នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ អ្នកស្រុកបានរកឃើញសិលាចារឹកថ្មីមួយ នៅខាងលិចជើងភ្នំត្រប់ ស្ថិតនៅក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាទីតាំងពុទ្ធសាសនាមហាយានដ៏ល្បីល្បាញមួយតាំងពីសម័យអង្គររហូតមក។ ប្រាសាទភ្នំត្រប់ ជាប្រាសាទសាងឡើងស.វ.ទី១០ ផ្ដែរស្ថិតក្នុងរចនាបថប្រែរូប នៅលើជញ្ជាំងមានចម្លាក់ ដូចប្រាសាទក្រវាន់ផងដែរ។ ចម្លាក់ទាំងនោះ នៅក្ដីឬប៉មខាងជើង ជាចម្លាក់វជ្របាណី នៅក្ដីឬប៉មកណ្ដាល ជាចម្លាក់ព្រះអវលោកិតេសូរព្រះហស្ដបួននិងពោធិសត្វប្រាជ្ញាបារមីតា និងនៅក្ដីឬប៉មខាងត្បូងក៏ជាព្រះអវលោកិតេសូរដែរ ប៉ុន្ដែមានព្រះហស្ដប្រាំបីនិងមានប្រាជ្ញាបារមីតានៅអមសង្ខាងដូចក្ដីឬប៉មខាងជើងដែរ។ នៅតំបន់នោះក៏មានទីតាំងដទៃទៀតដូចជា ទួលជីទេព ឬទួលកំណប់ អ្នកស្រាវជ្រាវបានរកឃើញបដិមាបីអង្គ ស្ថិតក្នុងរចនាបថបន្ទាយស្រី ដែលកំណត់បានថាជាព្រះក្នុងពុទ្ធសាសនានិយាកវជ្រយាន ឬពេជ្រយាន។
តាមរយៈភិក្ខុបណ្ណារក្ខត្ថេរោ ទឿង ប៉េងអៀង ជាប្រិយមិត្តមួយអង្គររបស់ AMS អរិយធម៌ខ្មែរ បានផ្ដល់ដំណឹងអំពីសិលាចារឹកនេះមកក្រុមងាររបស់យើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ ក្រោយពីបានទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមការងារបានចុះទៅប្រមូលទិន្នន័យអំពីសិលាចារឹកនេះ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ សិលាចារឹកនេះរកឃើញ នៅដីស្រែតយាយដិប ក្នុងភូមិទំព្រង ក្បែរទីទួលមួយ អំឡុងពេលបកយកដីស្រែដើម្បីយកមកចាក់បំពេញបរិវេណផ្ទះ។ នៅថ្ងៃរកឃើញដដែលនេះ អ្នកស្រុកក៏មូលមតិគ្នាប្រគល់សិលាចារឹកមួយផ្ទាំងនេះដល់អាជ្ញាឃុំត្រប់ ដើម្បីរក្សាទុកនៅក្នុងបរិវេណសាលាឃុំត្រប់។ ថ្មីៗនេះ អាជ្ញាធរឃុំត្រប់ ក៏បានចាក់សិលាចារឹកនេះភ្ជាប់នឹងស៊ីម៉ង់ដាក់នៅក្នុងសាលាឃុំ។
សិលាចារឹកនេះមានកម្ពស់៨៨ស.ម. (ពុំគិតជម្រៅកប់ក្នុងស៊ីម៉ង់) បន្ទារអប្បបរិមា៤៧ស.ម. អតិបរមា៥២ស.ម. និងមានកម្រាស់៧ស.ម.។ ផ្ទៃអត្ថបទមានកម្ពស់៤៨,៥ស.ម. បន្ទារ៤៦ស.ម. កម្ពស់អក្សរជាមធ្យម១ស.ម. និងមានគម្លាតរវាងបន្ទាត់នីមួយៗ ១ស.ម.។ តួអក្សរសិលាចារឹកនេះ ចារឡើងដោយផ្ចិតផ្ចង់ មានសោភ័ណ ប្រកបដោយទឹកដៃសិល្បៈខ្ពស់។ ជម្រៅចារអក្សរ ជ្រៅដោយអន្លើ ភាគច្រើនមានជម្រៅមធ្យម និងនៅចុងអត្ថបទមានជម្រៅរាក់។ សិលាចារឹកនេះ ចារលើថ្មភក់ រចនារាងជាសន្លឹកសីមា ធំលើ រាវក្រោម ផ្នែកខាងក្រោមបំផុតរាងធំជាផ្នែកបញ្ចុះក្នុងជើងទម្រ។ ទីតាំងរកឃើញសិលាចារឹកនេះ ហាក់ពុំសមជាទីតាំងដើមនោះទេ ដែលទំនងជាសិលាចារឹកនេះ ត្រូវគេចល័តចេញពីទីតាំងដើមនៅតំបន់ភ្នំត្រប់នេះ នាសម័យកាលណាមួយ។ ដោយយល់រៀបនេះ ដ្បិតយើងពុំឃើញមានវត្ថុសិល្បៈដទៃទៀត ដែលអាចមានជាជើងទម្រសិលាចារឹក បំណែកបដិមានានា ថ្មប្រាសាទ ជាដើម។ នៅទីតាំងនោះ មានតែថ្មគោលមួយ ដែលសាងពីថ្មភក់ខ្ចី មានគ្រាប់ខ្សាច់និងគ្រួសធំៗ មិនសម្អាតផ្ទៃថ្មឱ្យស្មើល្អ និងបំណែកកុលាលភាជន៍មួយចំនួនប៉ុណ្ណោះ។ សិលាចារឹកដ៏វិចិត្របែបនេះ សមណាស់តែនៅទីតាំងដ៏ល្អមួយ។
អត្ថបទនេះចារឡើងជាភាសាសំស្ក្រឹត នៅក្នុងអំឡុងស.វ.ទី១១ ស្ថិតនៅក្នុងរាជ្យព្រះបាទសូរ្យវម៌្មទេវទី១ (សូរ្យវរ្ម័នទី១ ១០០២-១០៥០ គ.ស.)។ អត្ថបទចាប់ផ្ដើមឡើងដោយនមស្ការចំពោះព្រះពុទ្ធដ៏ជាព្រះឈ្នះមារ ព្រះអវលោកិតេសូរ និងព្រះវជ្របាណី។ សេចក្ដីបន្ទាត់ ជាសេចក្ដីលើកសរសើរពីព្រះបាទសូរ្យវម៌្មទេវទី១។ ព្រះអង្គបានកសាងប្រាសាទបី បន្ទាយប្រាការ វលភិ ស្រះទឹក ច្បារដំណាំ និងអាស្រមផង។ ព្រះអង្គមានមន្ត្រីម្នាក់ឈ្មោះថា ស្រីជយេន្ទ្រាយុធ ដ៏មានភក្ដីភាពចំពោះទ្រង់បានថ្វាយមធ្យោបាយចំពោះទេព គឺតង្វាយអម្រស់អម្រដល់ប្រាសាទមានដូចជា អ្នកបម្រើប្រុសស្រី(ក្នុងសិលាចារឹកប្រើពាក្យ ទាសីទាស) ទីក្រុង(បុរ) ភូមិ(គ្រាម) ដីស្រែ(ក្ឞេត្រ)។ សេចក្ដីចុងបញ្ជប់ មិនខុសប្លែកពីអ្វីដែលធ្លាប់ឃើញនៅក្នុងសិលាចារឹកជាច្រើននោះទេ គឺជាពាក្យផ្ដាសាដល់នរណាដែលបានបំផ្លាញបុណ្យដែលបានកសាងទាំងនោះ ឱ្យនរូជននោះធ្លាក់ទៅរងទុក្ខទោសនៅឯអវិចីស្ថាន។ ចំណែកនរជនឯណាដែលបានថែរក្សាសមិទ្ធិទាំងនោះ ក៏នឹងទទួលបានភាគបុណ្យផងដែរ។
គួររំលឹកផងដែរថា បទនមស្ការចំពោះប្រជុំបីនៃព្រះក្នុងពុទ្ធសាសនានិកាយវជ្រយានមានព្រះពុទ្ធ ព្រះអវលោកិតេសូរ និងព្រះវជ្របាណី ក្នុងសិលាចារឹកនេះ គឺត្រូវគ្នានឹងរូបបដិមាដែលបានរកឃើញនៅទួលជីទេព ឬទួលកំណប់ ព្រមទាំងប្រាសាទនៅលើភ្នំត្រប់ដែលមានចម្លាក់ព្រះអវលោកិតេសូរ ប្រាជ្ញាបារមីតា និងវ្រជបាណី។ តាមរយៈសិលាចារឹកដែលរកឃើញកន្លងមក សិលាចារឹកនៅប្រាសាទបាតជុំដែលជាប្រាសាទពុទ្ធសាសនាវជ្រយាន ក៏មានបទនមស្ការឧទ្ទិសដល់ព្រះពុទ្ធ ព្រះអវលោកិតេសូរ និងព្រះវជ្របាណីផងដែរ។ នៅទីតាំងទួលព្រះប ក៏មានបដិមាព្រះពុទ្ធប្រក់នាគមួយព្រះអង្គនាសម័យអង្គរផងដែរ ប៉ុន្ដែគួរឱ្យស្ដាយ បដិមានេះបានខូចខាតអស់ច្រើនទៅហើយ។ នៅទីតាំងដដែលនេះ ក៏មានសិលាចារឹកភាសាខ្មែរស.វ.ទី១១មួយផ្ទាំង ដែលសឹករេចរឹលស្ទើរតែទាំងស្រុងផងដែរ ដែលជាប្រការនាំឱ្យបាត់បង់ភស្ដុតាងអំពីទីតាំងនេះ។ យ៉ាងណាក្ដី ភស្ដុតាងជាច្រើនមកនេះ បង្ហាញថាតំបន់ភ្នំត្រប់ ជាទីតាំងពុទ្ធសាសនាវជ្រយានដ៏ធំមួយចាប់ពីស.វ.ទី១០មក។ ទោះជាត្រឡប់មកកាន់ពុទ្ធសាសនាថេរវាទវិញ អ្នកស្រុកនិងទីតាំងបុរាណដ្ឋានទាំងឡាយដែលខ្លះខូចខាតបាត់បង់រូបរាង ខ្លះទ្រុឌទ្រោមក្ដី ខ្លះជាប្រាសាទខាងសាសនាព្រាហ្មណ៍ក្ដី ក៏អ្នកស្រុកនៅតែគោរពបូជា បន្ដកសាងពុំដាច់៕
អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង