សិលាចារឹកខ្មែរបុរាណ បានរកឃើញជាបន្ដបន្ទាប់ ក្នុងស្ថានភាពផ្សេងៗគ្នា ដែលធ្វើឱ្យបញ្ជីសារពើភណ្ឌសិលាចារឹកខ្មែរ បានកើតដល់លេខ K.១៥៦១។ ជាក់ស្ដែង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ក្រុមមន្ត្រីជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ រួមសហការជាមួយមន្ត្រីផ្នែកសិលាចារឹកនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នគរបាលបេតិកភណ្ឌ នគរបាលរដ្ឋបាលឃុំទួលពង្រ ក្រុមប្រឹក្សាឃុំទួលពង្រ មេភូមិទួលប្រាសាទ បានទទួលសិលាចារឹករកឃើញថ្មីមួយផ្ទាំងពីលោក សុខ តាវ ជាប្រជាពលរដ្ឋរស់នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យយកមករក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍របស់សារមន្ទីរខេត្ត បានបញ្ជាក់ឱ្យដឹងថា សិលាចារឹកមួយផ្ទាំងនេះ ប្រជាពលរដ្ឋខាងលើបានប្រទះឃើញនៅទួលប្រាសាទក្នុង និងបានយកមករក្សាទុកដោយដាំកប់ដីនៅខាងមុខផ្ទះ។
សិលាចារឹកមួយផ្ទាំងនេះ ចារឹកនៅលើថ្មភក់ព័ណ៌បៃតងក្រមៅ រាងបួនជ្រុងទ្រវែង ជាថ្មដុល ទំនងពុំកើតឡើងពីការដាប់យកដោយមនុស្ស និងពុំបានសម្អិតសម្អាងរចនាជារូបរាងបួនជ្រុងត្រង់ស្មើ ដូចសិលាចារឹកដទៃនោះឡើយ។ អត្ថបទចារឹកនេះ ចារលើមុខទាំងបួននៃផ្ទៃថ្ម មានចុះកាលបរិច្ឆេទនៅមហាសករាជឆ្នាំ៩០៤និង៩១៤ ដែលត្រូវនឹងគ្រិស្ដសករាជឆ្នាំ៩៨២និង៩៩២ ស្ថិតក្នុងរាជ្យព្រះបាទជ័យវម៌្មទី៥។
ដោយសារផ្ទាំងសិលាចារឹកនេះ ពុំបានរៀបចំផ្ទៃចារឹកបានល្អ ធ្វើឱ្យយើងជួបបញ្ហាអំណានខ្លះៗ យ៉ាងនេះក្ដី យើងអាចយល់សេចក្ដីសិលាចារឹកនេះទាំងស្រុង។ អត្ថបទចារឹកមុខទីមួយ ចាររំលឹកកាលគ្រិស្ដសករាជឆ្នាំ៩៨២ មានមនុស្សម្នាក់ដែលពុំបានបង្ហាញឈ្មោះក្នុងសិលាចារឹកនេះ បានរ៉ាប់រងរណ្ដាប់បូជាដល់ប្រាសាទសិវលិង្គនៅភ្នំមួយដែលមិនបានបញ្ជាក់ឈ្មោះ។ ចំណែកឯអត្ថបទនៅមុខបីផ្សេងទៀត ជាសាច់រឿងតែមួយបន្ដគ្នា ដែលចាប់ផ្ដើមដោយការបង្ហាញកាលបរិច្ឆេទនៅគ្រិស្ដសករាជឆ្នាំ៩៩២ ថ្ងៃសុក្រ ទី១រោច ខែពិសាខ ជាពេលដែលដាក់ឱ្យប្រាសាទសង្ករនារាយណ៍ចូលផ្សំក្រុមជាមួយប្រាសាទនៅចន្ទ្របុរៈ។ បន្ទាប់មកជាអត្ថបទដែលបង្ហាញពីបញ្ជីគ្រឿងរណ្ដាប់បូជានានា ខ្ញុំបម្រើប្រុសស្រី ដែលក្នុងនោះមាននាងជាអ្នកបម្រើម្នាក់ឈ្មោះ កន្រៅ បានទិញដោយសម្លៀកចំនួន២០ ស្រូវ២០។ បន្ទាប់មកជាបម្រាប ហាមមិនឱ្យបំផ្លាញបុណ្យរបស់គាត់(អ្នកសាងបុណ្យ) ឱ្យទទួលទោស និងឱ្យពរដល់អ្នកណាដែលមិនបានបំបាត់ធម៌(បុណ្យ)និងមានភក្ដីភាព ឱ្យទទួលបានសេចក្ដីសប្បាយនិងឥស្សរិយ(ក្រិទៃឝ្វយ៌្យ)។ អត្ថបទសិលាចារឹកនេះ បញ្ចប់ដោយការបញ្ជាក់អំពីទ្រព្យផ្គត់ផ្គង់ដល់ស្មិង(អ្នកនៅធ្វើពិធីបូជា) បុរោហិត និងអ្នកបម្រើប្រុសស្រីរបស់ប្រាសាទ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺខ្ញុំបម្រើស្រីទទួលបានការផ្គត់ផ្គង់តិចជាងខ្ញុំបម្រើប្រុសពាក់កណ្ដាល (ប្រុសទទួលបាន១០ ស្រីទទួលបានតែ៥)។
ចំពោះសិលាចារឹករកឃើញនៅឃុំព្រៃខ្ពស់ ស្រុកបរវេល ខេត្តបាត់ដំបង និងសិលាចារឹករកឃើញនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនេះ សុទ្ធតែមានកត់ត្រារឿងធ្វើរណ្ដាប់បូជាដល់ «កម្រតេង៑ជគត៑ចន្ទ្របុរ» ដែលបង្ហាញកាន់តែច្បាស់ថា «ចន្ទ្របុរៈ» គឺជាទឹកដីមួយផ្នែកនៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងត្រូវនឹងខេត្តចន្ទបុរី ប្រទេសថៃបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា កន្លងមកមានការសន្និដ្ឋានថាតំបន់ប្រាសាទស្នឹងស្ថិតនៅក្នុងទឹកដីចន្ទ្របុរៈកាលពីបុរាណនោះជាការពុំត្រឹមត្រូវទេ ផ្ទុយទៅវិញតំបន់នោះគួរតែស្ថិតនៅក្នុងដែនដីភីមបុរៈពីបុរាណ ដែលភីមបុរៈមានព្រំប្រទល់ជាប់ជាមួយចន្ទ្របុរៈ។ ម្យ៉ាងវិញទៀត ស្ថាននាម ចន្ទ្របុរៈ កាលពីបុរាណ អាចមានច្រើនទីតាំងផ្សេងគ្នា។ ប៉ុន្ដែទីតាំងដែលធំនិងសំខាន់ គួរតែជាចន្ទ្របុរៈ ដែលត្រូវនឹងមួយផ្នែកនៃប្រទេសកម្ពុជា និងទីតាំងខេត្តចន្ទបុរី ប្រទេសថៃ នាពេលបច្ចុប្បន្ននេះ។
សេចក្ដីប្រែសម្រួលជាភាសាខ្មែរទំនើប
ផ្ទាំងក
(១-៦) មហាសករាជឆ្នាំ៩០៤ ព្រះគម្ដែងសិវលិង្គឯភ្នំ (សម្រាប់ពិធីបុណ្យ)សង្ក្រាន្ដនិងបញ្ចោត្សវ គឺជាអម្បាលរណ្ដាប់បូជារបស់អញខ្ញុំ។
ផ្ទាំងខ
(១-១៦) មហាសករាជឆ្នាំ៩១៤ ទី១០រោច ខែវិសាខ ថ្ងៃសុក្រ នូវព្រះគម្ដែងអញសង្ករនារាយណ៍(នាបុណ្យ)ទ្វាទសរាត្រ ទៅរួមផ្សំក្រុមជាមួយគម្ដែងជគតចន្ទ្របូរ (មានរណ្ដាប់បូជាដូចជា) ព្រះសង្វើយចរុ(ចំនួន)១លិះ ផ្ដល់ឱ្យដល់អ្នកធ្វើពិធីបូជា(/ស្មិង)(សម្រាប់)បូជា(ចំនួន)១លិះ (សម្រាប់)ពេលភ្លឺនិងយប់១ធ្នល់ សម្ល ប្រេងគោ(ប៊័ររាវ)ជាដើមផង។ ខ្ញុំបម្រើ(មាន)សិកញ្ចាន សិបំមោក តៃកំវ្រៅ តៃឭន្ចិវិ សិកញ្ចន និងសិបំមោក៑ ជាតង្វាយ(ទក្ខិណា សម្រាប់បុណ្យ)ទ្វាទសរាត្រ។
ផ្ទាំងគនិងឃ
(១-៤) តៃកំវ្រៅ បានទិញពីខ្លោញពល និងខ្លោញឃ្លាំងចាម្ប ដោយសម្លៀក(ចំនួន)២០ (និង)ស្រូ(ចំនួន)២០។
(៥-១០) រណ្ដាប់បូជារបស់អញខ្ញុំ(ថ្វាយ)ដល់គម្ដែងជគតចន្ទ្របូរ(មាន) អង្ករព្រះស្រូវប្រលុង(ចំនួន)៥លិះ ប្រេង(ចំនួន)១មាស ផ្យេះ(ចំនួន)១ជាល។
(១០-៥) នៅអ្នក(ឯណា)ដែលបំបាត់ធម៌(/បុណ្យ)អញខ្ញុំនេះ បួងសួងគប្បីព្រះព្រហ្ម ព្រះវិស្ណុ ព្រះឥសូរ (និងទេព្តា)ដទៃទៀត (ឱ្យអ្នកនោះ)សោយទោសផង កុំបី(កើតជា)មនុស្សទៀត។ នៅអ្នក(ឯណា)ដែលពុំបំបាត់ធម៌(/បុណ្យ)អញខ្ញុំនេះ និងអ្នកដែលញ៉ាំងភក្ដី អ្នកទាំងនោះសោយនូវសេចក្ដីសប្បាយនិងឥស្សរិយ។
(៥-៨) គ្រឿងឧបត្ថម្ភ(ដល់)អ្នកធ្វើពិធីបូជា អំពែមួយនឹម បុរោហិតស្រូវ២ថ្លូង២កញ្ជើក្នុងមួយឆ្នាំ។
(៨-១១) ទឹកសង្វើយ១គ្វាល។ ខ្ញុំបម្រើមនុស្សប្រុសឱ្យស្រូវដប់ (មនុស្ស)ស្រី(ឱ្យស្រូវ)ប្រាំ។
អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង