រាត្រីកន្លងទៅ បុត្រីនាងនៅតែបាត់ដដែល។ ថ្ងៃមួយមកជំនួសរាត្រីសង្វេគនេះទៀត ស្រីនៅតែដើររកកូននាង ទឹកភ្នែកដែលហូរ ឈប់ហូរអស់រលីងនៅតែទឹកចិត្ដទេដែលហូរតទៅទៀត។ ថ្ងៃមួយទៀតកន្លងមក ពីរថ្ងៃទៀតកន្លងមក គ្មានលេចឮដំណឹងអ្វីមួយពីបុត្រសង្សារនាងសោះ ឱ ! ស្ងាត់អ្វីក៏ស្ងាត់ម៉្លេះ ។ នាងទេវីអស់សង្ឃឹម។ នាងពុំដេកពួនសោះ។ ដោយអស់កំលាំងខ្លាំងពេក មាតាទុគ៌តចូលទម្រេតខ្លួនលើគ្រែប្របនាងភួងដែលអស់កំលាំងដូចគ្នា។ កាលនាងនឹកដល់បុត្រី នាងឃើញមុខស្រីកល្យាណនៅតែនឹងភ្នែក មុខមូលក្រលង់ញញឹមស្រល់ ។ ស្រីមើលទៅឆ្វេង ស្រមៃឃើញកូនកម្សត់មើលទៅខាងស្ដាំឃើញរូបកូន មើលលើតុហាក់ឃើញកូន មើលគ្រប់ទិសឃើញកូនដរាប។ រូបកូនបែងចែកគ្រប់ទិសានុទិស។ ធីតាឈោងដៃចាប់ កូនថយទៅ។ នាងដើរតាម កូនថយទៅទៀត។ នាងថយមកវិញ កូនដើរតាមមក ។ ស្រីអង្គុយសំពះឲ្យកូន នៅស្ងៀមមួយកន្លែង រួចសើចគ្រហាញមករកនាងវិញ។ ឱ ! រកាំក្នុងចិត្ដអ្វីម៉្លេះទេ ធីតារមួលអស់ទាំងខ្លួន។ ទេវីជិតតែនឹងទៅជាឆ្កួតទៅហើយ។ កែវរលក្ខណ៍ដើរមួយៗ ទៅយកកាំបិតស្នៀតមកកាន់ថើបអាវុធពីក្រៅស្រោម ឱបអាវុធជាប់នឹងទ្រូង សើចដាក់អាវុធ រួចនាងយំដាក់អាវុធ រួចទឹកភ្នែកស្រក់តក់ៗ។ មួយៗ នាងហូតកាំបិតចេញពីស្រោម ។ នាងយកមេដៃស្ទាបមុខកាំបិត ។ នាងមើលចុងកាំបិត។ ឱ ! កាំបិទមុត ៗ មែនចុងស្រួច។ ស្រីកម្សត់និយាយតិចៗថា៖
- ថ្ងៃនេះ ខ្ញុំផុតអស់ទុក្ខហើយ ។ កាំបិតនេះហើយជាមិត្ដ ជាទីអវសានរបស់ខ្ញុំ។ កាំបិតនេះជាថ្នាំដែលស្រាយចំណងខ្ញុំឲ្យមានសេរីភាពពិតៗ ក្នុងវដ្ដសង្សារ ។ ជីវិតមនុស្សហាក់វេទនាណាស់ មានតែទុក្ខ គ្មានសុខមែន ! !
ធីតានឹកទៀតថា តើរស់នៅធ្វើអ្វី បើចិត្ដ បើថ្លើមស្លាប់អស់ទៅហើយ។ ទេវីថើបចុងកាំបិទហាក់ដូចស្រលាញ់ណាស់។ នាងយកដៃបេះឡេវអាវ រួចមើលទៅចុងដង្ហើមខ្លួន។ នាងយកចង្អុលដៃចុច ៗចុងដង្ហើមនាងនេះ ដើម្បីរកមើលកន្លែងដែលចុងកាំបិតត្រូវលូកចូលទៅ។ កញ្ញាលុតជង្គង់សំពះដល់ទេវតា សុំកុំឲ្យយកទោសនាង ៗនឹងសម្លាប់ខ្លួនក្នុងពេលនេះហើយ ។ ចុងកាំបិតក៏ចុចលើចុងដង្ហើមគ្មានបង្អង់។ ស្រីប្រាថ្នាថា កើតជាតិនានា កុំឲ្យមានទុក្ខដូចជាតិនេះទៀត។ កាំបិតស្នៀតរុញទៅមុខ ស្រាប់តែអ្នកស្រុកម្នាក់ស្ទុះចូលមកពីក្រោយនាង ស្រែកយ៉ាងរីករាយថា៖
- ខ្ញុំទើបបានដំណឹងមួយថា លោកមេទ័ពមានន្ទពុំទាន់ស្លាប់ទេ នាងទេវីលួចលាក់កាំបិទដ៏មុតថ្លានោះ សៀតនៅចង្កេះបង្កប់ក្នុងអាវដែលនាងបិទឡេវវិញយ៉ាងស្រួលបួល។ កែវបែរយ៉ាងស្ងួតមករកពូនោះ៖
- ពូដឹងពីណាមក ?
- យី ! អាសូរវាមកដល់ហើយ។
នាងហាក់បានកើតម្ដងទៀត ។ នាងសើចទាំងទឹកភ្នែក។
- កាលណាបានបងមកដល់ ?
- អាសូរវាថា បីថ្ងៃទៀត។
- ម្ដេចបងមិនមកថ្ងៃនេះ ?
- ថាចាំរៀបទ័ពហែក្បួនឲ្យបានសង្ហាបន្ដិច។
- ខ្ញុំត្រេកអរណាស់ពូ ! ឱ ! ពូអើយខ្ញុំផុតអស់ទុក្ខហើយ ប្អូនសូម . . . ឱ ! ពូអញ្ជើញទៅវិញហើយ ?
- បាទ ! ហេតុតែសំណាងនាង។
- ច៎ាះ ! អរគុណពូណាស់ អញ្ជើញចុះ។
នាងទេវី រីករាយយ៉ាងក្រៃលែងនឹងដំណឹងនេះ។ នាងរត់ទៅប្រាប់នាងភួង ដែលអរ កខិបកខុប ។ នាងទៅមុជទឹកលុបលាងកាយ ដុសសាប៊ូ លាបល្មៀតយ៉ាងស្អាត។ បើជនណាដែលពុំស្គាល់នាង មុខជាចាត់ថានាងនៅក្រមុំមិនខាន។ ចំនួនយូរខែមកហើយ នាងពុំដែលតុបតែងខ្លួនសោះ។ ទើបតែថ្ងៃនេះនាងហៅយាយភួងសិតសក់នាង ឲ្យជួយលាបម្សៅនាង។ ឆវីញញឹមដោយឃើញថា នាងនៅតែល្អស្រស់ដដែល។ សំណើចនាងធ្វើឲ្យឃើញធ្មេញសស្គុស។ ធីតាពាក់អាវល្អ សំពត់ល្អ។ នាងបេះផ្កាមកចងជាបូដាក់លើសក់ នាងប្រុងខ្លួនចាំទទួលប្ដី ប្ដីដែលនាងនឹកជាយូរមកហើយ ប្ដីដែលជាគូកម្សត់ព្រាត់យូរថ្ងៃខែមកហើយ ប្ដីដែលស្រលាញ់នាងវិញយ៉ាងពេញចិត្ដ។
មាណវីនឹកថា ត្រូវនាងតុបតែងខ្លួន កុំឲ្យធុំឆ្អេះឆ្អាបទៅលើប្ដីដែលរឮកនាងដែរ។ ឱ ! បីថ្ងៃទៀត មុខជានាងបាននិត្យនៅជាប់នឹងដើមទ្រូងប្រុសសម្លាញ់នេះហើយ គឺនឹងបាននិយាយរៀបរាប់ប្រាប់ទុក្ខនាង ប្រាប់ការកំព្រាដែលនាងបានឆ្លងរួចមក ប្រាប់អំពីកំនើតបុត្រី ប្រាប់អំពីបុត្រី។ មកដល់ត្រង់នេះ នាងទេវីហូរទឹកភ្នែករហាមវិញ។ សេចក្ដីសប្បាយទាំងប៉ុន្មានរត់ចេញអស់ពីចិត្ដនាង។ សេចក្ដីរីករាយរបស់នាងហាក់របេះមួយម្ដងៗ ធ្លាក់ទៅក្នុងរណ្ដៅជ្រៅមួយ។ ស្រីនឹកថា បើបុត្រីជាទីស្នេហានៅម៉្លេះ សមនឹងបានពបុត្រីនេះទៅបង្ហាញប្ដី ឲ្យប្ដីថើបបុត្រនេះផង។ តែឥឡូវ ដៃនាងទទេ ។ នាងហាក់ស្រាលខ្លួនស្ងើក។ ក្នុងពេញមួយថ្ងៃនេះ ធីតាប្រឹងរៀបចំផ្ទះសម្បែង បោសសំអាត ដុសលាងវត្ថុនានា ខាត់តុបតែងយ៉ាងឱឡារិក រួចចាត់ការទិញម្ហូបអាហារធ្វើនំ ទុកចាំប្ដីមានទិញចានល្អៗ ទុកសម្រាប់ដាក់ឲ្យស្វាមីបរិភោគអាហារ និងទិញកន្ទេលថ្មីៗ ឲ្យអ្នកប្រុសសំរាន្ដ។ ឱ !នាងចេះតែនឹកឃើញចំណុចឯទៀតៗ ជាច្រើនណាស់តែនាងពុំអាចធ្វើតាមចិត្ដដែលនាងនឹកឃើញទាំងអស់នោះឡើយ ពីព្រោះស្រីក្រណាស់។ គំនិតនិមួយៗ ដែលដុះលេចឡើងក្នុងវិញ្ញាណរបស់នាងក្នុងមួយពេលនេះគឺដុះលេចមកឯងៗ រួចគំនិតនីមួយៗ ជាសន្ដានចិត្ដនាងដែលស្មោះចំពោះលើស្វាមី៕
(សូមរងចាំតាមដានភាគទី១៨ នៅសប្តាហ៍ក្រោយ)