ទំព័រដើមសិល្បៈវិហារវត្តទឹកជ្រៅ៖ សំណង់ពុទ្ធសាសនា​ចុងសម័យ​អាណានិគម

វិហារវត្តទឹកជ្រៅ៖ សំណង់ពុទ្ធសាសនា​ចុងសម័យ​អាណានិគម

វត្តទឹកជ្រៅ មានឈ្មោះ​មួយទៀត​ថាវត្តសិរីពោធិវង្ស ស្ថិត​ក្នុង​ឃុំ​ទឹកជ្រៅ ស្រុក​ដំបែ ខេត្ត​ត្បូងឃ្មុំ​។ គិត​មក​ដល់បច្ចុប្បន្ន វិហារវត្តនេះ​កសាងបាន​​ជាង​៧០ឆ្នាំហើយ ពោល​​​​គឺ​ចាប់​ផ្តើម​សាងសង់​មុន​វិហារ​​វត្ត​ចុង​ជាច ដែល​ស្ថិត​​នៅក្នុងភូមិសាស្រ្ត​​ជាមួយ​​គ្នា​នោះ​​​​​ដែរ​​។ សំណង់ និង​គំនូរ​​វិហារ​វត្តទឹកជ្រៅ ជាភស្តុតាង​នៃ​ស្ថាបត្យកម្ម​ និង​សិល្បៈ​​ពុទ្ធ​សាសនា​​​​​ខ្មែរ​ចុងសម័យ​អាណា​និគម​បារាំង និង​ដើម​សម័យ​ឯករាជ្យ។ តាម​រយៈ​សំណង់ គំនូរ និង​សំណេរ​​ខ្លះៗ​​បាន​ឱ្យ​ដឹងថា វិហារ​នេះសាងសង់ឡើង​ដោយ​កម្លាំង​សទ្ធា​ពុទ្ធបរិស័ទ​ចំណុះ​​ជើងវត្តផ្ទាល់​។ ទន្ទឹមនឹង​នេះ អ្វីដែល​គួរ​ឱ្យ​កត់​សម្គាល់​នៃ​វិហារ​​វត្ត​ទឹក​ជ្រៅ គឺគេ​ហាក់​​ពុំ​មាន​បញ្ចូលលក្ខណៈ​​សិល្បៈអាណានិគម​ឡើយ។

វិហារ​វត្ត​ទឹកជ្រៅចាប់ផ្តើម​បញ្ចុះ​បឋមសិលា​សាង​សង់​តាំងពី​ដើម​ឆ្នាំ​១៩៤៩ ​ហើយ​​​រួ​ច​រាល់​ជា​ស្ថាពរ​​​​ និងធ្វើបុណ្យ​​បញ្ចុះ​សីមា​ឆ្លង​តាមប្រពៃណី​​នៅ​ក្នុង​ឆ្នាំ​១៩៥៧។ វិហារ​​នេះ​​​​សង់​នៅលើ​ខៀនខ្ពស់​ពីរថ្នាក់ មាន​លំនាំ​ជា​វិហារ​ជហ្វា​បួន ដំបូលកិង​ជ្រាល​បី​ថ្នាក់ ប្រក់​ក្បឿង​​ស្រកា​​លេញ និងមាន​​លម្អ​ដោយ​​​នាគ​ដងក្តារ​តាមព្រំដំបូលផង​។ វិហារ​ជហ្វា​បួន​បែបនេះមាន​អ្នក​ខ្លះ​ហៅថា “វិហារ​បុរាណ” ដ្បិត​នៅ​រវាង​​មួយ​សតវត្ស​​កន្ល​ងទៅ ​និង​មុនៗ​នោះ​ទៀត គេ​និយម​សង់វិហារ​បែបនេះ។ ចំពោះ​ហោជាង​វិហារ​វត្ត​ទឹកជ្រៅ​ នៅ​ផ្នែក​​ខាង​មុខ​ សិល្បករ​​​រចនា​ជា​ទម្រង់​ភ្ញី​ភ្លើង​លាបពណ៌​មាស រំលេច​ដោយ​រូបទេព​មួយ​អង្គ​គង់​ឈរ​​លើ​គ្រុឌ​ (​ព្រះវិស្ណុ?) ព្រះហស្ថ​ឆ្វេង​​ទ្រង់​ព្រះខ័ន ឬដំបង(?) ព្រះ​ហស្ថស្តាំ​លើកឡើង​​ស្មើ​​ទ្រូង (រូបលេខ​៣)។ រីឯ​ហោ​ជាង​ផ្នែក​ខាង​ក្រោយ គេ​រចនា​ជា​ក្បាច់​ភ្ញី​ទេស​លើផ្ទៃ​ពណ៌​ខៀវ រំលេច​​​ដោយ​​​រូប​ទេពមួយ​អង្គគង់​ភ្នែន​​លើ​ក្បាល​រាហុ (ព្រះ​កាល) ហើយលើក​ព្រះ​ហស្ថ​​​ប្រណម្យ ទ្រ​ព្រះខ័ន​​ត្រឹម​​ដើម​ទ្រូង​ (រូបលេខ៤)។

ហោជាងខាងក្រោយ

ដោយឡែក ចំពោះរចនាសម្ព័ន្ធសំណង់​ផ្នែក​ខាងក្រោមដំបូល ​មាន​សសរ​ថ្ម​​ចំនួន​២៦​​​​ដើម ​ព័ទ្ធ​ជុំ​វិញ​​បាំងសាច​ (​ក្រៅជញ្ជាំង)។ ក្បាល​សសរ​នីមួយ​ៗ​លម្អ​ដោយ​​​​រូបកិន្នរ​ និង​​​គ្រុឌតាម​ចុង​​ចែង​ដំបូល​ទាំង​បួនទិស។​​

សសរបាំងសាច និង​រូបកិន្នរ-គ្រុឌ លម្អតាមក្បាលសសរ

ទន្ទឹមនេះនៅ​តាម​រង​ស្បូវ​ ​គេ​ឃើញ​​រំលេច​​ដោយ​ក្បាច់​ពុម្ពស៊ីម៉ងត៍ផងដែរ។ ​រីឯ​នៅ​ផ្នែក​ខាង​​​ក្នុង​​វិហារ ​មាន​​​​​សសរ​ឈើ​ធំៗ​សរុប​ចំនួន​​២៤​ដើម ៤ជួរ​បណ្តោយ ៦​​​ជួរ​ទទឹង ដែល​សសរ២​ជួរ​ជាប់​ជញ្ជាំង និង​២ជួរ​​អម​ល្វែង​គ្រឹះ ទ្រគ្រឿង​បង្គុំ​ឈើ​​​នៅ​ផ្នែក​ខាង​លើ​(រូបលេខ៧)។ សូមបញ្ជាក់​ដែរ​ថា​វិហារ​នេះ​​ពុំមាន​ពិតាន​ឡើយ ពោល​គឺគេ​​ចង​តែ​ពិតានព្រះ (ក្រណាត់) លើ​ព្រះជីវ៍​តាម​ទំនៀម​​ប៉ុណ្ណោះ។

សសរឈើ​ផ្នែក​ខាងក្នុង​ទាំងអស់ ជាប្រភេទ​សសរ​មូល ឈូស​រំលីង​រលើប​រលោង​ ហើយ​លាបពណ៌​គូរលម្អ​ដោយ​ក្បាច់រចនា និង​រូប​ទេព​និករ​ផ្សេង​ៗ (រូបលេខ៨)​។ នៅ​ផ្នែក​ក្បាលសសរខាង​លើ ​គេ​ប្រើ​បច្ចេក​ទេស​ភ្ជាប់​ទៅធ្នឹមដោយ​លាក់​បញ្ចូល និង​ប្រើឃ្នាប​លើ​ក្រោម​​​ជំនួយ ដើម្បី​ទ្រ​មេដំបូល ព្រម​ទាំង​គ្រឿង​បង្គុំផ្សេងទៀតនៅខាងលើដូចជា​ ផ្ទោង​ ផ្លាន និងដៃរណែងជាដើម (រូប​លេខ៩)។ គ្រឿង​បង្គុំ​ផ្នែកខាងលើនេះ ក៏ពុំមាន​រចនា​ក្បាច់​លម្អ​អ្វីដែរ ពោល​​គឺ​ប្រើ​ឈើ​លាត​​​ធម្មតា។ លក្ខណៈ​បែបនេះ ប្រហែលដើមឡើយ​គេប្រើ​ប្រាស់​ពិតាន​ក្រណាត់​​ផ្សេងៗ​ដូចជា​ហូល​ពិតាន ឬពិតាន​ធម្មតាសម្រាប់ចងបាំង។

រីឯគំនូរខាងក្នុង​វិហារវត្ត​ទឹកជ្រៅ​នេះវិញ ជា​រឿង​ពុទ្ធប្រវត្តិទាំងស្រុង ពោលគឺ​ពុំ​​គូរ​បញ្ចូល​រឿង​ក្នុង​ជាតក ឬរឿងផ្សេងៗ​ដូច​វិហារដទៃឡើយ។ លក្ខណៈ​បែបនេះ ហាក់ដូច​ជា​ ពុំ​ឃើញ​មាន​នៅវិហារផ្សេងឡើយ​ ប៉ុន្តែសាច់នៃរឿងគំនូរ​​ផ្តើម​ចេញ​ពីត្រង់ព្រះពុទ្ធ​ទ្រង់​ប្រសូត ​​​គូរ​នៅ​លើ​ជញ្ជាំង​​​ផ្នែក​ខាងកើត​ដូច​វិហារ​ដទៃ ហើយបន្ត​តាមទិសទ្រនិច​នាឡិកា​ជា​ហូរហែ ​​តាម​អន្លើ​ផ្សេង​ៗ​​ទៀត​ដូច​ជា ទាយលក្ខណៈ សម្តែង​ឫទ្ធិ អភិសេក ចេញបួស ធ្វើ​ទុក្ករកិរិយា ត្រាស់​ដឹង​ ផ្ចាញ់​មារ ទេសនា… ​រហូត​ដល់​ព្រះអង្គ​ចូល​បរិនិព្វាន។ គំនូរ​ទាំងអស់អស់ សិល្បករ​​គូរ​​ជា​ពី​រ​បន្ទាត់​លើ​ក្រោម​ តាម​ចន្លោះ​សសរ​នីមួយៗ (រូបលេខ​១០)។ ឧទាហរណ៍ បើបន្ទាត់​ខាង​​លើ​គូរត្រង់​ព្រះអង្គប្រសូត បន្ទាត់​ខាងក្រោម​គូរ​ត្រង់​អន្លើ​ពួក​ព្រាហ្មណ៍​ទាយ​លក្ខណៈ បន្ទាត់​​ខាងលើ​គូរ​ត្រង់កាត់​ព្រះកេសា បន្ទាត់ខាងក្រោម​គូរ​ត្រង់​ធ្វើ​ទុក្ក​រកិរិយា ឬ​បន្ទាត់​​ខាង​លើ​​គូរត្រង់​ទទួល​ចង្ហាន់​​នាង​សុជាតា នោះ​បន្ទាត់​ខាង​ក្រោម​​គូរ​ត្រង់​ទទួល​​ស្បូវ​ភ្លាំង​​ពីសោត្ថិយ​ព្រាហ្មណ៍។

ចំណុច​គួរឱ្យ​កត់​សម្គាល់​បន្ថែម​ទៀត នៅក្នុងសិល្បៈ​គំនូរវិហារ​វត្តទឹកជ្រៅនេះ​ គេ​សង្កេត​​​ឃើញសិល្បករ​បញ្ចូល​លក្ខណៈស្លៀកពាក់​បែបឥណ្ឌាផង និង​ការ​ស្លៀក​ពាក់បែប​​ប្រពៃ​ណី​ខ្មែរ​ រួម​ទាំង​សម្លៀក​បំពាក់​ជា​ឯកសណ្ឋាន​អ្នករាជការ​ដែលមាន​​ពាក់សញ្ញាសក្តិ​មេដាយ និង​គ្រឿង​ឥស្សិរយ​យស​ផ្សេងៗ​ផង ដូចនៅត្រង់អន្លើ​រៀបអភិសេក ព្រះអង្គ​ផ្ចាញ់នាង​ចញ្ចា និង​ព្រះអង្គ​ប្រោស​នាង​ពិម្ពាជាដើម។

រួមមក វិហារ​វត្ត​ទឹកជ្រៅនេះ គេអាច​រាប់បាន​ថា​ជា​វិហារបុរាណ​មួយ​ដ៏​កម្រ​ ក្នុង​ចុង​សម័យ​អាណានិគម និងដើម​សម័យ​ឯករាជ្យ​ ដែល​​ស្ថិត​នៅ​តាម​ស្រុក​ស្រែ​ជន​បទ តែ​ប្រកប​ដោយ​ទឹកដៃ​សិល្បៈ និងស្ថាបត្យកម្ម​គួរ​ឱ្យកោត​សរសើរ។ ទាំងលក្ខណៈ​សំណង់ និង​​គំនូរ​ហាក់​មាន​លក្ខណៈ​ដោយ​ឡែក​ប្លែក​ និងពុំ​​មាន​បញ្ចូល​នូវ​ទម្រង់​សិល្បៈ​ស្ថាបត្យ​កម្ម​អាណានិគម​ ដូច​វិហារ​​មួយ​ចំនួន​ដែល​កសាង​នៅក្នុង​សម័យ​ប្រហាក់​ប្រហែល​គ្នា​នេះ​ឡើយ។ សិល្បករ​ហាក់​ព្យាយាម​បញ្ចូល​គំនិត​សិល្បៈ​ផ្ទាល់ ទៅក្នុង​ស្នាដៃរបស់ខ្លួន ពោល​គឺ​ទាំង​ប្លង់សំណង់ ក្បាច់​រចនាលម្អ និងគំនូរ៕

———————————,

The Vihara of Vat Terk Chrouv: Buddhist structure at the end of French colonization

Vat Terk Chrouv or Terk Chrouv pagoda is known as Vat Serei Pothi Vong. It is located in Terk Chrouv commune, Tamber district, Tbong Khmum province. It is about seventy years. The architectural design and decoration show the structure at the end of French colonization and early independence. The architecture, painting and some records show that the Vihara has been built with the support of the community. Importantly, it absents artistic decoration of the colonization.

The construction started in 1949 and was consecrated in 1957. It has two levels base, 4 Jvars (four Naga heads on the top), and scale shape’s roof tiles. A frontal pediment shows golden motifs and a standing male deity standing on Garuda (Vishnu?). The left hand holds a sword or a stick and the right-hand raises to the chest. The pediment in the back illustrates blue colour motifs and a male deity sitting cross-leg on Rahu (Kala) with both hands raised to the chest supporting a sword.

It has 26 columns outside and is surrounded by a protection part calls Bang Sach. Kanaris is selected to decorate on the head of the columns and Garuda decorated on the four ends of the roof. The inner part of the Vihara has 24 columns divided into four rows and six columns, of which two rows are close to the wall and the other two are along the hall to support the roof.

The columns inside the Vihara are round and painted with beautiful motifs and deities. The top part of the columns connects to the other elements of the roof by the lock, no metal screw has been used.

Furthermore, the painting describes only the story of Buddha, which is unique. It starts with the birth of Buddha and continues to the depicting of characteristics, performing art, great departure, fasting, enlightenment, victory on Mara, giving sermon…and Nirvana. The painting is drawn in two levels. Significantly, the dresses show both India and Khmer.

In conclusion, the Vihara of Vat Terk Chrouv is one of the rare structures in the countryside that was built during the period of French colonization. It is a beautiful architecture with unique characteristics and paintings compared to other Buddhist structures in the same period. Artists performed their taste of architectural plan, decoration and painting.

អត្ថបទដើម៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!