ជើងសេះមួយលាន់ឮរំពង ឯវាលស្រែ។ សូរជើងសេះនេះកាន់តែមកជិតដល់។ នាងទេវី ព្រឺព្រួចក្នុងក្នុងចិត្ដ។ កាមាមើលតាមបង្អួចទៅឃើញប្រាកដជាបងរបស់ខ្លួន គឺមានន្ទនោះឯង។
- ឥឡូវនៅស្ងៀមឈប់និយាយ។
នាងទេវីក៏ប្រុងស្មារតី ដៃទាំងពីរសំពះឱនមុខលុតជង្គង់ ។ ធីតាឮសូរជើងសេះដែលធ្វើឲ្យនាងព្រឺអស់ទាំងខ្លួន។ នាងភ័យផងអរផង។ នាងនឹកឆ្ងល់ថា អាកាមានេះវាឲ្យនាងធ្វើដូច្នោះ តើមានប្រយោជន៍អ្វី ? នាងបំបែរដៃនាងដែលសំពះឲ្យចំមាត់ទ្វារ ព្រោះកែវវរលក្ខណ៍ដឹងថាគឺតាមច្រកទ្វារនោះហើយដែលប្ដីនាងបម្រុងនឹងចូលមក។ មានន្ទមកដល់មុខខ្ទម លោតចុះពីលើខ្នងសេះយ៉ាងរហ័ស។ អ្នករត់តម្រង់ទៅមាត់ទ្វារខ្ទម។ លុះទៅដល់មាត់ទ្វារអ្នកទុចង៉ក់ មើលឃើញកាមានៅឈរច្រត់កែងដៃនឹងបង្អួច ឃើញនាងទេវីសំពះអ្នកយ៉ាងស្មោះស្ម័គ្រ។
- កាមា រឿងអី ?
កាមាសើចនិយាយយ៉ាងស្ងួតថា៖
- ខ្ញុំសូមជូនបងស្រីដែលបងបានផ្ញើខ្ញុំ ថែរក្សានោះមកបងវិញ។
មាន្ទននៅស្ងៀមស្ដាប់កាមា រួចនិយាយថា៖
- ម្ដេចក៏ឯងនិយាយសើចហាក់ខ្ពើមរអើមម៉្លេះ ?
- ហាស់ ៗ ពីព្រោះជារឿងដែលខ្ញុំពុំគួរនឹងជម្រាបបងសោះ។
មានន្ទខាំធ្មេញក្រឹត។
- រឿងអីកាមា ? កាមាប្រាប់មកឲ្យឆាប់ !
- កាមាដើរធ្វើរាយមាយនៅជិតបង្អួចនោះ
- អើ ! សមណាស់ហើយ ប្រពន្ធបងនោះ ។ សមមុខបងឯងណាស់ហើយ ។ កាលបងផ្ដាំផ្ញើខ្ញុំ ៗ នឹកស្មានថាជាស្រីមួយល្អគួរគោរព ។ តែដល់ចុងបង្ហើយ ហ៊ី ! ខ្ញុំមិនចង់និយាយទៀតទេ។
មាន្ទនស្ទុះទៅចាប់កាមា ញេញធ្មេញ មុខឡើងក្រហម។ ទេវីរលត់អស់ស្មារតី។
- កាមានិយាយ តោងនិយាយប្រាប់បងឲ្យឆាប់មក!
- រឿងនេះក្រែងបងខឹងជ្រុលណា!
- រឿងអ្វី ? កាមារឿងអ្វី ? យី ! កាមាតោងនិយាយមក។
- ដោយបងតឿនឲ្យខ្ញុំនិយាយហើយ ខ្ញុំក៏និយាយទៅចុះ ប្រពន្ធបង ខ្ញុំបានបណ្ដេញចេញពីភូមិយើង។ ខ្ញុំសូមទោសបងទៅចុះ។ តែបានជាបណ្ដេញនេះ ពីព្រោះទេវីជាស្រីមួយយ៉ាងអាក្រក់បំផុត នាងលួចមានសហាយ។
- យី ! អីទេវីមានសហាយ ? ទេវីក្បត់អញ ?
- បាទ !
- សហាយនឹងអ្នកណា ? អាណាមួយហ៊ានសហាយជាមួយប្រពន្ធអញ ? ប្រាប់មកៗ អូនប្រាប់បងមក។
- បើបងដឹងបងធ្វើអាសហាយនោះយ៉ាងណាទៅ ?
- ហ៊ីស កាមាអូន ! ដាវៗ កាត់ហុតឈាម!
- ហ៊ីៗ សហាយវានេះមិននៅឆ្ងាយទេ គឺនៅជិតៗនេះ។ គឺជាមនុស្សម្នាក់ខែងសម្ដីលើក ឫកពាខ្ពង់ខ្ពស់ បុណ្យស័ក្ដិធំ ប៉ុន្ដែបងទៅចងពៀរនឹងអាសហាយនោះបានជាការអ្វី ? ស្រីវាខូចទេតើ ?
- អញផ្ដាន្ទាទោសទាំងពីរហ្នឹង ។ កាមា ! អញឲ្យឯងជួយរក្សា ឯងគ្មានបានការអីទេ។
- ខ្ញុំមើលអស់ប៉ុណ្ណឹងហើយ!
- កាមា អាណាមួយមានបណ្ដាសក្ដិធំ ហ៎ ? តើអាណាមួយ . . . បងចង់ស៊ីសាច់ហុតឈាមវាឥឡូវ កាមាប្រាប់មងមក វានៅជិតៗនេះរឺ ?
កាមាសើច និយាយមួយៗថា៖
- មនុស្សអប្រិយកំណាចចិត្ដទាបអាម៉ាស់នោះ គឺ . . . គឺ . . . គឺ . . . ខ្ញុំ ។
- ប្អូនឯង ? យី ! អីប្អូនឯងសហាយនឹងប្រពន្ធបង ?
- បាទ គឺខ្ញុំនេះឯង !
- យី ! កាមា ! ប្អូនសំលាញ់ . . . នែ! ម្ដេចទេវីអូន ! ម្ដេចអូនធ្វើដូច្នោះ? ទេវីអូន ! បងស្រលាញ់អូនប្ដូរជីវិតគ្មានតក់ គ្មានណាយ គ្មានភ្លេចមួយពេល។ បងអាណិត ប្អូនរាល់វេលា។ ទេវីអូន ! បងស្រលាញ់ហៅពេញបង់ចិត្ដ អូនក្បត់ចិត្ដបង។ បើអូនទៅស្រលាញ់អ្នកណា ក្រៅពីប្អូនរបស់បង ៗមិនថាអ្វីទេ នេះប្អូនស្រលាញ់ប្អូនប្រុសរបស់បង។ ក្ដៅណាស់ ក្រហាយណាស់ ឈឺណាស់ ! ទេវី ! ទេវីអូន ! ហេតុម្ដេចយ៉ាងហ្នឹង ? អូននិយាយមកមើល ប្រាប់មក ពន្យល់មក។
- មើលហ្ន៎ ! សត្វនេះវានៅស្លៀមឈឹង ។
- ទេវី ៗ !យើងព្រាត់គ្នាពីពេលនេះហើយ។
មែន ! នាងទេវីព្រាត់មែន ព្រាត់ព្រោះនាងនិយាយពុំរួច កម្រើកខ្លួនពុំបាន។ ធីតាមានតែទឹកភ្នែកដែលហូរប៉ុណ្ណោះ ។ ដៃនាងឡើងញ័រ ចិត្ដនាងតឹងៗជាងជាប់ចំណងប្រាំប្រការទៅទៀត ។ ពាក្យរបស់កាមាមួយម៉ាត់មានពាក្យថា នាងបានសហាយនឹងវា ធ្វើឲ្យចិត្ដនាងធ្លាក់ក្ដុកយ៉ាងខ្លាំង។ ពាក្យនេះចាក់ដោតដួងចិត្ដនាងយ៉ាងរកាំបំផុត រួចមុតដូចកាំបិតដែលចាំងរំលំព្រឹក្សានៃសេចក្ដីសុខរបស់ស្រី។ ឱ ! ប្ដីនាងពុំដឹងរឿងនឹកស្មានថាការនេះជាការពិត។ មានន្ទបែរទៅនិយាយជាមួយកាមាថា
- ថ្ងៃបែរគងភ្នំ ប្អូនឯងទៅជួបនឹងបងនៅក្រោមដើមពោធិ៍កុំខាន។
កាមាសើចក្អាកក្អាយងក់ក្បាលតបវិញ៖
- បាទបង ! ថ្ងៃបែរគងភ្នំជួបគ្នាក្រោមដើមពោធិ៍។
រួចមានន្ទបែរមកមើលនាងទេវីជាចុងក្រោយបង្អស់។ អ្នកមួម៉ៅក្ដៅក្រហាយក្នុងចិត្ដជាពន់ពេក។ ពីដើមរូបនាងទេវីជាទីត្រជាក់ចិត្ដ ឥឡូវរូបដដែលនេះក្លាយទៅជាភ្លើងទៅវិញ។ អ្នកខឹងយ៉ាងខ្លាំង រហូតដល់លែងមើលមុខនាងទៀត អ្នកនិយាយជាទីបង្ហើយថា៖
- ទេវី ស្រីកាលកាឡកណ្ណីឫស្យា អញលែងបានឃើញឯងទៀតហើយ។
ថាដូច្នោះស្រេច មានន្ទស្ទុះចេញពីផ្ទះ រត់ឡើងលើខ្នងសេះទៅ។ ព្រលឹងនាងទេវីស្ទុះតាមបណ្ដាលឲ្យរូបនាងដួលដេកស្ដូកលើក្ដារ។ លើខ្នងសេះ មានន្ទឈឺចាប់ក្នុងចិត្ដជាពន់ពេក។ ភ្នែកលែងមើលអ្វីឃើញ ត្រចៀកលែងឮអ្វី នេះហើយដែលជាស្ថានភាពដែលអ្នករស់ក្នុងកេសារបស់អ្នកហាក់មានអ្វីវិលស្លុង នាំឲ្យនឹកអ្វីពុំឃើញ គិតអ្វីក៏ពុំយល់ មានតែរឿងនាងទេវីកាឡកណ្ណីប៉ុណ្ណោះទេដែលមកបុកដើមទ្រូងអ្នក ញ៉ាំងៗ គ្មានត្រាប្រណី។ បុរសនឹកឃើញកាលគ្រាមុន អ្នកស្រលាញ់ស្រ្ដីនេះយ៉ាងអស់ពីពោះ។ អ្នកបានប្ដេជ្ញាថា រស់ស្លាប់ជាមួយទេវីតែមួយរហូតរៀងទៅ ដោយជឿថា ជីវិតអ្នកមុខជាបានរស់និត្យនៅជាមួយនាងមិនខាន។ ហើយស្មានទៀតថា នាងមុខជាធ្វើឲ្យអ្នក បានសប្បាយជានិច្ចវិញ។
មាណពប្រឹងត្រិះរិះរកឃើញថា កាលស្រលាញ់គ្នានោះ នាងនេះបាននិយាយនឹងអ្នក រួចកាលនិយាយគ្នានោះ នាងបានបង្ហាញឲ្យឃើញថា នាងស្មោះត្រង់មែនស្ទើរហ៊ានចាត់ទុកថា គ្មាននារីណាមួយមកប្រៀបបានឡើយ ពីព្រោះគ្រប់ពាក្យដែលនាងចេញស្ដី នាងគ្មានបានគិតទេ ស្រីនិយាយរអិលរអិចទាក់។ រីឯពាក្យមួយម៉ាត់ៗ បុរសជាសង្សារសង្កេតឃើញទឹកចិត្ដមែនៗ នៃសេចក្ដីស្នេហា។ មកដល់មួយពេលនេះ ទេវីស្រីដាច់ចិត្ដមានសហាយទៀត ភ្លេចអ្នកជាប្ដី ភ្លេចអស់ពាក្យសម្ដី ភ្លេចអស់អំពើដែលធ្វើទៅវិញទៅមកតាំង ពីអំពើតូចតាច បន្ដិចបន្ដួចរហូតដល់ទៅលូកដៃចោលខ្លួនទាំងស្រុងចូលក្នុងរង្វង់ដៃគ្នាទៅវិញទៅមក រហូតដល់រួមរស់ រួមមេត្រីនែបនិត្យគ្នាជាប្ដីប្រពន្ធ។ មានន្ទនឹកឃើញសព្វគ្រប់ដូច្នោះ អ្នកអស់កម្លាំងចិត្ដហេវនឹងរកជឿស្រីណាទៀតមិនបាន។ ក្នុងពេលនោះ អ្នកចាត់ស្រីទាំងអស់ជាភេទអប្បលក្ខណ៍ អាក្រក់រកគ្មាន។ ភេទមោហៈ នេះជាភេទស្រើបស្រាល នឹងកាមរាគ ចិត្ដមិនធ្ងន់ មិនចេះអត់ មិនស្គាល់ខុសត្រូវ អាក្រក់ល្អ ស្រេកឃ្លាននឹងកាមគុណ ឃ្លាន ! ឃ្លាន ! . . . ណាស់ឃ្លានរហូតទៅក្បត់។ មានន្ទខាំធ្មេញ ដោយហាក់មើលឃើញនាងទេវីធ្វើឫក ធ្វើពារកកាមាជាសហាយ។ កម្លោះហាក់ឃើញនាងញញឹមដោយឥតអៀនខ្មាស ដាក់ប្រុសថ្មី ហាក់ឃើញនាងបើកទ្វារឲ្យគេចូលមក ដោយស្ទុះទៅទទួលគេ ចោលខ្លួនទាំងស្រុង ទៅក្នុងកណ្ដាប់ដៃគេ បណ្ដោយឲ្យគេឱបរឹតដូចកាលនាងបានធ្វើជាមួយអ្នកដែរ ។ ស្រីឫស្យានេះនិយាយរកគេ ដូចបាននិយាយនឹងអ្នកជាប្រាកដ។
មានន្ទនឹកទៀតថា បើអ្នកមកទាន់ក្នុងពេលនោះ អ្នកមុខជាហូតដាវវាត់ឲ្យដាច់ចង្កេះទាំងពីរនាក់ឲ្យស្លាប់ ជាមួយគ្នាមួយរំពេចមិនខាន ។ ក្រោយពីសុបិននេះ មានន្ទសន្មតថា ស្រីដែលមានរូបល្អជាស្រីមានចិត្ដអាក្រក់ ។ រូបវាល្អណាស់ វាអាងរូប ចង់ឲ្យតែគេរាល់គ្នាស្រលាញ់វា។ ឱ ! ទេវី ! ស្រីទាំងអស់អាក្រក់គ្មានសល់មួយនាក់ ទោះមានរូបមិនល្អក៏ដោយ គឺថាណាមួយក៏ដូចណាមួយ។ អាស្រ័យហេតុនេះ មានន្ទនឹកដល់ព្រះពុទ្ធអង្គលោកបានហៅចំជាកំពូលមនុស្សមែន។ លោកយល់រឿងនេះ រួចបានលះបង់ទាំងអស់ដើម្បីព្រះនិព្វាន ដែលជាឋានផុតទុក្ខ។
ជិះលើខ្នងសេះមានន្ទវង្វេងអស់ស្មារតី។ នឹកម្ដងឃើញថាត្រូវសម្លាប់ស្រីៗឲ្យអស់។ នឹកម្ដងឃើញថា ត្រូវសម្លាប់ប្រុសៗដែលអាក្រក់ ទៅស្រលាញ់ប្រពន្ធគេឲ្យអស់បានត្រូវជាង។ នឹកតទៅទៀតឃើញថាទេ! កុំរវល់ នេះហើយជាជីវិត មានទុក្ខ មានសុខ មានក្បត់ មានស្រលាញ់ មានស្អប់ . . . ៘ សំរេចសេចក្ដី មានន្ទនៅតែមានទុក្ខដដែល។ វាលដែលអ្នកកំពុងជិះសេះកាត់ធំល្វឹងល្វើយ បីដូចវាលវដ្ដសង្សារដែលអ្នកកំពុងឆ្លងកាត់។ អ្នកឃើញថា អ្នកប្រឹងទៅមុខតែម្នាក់ឯងត្បិតគូស្នេហាគេចោលអ្នកហើយ។ វាលនេះមើលយូរបន្ដិចទៅ ក្លាយទៅជាមហាសាគរមួយដ៏ធំក្រៃលែង ដែលរកមើលជើងមេឃពុំឃើញ ។ ខ្យល់ដែលបក់រវិចៗ ក្លាយទៅជាខ្យល់ព្យុះព្យោមាយ៉ាងខ្លាំងអនេក ។ សេះដែលអ្នកជិះក្លាយជាកូនទូកតូចមួយ ដែលឃ្លេងឃ្លោងៗ កណ្ដាលសមុទ្រ បោកបក់ដោយជំនោរខ្យល់។ តែកូនទូកនេះ គឺមានន្ទដែលភ័យប្រឹងតស៊ូនឹងខ្យល់ កុំឲ្យលិចទូកបាន។
(សូមរងចាំតាមដានភាគទី២០ នៅសប្តាហ៍ក្រោយ)