ប្រាសាទគុកខាងត្បូង មានទីតាំងស្ថិតនៅចង្កេះភ្នំហាន់ជ័យ ត្រង់ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាទីកន្លែងសក្ការបូជាប្រមូលផ្តុំដោយសំណង់ប្រាសាទបុរាណសាងអំពីឥដ្ឋ ថ្មភក់ និងថ្មបាសាល់។ ពាក្យ “គុក” គឺជាពាក្យដែលជនជាតិខ្មែរហៅសំដៅដល់ប្រាសាទ រីឯពាក្យ “ព្រះធាតុ” ជាពាក្យដែលគេហៅសំដៅលើសំណង់ប្រាសាទដែលមានរូបរាងដូចចេតិយ។ ក្រៅពីឈ្មោះ “គុកព្រះធាតុ” អ្នកខ្លះហៅប្រាសាទនេះថា “នាងខ្មៅ”។ តើប្រាសាទគុកព្រះធាតុ (ភ្នំហាន់ជ័យ) មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
ដោយហេតុថា ភ្នំហាន់ជ័យស្ថិតនៅមិនឆ្ងាយពីទីប្រជុំជន និងងាយស្រួលទៅដល់ផងនោះ នៅរវាងដើមទសវត្សរ៍១៨៨០ ជនជាតិបារាំងបានទៅដល់ទីនេះជាច្រើនលើកច្រើនដង។ ក្នុងនោះ លោក Etienne Aymonier បានចុះផ្សាយអំពីក្រុមប្រាសាទភ្នំហាន់ជ័យ ហើយបានសន្និដ្ឋានថា ប្រាសាទគុកព្រះធាតុទំនងកសាងឡើងនៅស.វ.ទី៦នៃគ្រិស្តសករាជ។ ក្រោយមក មត៌កបុរាណនៅលើភ្នំហាន់ជ័យនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាបន្តបន្ទាប់។
ប្រាសាទគុកព្រះធាតុ ជាប្រភេទសំណង់ទោល មានប្រាង្គចំនួន ២ ដែលកសាងឡើងអំពីថ្មបាសាល់។ ប្រាង្គមួយនៅរូបរាងល្អប្រសើរ និងប្រាង្គមួយទៀតបានបាក់បែកនៅសល់តែគ្រឹះប៉ុណ្ណោះ។ តាមរយៈរូបថតនៅឆ្នាំ១៩៣៨ របស់សាលាបារាំងចុងបូព៌ាប្រទេស ប្រាង្គមួយដែលនៅមានរូបរាងសព្វថ្ងៃនេះ បានទ្រុឌទ្រោមយ៉ាងខ្លាំង ពោល គឺថ្មបានញែកចេញពីគ្នា ស្ទើរតែរលំទៅហើយ។ ទើបតែឆ្នាំ២០០៧នេះប៉ុណ្ណោះដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួសជុលប្រាសាទនេះឡើងវិញតាមរបៀប Anastylose ដែលជាវិធីសាស្រ្តផ្តោតសំខាន់ទៅលើការផ្គុំបញ្ចូលគ្នាឡើងវិញនូវផ្នែកដើមនៃសំណង់ដែលបាក់បែកឬរលំទៅកាន់ទីតាំងដើមឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ សំណង់ប្រាសាទគុកព្រះធាតុដែលនៅមានរូបរាង (ប្រាង្គខាងជើង) មានរាងបួនជ្រុងស្មើ ដែលមានប្រវែង ៤,៥ម៉ែត្រ និងកម្ពស់ប្រមាណ ៥ ម៉ែត្រ។ ប្រាសាទនេះ មានទ្វារចូលនៅទិសខាងកើត និងទិសចំនួនបីផ្សេងទៀតពុំមានលម្អជាទ្វារបញ្ឆោតអ្វីឡើយ ពោល គឺជាផ្ទៃជញ្ជាំងលាតស្មើតែម្តង (រូបលេខ១-៤)។
គួរចាប់អារម្មណ៍ជាងគេ គឺកំពូលរបស់ប្រាសាទដែលលម្អជារូបរាងដូចផ្លែកន្តួតព្រៃ ក្នុងទម្រង់ជាសិល្បៈទទួលឥទ្ធិពលពីសិល្បៈឥណ្ឌា ដែលគេស្គាល់ជាទូទៅថា “អាមលក” (Amalaka) ។ ក្រៅពីកំពូលបែបអាមលក យើងឃើញទម្រង់សិល្បៈដែលទទួលឥទ្ធិពលពីសិល្បៈឥណ្ឌាមួយទៀត ពោល គឺចម្លាក់ “គុឌុ” ឬហៅតាមខ្មែរថា “ចម្លាក់កូនបង្អួច” ដែលគេលម្អនៅផ្នែកខាងលើនៃប្រាសាទ។ ពាក្យ “គុឌុ” មានប្រភពមកពីភាសាតាមិល មានន័យថា “សំបុក” ហើយជានិម្មិតរូបតំណាងឱ្យភាពខ្ពង់ខ្ពស់។ ចម្លាក់គុឌុនៅប្រាសាទគុកព្រះធាតុ មានរូបក្បាលមនុស្សឬទេពនៅខាងក្នុង ហើយលម្អនៅផ្នែកដំបូលនៃប្រាសាទជា ៤ ថ្នាក់ (ថ្នាក់ខាងក្រោមបង្អស់មានចំនួន ៤, ថ្នាក់ទីពីរមានចំនួន ៣, ថ្នាក់ទី៣មានចំនួន ១ និងថ្នាក់ខាងលើបង្អស់មានចំនួន ១) (រូបលេខ៥)។ ការលម្អគុឌុជាថ្នាក់ៗនៅផ្នែកខាងលើនៃប្រាសាទបែបនេះ យើងធ្លាប់ឃើញមាននៅក្រុមប្រាសាទសំបូរ នៃតំបន់ប្រាសាទសំបូរព្រៃគុក ប្រាង្គ N7 ឬអ្នកស្រុកហៅថា ប្រាសាទកែវណាម៉ា។ ក្រៅពីនេះទៀត ច្រកចូលទ្វារចូលខាងកើត មានលម្អជាផ្តែរទ្វារដែលមានចម្លាក់សត្វមករសងខាង បែរមុខចូលក្នុងកំពុងខ្ជាក់ក្បាច់អង្កត់ធ្នូដែលមានរាងកោង ប្រសព្វគ្នាដោយចម្លាក់រាងរង្វង់ (Medallion) ដែលមានរូបទេពកំពុងធ្វើតប ឬសមាធិនៅខាងក្នុង (រូបលេខ៦)។ ដោយសារថ្មសឹករិចរិល យើងពិបាកកំណត់ថាចម្លាក់នេះជាទេពអ្វីឱ្យប្រាកដនោះឡើយ ប៉ុន្តែ យើងធ្លាប់ឃើញទម្រង់ស្រដៀងគ្នានេះមួយនៅប្រាសាទសណ្តាន់ ដែលលោកស្រី Mireille Bénisti សន្និដ្ឋានថាជា “យោគិស្វរ” មានន័យថា ព្រះឥសូរកំពុងធ្វើយោគិ ឬធ្វើតបធម៌។ ផ្តែរទ្វារប្រាសាទគុកព្រះធាតុ មានលក្ខណៈប្រហាក់ប្រហែលជាមួយផ្តែរទ្វារដែលបានរកឃើញនៅតំបន់ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានអាយុកាលស្ថិតនៅដើមស.វ.ទី៧។ ក្រៅពីគ្រឿងលម្អដែលបានរៀបរាប់ខាងលើ នៅមានក្បាច់លម្អគួរចាប់អារម្មណ៍ជាច្រើនទៀត ដូចជា ក្បាចលម្អនៃសសរពេជ្រ ក្បាច់លម្អនៅលើស៊ុមទ្វារ និងក្បាច់លម្អនៅលើជ្រុងជញ្ជាំងប្រាសាទជាដើម (រូបលេខ៧-៨)។
រីឯនៅផ្នែកខាងក្នុងប្រាសាទ មានតម្កល់ជើងទម្រមួយដែលមានរាងបួនជ្រុងស្មើធ្វើអំពីថ្មបាសាល់ដូចប្រាង្គទាំងមូលដែរ។ ជើងទម្រនេះមានសោមសូត្រ (ទបង្ហូរទឹក) បែរមុខទៅទិសខាងជើង ដោយភ្ជាប់ជាមួយសោមសូត្រមួយទៀតចេញទៅខាងក្រៅប្រាសាទ។ ដោយសារកង្វះព័ត៌មានអំពីសិលាចារឹក និងភស្តុតាងបុរាណវិទ្យា យើងពុំដឹងច្បាស់ថាជើងទម្រនេះតម្កល់ទេពណាមួយឡើយ។ ប៉ុន្តែ ដោយយោងទៅតាមការរកឃើញបដិមាគោនន្ទិមួយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៧ ក្នុងអំឡុងពេលកំណាយបុរាណវិទ្យារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើងអាចទាញសេចក្តីសន្និដ្ឋានថា ជើងទម្រនៅខាងក្នុងប្រាសាទទំនងតម្កល់សិវលិង្គ ព្រោះគេស្គាល់ជាទូទៅថា គោនន្ទិ គឺជាយានជំនិះរបស់ព្រះឥសូរ ហើយជានិច្ចកាលគេតែងដាក់បដិមាគោនន្ទិនៅខាងមុខប្រាសាទ បែរមុខទៅរកសិវលិង្គ ឬបដិមាព្រះឥសូរ។ បដិមាគោនន្ទិដែលបានរកឃើញ ធ្វើអំពីថ្មបាសាល់ដូចប្រាសាទដែរ ហើយសព្វថ្ងៃកំពុងរក្សាទុកនៅក្នុងឃ្លាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម (រូបលេខ៩)។
ប្រការគួរឱ្យកត់សម្គាល់បន្ថែមទៀតគឺ ថ្មបាសាល់ដែលយកមកកសាងប្រាសាទនេះពិតជាកម្រមានណាស់នៅក្នុងស្ថាបត្យកម្មខ្មែរបុរាណ។ ដ្បិត នៅស្រុកខ្មែរមានតែប្រាសាទចំនួនពីរប៉ុណ្ណោះដែលកសាងឡើងអំពីថ្មបាសាល់ រួមមាន ប្រាសាទអាស្រមមហាឥសី ស្ថិតនៅចង្កេះភ្នំដា ខេត្តតាកែវ និងប្រាសាទគុកព្រះធាតុ ស្ថិតនៅចង្កេះភ្នំហាន់ជ័យ ខេត្តកំពង់ចាម។ ប្រភេទថ្មនេះមានភាពរឹងខ្លាំងខុសពីថ្មធម្មតា ហើយនៅស្រុកខ្មែរគេប្រទះឃើញមាននៅរវាងខេត្តកំពង់ចាម និងខេត្តក្រចេះត្រង់ម្ដុំថ្មគ្រែតែប៉ុណ្ណោះ។ ប្រសិនបើយើងប្រៀបធៀបរវាងប្រាសាទគុកព្រះធាតុ (ភ្នំហាន់ជ័យ) និងប្រាសាទអាស្រមមហាឥសី (ភ្នំដា) យើងអាចឃើញភាពដូចគ្នា និងខុសគ្នាមួយចំនួន។ ក្នុងនោះ លក្ខណៈដូចគ្នារវាងប្រាសាទទាំងពីរគួរចាប់អារម្មណ៍នោះគឺ កំពូលជាទម្រង់អាមលក (ផ្លែកន្តួតព្រៃ) ដូចគ្នា។ រីឯភាពខុសគ្នាមានច្រើន ដូចជា ទិស ហោជាង ផ្តែរទ្វារ បង្អួច ក្បាច់គុឌុ និងទេពតម្កល់នៅខាងក្នុង (នៅអាស្រមមហាឥសីតម្កល់បដិមាព្រះហរិហរ)។ ប្រាសាទអាស្រមមហាឥសី ក៏ពុំមាននៅសល់សិលាចារឹកដែរ ហើយការកំណត់អាយុកាលរបស់ប្រាសាទ គឺពឹងលើការសិក្សាប្រៀបធៀបដូចគ្នា។ លោក Henri Parmentier សន្និដ្ឋានថា ប្រាសាទអាស្រមមហាឥសី អាចចាត់ទុកជាប្រាសាទដែលសាងឡើងនៅលើភ្នំដំបូងៗគេ ដែលបង្ហាញពីសម័យអន្តរកាលរវាងសម័យហ្វូណននិងចេនឡា ហើយមានអាយុកាលនៅវាងចុងស.វ.ទី៦ ដើមស.វ.ទី៧ ដែលអាចជាអាយុកាលតំណាលគ្នានឹងគ្រឹះប្រាសាទនៅលើភ្នំដា។ ហេតុដូច្នេះ ប្រាសាទគុកព្រះធាតុ (ភ្នំហាន់ជ័យ) ក៏ប្រហែលជាប្រាសាទកសាងឡើងនៅពេលប្រហាក់ប្រហែលគ្នាជាមួយប្រាសាទអាស្រមមហាឥសីដែរ ពោល គឺនៅរវាងដើមស.វ.ទី៧ ដែលយើងអាចចាត់ថ្នាក់ថាជាសិល្បៈរចនាបថសំបូរព្រៃគុក (គ.ស.៦០០-៦៥០)។
ជារួមមក ប្រាសាទគុកព្រះធាតុ (ភ្នំហាន់ជ័យ) ទំនងជាស្ថាបត្យកម្មដែលកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយសៃវ។ ប្រាសាទនេះ ជាសំណង់ប្រាសាទធ្វើអំពីថ្មបាសាល់មានអាយុកាលចំណាស់មួយប្រហាក់ប្រហែលប្រាសាទអាស្រមមហាឥសីនៅភ្នំដា ខេត្តតាកែវ ដែលទំនងកសាងឡើងនៅរវាងដើមស.វ.ទី៧ ឬដើមរចនាបថសំបូរព្រៃគុក។









Prasat Kuk Preah Theat Temple
The Prasat Kuk Preah Theat Temple is situated on the ridge of Han Chei Mountain, in Han Chei village, Han Chei commune, Kampong Siem district, Kampong Cham province. The temple consists of two spongy stone towers, square, and facing the east. According to the layout and decorations, this temple may be built in the early 7th century and possibly housed a Sivalinga.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី