៈពិសេសក្នុងការសរសេរផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ ដោយមានរូបរាងសំនេរខុសពីសិលាចារឹកដទៃ។ ពាក្យខ្លះទៀត គឺមិនសូវ ឬមិនដែលមានក្នុងសិលាចារឹកដទៃ ដូចជាពាក្យ ត្វង គន្ធចោជវ្ជ្យតិង កន្លៅ ជាដើម។ ពាក្យមួយផ្សេងទៀតដែលមានលក្ខណៈខុសពីសិលាចារឹកដទៃ គឺពាក្យ ឆ្លោន ក្នុងបន្ទាត់ទី១២ ដែលពាក្យនេះ គឺប្រហែលជាដូចពាក្យ ឆ្លោញ ដែលគេឃើញមានភាគច្រើនក្នុងសិលាចារឹកដទៃ គឺ ឆ្លោញ ប្រតិទិន ដែលមានន័យថា មនុស្ស ឬបុគ្គលដែលមានតួនាទីធ្វើការជាប្រចាំនៅទីប្រាសាទ ឬកន្លែងណាមួយ។​ ទាំងនេះគឺជាភាពមិនប្រក្រតីនៃអត្ថបទសិលាចារឹកនេះ។

រៀបរៀងដោយ៖ លោក សុខ កែវសុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!