អូលមេកជាអរិយធម៌មួយដែលស្ថិតនៅក្នុងតំបន់ព្រៃត្រូពិក ក្បែរឈូងសមុទ្រម៉ិកស៊ិកូដែលបច្ចុប្បន្នជារដ្ឋ តាបាស្កូ( Tabasco) និង វេឡាគ្រូស (Veracruz) ស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ិកស៊ិកូ។ អរិយធម៌មួយនេះស្ថិតក្នុងចំណោមបណ្តាអរិយធម៌ចំណាស់ទាំង៣នៅក្នុងតំបន់មេសូអាមេរិក(Mesoamerica) ឬតំបន់អាមេរិកកណ្តាល រួមមាន អរិយធម៌ អូលមេក(Olmec) ម៉ាយ៉ា (Maya) និង អតិច(Aztec)។
អរិយធម៌អូលមេកត្រូវបានគេហៅជាភាសាអង់គ្លេសថា Pre-Colombian Culture ដែលមានន័យថា អរិយធម៌កកើតឡើងមុនពេលដែល Christopher Columbus បានទៅដល់តំបន់អាមេរិកកណ្តាល។ ចំពោះពាក្យ Olmec គឺមកពីពាក្យ Olmecatl នៃភាសា Nahuatl ដែលសំដៅលើប្រជាជនដែលដាំកៅស៊ូ (Rubber of country)។
នៅពាក់កណ្តាលស.វ.ទី១៩ អ្នកបុរាណវិទូបានរកឃើញវត្ថុសិល្បៈសំខាន់ៗដែលជាភស្តុតាងនៃការរកឃើញអរិយធម៌អូលមេក នៅតំបន់ខាងត្បូងប្រទេសម៉ិកស៊ិកូ។ តាមរយៈការសិក្សាបុរាណវិទ្យាបានបង្ហាញពីទីតាំងសំខាន់ៗចំនួន២ ដែលអ្នកស្រាវជ្រាវបានដឹងថា ជាទីក្រុងបុរាណ និងជាតំបន់កណ្តាលនៃអរិយធម៌អូលមេក រួមមានតំបន់ San Lorenzo និង La Venta។ តំបន់ San Lorenzo ដែលជាទីក្រុងដំបូងនៃអូលមេក (ស.វទី១៣មុនគ.ស ដល់១០មុនគ.ស) មានចម្ងាយប្រមាណជាង៥០គីឡូ ខាងត្បូងឈូងសមុទ្រម៉ិកស៊ិកូដែលបច្ចុប្បន្នជាទីក្រុង វេឡាគ្រូស (Veracruz) ហើយក៏ជាតំបន់នៃការរីកចម្រើននៃអរយិធម៌អូលមេកដំបូង និងបន្ទាប់មកទៀតនៅតំបន់ La Venta ដែលជាទីក្រុងបន្ទាប់ពី San Lorenzo ស្ថិតនៅក្បែរនឹងឈូងសមុទ្រម៉ិកស៊ិកូ ហើយបច្ចុប្បន្នជាទីក្រុង តាបាស្កូ។ នៅតាមតំបន់ទាំងពីរ អ្នកស្រាវជ្រាវបានរកឃើញភស្តុតាងផ្សេងៗ រួមមានសំណង់ស្ថាបត្យកម្ម និងវត្ថុសិល្បៈផ្សេងៗដូចជា ត្បូង របាំងមុខ។ ជាពិសសេសការរកឃើញរូបចម្លាក់ក្បាល ឆ្លាក់ពីថ្ម ដែលមានទម្រង់មុខ មាត់ ច្រមុះ ភ្នែក ត្រចៀក ដូចនឹងទម្រង់មុខមនុស្សអញ្ចឹងដែរ ( Colossal stone heads) និងសំណង់ពីរ៉ាមីតនៅ San Lorenzo ( Pyramid of San Larenzo)។
អ្នកស្រាវជ្រាវបានរកឃើញរូបចម្លាក់ក្បាលប្រមាណ១៧រូប ដែលរូបចម្លាក់ទាំងនោះត្រូវបានរកឃើញដំបូងនៅទ.ស.ទី៨០នៅទីក្រុង San Lorenzo (Veracruz)។ ចំពោះប្រភពថ្ម ដែលយកមកឆ្លាក់រូប អ្នកស្រាវជ្រាវបានដឹងថា យកពីភ្នំ Tuxtla ដោយទំហំនៃចម្លាក់ក្បាលទាំងនោះជា មធ្យមមានកម្ពស់ប្រមាណ៣ម៉ែត្រនិងមានទម្ងន់ប្រហែល៨តោន។ រូបចម្លាក់ក្បាលទាំងនោះមានអាយុកាលប្រហែលចាស់ជាងស.វ.ទី១០មុនគ.ស.។
យោងតាមទីតាំងភូមិសាស្រ្ត យើងអាចដឹងបានថា ប្រជាជនអូលមេករស់នៅក្នុងព្រៃទ្រពិកដែលពឹងលើការបរបាញ់សត្វព្រៃ និងនេសាទ។ អរិយធម៌អូលមេកត្រូវបានដួលរលំប្រហែលនៅស.វ.ទី៥មុនគ.ស ប៉ុន្តែពុំមានភស្តុតាងអ្វីមកបញ្ជាក់ពីកត្តានៃការដួលរលំនេះឱ្យច្បាស់លាស់បាននៅឡើយទេ ក្រៅពីការសនិ្នដ្នានដោយអ្នកស្រាវជ្រាវបុរាណវិទ្យាប្រហែលមកពីកត្តាធម្មជាតិ និងប្រហែលពីការឈ្លានពានពីអរិយធម៌ផ្សេងនៅតំបន់មេសូអាមេរិក។ តាមរយៈការសិក្សាលើភស្តុតាងដែលបានរកឃើញទាំងឡាយ អ្នកស្រាវជ្រាវបានបង្ហាញអរិយធម៌អូលមេកមានអាយុកាលជាង៨០០ឆ្នាំមុនគ.ស. ពោលចាប់ពី១២០០ឆ្នាំ មុនគ.ស រហូតដល់៤០០មុនគ.ស. និងជាដើមកំណើត (Mother culture) នៃបណ្តាអរិយធម៌ក្នុងតំបន់មេសូអាមេរិក (Mesoamerica)។ យើងក៏ឃើញមានដាក់តាំងបង្ហាញរូបចម្លាក់នៃអរិយធម៌អូលមេកនៅក្នុងសារមន្ទីរ Quai Branly នៅប្រទេសបារាំង។
អត្ថបទដើម៖ លោក អេង តុលា