ភ្នំដងទង់ ជាកូនភ្នំតូចមួយ មានកំពស់ប្រមាណ២០ម៉ែត្រ ហាក់ដូចជាទួលមួយ។ ទីតាំងនេះស្ថិតនៅខាងកើតស្ទឹងសែនប្រមាណ៣,២គីឡូម៉ែត្រ និង២គីឡូម៉ែត្រ ខាងលិច ព្រំប្រទល់ខេត្តកំពង់ធំ ក្នុងស្រុកសណ្តាន់។ តាមរយៈការផ្តល់ព័ត៌មានពីមន្ទីរបរិស្ថានខេត្តព្រះវិហារអំពីទីតាំងផូស៊ីលឈើ នៅកំឡុងខែតុលានេះ ក្រុមការងារសិក្សាផូស៊ីលនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានចុះសិក្សាបឋមលើផូស៊ីលដើមឈើថ្មដែលអាចជាប្រភេទដើមគគីរ។ ទីតាំងផូស៊ីលឈើនេះ គឺស្ថិតនៅភ្នំដងទង់ ភូមិស្រែ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃ «ព្រៃឡង់»។
តាមរយៈផែនទីភូគព្ភសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជាឃើញភ្នំដងទង់ដែលជាទីតាំងរកឃើញផូស៊ីលឈើ គឺមានកំណត់សំគាល់ដោយអក្សរ T3 J2ss ដែលស្ថិតនៅស័កទី២ ( Mesozoic Eira ) មានអាយុកាលចន្លោះ ៦៥,៥ទៅ២៥១លានឆ្នាំ។ បើយើងពិនិត្យទៅលើសម័យកាលវិញវាស្ថិតចន្លោះសម័យកាល ទ្រីយ៉ាស៊ីក (Triassic Period) និងសម័យកាល ជូរ៉ាស៊ីក (Jurassic) ដែលមានអាយុចន្លោះ ១៦១.២ទៅ២៥១លានឆ្នាំ។ ចំពោះទីតាំងផ្ទាល់យើងបានពិនិត្យឃើញថា មាន២ស្រទាប់ ដោយស្រទាប់ទី១ជាស្រទាប់ដីផ្នែកខាងលើ សំបូរដោយពពួកគ្រួសអាចម៍ផ្កាយ ដែលបង្ហាញពីការចាក់បង្គរដោយសារកំលាំងទឹកហូរនាំគ្រួសមកចាក់បង្គរនៅទីនោះក្នុងពេលណាមួយ។ ស្រទាប់ទី២ស្ថិតនៅក្រោមស្រទាប់ទី១ជាប្រភេទដីឥដ្ឋដែលចាក់បង្គរនៅទីនោះ។ ក្នុងនោះផូស៊ីលឈើ ត្រូវបានប្រទះឃើញ ដោយលេចចេញជាបំណែកតូចៗ នៅរាយបាយនៅលើដី និងតាមផ្លូវទឹកហូរ វាអាចស្ថិតនៅស្រទាប់ទី១ ឬទី២។ បើពិនិត្យលើបាតុភូត គួរតែស្ថិតនៅក្នុងស្រទាប់ទី២ ដោយហេតុថាស្រទាប់ដីឥដ្ឋ អាចជួយឱ្យដើមឈើក្លាយទៅជាថ្មបាន។ ក្នុងករណីនេះ គឺតម្រូវឱ្យមានការធ្វើកំណាយស្រាវជ្រាវមួយ ដើម្បីសិក្សាឈ្វេងយល់ឱ្យកាន់តែច្បាស់ពីវិវត្តិដើមឈើទៅជាផូស៊ីល។ ផូស៊ីលឈើដែលបានរកឃើញនេះ គឺមាន៣ទីតាំង ដោយទីតាំងទី១ ជាបំណែកដើមឈើថ្មមួយកង់មានស្លាកស្នាមជាមែកឈើ និងស្លាកស្នាមមុខកាត់ទទឹងមានទំហំ ៤០គុណ៦០ស.ម (រូបលេខ២-៤)។
ផូស៊ីលឈើទីតាំងទី២ នៅចំងាយប្រមាណ១០០ម៉ែត្រពីទីតាំងទី១ ជាទីតាំងរណ្តៅដែលត្រូវបានគេកាយយកផូស៊ីលដើមឈើចេញ នៅសល់មួយដុំកប់ក្នុងដីដែលមានល្បាយគ្រួសអាចម៍ផ្កាយ បើតាមការពិនិត្យ ផូស៊ីលដើមឈើថ្មនេះអាចមានធំ ប្រសិនមានការកាយចេញ (រូបលេខ៥)។ ទីតាំងផូស៊ីលឈើទីតាំងទី៣ ជាទីតាំងផូស៊ីលនៃដើមឈើថ្មទាំងមួលបាក់ជាកង់ៗជាច្រើនដុំ ដែលមានមុខកាត់៧០ទៅ៨០ស.ម ដែលបានលេខចចេញមកលើដី ប្រសិនមានការសំអាតឬកំណាយ ទីតាំងនេះអាចនឹងជួបផូស៊ីលឈើទាំងមូល (រូបលេខ៦)។ ក្រៅពីនេះយើងក៏ឃើញមានបំណែកផូស៊ីលឈើតូចៗជាច្រើនក្នុងបរិវេណប្រមាណ៣០០ម៉ែត្រ ដែលត្រូវបានបាក់បែក និងលេចចេញនៅលើស្រទាប់ដីក្នុងតំបន់នោះដែរ។
ជារួមប្រភេទផូស៊ីលដើមឈើថ្មដែលយើងប្រទះឃើញនេះ គឺមានពណ៌ក្រម៉ៅមានរង្វង់ចិញ្ចៀនកាត់ទទឹងឈើថ្ម មានលក្ខណៈធំៗ ប្រហាក់ប្រហែលផូស៊ីលដើមឈើដែលយើងបានធ្វើកំណាយស្រាវជ្រាវដែលរកឃើញនៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ដែលក្រុមការងារសិក្សាផូស៊ីលកាលពីឆ្នាំ២០១៩-២០ កន្លង។ ចំពោះទីតាំងភូគព្ភសាស្ត្រក៏មានអាយុកាលដូចគ្នា ហើយផូស៊ីលដើមឈើថ្មនៅលំផាត់ស្ថិតក៏មានស្រទាប់ដីឥដ្ឋផងដែរ។ ការរកឃើញស្ថានីយផូស៊ីលដើមឈើថ្មីមួយកន្លែងទៀតនៅលើទីតាំងភ្នំដងទុង ដែលនេះជាទិន្និន័យ និងព័ត៌មានថ្មីដ៏សំខាន់មួយដែលយើងគួរសិក្សាស្រាវជ្រាវជាបន្តនៅថ្ងៃក្រោយដើម្បីបង្កើតបានជាទិន្ន័យ និងចងក្រងទុកជាឯកសារសម្រាប់ការសិក្សាផូស៊ីលនៅប្រទេសកម្ពុជានាពេលអនាគត៕
—————————————————
Fossil wood at Dang Tung mountain
A brief study on fossil wood at Preah Vihear has been conducted after receiving the information from the Provincial Department of Environment at Preah Vihear. In October 2021, the team was surveying fossil wood at Dang Tung mountain that is located in Sre village, Reap Roy commune, Roveang district, Preah Vihear province, and also located in the wildlife sanctuary of Prey Lang.
Dang Tung is a small mountain that has about 20 meters in height. It is 3.2 kilometers east of Steung Sen and 2 kilometers west of the Kampong Thom border in the Sandan district. Based on the geological map of Cambodia, the area is marked by T3 J2SS of the Mesozoic Era about 65.5 to 251 million years. It is also between the Triassic and Jurassic period, 161.2 to 251 million years. The surface or first layer is full of gravel and the second layer is compacted by clay. It is found that the small fragments of fossil wood scattering on the ground and along the waterway. According to the observation, these fragments of the fossil could occur in the second layer, the layer of clay. However, further study is necessary.
Fossil wood in location one is a part of a tree trunk that has a branch. Its section is 40 by 60 cm. The second location is about 100 meters from the first location. It is on the small mound of Dang Tung and where the fragment was excavated. Another part of the wood is still in the pit and it might be big. The third location has multiple parts of the trunk. They are 70 to 80 cm in diameter. Besides, there are many fragments of fossil wood scattering in between 300 meters. It is believed that the excavation could find a whole tree.
Fossil wood at Dang Tung mountain is dark and has big rings. These characteristics are the same as fossil wood at a wildlife sanctuary in Lom Pat, Rattanakiri province. Both the geological and the date are the same. More importantly, they are in the layer of clay.
According to the collected data, the site is significant and necessary to have further study and documentation.
អត្ថបទដើម៖ លឹម វណ្ណច័ន្ទ