នៅមុខព្រះបរមរាជវាំងចតុមុខ ត្រង់ចន្លោះព្រះអង្គដងកើ និងអ្នកតាដំបងដែកគេសង្កេតឃើញមានអគារមុខដាច់មួយសង់ពីថ្ម ស្ថិតនៅលើច្រាំងទន្លេ។ រាល់ពេលប្រារព្ធព្រះរាជពិធីអុំទូក គេសន្មត់ហៅអគារនេះថា “ព្រះពន្លាជ័យ”។ ប៉ុន្តែមុនមានព្រះពន្លានេះ គេដឹងថានៅទីនោះធ្លាប់មានសំណង់មួយយ៉ាងវិចិត្រ សង់បណ្តែតទឹកហៅថា “ព្រះរាជដំណាក់ផែ” ឬ “ព្រះដំណាក់ផែ”។ ព្រះរាជដំណាក់ផែ ឬព្រះពន្លាជ័យ មានតួនាទីសំខាន់បំផុតក្នុងព្រះរាជពិធីអុំទូក ដ្បិតជាកន្លែងរៀបចំថ្វាយព្រះមហាក្សត្រគង់ទតព្រះរាជពិធី ប្រទានភ្លើងលយប្រទីប និងគង់ជាព្រះរាជាធិបតីក្នុងព្រះរាជពិធីកាត់ព្រ័ត្រ ព្រមទាំងជាកន្លែងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ គណអធិបតី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អញ្ជើញទស្សនាព្រះរាជពិធីសំខាន់ៗខាងលើ។
យោងតាមសេចក្តីនៃឯកសារមហាបុរសខ្មែរឱ្យដឹងថា ព្រះរាជដំណាក់ផែសង់ក្នុងរាជ្យ ព្រះបាទនរោត្តម (១៨៥៩-១៩០៤) ជាសំណង់បណ្តែតទឹក ហើយភ្ជាប់ដោយផ្លូវមួយខ្សែហៅថា “ផ្លូវប្រដាប់ក្រុង” រត់ត្រង់ចូលទៅព្រះបរមរាជវាំង ឆ្ពោះចំប្រាសាទទេវាវិនិច្ឆ័យ។ តាមរយៈរូបថត និងឯកសារផ្សេងៗ ព្រះរាជដំណាក់នេះសង់អំពីឈើ ដំបូលស្លឹករាងជ្រាលថ្នាក់ៗ និងជញ្ជាំងក្តារជុំវិញ ហើយនៅពេលប្រារព្ធពិធីអុំទូកម្តងៗ គេតែងរៀបចំតុបតែងដោយផ្កាភ្ញី ព្រមទាំងគ្រឿងលម្អផ្សេងៗ។ ទន្ទឹមនឹងនេះ គេដឹងថានៅក្នុងគ្រានោះរដ្ឋបាលអាណាព្យាបាលបារាំង ថែមទាំងបានផ្តិតយករូបព្រះរាជដំណាក់ផែខាងលើបានបោះពុម្ពលើក្រដាសប្រាក់សម្រាប់ចរាចរណ៍ប្រើប្រាស់ទូទាំងឥណ្ឌូចិនផងដែរ។ ក្នុងពេលនោះ គេសង្កេតឃើញមានការជួសជុលផ្នែកខ្លះ នៃព្រះរាជដំណាក់ផែឡើងវិញ ដោយបានដូរដំបូលថ្មី និងរៀបចំឱ្យមានជារបៀងព័ទ្ធជុំវិញជាដើម។
ចូលមកដល់រាជ្យ ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៥) ព្រះរាជដំណាក់ផែហាក់ដូចជាបានរចនាឱ្យកាន់តែប្រសើរជាងមុន និងបានកែលម្អបន្ថែមឱ្យមានបង្កាន់ដៃជុំវិញ។ រីឯនៅក្នុងរាជ្យ ព្រះបាទមុនីវង្ស (១៩២៧-១៩៤១) គេសង្កេតឃើញព្រះរាជដំណាក់ផែ ហាក់រំកិលអណ្តែតទៅខាងជើងបនិ្តច ពោល គឺតាំងនៅចំខាងមុខប្រាសាទចន្រ្ទឆាយា។ ប៉ុន្តែនៅក្នុងរាជ្យ ព្រះបាទ នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តនិយម ព្រះរាជដំណាក់ផែនេះបានរំកិលមកខាងត្បូងវិញ ពោលគឺនៅម្តុំទីតាំងដើមកាលពីរាជ្យ ព្រះបាទនរោត្តម។ ជាអកុសលនៅក្នុងរវាងឆ្នាំ១៩៧០ ប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ព្រះរាជដំណាក់ផែនោះក៏ត្រូវគេបំផ្លិចបំផ្លាញទាំងស្រុង រហូតមកដល់រវាងដើមទសវត្សទី៩០ ទើបមានការសាងសង់សំណង់ព្រះពន្លាមួយនៅលើច្រាំងទន្លេទុក សម្រាប់ប្រើប្រាស់ជំនួសព្រះរាជដំណាក់ផែដូចឃើញដល់សព្វថ្ងៃ។
ជារួមមក ព្រះរាជដំណាក់ផែនៃទន្លេចតុមុខតែងទទួលបានការយកព្រះទ័យទុកដាក់ពីសំណាក់ព្រះមហាក្សត្រគ្រប់ព្រះអង្គ ទុកជាព្រះរាជដំណាក់សម្រាប់ទ្រង់យាងទតព្រះរាជពិធីនានាតាមទំនៀមទម្លាប់តរៀងមក។ ក្នុងរាជ្យ ព្រះបាទនរោត្តម ព្រះអង្គយាងទតពិធីប្រណាំងទូក-ង និងទូកមួងពីរដងក្នុងមួយឆ្នាំ ពោលគឺក្នុងពេលចេញព្រះវស្សាថ្ងៃ១៤-១៥កើត និងថ្ងៃ១ រោច ខែអស្សុជម្តង និងនៅថ្ងៃ១៤-១៥ កើត និងថ្ងៃ១ រោច ខែកត្តិកម្តង។ ក្នុងរាជ្យ ព្រះបាទមុនីវង្ស ក្នុងព្រះរាជពិធីអុំទូក ទ្រង់តែងចាត់ឱ្យរៀបចំក្រុមច្រៀងសកវាទ៍ទាំងស្រីទាំងប្រុសចូលច្រៀងថ្វាយនៅលើព្រះរាជដំណាក់ផែនេះផងដែរ។ យោងតាមឯកសារព្រះរាជពិធីទ្វាទសមាស បានពណ៌នាទិដ្ឋភាពនៃព្រះរាជពិធីអុំទូកថា “ទាហានក្រុមរក្សាព្រះអង្គ ក្រុមខេមរភូមិន្ទ ចាំគោរពអមសងខាងផ្លូវតាំងពីមុខទ្វារព្រះបរមរាជវាំងរហូតដល់មាត់ច្រាំង ទាហានសេះ ក្រុមរក្សាព្រះអង្គ ចាំគោរពអមតាមមាត់ជណ្តើរដែលស្តេចចុះទៅព្រះរាជដំណាក់ផែ។ ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សារាជអាណាចក្រ រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចាងហ្វាងក្រុមព្រះរាជមន្ទីរ រង់ចាំក្រាបបង្គំទទួលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រិយានី នៅមាត់ជណ្តើរខាងលើ ហើយតាមហែព្រះអង្គទៅព្រះរាជដំណាក់ផែ”៕
អត្តបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត