វត្តវិហារគោកមានវិហារបុរាណសង់អំពីឈើ ស្ថិតនៅខាងត្បូងវត្តវិហារសសរ១០០ ក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ដែលអ្នកស្រាវជ្រាវយល់ថាវត្តនេះកសាងនៅលើអតីតតំបន់បូជនីយដ្ឋានប្រវត្តិសាស្រ្តសម្ភុបុរី ជារាជធានីមុនសម័យអង្គរ។ វិហារវត្តនេះមានទីតាំងស្ថិតនៅប្របដងទន្លេមេគង្គ សង់បែរឆ្ពោះទៅទិសខាងកើត ក្នុងលំនាំជាសិល្បៈស្ថាបត្យកម្មវិហារជហ្វាបួន ដែលមានហោជាងសងខាងឆ្លាក់អំពីឈើ ប្រកបដោយក្បាច់រចនាយ៉ាងល្អវិចិត្រ។ ផ្អែកតាមអក្សរចារឹកលើហោជាងខាងមុខឱ្យដឹងថា វិហារដែលនៅគង់វង្សមកដល់សព្វថ្ងៃនេះ កសាងឡើងក្នុងឆ្នាំឆ្លូវ ពុទ្ធសករាជ២៤៦៨ ពោលគឺកសាងឡើងបានជិត១សតវត្សកន្លងមកហើយ (ប្រហែលនៅក្នុងរវាងឆ្នាំ១៩២៥)។
យោងតាមឯកសារលោក Etienne Aymonier ផ្សាយក្នុងឆ្នាំ១៩០០ ហៅបូជនីយដ្ឋាននេះថា “ប្រាសាទគុក ឬវត្តវិហារគុក ឬទួលគុកវិហារ” ដែលជាអតីតទីតាំងបុរាណដ្ឋានកសាងក្នុងរវាងសតវត្សទី៦ ឬទី៧ នៃគ្រិស្តសករាជ ហើយមានសិលាចារឹកភាសាសំស្រ្កឹតមួយផ្ទាំងតម្កល់នៅសារមន្ទីរហ្គីមេត៍ប្រទេសបារាំង។ ក្នុងឯកសារនេះដែរ លោក Aymonier បានសរសេរឈ្មោះខាងលើជាឡាតាំងថា “Prasat Kouk, Vat Prahéar Kouk ou Tuol Kouk”។ ពាក់ព័ន្ធនឹងបុរាណដ្ឋានដដែល នៅក្នុងឆ្នាំ១៩០២ លោក Étienne Lunet de Lajonquière បានសរសេរ “Vat Praḥ Vihear Kuk” យ៉ាងដូច្នេះ ដែលនាំឱ្យយើងសង្កេតឃើញថាក្នុងសំណេរចាស់ហៅ “វិហារគុក” ហើយសព្វថ្ងៃក្លាយមកជា “វិហារគោក”។ តាមរយៈឯកសារទាំងពីរខាងលើនេះ យើងអាចពិចារណាបានថា មុនមានវិហារសព្វថ្ងៃវត្តវិហារគុក ឬវិហារគោក អាចមានវិហារ ឬសាឡុំចាស់សម្រាប់ប្រើប្រាស់ក្នុងកិច្ចនានាតាមគន្លងពុទ្ធសាសនាម្តងរួចមកហើយ។
ផ្អែកតាមសារបានសង្ខេបនៃអារាមវត្តវិហារគោកឱ្យដឹងថា ក្នុងសម័យកម្ពុជាប្រជា-ធិបតេយ្យ វិហារនេះត្រូវបានគេយកអាចម៍ក្របីទៅលាបលុបបំផ្លាញគំនូរបុរាណចោល បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង។ មុនឆ្នាំ១៩៩៨ បរិវេណវត្តនេះ បានប្រែក្លាយជាបន្ទាយទាហានមួយរយៈ។ ប៉ុន្តែក្រោយពីនោះមកគេដឹងថាវិហារវត្តវិហារគោក ធ្លាប់បានជួសជុល និងកែសម្រួលរចនាសម្ព័ន្ធខ្លះៗម្តងជាពីរដងរួចមកហើយ តែទម្រង់ទូទៅនៃវិហារនៅរក្សាតាមលំនាំដើម ពោលគឺជាទម្រង់វិហារជហ្វាបួន ប្រក់ក្បឿងស្រកាលេញ ដំបូលជ្រាលបីថ្នាក់ ទ្រដោយសសរឈើ៦០ ដើម ជញ្ជាំងរៀបឥដ្ឋ បូកកំបោរបាយអរ។ ក្នុងឆ្នាំ២០០៥ វិហារវត្តវិហារគោកបានជួសជុលកែលម្អម្តងទៀត និងបានប្តូរសសររបៀងជុំវិញទាំង២៨ដើម ព្រមទាំងប្តូរការ៉ូផងដែរ។
ដោយឡែកចំពោះរចនាសម្ព័ន្ធ និងការលម្អផ្នែកដំបូល យើងមើលឃើញថានៅផ្នែកខាងមុខ គេបំពាក់ជហ្វា២ ផ្នែកខាងក្រោយបំពាក់ជហ្វា២ ហើយហោជាងខាងមុខឆ្លាក់ក្បាច់ភ្ញីទេសយ៉ាងរស់រវើក រំលេចដោយឆ័ត្ររួត អមសងខាងផ្លិតយស និងផ្ទាំងចារឹកមួយឃ្លាថា “ព្រះពុទ្ធសក្ខរាជព្រះសាស្នា២៤៦៨ព្រះវស្សា ឆ្នាំឆ្លូវសប្តសក្ស ព្រះអរី្យនិគម (សុក)”។ រីឯហោជាងខាងក្រោយ គេបានរចនាលម្អដោយក្បាច់ភ្ញីទេសក្នុងទម្រង់ប្រហាក់ប្រហែលនឹងហោជាងខាងមុខ ព្រមទាំងឆ្លាក់រំលេចដោយឆ័ត្ររួតអមសងខាងតួអង្គអង្គទ (?) ដែលអង្គុយនៅលើបល័ង្ក ដៃស្តាំកាន់ព្រះខាន់ ដៃឆ្វេងកាន់ទង់ ក្រោម ឆ័ត្ររួតបីជាន់នៅកណ្តាលផ្ទៃហោងជាង (រូបលេខ៧)។
ហោជាងខាងមុខ (ខាងកើត) ហោជាងខាងក្រោយ (ខាងលិច)
រចនាសម្ព័ន្ធ និងការលម្អផ្ទៃជញ្ជាំងជុំវិញនៃផ្នែកខាងក្រៅវិហារ គេឃើញមានទ្វារចេញចូលនៅផ្នែកខាងមុខចំនួនពី នៅផ្នែកខាងក្រោយចំនួនពីរ និងចំហៀងខាងជើងចំនួនមួយ (ជញ្ជាំងចំហៀងខាងត្បូងពុំមានទ្វារឡើយ) ព្រមទាំងមានបង្អួចជុំវិញវិញចំនួន១៥។ ក្បាច់លម្អស៊ុមបង្អួចនឹងទ្វារទាំងនេះ គេបានរចនាដោយក្បាច់ពុម្ពស៊ីម៉ងត៍ ក្នុងលក្ខណៈប្រហាក់ប្រហែលគ្នា (រូបលខ៨)។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គេឃើញមានរូបព្រះវិស្ណុដៃបួន (?) ឈរលើបល័ង្ក ដៃពីរខាងលើកាន់ត្រីសូល៍ ដៃពីរខាងក្រោមច្រត់ជង្គង់។ រីឯនៅតាមរង្វង់ក្បាច់អមសងខាងបល័ង្កនោះ គេឃើញមានក្បាលមនុស្ស (?) ចំនួនពីរពាក់មកុដ។
ផ្នែកខាងក្នុងនៃវិហារ គេឃើញមានសសរឈើពីរជួរ សរុបចំនួន១២ ដើម រត់ត្រង់អមសងខាងល្វែងគ្រឹះ ទ្រពិតាន និងគ្រឿងបង្គំឈើនៅផ្នែកខាងលើ។ ប៉ុន្តែសសរទាំងអស់ និងគ្រឿងបង្គំឈើនានានៅផ្នែកខាងក្នុងនេះ យើងពុំឃើញមានការលម្អដោយក្បាច់រចនា ឬគំនូរបុក ឬទឹបទឹកមាសឡើយ។ ចំពោះព្រះជីវ៍ និងបល័ង្ក គេបានជួសជុល កែលម្អ និងលាបពណ៌ថ្មីក្នុងឆ្នាំ២០១៥។ ការរចនាលាបពណ៌ថ្មីនៅលើបល័ង្ក និងព្រះជីវ៍នេះ គេសង្កេតឃើញប្រើតែពណ៌ទឹកមាសតែម្យ៉ាងគត់ ឥតមានពណ៌ផ្សេងទេ។ នៅលើព្រះជីវ៍ គេចងលម្អដោយឆ័ត្ររួតប្រាំជាន់ភ្ជាប់ចេញពីពិតានឈើ។ ពិតានឈើលើព្រះជីវ៍នេះសោត គេរក្សាសភាពឈើដដែល ពុំមានគូរ ឬរចនាលម្អអ្វីឡើយ។
ព្រះជីវ៍ និងបល័ង្កក្នុងវិហារវត្តវិហារគោក រចនាសម្ព័ន្ធ និងគ្រឿងបង្គំឈើនានានៅផ្នែកខាងក្នុងវិហារ
ដូចបានបញ្ជាក់មកខាងដើមបន្តិចស្រេចថា គំនូរដើមនៃវិហារនេះបានបំផ្លិចផ្លាញនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ រីឯគំនូរលម្អលើផ្ទៃជញ្ជាំងផ្នែកខាងក្នុង និងលើពិតានសព្វថ្ងៃ គូរនៅក្នុងឆ្នាំ២០០៨។ ប្រធានបទគំនូរទាំងនេះ ពុំខុសអ្វីពីគំនូរតាមវិហារថ្មីៗ ដែលកសាងក្នុងសម័យបច្ចុប្បន្នឡើយ។ នៅលើផ្ទៃពិតានមានគំនូរ៦ផ្ទាំង និយាយអំពីព្រះច័ន្ទ្រ ព្រះអាទិត្យ ព្រះប្រាំព្រះអង្គ និងអន្លើផ្សេងទៀតក្នុងពុទ្ធប្រវត្តិដូចបណ្តាវិហារផ្សេងដែរ។ ទន្ទឹមនឹងនេះ គំនូរនៅលើជញ្ជាំង យើងសង្កេតឃើញមានពីរជួរលើក្រោម។ ជួរលើផ្តើមចេញពីត្រង់ព្រះអង្គបរិនិព្វាននៅលើជញ្ជាំងខាងមុខឈមនឹងព្រះជីវ៍ និងផ្ទាំងជាបន្តបន្ទាប់មកទៀតមានដូចជា ព្រះអង្គទ្រង់ប្រសូត សម្តែងឫទ្ធិ រៀបអភិសេក ចេញបួស ធ្វើទុក្ខកិរិយា ត្រាស់ដឹង ផ្ចាញ់មារ ប្រោសពុទ្ធមាតា ប្រោសពុទ្ធបិតា…ហូរហែតាមលំដាប់ពុទ្ធប្រវត្តិ រហូតដល់ព្រះអង្គទ្រង់ប្រឈួន និងបរិនិព្វាន។ ចំណែកជួរខាងក្រោម គឺជាអន្លើនានាក្នុងទសជាតក។
ដូច្នេះសរុបមក វិហារវត្តវិហារគោកមានអាយុកាលជិត១០០ឆ្នាំ ជាបូជនីយដ្ឋានពុទ្ធសាសនា ដែលបានកសាងឡើងនៅលើបុរាណដ្ឋានមុនសម័យអង្គរ ហើយបានជួសជុល កែលម្អ ថែទាំជាបន្តបន្ទាប់រហូតមកគង់វង្សដល់សព្វថ្ងៃ។ ប៉ុន្តែរចនាសម្ព័ន្ធសំណង់ឈើក្នុងលំនាំស្ថាបត្យកម្មប្រហាក់ប្រហែលនេះ គេសង្កេតឃើញថានៅមានសេសសល់ពុំច្រើនឡើយរហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែមុនមានវិហារសព្វថ្ងៃ គេយល់ថាប្រហែលមានសំណង់វិហារចាស់ ឬសាឡុំចាស់សាងសង់ឡើងម្តងរួចមកហើយ ដ្បិតសំណេររបស់ Etienne Aymonier និង Étienne Lunet de Lajonquière សុទ្ធតែបានពណ៌នាអំពីបូជនីយដ្ឋាននេះ៕
អត្ថបទដើម៖ ហៀន សុវណ្ណមរកត