ទំព័រដើមសិល្បៈវិហារវត្តទន្លាប់

វិហារវត្តទន្លាប់

វត្តទន្លាប់ ឬវត្តទន្លាប់រង្សី ស្ថិត​នៅក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្ត​​បន្ទាយ​​មាន​ជ័យ។ បើយោងតាមសេចក្តីផ្សាយ​ខ្លីមួយ​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ខេត្ត​បន្ទាយ​​មានជ័យ​​​​​បញ្ជាក់​​ថា មកដល់បច្ចុប្បន្នវិហារវត្តទន្លាប់មាន​អាយុ​១១១ឆ្នាំ (កសាង​ឆ្នាំ​១៩១០)។ ចំណែកឯការ​​សិក្សា​​​របស់ Daniel Guéret និង Dominique-Pierre Guéret បាន​កំណត់​​ថា វិហារ​នេះ​កសាង​​នៅ​ក្នុង​ឆ្នាំ​១៩២៨។ បើផ្អែក​​​តាម​សំណេរ​ខ្លី​​លើ​​ជញ្ជាំង​​ខាង​កើត​​ចារ​​ថា “កសាង​ពីឆ្នាំឆ្លូវកាល​ពុទ្ធសការាជ​២៤៩២” ដែល​កាល​បរិច្ឆេទ​នេះ ​ត្រូវ​នឹង​រវាង​ឆ្នាំ​១៩៤៩ ពោលគឺមានអាយុកាល​៧៣ឆ្នាំ ឯជាងគំនូរឈ្មោះផរ។ 

វិហារ​វត្ត​​នេះ ​ជាស្ថាបត្យកម្មដ៏ចំណាស់​មួយក្នុង​និគមជនបទ ដែល​​សេសសល់​ពី​សង្រ្គាម។ ទម្រង់​វិហារមានលំនាំជាវិហារបុរាណ​ ដំបូលប្រក់​ក្បឿង​ស្រកា​លេញ ព្រម​ទាំង​​​មាន​​គំនូរ​បុរាណយ៉ាង​ល្អឆើត និយាយពីប្រធានបទ​​ល្អៗ​ជាច្រើន លម្អ​នៅ​លើ​ផ្ទៃ​ពិដាន និងផ្ទៃជញ្ជាំង​​ក្នុង-ក្រៅ។ តាមរយៈ​លក្ខណៈ​សំណង់គេយល់ថាជា​សិល្បៈ​​​ស្ថាបត្យកម្ម​​ព្រះពុទ្ធ​សាសនា​​ខ្មែរមួយ​ដ៏វិសេសគួរ​ឱ្យ​ចាប់​អារម្មណ៍​ ស្ថិត​នៅចន្លោះខេត្ត​បាត់ដំបង និងសៀមរាប។ បច្ចុ​ប្បន្នវិហារ​​នេះ​បាន​ជួស​ជុល​អភិរក្ស​​​ពង្រឹង​គ្រឿង​បង្គំ​ខាង​លើ ប្តូរ​ក្បឿង ប្តូរការ៉ូកម្រាល និង​លាប​ពណ៌តាម​លំនាំ​ដើម។

វិហារវត្តទន្លាប់ ជាវិហារជហ្វា៦ ដំបូលរាង​​​ជ្រាល​ថ្នាក់ៗបីជាន់ ទ្រ​ដោយ​​​សសរ​របៀង​​ជុំវិញទាំងអស់​​​ចំនួន​៣៤ដើម សសរខាង​ក្នុង​ចំនួន​១៦​ដើម ​មាន​ទ្វារ​ចេញ​ចូលខាង​កើត​​ពីរ ខាងលិចពីរ ខាងត្បូង​ពីរ ខាងជើង​ពីរ និង​មាន​ជណ្តើរ​​ឡើង​ចុះ​​ទាំងបួនទិស។ គ្រឿង​បង្គំ​ដំបូលចាស់ គឺជាឈើប្រក់ក្បឿង​ស្រកាលេញ ​លម្អ​ដោយ​​ក្បាច់​ទ្រនុង​នាគ​គ្រប់​ចុង​ចែង​ទាំងអស់​​។ ហោជាង​ខាងកើត រចនា​ដោយ​​ក្បាច់​អង្គរលម្អ​ជុំវិញ​រូប​ព្រះរាម​ផ្លែង​សរឈរ​ជាន់​រាហ៊ូ (ព្រះកាល)។ ហោជាង​​ខាងលិចលម្អ​ដោយ​ក្បាច់អង្គរ និង​​ផ្លិតយស​តម្កល់នៅលើក្បាលរាហ៊ូខាំព្រះខ័ន អម​​ដោយ​រាជ​សីហ៍ និង​គជសីហ៍​​កាន់​ឆ័ត្ររួត​។ ចំណែកឯ​នៅលើ​ផ្ទៃផ្លិតមានចារឹក​អក្សរ​បី​តួ “គនទ(?)” និង​គាថា​​មួយ​​​ឃ្លា​ថា “បញា ពុទ្ធោ វិរិយា ធិកា​ហោមិ អណាគុតេកាលេ (?)” ដែល​ទំនង​កាត់​ន័យ​មក​ជា​សេចក្តី​ប្រាថ្នា​ថា “ខ្ញុំសូម​មាន​បញ្ញា ប្រកប​ដោយ​​​វិរិយភាព បាន​​ត្រាស់​​ជាព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល”។

ចំពោះការ​គូរលម្អលើ​ផ្ទៃជញ្ជាំងខាងកើត គឺជា​ឆាក​ប្រយុទ្ធគ្នា​រវាង​ព្រះ​លក្ស្មណ៍ និង​ឥន្រ្ទជិត(?) អមដោយរូបទ្វារបាល​សងខាង។ រីឯគំនូរ​លម្អជញ្ជាំងខាង​លិច គឺ​ជា​ឆាក​ប្រយុទ្ធដណ្តើមនាងសីតារវាង​អង្គទ និងក្រុងរាពណ៍(?)។ ការនិយ​ម​ឆ្លាក់ ឬគូរឆាកប្រយុទ្ធក្នុងរឿងរាមកេរ្តិ៍លើ​ផ្ទៃញ្ជាំង​ខាងមុខ ឬខាងក្រោយ​បែប​នេះហាក់​ពុំ​ប្លែក​អ្វីពីនៅលើជញ្ជាំងវិហារវត្តដំរីសខេត្តបាត់ដំបង ឬវិហារវត្តរាជបូព៌ ​ខេត្ត​សៀមរាប​ឡើយ។ រីឯនៅ​លើផ្ទៃជញ្ជាំង​ចំហៀង គេគូរ​លម្អ​ដោយអន្លើផ្សេង​ទៀត​ក្នុង​រឿង​រាមកេរ្តិ៍ ព្រះពុទ្ធ​សម្តែងធម្មទេសនា ព្រះសង្ឃក្នុងក្បួនធម្មយាត្រា(?) ទិដ្ឋភាព​​ក្នុង​សង្គម​ខ្មែរ​ និង​ចម្លាក់​ពុម្ព​តួអង្គ​ក្នុង​រឿង​​​រាមកេរ្តិ៍​ រូបទេវតា រូបស្វាប្រចាក់ ​និងរូប​​អប្សរ​ក្នុង​ផ្ទៃ​ក្បាច់​ហោជាង​​លើ​ស៊ុមទ្វារ និង​បង្អួច។

នៅផ្នែកខាងលិច សិល្បករ​លម្អរូបគ្រុឌ​ត្រដាង​ស្លាប​​​ទ្ររងស្បូវ ជើង​ទាំង​ពីរខ្ញាំ​កន្ទុយ​​នាគ​មួយ​គូ ​​ដែល​​ព័ន្ធព័ទ្ធ​សសរ​សងខាងជណ្តើរ​ សណ្តូក​ខ្លួន​ បើកពពារ​ធ្វើជា​បង្កាន់​ដៃ​ជណ្តើរ ។​​ សូម​កុំភ្លេច​ថា​​ ក្នុង​រឿងទេព​កថា​គ្រុឌ​ជា​ជំនិះព្រះវិស្ណុ និងជា​សត្រូវ​នឹងនាគ។ ចំណែក​ក្បាល​សសរ​ផ្សេងទៀត ពុំមាន​លម្អ​​រូបគ្រុឌ ឬកិន្នរ​ដូច​វិហារ​ដទៃ​ឡើយ​។ ​​ដោយ​ឡែក​នៅផ្នែក​ខាង​ក្នុង​វិហារ គេ​គូរលម្អដោយ​គំនូរ​បុរាណ​លើ​​ពិដាន ឯ​​​ពុទ្ធ​ប្រវត្តិ និង​ទសជាតក​​លើ​ផ្ទៃ​ជញ្ជាំង​​ជុំវិញ។ Daniel Guéret និង Dominique-Pierre Guéret យល់​ថា​គំនូរ​នេះ​គូរ​ក្នុង​ឆ្នាំ​១៩៤៥។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ គេ​សង្កេត​ឃើញ​​ថា​ ឈុត​ខ្លះ​គំនូរ​ពុទ្ធប្រវត្តិក្នុងវិហារ​វត្ត​ទន្លាប់ ហាក់​មាន​លក្ខណៈ​​​ប្រហាក់​​ប្រហែល​​គ្នា​នឹង​​គំនូរ​ក្នុង​វត្ត​អំពិល​ ដែល​ស្ថិត​នៅភាគ​ខាង​ជើង​ក្បែរគ្នា​នេះ​ដែ​រ។

ដូច្នេះជារួមមក វិហារវត្តទន្លាប់ គឺជាតឹកតាង​សិល្បៈស្ថាបត្យកម្មបុរាណ​ដ៏ល្អ​មួយ​នៅតាម​ស្រុក​ស្រែជនបទ ដែលមានក្បាច់រចនា និង​គំនូរបង្ហាញពីប្រធានចម្រុះគ្នា។ ទន្ទឹម​នឹង​​នេះ តាមរយៈគំនូរ និងចម្លាក់​លម្អ​ខ្លះ​នាំ​ឱ្យ​យើង​យល់​បាន​ថា​ការ​និយម​​លើក​យក​ឈុត​​ឆា​ក​វែង​ខ្លីនៃរឿងរាមកេរ្តិ៍ រឿងក្នុង​ជាតក និង​រឿង​ពុទ្ធប្រវត្តិ​មក​គូរ​បង្ហាញ​លើ​ជញ្ជាំង​វិហារ គឺជារឿង​ធម្មតា​ដែល​សង្គមខ្មែរ​និយម​រាប់​អាន​តាំងពី​ដើម​រៀងមក ដែលគួរ​​មាន​​ការ​​សិក្សា​ស្រាវជ្រាវស៊ីជម្រៅ៕

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!