ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៣)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៣)

ល្ងាចថ្ងៃ ដែលមានការវិវាទ រវាងមានន្ទ និង កាមានេះ ព្រះកម្ពុតជាបិតា ពុំបានទៅណាទេ។ នៅក្នុងដំណាក់ គេឮសូរ តូរ្យតន្រ្ដីរងំ។ យូរៗ ចម្រៀងកញ្ញាម្នាក់ លាន់ឮឡើងគ្រលួច រួចគឺសូរមាត់អ្នកសើចហ៊ោកញ្ជ្រៀវ សប្បាយ។ ព្រះកម្ពុត លង់ក្នុងសេចក្ដីសប្បាយ នេះឯង។ អង្គុយលើកៅអីដាំត្បូង ទ្រង់សំលៀកបំពាក់មួយ ដ៏ល្អឆើតឆាយ ព្រះកម្ពុតទះដៃ សើចក្អាកក្អាយ ពីមុខស្រី ដែលរេរាំយ៉ាងស្រស់អស់ពីចិត្ដ។ ក្នុងនោះ ទាហានម្នាក់ចូលមក ព្រះកម្ពុតរាដៃ ឲ្យពួករបាំឈប់។ របាំក៏ឈប់ស្ងាត់សូន្យ ។ អ្នករាំក៏លបៗ ចូលទៅកៀន។ ព្រះកម្ពុត ឱនសួរទៅទាហាន ដែលឈរត្រង់ខ្លួន នៅពីមុខលោកថា៖

  • មានការអ្វី ?
  • ព្រះបាទម្ចាស់ កាមាត្រូវរបួសជាទំងន់។

ព្រះកម្ពុតឮចំលើយយ៉ាងនោះ បើកភ្នែកធំៗ ញេញធ្មេញសួរតទៅទៀតថា៖

  • រឿងអី វានៅឯណា ?
  • ព្រះបាទម្ចាស់នៅខាងមុខ មានរឿងជាមួយមានន្ទ។
  • យី ! ឯណា ជូនអញទៅ

ព្រះកម្ពុតក៏ដើរចេញពីកៅអីកិត្ដិយស ដោយមានទាហានអមទាំងសងខាង ចេញទៅផង។ អ្នកភ្លេង អ្នករាំទាំងប៉ុន្មាន ឆ្ងល់នឹងរឿងនេះក្រៃពេក តែពុំមានអ្នកណាមួយ ហ៊ានមាត់កអ្វីឡើយ។ លុះដើរទៅដល់ ឃើញជាក់ជាកាមាមែនហើយ ព្រះកម្ពុតមានទឹកមុខឡើងក្រហម លោកបញ្ជាដូចតទៅ៖

  • យកវាទៅថែរក្សាទៅ ! ទៅឆាប់ ៗ!

សេនាជំនិតទាំងអស់ ក៏គ្រាហ៍កាមាយកទៅ។ ព្រះកម្ពុតដកដង្ហើមធំសម្លឹងទៅក្រៅ ឃើញមនុស្សម្នាក់ក្មេង មុខកាច សក់រួញ ក៏ហៅបុរសនោះ ឲ្យចូលមក។

  • និលៗ ឯងដឹងរឿងរ៉ាវអ្វីទេ ?
  • ព្រះបាទម្ចាស់ ដឹងខ្លះដែរ។
  • អាមានន្ទ និង អាកាមា វាមានរឿងអីនឹងគ្នា ?
  • ព្រះបាទម្ចាស់មានរឿងពីស្រី។
  • ស្រី ? ស្រីអី?
  • មានន្ទមានប្រពន្ធមួយ ឈ្មោះនាងទេវី កាមាក៏ស្រលាញ់នាងនេះដែរ។
  • ទេវី ? កូនវិសេសក្លាហាន ដែលទើបស្លាប់ទៅនោះឬ ?
  • ព្រះបាទម្ចាស់!
  • អាមានន្ទ វាការគ្នាពីកាលណា ?
  • បាទទានប្រោស ការរួចប្រហែលមួយឆ្នាំហើយ។
  • យី ! អានេះ ចិត្ដធំមែន ! ចុះអាកាមា ម្ដេចក៏វាស្រលាញ់នាងទេវីដែរ ?
  • ព្រះបាទម្ចាស់ស្រលាញ់ដែរ។
  • ស្រលាញ់មុន ឬ ក្រោយអាមានន្ទ?
  • ព្រះបាទម្ចាស់ស្រលាញ់ក្រោយទេ។
  • រួចវាដណ្ដើមគ្នា ?
  • ព្រះបាទម្ចាស់ ប្រហែលដូច្នោះហើយ បានជាកាប់គ្នាថ្ងៃនេះឯង។
  • ហ៊ឺ ! គិតទៅកូនៗ វាមើលងាយឯងមែន។ អាអស់នេះ សមតែកាត់ក្បាលវាចោល។ អាកាមាចុះវានៅក្មេង ចុះអាមនន្ទក្បាល

កញ្ចាស់ ក៏វាព្រើលដែរ រួចវាស្រលាញ់អ្នកណាមិនស្រលាញ់ ទៅស្រលាញ់មីទេវី កូនអាចង្រៃវិសេសក្លាហាន នោះទៀត។ ហ៎ា ៗ! វាដឹងថាអញស្អប់វិសេសក្លាហាន រួចវាស៊ុមគ្រលុំគ្នាមិនប្រាប់អញ។ តើឥឡូវ អាមានន្ទវាទៅណាហើយ ?

  • ព្រះបាទម្ចាស់ ឮថា ជិះសេះទៅខាងមង្គលបុរី។
  • យើ ! អានេះរត់ហើយតើ។ វាដឹងខ្លួនវាហើយ ។ ទៅនិលឯងយកទាហាន ១២នាក់ជិះសេះ ទៅចាប់វាចង នាំមកឲ្យខ្ញុំ យ៉ាងប្រញាប់។
  • ខ្ញុំព្រះបាទសុំចុតហ្មាយ ទានប្រោស។
  • អើ ៗ !
  • ព្រះកម្ពុតសរសេរចុតហ្មាយដូចតទៅ៖

ចុតហ្មាយឲ្យចាប់ខ្លួន

យើងព្រះកម្ពុត ចៅហ្វាយខេត្ដសិរីសោភ័ណ បង្គប់ឲ្យមេកងនិល ពេជ្រ ចេញមកចាប់មេទ័ពមានន្ទ។

បើឈ្មោះនេះរឹងទទឹង និលពេជ្រអាចសម្លាប់ចោលបានពេញច្បាប់។

ព្រះកម្ពុត។

(សូមរងចាំតាមដានភាគទី២៤ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!