ទំព័រដើមសិល្បៈវត្តសំពៅប្រាំ៖ ស្ថាបត្យកម្មខ្មែរដើមសតវត្សទី២០ លើភ្នំបូកគោ

វត្តសំពៅប្រាំ៖ ស្ថាបត្យកម្មខ្មែរដើមសតវត្សទី២០ លើភ្នំបូកគោ

សំពៅប្រាំ ជាឈ្មោះកូនអារាមព្រះពុទ្ធសាសនាដ៏តូចច្រឡឹងមួយ ក​សាងឡើងក្នុង​រវាង​ដើម​​​​សតវត្សទី២០ ដែលមានទីតាំងស្ថិតនៅលើ​​កំពូល​​ភ្នំបូកគោ នៃ​ខេត្តកំពត។ វត្ត​ដ៏ចំណាស់នេះ ជា​ភស្តុតាងយ៉ាងសំខាន់​បង្ហាញឲ្យឃើញពីសេរីភាពនៃជំនឿ​ក្នុងសង្គម​ខ្មែរ​ដែលរួមមានទាំង​ព្រះ​ពុទ្ធ​សាសនា គ្រិស្ត​សាសនា និងជំនឿលើអារក្សអ្នកតានៅ​ទីនោះ​ផងដែរ។ ឈ្មោះវត្តសំពៅប្រាំ​ ទំនងយក​លំនាំ​តាមរឿងព្រះថោងនាងនាគ ជាព្រេង​និទាន​មួយ​ដែលខ្មែរទូទៅ​ភាគ​ច្រើន​ចង​​ចាំ​គ្រប់ៗ​​គ្នា​ទោះបីចាំ​ដោយ​អន្លើ ឬពីដើម​ដល់​ចប់ក្តី​។

ព្រេងនិទាននេះធ្លាប់បានប្រមូលរៀបរៀង ដោយ លី ធាមតេង ហើយបានផ្តល់ជូនទៅ​ក្រុមជំនុំទំនៀមទម្លាប់​ខ្មែរ​ បោះពុម្ពផ្សាយនៅឆ្នាំ​១៩៧៤ ហើយដែល​មាន​​សេចក្តី​​យ៉ាង​សង្ខេប​ដូច​ខាង​ក្រោម៖

ក្នុង​កាល​កន្លង​យូរ​មកហើយ​ មាន​ស្ដេច​មួយ​អង្គព្រះ​នាម​ព្រះ​ថោង។ វេលាមួយ​ទ្រង់​បាន​​យាង​ចេញ​ពី​ព្រះ​បរមរាជ​វាំងតាម​សំពៅ​ទៅដល់​​ឆ្នេរ​ខ្សាច់​ ដែលមាន​​ដើម​ធ្លក​មួយ​​​ដើមដុះ​នៅ​លើ​ឆ្នេរ​ខ្សាច់​នោះ។ ព្រះ​​អង្គក៏បញ្ឈប់​ពលរេហ៍​ឲ្យសម្រាក​នៅ​ក្រោម​ដើម​ធ្លកនោះ។ ពេលព្រឹកព្រលឹម​ស្វាង​​ឡើង ព្រះ​ថោងបាន​យាងក្រសាលឆ្នេរតែ​មួយ​អង្គ​ឯង លម្ហែព្រះ​កាយ​តាម​មាត់​សមុទ្រ​ឆ្ងាយ​ទៅ​ៗ ស្រាប់​តែ​ឮ​សូរ​សំឡេង​មនុស្ស​អ៊ូអរ ទ្រង់ក៏​យាង​ទៅ​ជិតក៏​ជួប​នឹង​នាង​នាគ ដែល​កំពុង​នាំ​ភីលៀង​កម្សាន្ត​ឆ្នេរ​។ ព្រះថោង​បាន​លួង​លោម​សុំស្នេហ៍ នាង​​នាគ​ក៏​ព្រមព្រៀងតែ​សុំ​ឲ្យ​ព្រះថោង​តោង​កន្ទុយ​នាគ ចូលទៅថ្វាយ​បង្គំ​ព្រះ​បាទ​ភុជង្គនាគជា​បិតា។ លុះ​ព្រះ​អង្គតាម​ទៅ​ដល់​ឋាន​នាគ​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ ក៏​សុំ​លា​ព្រះ​បិតា​ក្មេកនាំ​មហេសី​​​វិល​មក​ឋាន​មនុស្ស​វិញ។ កាល​​​​នោះព្រះ​បាទ​ភុជង្គនាគ បាន​រៀបចំ​ប្រដាប់​ប្រដា​ជា​ទ្រព្យ​​មាន​តម្លៃ​ចំនួន​ប្រាំ​សំពៅ ដើម្បី​ដង្ហែ​ព្រះ​រាជ​បុត្រ​មក​គ្រង​រាជ្យ​នៅ​ឋានមនុស្ស​លោក។ សំពៅ​​​ទាំង​ប្រាំ​ បានបើក​ក្ដោង​សំដៅ​ដល់​មាត់​សមុទ្រជាយ​ដែន​ប្រទេស ហើយ​ក៏​ចូល​ចត​តម្រៀប​គ្នារើ​ប្រដាប់​ប្រដា​ និងវត្ថុមានតម្លៃចេញ​ពី​សំពៅ ហើយ​ដឹក​ជញ្ជូន​យក​ទៅរក​ដី​ទួល​ខ្ពស់​រៀបចំ​កសា​ង​ជា​ទីក្រុង​។ ឯ​សំពៅ​ទាំងប្រាំនោះក៏​ចត​ទុក​សម្រាប់​​​ព្រះ​អង្គ​មាន​ដំណើរ​ទៅ​ណា​មក​ណា​ ទ្រង់​គង់​ក្រសាល​តាម​ព្រះ​ចិន្ដា។ លុះ​អស់​កាល​ជា​យូរ​លង់​មក​ ឆ្នេរ​សមុទ្រក៏​ចេះ​តែថយ​ឆ្ងាយ​ទៅ​ៗ ដី​ក៏​កាន់​តែ​ដុះ​ខ្ពស់​ឡើង​ៗ សំពៅ​ទាំង​ប្រាំ​​នោះ​ក៏​កឿង​ជាប់​នឹង​ឆ្នេរ ហើយ​យូរ​ៗទៅក៏​រឹង​ទៅ​ជា​ថ្ម​លិចកប់នៅ​សល់​តែ​ក្ដោង​ទាំង​ប្រាំដែល​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ។

យោងតាមឯកសារប្រវត្តិសាស្រ្ត និងចារឹកផ្ទាល់លើតួចេតិយឲ្យដឹងថា ​វត្ត​សំពៅ​ប្រាំ​កសាង​​​​ក្នុង​ឆ្នាំ១៩២៤ ​​​ក្នុង​រាជ្យ ព្រះ​ករុណា​​ព្រះ​បាទ​សម្តេច​​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយ​កោដ្ឋ ប្រហាក់ប្រហែល​គ្នា​នឹងព្រះ​រាជដំណាក់​របស់​ព្រះ​អង្គ ស្ថាបនាឡើងនៅ​ផ្នែកម្ខាងទៀត​នៃ​កំពូល​ភ្នំនេះ ជាទីដែលព្រះ​អង្គ​ទ្រង់​សោយ​ទីវង្គត​​​កាលពីឆ្នាំ១៩៤១។ កាល​ពី​សម័យ​កសាង​នោះ​ដោយ​ទ្រង់​យល់​ថា បារាំង​រៀបចំ​ធ្វើ​ទី​សំណាក់​អាស្រ័យ​លម្ហែ​នឹង​​ធម្មជាតិ​សម្រាប់​ពួក​គេ ​ដូច្នោះ​ព្រះ​មហា​ក្សត្រ​​ទ្រង់​ព្រះ​តម្រិះ​ដល់​ព្រះ​​ពុទ្ធ​សាសនា ចាត់​សាង​អារាម​ដោយ​មាន​កូន​វិហារ​តូច​មួយ និង​ចេតិយ​មួយ​។ សំណង់​វត្ត​នេះតាំង​នៅ​លើ​ដី​ខ្ពស់​ជា​កំពូល​ភ្នំដ៏​មាន​ផែន​ថ្ម​ធំ​ៗនៅ​ពាស​ពេញ ចម្លែក​​​ជាង​គេគឺ​ផែន​ថ្ម​ជា​បន្ទះ​ៗ​ចំនួន​៥ មាន​​ទំហំ​បណ្ដោយប្រមាណ​ជាង១០ ម៉ែត្រ និងកម្ពស់​ប្រហែល​​​ជិត​ដប់​ម៉ែត្រ​ដែរ។ ទ្រង់​ទ្រាយ​ផែន​ថ្ម​នេះ​សំប៉ែត​ ហើយខ្ពស់​ទ្រ​ទុង​ មាន​សណ្ឋាន​ដូច​សំពៅ៥ កំពុង​បើក​ក្ដោង ហើយ​ការ​កសាង​វត្ត​នេះ ក៏​ត្រូវ​ធ្វើ​នៅ​ជាប់​ផែន​ថ្ម​ទាំង៥ ទើប​អ្នក​ផង​ហៅ​ដោយ​សន្មតថា “វត្ត​សំពៅ​ប្រាំ”​ ដូចរៀបរាប់​មក​ខាងដើម។ សំណង់​បុរាណ​ចាប់​ផ្តើម​កសាងដំបូង​ក្នុង​អារាម​វត្តសំពៅប្រាំនេះ គឺមានតែ​ព្រះវិហា​រ ចេតិយ និងសំណង់រណប​​មួយ​ចំនួនតែប៉ុណ្ណោះ។ លក្ខណៈទូទៅ​នៃ​​សំណង់​ស្ថាបត្យ​កម្ម​ដើមក្នុង​បរិវេណវត្តនេះមានទំហំតូចៗ មិនធំលុបមាឌ តែប្រកប​ដោយ​ក្បួន​ខ្នាត និងក្បូរ​ក្បាច់​រចនា​យ៉ាង​វិចិត្រ ជាពិសេសគួរឱ្យកត់សម្គាល់ ​គឺ​ព្រះវិហារ​ដ៏​តូច​ទ្រនាប់​ប្រកប​ដោយ​សិល្បៈ។

ព្រះវិហារមាន​បណ្តោយ​ប្រហែល​ជាង១០ម៉ែត្រ ទទឹងប្រហែល​៧ម៉ែត្រ និង​មាន​ទ្វារចេញតែមួយគត់​នៅ​ទិស​ខាង​​កើត។ តួវិហារសង់​ឡើងអំពីថ្ម ដំបូល​២ថ្នាក់ ប្រក់ក្បឿង​ស្រកា​លេញ​លម្អដោយ​នាគ​ដង​ក្តារ​តាម​ព្រំដំបូល និង​មាន​ហោជាង​មុខ​ក្រោយបំពាក់​ដោយជហ្វាបួន តែ​ពុំមាន​មណ្ឌប​​ឡើយ។ លក្ខណៈ​នេះគេអាចហៅបានថា វិហារជហ្វា៤ ឬវិហារបុរាណ។ តាម​ក្បាល​សសរនីមួយៗ មាន​លម្អ​ដោយកិន្នរ​ទ្រ​ចុង​ដំបូល។

ទន្ទឹម​នឹងវិហារនេះមាន​សំណង់តូចមួយទៀត ជាប្រភេទ​អគារ​ដំបូលបេតុង និង​ពុំ​មាន​​លម្អ​ដោយ​ក្បូរក្បាច់អ្វីឡើយ។ សំណង់​នេះ ប្រហែល​ដើម​ឡើយ​មាន​មុខ​នាទី​ជា​សាលា​​ឆាន់ ដ្បិត​នៅ​ជាប់​ក្បែរៗនោះមានកូន​បន្ទប់​​​តូចៗ ដែលទំនង​ជាកុដ្ឋិសម្រប់​ព្រះ​សង្ឃ​គង់នៅ។ រីឯនៅ​ផ្នែក​ខាង​ក្រោយវិហារ មាន​សំណង់​ចេតិយធំបង្គួរមួយ ដែលមាន​រចនា​​សម្ពន្ធ​សំណង់ទូទៅហាក់​មាន​លក្ខណៈ​ស្រដៀង​នឹងបូជ​នីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​វត្ត​ភ្នំ​ ពោល​គឺ​​មាន​ព្រះ​​វិហារ​​នៅ​ខាង​មុខ និង​ចេតិយ​​សង់​នៅ​ខាងក្រោយ។ ​លក្ខណៈ​​ស្ថាបត្យ​កម្ម​​បែប​នេះ​​កម្រ​ឃើញ​ក្នុង​​សម័យ​​​បច្ចុប្បន្ន ដែល​ភាគច្រើនកសាងចេតិយធំៗនៅ​មុខ​វិហារ។ ប៉ុន្តែ​ក្រោយ​ចប់​សង្រ្គាម បរិវេណ​​​​វត្ត​ក៏បាន​ពង្រីក​​​ធំជាងមុន មាន​សំណង់​ផ្សេងៗ​ទៀត​ដូច​ជា​សាលាឆាន់ និង​​កុដិ​ ព្រះ​សង្ឃ​គង់ និង​ព្រះពុទ្ធបដិមាតម្កល់បូជានៅ​តាម​ទីសាធារណៈ ព្រមទាំង​កន្លែង​សក្ការៈ​​ជា​ច្រើន​​​ទៀត៕

——————————————

Vihear Vat Sampov Pram: Khmer Architectural Building in Early 20th Century

Sampov Pram is the name of a Buddhist Vihara built in the early 20th century. It is located on Boko mountain in Kampong province. The presence of the Buddhist Vihara together with a church shows the freedom of belief in that period.

Vat Sampov Pram might be built base on a famous legend, Preah Thong Neang Neak.

Once upon a time, there was a King name Preah Thong. He left the Royal Palace by a ship and reached a shore that has a tree called Thlok. He and the followers stopped and relaxed over there. In the morning, he walked along the beach and heard the voice. He approached the voice and saw Neang Neak was playing with her female servants. Preah Thong approached Neang Neak, and Neang Neak allowed Preah Thong to hold her tail dive into the water to meet her Naga father (Snake). After staying one week at the place of King Naga, Preah Thong went back to his human world. King Naga prepared a lot of things for his son-in-law. Then, all five ships went back to the shore of Preah Thong’s country. Preah Thong used all the wealth to create a city, and all five ships remain at the seashore for his transportation. After a time, the seawater decreased, and the ships stacked on the ground. Later, the ships became stone and covered most of the parts by sediment but left some masts. 

According to historical documents and an inscription on the stupa show Vat Sambov was built in 1924 during the reign of King Sisowat Monivong. During the same time that he constructed other parts of the Boko mountain where he passed away in 1941. During French-built some relaxing places on the mountain the King started to build a pagoda, a Vihara, and a stupa. These structures were built on the top of the mountain close to five slabs of stone. Each stone slab has about 10 meters in length and 10 meters in height each. Furthermore, the shape of the stone slab looks like a ship.

The early structures in this pagoda were a Vihara, a stupa, and some additional buildings. These structures are in small size but beautiful and following the traditional architecture of Cambodia. The Vihara is 10 meters in length, 7 meters in width, and has a door in the east. It was built by stone with the roof of two stories covered by Fish Scale tiles. The edges of the roof are decorated by the Naga shape decorative board. There are two pediments, one in the front and one in the back. The pediments are decorated with four Jvea without Mandapa. On the head of columns decorated with Kinnara/Kinnari (part human part bird). Parallel to Vihra has a small concrete structure without decoration. This structure might be used as a dining hall as it has small rooms for the monks.  At the back of Vihara has a stupa which is similar to the structures at Vat Phnom in Phnom Penh. This architectural plan is rare in the present day.

After the civil war, the area got enlarged, so some structures were added to the compound.

អត្ថបទដោយ៖​ កញ្ញា ហៀង សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!