ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញទ្វេរគុណ។ ដោយឡែកសម្រាប់បុគ្គលិកកម្មករនឹងទទួលបានឳកាសប្តូរការងារ និងតំណែងដែលអាចទទួលផលជាងមុន។ លោកអ្នកក៏គួររកពេលសប្បាយរីករាយជាមួយមនុស្សជាទីស្រលាញ់ ទុកការងារចោលខ្លះក៏មិនជំទាស់អ្វីដែរ។ អ្នកនឹងទទួលបានភាពទាក់ទាញពីមនុស្សផ្ទុយភេទ ដូច្នេះអ្នកអាចសំដែងអារម្មណ៍ចំពោះគេបាន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ ដើម្បីទទួលបានលទ្ធផលល្អក្នុងមុខរបរការងារ អ្នកគួរគិតគូរពីរូបរាងកាយឡើងវិញ ប៉ុន្តែក្នុងពេលស្របគ្នានេះភាពល្អខាងក្នុងត្រូវប្រកាន់ខ្ជាប់ជានិច្ច។ ថ្ងៃនេះតម្រូវឲ្យលោកអ្នករីករាយ ហើយបើអ្នកនៅឆ្ងាយពីគ្រួសារ ឬមិត្តភក្តិគួររកពេលទាក់ទងទៅពួកគេ។ សម្រាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ មានដំណើរការយ៉ាងល្អប្រសើរ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សម្រាប់ឳកាសផ្នែកហិរញ្ញវត្ថុរបស់លោកអ្នកនឹងរីកលូតលាស់ ហើយអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដូច្នេះចូរចំណាយពេលមួយថ្ងៃនេះដោយរីករាយ។ សម្រាប់ទំនាក់ទំនងសេ្នហា ថ្ងៃនេះមិនមានអ្វីភ្ញាក់ផ្អើលដែលគួរឲ្យកត់សម្គាល់ទេ។ អ្នកអាចធ្វើទំនាក់ទំនងសេ្នហាបាន តែមិនអាចចូលកៀកបានឡើយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានឳកាសអំណោយផលជាច្រើនដើម្បីរកចំណូល ប៉ុន្តែត្រូវចេះប្រើប្រាស់របៀបទំនាក់ទំនង។ អ្នកគួរគ្រប់គ្រងបំណងប្រាថ្នារបស់ខ្លួនក្នុងដែនកំណត់។ ចំណែករឿងស្នេហា ប្រសិនបើអ្នកខកបំណង គួរបង្វែរអារម្មណ៍តានតឹងទៅរកអ្វីផ្សេងដែលជាចំណូលចិត្តរបស់អ្នក ហើយគិតថាវាជាបទពិសោធន៍ បន្ទាប់មកសំឡឹងរកផ្លូវថ្មី។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ ។ រឿងសំខានរបស់អ្នក គឺបំណងប្រាថ្នាផ្ទាល់ខ្លួន ដូច្នេះប្រើប្រាស់ជីវិតក្នុងថ្ងៃនេះតាមពេញចិត្ត។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គឺមានភាពស្ងប់ស្ងាត់។ ចំណែកសុខភាព លោកអ្នកអាចមានបញ្ហាភ្នែក ដូច្នេះកុំនៅមុខកុំព្យូទ័រច្រើនពេក។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ ប្រសិនបើមានការលំបាកនៅកន្លែងធ្វើការ ចូរស្វែងរកជំនួយពីមិត្តភក្តិរួមការងារ។ បំភ្លេចបញ្ហា ហើយជ្រើសរើសភាពរីករាយជំនួសវិញ។ សំណាងល្អនឹងមកពីទិសខាងកើត។ ថ្ងៃនេះទំនាក់ទំនងសេ្នហានឹងទទួលបានភាពល្អូកល្អឺន ហើយយោគយល់ដោយភាតរភាព។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការប្រកបរបរចិញ្ចឹមជីវិតនានា នឹងទទួលបានជោគជ័យ ប្រាក់កាសហូរចូលមិនដាច់។ ម្យ៉ាងទៀត រាសីថ្ងៃនេះជួយទប់ស្កាត់ការច្រណែន និងការសង្ស័យទៀតផង។ ក្នុងទំនាក់ទំនងគ្រួសារ ភាពសុខដុមនឹងកើតមាន ហើយរៀនទទួលយកនូវអ្វីដែលខ្លួនមាន។ សូមធ្វើយ៉ាងណាឲ្យប្រាកដថា ដៃគូរបស់អ្នកគ្មានហេតុផលណាមួយ ដើម្បីចាកចេញ។ ចំពោះសុខភាព លោកអ្នកអាចមានកំលាំងចុះខ្សោយខ្លាំង។ អ្នកអាចបញ្ជៀសបញ្ហាធ្ងន់ធ្ងរ ស្មុគ្រស្មាញប្រសិនបើអ្នកចាប់ផ្តើមធ្វើអារម្មណ៍ស្ងប់ និងអត់ធ្មត់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាធម្មតា។ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារបច្ចុប្បន្ន ចូរកុំនៅបណ្តោយខ្លួនទទួលយកប្រាក់ចំណេញ និងការងារធម្មតាបន្តទៀតអី ផ្លាស់ប្តូរនឹងជួយឲ្យអ្នកចម្រើនជាងមុន។ សម្រាប់គូស្វាមីភរិយាដែលបានរៀបការ នឹងមានភាពសុខដុមរមនាល្អ។ កុំខ្លាចការនាំមុខនៅក្នុងគ្រួសារ។ អភិវឌ្ឍន៍ទំនាក់ទំនងរបស់អ្នកដោយជោគជ័យ ជាមួយកុមារ។ ថែរក្សាភ្នែកអ្នក កុំនៅមុខកុំព្យូទ័រយូរពេក។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភ និងកិត្តយស អាចបណ្តាលឲ្យអ្នកធ្លាក់ជាចំណាប់ខ្មាំង ដូច្នេះកុំរំភើបចិត្តលើរបស់អរូបទាំងនោះ។ ប្រសិនបើអ្នកត្រូវយាយីដោយកលល្បិចរបស់អ្នកដទៃ សូមយកចិត្តទុកដាក់ចំពោះខ្លួនឯង នោះអ្នកអាចយកឈ្នះចិត្តមនុស្សគ្រប់គ្នា ដែលអ្នកប្រាថ្នា។ អ្នកគួរចេញក្រៅ ហើយទទួលយកសេចក្តីស្នេហាពីមនុស្សផ្ទុយភេទ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមិនគួរផ្លាស់ប្តូរអ្វីទាំងអស់ក្នុងថ្ងៃនេះ។ លោកអ្នកមានលទ្ធភាពមើលឃើញកំហុសរបស់ដៃគូការងារ មុនជំនួញ ក៏ដូចជាមនុស្សជិតស្និទ្ធ។ ដោយឡែក អ្នកមិនគួរមើលងាយស្ថានការណ៍តូចៗនោះទេ ពីព្រោះវាបណ្តាលឲ្យអ្នកមានបញ្ហាធំ។ សម្រាប់សុខភាពលោកអ្នកអាចមានបញ្ហាក្រពះ ដូច្នេះគួរពិនិត្យរបបអាហារ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅជាប្រក្រតី មិនមានបញ្ហាអ្វីឡើយ។ ដោយឡែកសម្រាប់ហិរញ្ញវត្ថុរបស់លោកអ្នក គឺគួរដាក់ក្នុងកំរិតសន្សំសំចៃ ដូច្នេះកុំធ្វើបណ្តាក់ទុនចំពោះមុខរបរការងារដែលមិនប្រាកដ។ ប្រសិនបើអ្នកខកបំណងជាមួយនឹងដៃគូរួមការងារ ឬមុខជំនួញជួញដូរ សូមផ្តល់ឳកាសឲ្យគេជាលើកទីពីរ។ អត់ធ្មត់ រក្សាទំនាក់ទំនង។ ចំពោះសុខភាព អ្នកនឹងអស់កម្លាំងខ្លាំង ដូច្នេះចូរព្យាយាមសម្រាកឲ្យបានច្រើន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានសញ្ញាណនៃការផ្លាស់ប្តូរចំពោះការងារ និងមុខរបររកស៊ីជួញដូររបស់អ្នក ដូច្នេះចូរចេះចាយលុយតូច ដើម្បីទាញយកលុយធំ។ ត្រៀមខ្លួនទប់ស្កាត់នឹងរលកបញ្ហាតូចតាច និងមិនចាំបាច់មួយចំនួន ដែលរំខានក្តីសុខរបស់អ្នក។ ត្រៀមខ្លួនប្រយុទ្ធដើម្បីទំនាក់ទំនងរបស់អ្នក។ ដោយឡែក ចូរកវិធានការបង្ការ ដើម្បីជួយលោកអ្នកកុំឲ្យមានជំងឺធ្ងន់ធ្ងរ។ ប៉ុន្តែគ្មានអ្វីដែលគំរាមកំហែងចំពោះសុវត្ថិភាពរបស់លោកអ្នកទេ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព