វត្តកណ្តឹង ឬអ្នកខ្លះហៅថាវត្តគរ ស្ថិតនៅក្នុងសង្កាត់គរ ក្រុងបាត់ដំបង ខាងត្បូងសាលាខេត្ត។ បើទោះបីពុំមានឯកសារជាក់លាក់ក៏ដោយក្តី គេយល់ឃើញថាវត្តនេះកកើតឡើងដំបូងគេនៅបាត់ដំបង ហើយមកដល់សព្វថ្ងៃមានរឿងតំណាលជាច្រើនពាក់ព័ន្ធនឹងការកសាងវិហារ។ អ្នកខ្លះអះអាងថាគិតមកដល់បច្ចុប្បន្ន វត្តកណ្តឹងមានវិហារចំនួនបី។ វិហារទី១ ស្ថិតនៅខាងជើងទន្ទឹមនឹងវិហារទី២ តែទំនងត្រូវគេបំផ្លាញចោលក្នុងសម័យសង្រ្គាម។ រីឯវិហារទី២ ជាវិហារចាស់បច្ចុប្បន្នដែលស្ថិតនៅខាងមុខវិហារទី៣។ ចំពោះវិហារទី២ ជាវិហារបុរាណប្រកបដោយក្បូរក្បាច់រចនាយ៉ាងវិចិត្រនេះ គេយល់ថាកសាងឡើងនៅរវាងដើមសតវត្សទី២០ ក្នុងសម័យលោកម្ចាស់ គ្រាដែលទឹកដីបាត់ដំបងស្ថិតនៅជាចំណុះសៀម។ យោងតាមឯកសារបាត់ដំបងសម័យលោកម្ចាស់ឱ្យដឹងថា មុនមានវិហារថ្មីសព្វថ្ងៃវត្តកណ្តឹងមានវិហារពីរទន្ទឹមគ្នាតាំងពីបុរាណ។ អ្នកនិពន្ធ តូច ឈួង បញ្ជាក់ថាវិហារខាងជើងស្ថាបនាយូរយារហើយ រីឯវិហារខាងត្បូងស្ថាបនាដោយលោកស្រី អ៊ីង ភរិយាដើមរបស់លោកម្ចាស់គទាធរឈុំ ជាអតីតស្តេចត្រាញ់ចុងក្រោយត្រួតបាត់ដំបង។ គេតំណាលថា ហេតុដែលនាំឱ្យកសាងវិហារនេះ គឺដោយសារលោកម្ចាស់មានភរិយាច្រើន (ប្រហែលជាង៤០នាក់) បណ្តាលឱ្យលោកស្រី អ៊ីង ជាភរិយាដើមឈឺចាប់កើតទុក្ខរីងរៃ រហូតកើតជាជំងឺម្យ៉ាងគឺ “ខ្លាច” ហើយខ្លាចគ្រប់សព្វសារពើ ជាពិសេសខ្លាចសំឡេងឆ្កែលូ។ ពេលនោះ គេតែងចាត់ឱ្យសម្លាប់ឆ្កែទាំងអស់ដែលលូឮដល់លោកស្រី។ រីឯលោកព្រះឃ្លាំងជាឪពុកបានរិះរកគ្រប់មធ្យោបាយព្យាបាលកូនស្រី និងបានទៅបន់ស្រន់ព្រះអង្គខ្មៅ ដែលជាព្រះពុទ្ធរូបស័ក្តិសិទ្ធិនៅវត្តកណ្តឹង ដោយប្រាថ្នាសុំសាងវិហារមួយថ្វាយ បើកាលណាកូនស្រីបានធូរស្បើយ។ ក្រោយពេលលោកស្រី អ៊ីង បានធូរស្បើយបន្តិច គាត់ក៏ចាត់សង់វិហារមួយនៅខាងត្បូងព្រះវិហារចាស់ ហើយគង់វង្សរហូតមកដល់សព្វថ្ងៃ។
បើពិនិត្យផ្នែកខ្លះនៃសំណង់ និងចំណារខ្លីៗលើជញ្ជាំង គេដឹងថាវិហារបុរាណវត្តកណ្តឹងធ្លាប់បានជួសជុលច្រើនគ្រាមកហើយ។ តាមរយៈរូបថតក្នុងឆ្នាំ១៩២៤ គេចាត់ទុកវិហារនេះជាប្រភេទវិហារមណ្ឌប។ លំនាំវិហារបែបនេះ គេសង្កេតឃើញនិយមនៅដើមសតវត្សទី២០ ហើយបានបន្តវិវឌ្ឍមកហូរហែដល់សព្វថ្ងៃ។ បុស្បុកវិហារមណ្ឌប គេច្រើនធ្វើថ្នាក់ៗ និងកំពូលស្រួចខ្ពស់។ ផ្អែកលើរូបថតឯកសារនេះ វិហារដើមវត្តកណ្តឹង មានដំបូលប្រក់ក្បឿងស្រកាលេញ ខាងកើតមានជហ្វា៣ ខាងលិចមានជហ្វា៣ ហើយខាងជើង និងខាងត្បូងមានជហ្វាម្ខាង២ ព្រមទាំងមានបំពាក់នាគដងក្តារតាមចុងចែងដំបូលនីមួយៗ។ រីឯបុស្បុកលម្អលើដំបូល ហាក់ស្រដៀងនឹងកំពូលបុស្បុកវិហារវត្តដំរីសសព្វថ្ងៃ ដែលស្ថិតនៅខាងជើងសាលាខេត្ត។
សព្វថ្ងៃ វិហារវត្តកណ្តឹងនៅសល់ត្រឹមតែជហ្វា៤ លំនាំស្រដៀងវិហារវត្តសំរោងក្នុង និងវត្តបាឡាត់ តែវិហារវត្តនេះពុំមាននាគដងក្តារតាមចុងចែងដំបូលផ្នែកខាងលើដូចមុនឡើយ ហើយជំនួសដោយនាគលើព្រំដំបូលពីរថ្នាក់ខាងក្រោម។ តាមរយៈឯកសារគេយល់ថា ការជួសជុលដូរដំបូលវិហារនេះ ធ្វើឡើងនៅក្នុងឆ្នាំ១៩៦៩។ ក្នុងគ្រានោះគេបានយកបុស្បុក និងហោជាងចំហៀងសងខាងចេញ ដោយរក្សាទុកតែហោជាងខាងកើត និងខាងលិចប៉ុណ្ណោះ។ ហោជាងទាំងពីរ សុទ្ធសឹងរចនាពីឈើប្រកបដោយក្បាច់រចនាយ៉ាងរស់រវើក។ ផ្ទៃហោជាង លម្អដោយក្បាច់ភ្ញីទេសព័ទ្ធជុំវិញជើងពានទ្រគម្ពីរនៅចំផ្នែកកណ្តាល។ សងខាងជើងពាន មានរូបសត្វទេពអមសងខាង និងរូបទេវតានៅផ្នែកខាងលើ។
នៅផ្នែកខាងលើគម្ពីរ មានរូបទេព (?) លេចឡើងពាក់កណ្តាលខ្លួន និងពន្លឺឆពណ្ណរង្សី។ ហោជាងខាងកើត គេឃើញមានចម្លាក់រូបគ្រុឌ និងយក្សទ្រហោជាង យ៉ាងអង់អាច (រូបលេខ៤-៧)។ ប៉ុន្តែហោជាងខាងលិច ពុំមានចម្លាក់បែបនេះទេ។ ដោយឡែក រចនាសម្ព័ន្ធសំណង់ផ្នែកខាងក្រោម គេបានរក្សាដូចដើមស្ទើរតែទាំងស្រុង។ សូមបញ្ជាក់ថាគ្រឿងបង្គុំដំបូលផ្នែកខាងលើនៃវិហារនេះ គឺជាឈើទាំងអស់ តែផ្នែកខាងក្រោមជាបេតុង ហើយសង់នៅលើផ្ទៃដីរាបស្មើពុំមានខឿនខ្ពស់ច្រើនជាន់ដូចវិហារផ្សេងឡើយ។ រីឯសសររបៀងជុំវិញ ជាប្រភេទសសរមូលធំៗ លម្អក្បាលសសរតាមលំនាំសិល្បៈបស្ចិមប្រទេស (រូបលេខ៨)។ ការលម្អលើទ្វារ និងបង្អួចផ្នែកខាងក្រៅមានលក្ខណៈជាល្បាក់កោងផ្កាប់លំនាំដូចជើងព្យញ្ជនៈក “្ក”។ ចំពោះសសរខាងក្នុង ជាសសរឈើមូល ដូចវិហារឈើទូទៅផ្សេងទៀតដែរ។
តាមរយៈសំណេរខ្លីៗ គេអាចដឹងថាគំនូរខាងក្នុងវិហារគូរក្នុងឆ្នាំ១៩៨៥ ដោយជាងមួយក្រុមមានឈ្មោះ ស៊ុន សិត, ទីន សុស, និង ប៉ិច ប៊ុនងួន។ ការគូរគំនូរនេះ ធ្វើឡើងស្របគ្នានឹងការជួសជុលលាបពណ៌បល្ល័ង្កព្រះជីវ៍ និងពិដានខាងលើ ដែលជាសទ្ធារបស់លោកយាយម្នាក់ឈ្មោះ មាញ (រូបលេខ៩-១១)។ ខ្លឹមសារគំនូរទាំងនោះ សុទ្ធសឹងជាឈុតផ្សេងៗក្នុងពុទ្ធប្រវត្តិ។ ប៉ុន្តែយ៉ាងណាក៏ដោយ ផុតពីនោះមក វិហារនេះធ្លាប់ជួសជុលពីរលើកទៀត ពោលគឺនៅក្នុងឆ្នាំ១៩៩៧ម្តង និងក្នុងឆ្នាំ២០០២ ម្តងទៀត។ ដូច្នេះសរុបមក តាមរយៈសារបានខ្លះៗ និងលក្ខណៈសិល្បៈស្ថាបត្យកម្មវិហារវត្តកណ្តឹង គេអាចយល់ជារួមថា វត្តកណ្តឹងជាបូជនីយដ្ឋានដ៏ស័ក្តិសិទ្ធិ ហើយការកសាង និងជួសជុលជាបន្តបន្ទាប់កន្លងមក ប្រហែលធ្វើឡើងតាមលំអានប្រពៃណី ដែលពុទ្ធសាសនិកមានជំនឿ និងជ្រះថ្លា ចូលមកជ្រោមជ្រែងទំនុកបម្រុងជួសជុលថែទាំកុដិវិហារសទ្ធាដូនតា រក្សាទុកជាសម្បត្តិគរុភណ្ឌឱ្យគង់វង្សតមកជាអង្វែង។ ទំនៀមបែបនេះ មានតាំងពីបុរាណ ជាពិសេសក្នុងសតវត្សទី១៦ ព្រះអង្គចន្ទយាងទៅជួសជុល ឆ្លាក់បង្ហើយចម្លាក់លើជញ្ជាំងអង្គរវត្តជាដើម។ ទន្ទឹមនឹងនេះ ការគូររឿងពុទ្ធប្រវត្តិ ឬសាច់រឿងផ្សេងៗលើជញ្ជាំងវិហារក្នុងគំនិតបុរាណ ប្រហែលពុំមែនជាការចាំបាច់អត់ពុំបានឡើយ ដ្បិតមានវិហារបុរាណខ្លះពុំមានគំនូរ ឬគូរនៅពេលក្រោយដូចជាវិហារវត្តដំណាក់ (សៀមរាប) វិហារវត្តទន្លាប់ (បន្ទាយមានជ័យ) និងវិហារវត្តរោងដំរី (ព្រៃវែង)ជាដើម៕
————————————————————–
Vihara of Vat Kandeng
Vat Kandeng or Vat Kor is located in Kor district, Battambang city and south of provincial hall. There is no concrete evidence about the construction of Vat Kandeng, but people believe it is the oldest pagoda. Also, there are many legends about its construction. Some people believe it has three Viharas. The first Vihara locates at the north of the second Vihara. However, both had been destroyed during the war. The second Vihara is old and located in front of the third. This old Vihara has a beautiful decoration and was probably built in the 20th century during the Lordship era.
Based on a publication “Battambang in Lordship Era”, Vat Kandeng has two old Vihara built next to each other. According to writer Toch Chhoung, northern Vihara was built a long time ago and southern Vihara was built by a wife of Lord Katheatho Chhum, a last former warlord that ruled Battambang province.
A legend says Lord Katheatho Chhum has 40 wives. The first wife got angry at it and later became frightened of many things, especially dog baking. By seeing this, her father worries and went to Vat Kandeng to do a worshipping for her. Later when she got better, the father fulfils his promise to build a Vihara there.
The Vihara of Vat Kandeng has been restored multiple times. Based on the photos in 1924, this Vihara is a type of Mandapa that was becoming very popular in the early 20th century. The top is high and has many tiers, and it is similar to the top of Vat Damrei. The shape of the roof tile is similar to the fish’s scale, and it has three Jvar in the east, three in the west, and two in the south. Importantly, it has Naga decorative board at the edge of the roof.
Presently, Vat Kandeng has only four Jvar, and it is similar to Vat Samrong Knung and Vat Balath, except for the Naga decorative board because it does not have. The Vihara of Vat Kandeng was restored in 1969. In that time, the top and pediments on the north and the south were removed. The two remaining pediments have beautiful motifs. A pediment on the west is decorated with beautiful motifs surrounding a pedestal of the script. On the top of the script might be a figure of divinity emerging in half body with six rays halo behind the head.
The lower part of Vihara is still in a good conservation state. It is made of concrete that is in contrast to the top that is made of wood, and it is made on a flat base. The columns are round and made of wood. The head of the surrounding columns is decorated with a western design. The decoration on the door and window is similar to an upside-down U.
However, based on short writing, the Vihara might be built-in 1985 by a group of craft men named Sun Sit, Tin Sus, and Pich Bungoun. Mural paintings were drawn at the same time as the restoration of a pedestal of the Buddha statue. Mural paintings show the history of Buddha life. The later restoration was in 1997 and 2002. The Vihara of Vat Kandeng is a sacred place for the people in the region. It was restored many times by the people who strongly believe in and value the cultural heritage. This act of respect and highly belief of the people could be compared to the Buddhists who restored pagoda and Buddha statues in the post-Angkorian period.
អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត