ជាតក សំដៅលើរឿងរ៉ាវជាជាតិកំណើតទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ មុនជាតិដែលព្រះអង្គបានតា្រស់ដឹង ពោលគឺនៅពេលដែលព្រះអង្គនៅជាព្រះពោធិសត្វ ហើយយកកំណើតជាមនុស្ស ឬជាសត្វជាដើម។ នៅរវាងដើមសតវត្សទី២០ លោក ល្វី ហ្វីណូត៍ (Louis Finot) បានសិក្សាស្រាវជ្រាវរកឃើញជាតកទាំងអស់មានចំនួនជាង៥០០រឿង។ ក្នុងសង្គមខ្មែរតាំងពីដើមរៀងមក គេសង្កេតឃើញការនិយមរឿងជាតកមួយចំនួនធំ ក្នុងបណ្តាជាតកទាំងឡាយនោះលេចឡើងទាំងក្នុងសិលាចារឹក ឆ្លាក់តាមប្រាសាទ សម្តែងជាល្ខោន គូរតាមព្រះវិហារ និងចារលើស្លឹករឹត ។ល។
ដោយឡែក ចំពោះនៅប្រាសាទបន្ទាយក្នុង នៃក្រុមប្រាសាទបាកាន្ត ដែលស្ថិតនៅក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ យើងឃើញចម្លាក់មួយផ្ទាំងឆ្លាក់លើហោជាងថ្នាក់ទី៣ នៃប្រាង្គខាងជើង ផ្នែកខាងក្នុងនៃថែវទី១ និយាយអំពី “សិវិរាជជាតក” (ជួនសរសេរ “សិពិរាជ” ក៏មាន)។ ជាអកុសល តួអង្គសំខាន់នៃសាច់រឿងក្នុងចម្លាក់ខាងលើនេះ ត្រូវគេដាប់បំផ្លាញ អ្វីដែលយើងនៅអាចមើលឃើញ គឺតួអង្គមនុស្ស៤នាក់អង្គុយប្រណម្យជាជួរ អមតួអង្គកណ្តាលដែលគេដាប់ចោលនោះ។ ប៉ុន្តែតួអង្គម្នាក់ ក្នុងចំណោមទាំង៤ នាក់ កំពុងអង្គុយ បញ្ឈរជង្គង់ម្ខាង ឯដៃម្ខាងទៀតយើងអាចមើលស្គាល់ថាកំពុងកាន់ជញ្ជីងថ្លឹងបក្សីមួយក្បាល។
សាច់រឿងនៃសិវិរាជជាតកត្រង់អន្លើនេះមានសេចក្តីយ៉ាងសង្ខេបដូចខាងក្រោមថា“នៅក្នុងជាតិនៃព្រះពោធិសត្វអង្គនេះ ព្រះឥន្រ្ទបានឈ្វេងយល់ថា ព្រះអង្គនឹងដល់អាយុក្ខ័យក្នុងពេលឆាប់ៗ តែមុននឹងអស់អាយុត្រូវតែបានជួបនឹងសត្វណាមួយដែលនឹងក្លាយជាសព្វញ្ញូក្នុងពេលអនាគត។ ព្រះអង្គបានពិគ្រោះជាមួយវិស្សកម្ម (បើជាសំស្រ្កឹតគឺ “វិស្វកម៌”) ហើយដឹងថាព្រះសិវិនឹងក្លាយជាតួអង្គសព្វញ្ញូមិនខាន។ ទាំងពីរអង្គក៏យាងទៅពិសោធ ដើម្បីឲ្យបានច្បាស់ការ។ ព្រះឥន្រ្ទតំណែងខ្លួនជាសត្វខ្លែង រីឯព្រះវិស្សកម្មទៅជាសត្វលលក ដែលជាបក្សីក្នុងចំណោមអាហាររបស់ខ្លែង។ ខ្លែងនោះហើរដេញឆាបលលករហូតមកដល់ទីដែលព្រះបាទសិវិគង់។ លលកធ្វើជាហើរទៅទំលើភ្លៅព្រះអង្គ។ ឃើញដូច្នេះ ខ្លែងក៏ទាមទារឲ្យព្រះអង្គប្រគល់លលកនោះមកខ្លួនជាចំណី។ ព្រះអង្គមានបន្ទលថា ព្រះអង្គមិនអាចប្រគល់ឲ្យទេ ព្រោះសត្វណាមកសូមជ្រកកោន ព្រះអង្គត្រូវតែសង្រ្គោះរក្សា។ ខ្លែងក៏បញ្ជាក់ថា ខ្លួនក៏ត្រូវការរស់ដូចគ្នា ដូច្នេះត្រូវតែបានលលកនោះជាចំណី។ ឮដូច្នោះព្រះបាទសិវិក៏អារសាច់ព្រះអង្គប្រគល់ឲ្យខ្លែង ជាថ្នូរនឹងលលកនោះ។ ខ្លែងក៏បង្ហាញថាខ្លួនក៏មិនលោភដែរ គឺទាមទារយកសាច់ភ្លៅតែក្នុងទម្ងន់ណាដែលស្មើនឹងទម្ងន់លលកប៉ុណ្ណោះ។ ប៉ុន្តែពេលដាក់សាច់ថ្លឹងលើជញ្ជីង ទម្ងន់លលកនៅតែធ្ងន់ជាង ទោះបីព្រះអង្គអារសាច់បន្ថែមម្តងហើយម្តងទៀតក្តី។ លុះនៅតែមិនធ្ងន់ស្មើដូច្នេះ ព្រះអង្គក៏ឡើងគង់លើជញ្ជីងម្ខាងតែម្តង។ ដោយឃើញទឹកចិត្តស្មោះរបស់ព្រះបាទសិវិ ព្រះឥន្រ្ទ និងព្រះវិស្សកម្ម ក៏កាឡាខ្លួនជារូបដើមវិញ ហើយដោយអំណាចចិត្តដ៏បរិសុទ្ធនោះ ព្រះបាទសិវិក៏មានសាច់ឈាមពេញលេញដូចដើមវិញដែរ។
ដូច្នេះសរុបមក ចម្លាក់នៅលើហោជាងខាងលើនេះ គឺជាក់ជានិយាយពីរឿងជាតកមួយ ត្រង់ជាតិព្រះបាទសិវិនោះឯង។ ឯខ្លឹមសារចម្បងនៃជាតកត្រង់នេះ គឺការបរិច្ចាគសាច់ឈាមរបស់ព្រះបាទសិវិ ដោយពុំខ្លាចរអាការឈឺចាប់ស្តាយស្រណោះ ដើម្បីការពារជីវិតសត្វលលកតូចមួយ ដែលមករកជ្រកកោននឹងព្រះអង្គ សុំក្តីសន្តោសសង្រ្គោះជីវិត ដូចមាននិយាយក្នុងខ្លឹមសារខាងលើ។ សូមបញ្ជាក់ផងដែរថា ក្រុមប្រាសាទបាកាន្ត ឬហៅតាមបរទេសថា “ព្រះខាន់កំពង់ស្វាយ” កសាងឡើងក្នុងរវាងដើមសតវត្សទី១១ ដល់ចុងសតវត្សទី១៣ ដោយព្រះមហាក្សត្រយ៉ាងហោច៣ព្រះអង្គ គឺព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៧ (១១៨២-១២១៨)៕
———————————
Jataka relief at Prasat Banteay Knung
Jataka is a story that refers to the previous life of Buddha or the life of Boddhisatva. Based on the study of Louis Finot in the early 20th, Jataka has 500 stories. In Khmer society, some of Jataka stories appeared in the inscription, on the reliefs of the temples, through performance, on moral paintings, and in recorded in palm leaves script.
However, Jataka on a pediment of the northern shrine of the first gallery, Prasat Banteay Knung in Bakan temple group (located in Ranakse commune, Sangkum Thmei district, Preah Vihear province) shows a story from Jataka calls Sivirajajataka (Siviraja). Unfortunately, the main figure was destroyed. It remains just four figures who sit beside and worship the main figure in the centre. One among four figures is kneeling one leg and a hand holds a scale to measure a bird.
In the story, Indra knows a Boddhisatva will end his life soon, but before the life end, he should meet an animal that will attain enlightenment in the future. Thus, he discusses with Visvakarma and knows Preah Sivi will attain enlightenment. To make sure, both deities went to test Preah Sivi. Indra transformed himself into a bird calls Khlerng (Cerf-volant), and Visvakarma transformed to Lolok (common wood pigeon). The Khlerng tried to catch Lolok until arriving the resident of Preah Sivi. Lolok was landing on his lap, but Khlerng convinced Preah Sivi to return Lolok for his food. Preah Sivi said he will protect Lolok from death, but Khlerng said he will die without having Lolok as the food. Thus, Preah Sivi cut his flesh to be Kherng food. Khlerng required the flesh just the same amount as the Lolok, so he scaled his flesh with Lolok. Unfortunately, Lolok was always heavier than his flesh no matter what he added the flesh. Therefore, he decided to sit on the scale. This great generosity impressed both Indra and Visvakarma so they showed the real form and Preah Sivi was also back to its original state.
In conclusion, the relief of pediment talking about one story, Preah Sivi of Jataka. It shows the generosity and offering of Preah Sivi to protect Lolok who asking for his rescue. Remarkably, a group of Bakan temples is known by the French as Preah Khan Kampong Svay. It was built in the early 11th century to 13th century, in the reign of three Kings, Suryvarman I (1002-1050 CE), Suryavarman II (1113-1150 CE), and Jayavarman VII (1182-1218 CE).
អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត