ចាក់ចេក ឬចាក់ក្បាច់ ជាក្បាច់រចនានៅលើស្រទបចេក ហើយប្រើក្រដាសពណ៌ ដើម្បីរំលេចផ្ទៃក្បាច់ឱ្យលេចឃើញច្បាស់ស្រស់ល្អសមភ្នែក។ ជួនកាលគេប្រើល័ក្តពណ៌ជ្រលក់គូរបន្ថែមលើនោះទៀត ដើម្បីឱ្យក្បាច់កាន់តែលេចច្បាស់ឡើង។ ក្នុងសង្គមខ្មែរ ការប្រើក្បាច់ចាក់ចេកមានទាំងក្នុងព្រះរាជពិធី ពិធីសម្រាប់ព្រះសង្ឃមានកិត្តយសខ្ពង់ខ្ពស់ និងពិធីប្រពៃណីអ្នកស្រុក។ ចំពោះអ្នកស្រុកតំបន់អង្គរ ចាក់ចេកហាក់ដូចជាសិល្បៈយ៉ាងសំខាន់ស្ទើរខ្វះពុំបាន ដ្បិតក្រៅពីរៀបចំគ្រឿងរណ្តាប់សក្ការៈដូចជា បាយសី និងស្លាធម៌ជាដើម គេតែងចាត់ចែងចាក់ចេកតុបតែងឱ្យបានសមរម្យតាមពិធីផ្សេងៗ។
តាមទំនៀមនិងទម្លាប់តមក គេប្រើក្បាច់ចាក់ចេកតែនៅលើទីសក្ការៈផ្សេងៗនៃពិធីដូចជា លម្អលើអាសនៈតម្កល់ព្រះបដិមា បុស្បុកស្រោចទឹក បុស្បុកតម្កល់ព្រះពុទ្ធរូប ឬទេពផ្សេងៗ កន្លែងតម្កល់គម្ពីរធម៌អាថ៌ កន្លែងតម្កល់សព ភ្នំយោង ឬមេរុបូជាសព ។ល។ក្នុងព្រះរាជពិធីតម្កល់ និងថ្វាយព្រះភ្លើងព្រះបរមសពអតីតព្រះមហាក្សត្រខ្មែរ គេតែងសង្កេតឃើញមានក្បាច់ចាក់ចេកលម្អជើងថ្ករបុស្បុក និងកន្លែងសក្ការៈផ្សេងៗជាដរាប។ ទិដ្ឋភាពនេះ មានជាប់ជាហូរហែតាមទំនៀម ដែលឃើញរហូតមកដល់ព្រះរាជពិធីតម្កល់និងថ្វាយព្រះភ្លើងព្រះបរមសពព្រះបរមរនកោដ្ឋ។ ចំណែកពិធីថ្វាយព្រះភ្លើងព្រះសពសម្តេចព្រះធម្មលិខិត ព្រះសង្ឃនាយករងទី១ ក៏ប្រើក្បាច់ចាក់ចេកតុបតែងលម្អដែរ។ រីឯការប្រើក្បាច់ចាក់ចេកក្នុងកិច្ចពិធីរបស់ប្រជារាស្រ្តទូទៅ គេឃើញមានក្នុងពិធីបុណ្យសព បុណ្យពុទ្ធាភិសេក បុណ្យទេសន៍មហាជាតក៍ បុណ្យចម្រើនអាយុ ពិធីកោរជុក និងពិធីចេញម្លប់ជាដើម។ ជាទូទៅនៅក្នុងព្រះរាជពិធី និងពិធីដូចរៀបរាប់ខាងលើ គេប្រើក្បាច់ចាក់ចេកសម្រាប់លម្អលើផ្នែក ឬវត្ថុសំខាន់ជាសក្ការៈនៃព្រះរាជពិធី និងពិធីនោះដូចជា អាសនៈពុទ្ធបូជា រានពុទ្ធគុណ រានទិស បុស្បុក គ្រែទេសន៍ ឬកន្លែងតម្កល់ម្ឈូសសម្រាប់ពិធីបូជាភ្លើង។ល។
ដោយឡែក រូបខាងក្រោមជាការប្រើប្រាស់ក្បាច់ចាក់ចេក ក្នុងពិធីបុណ្យសពរបស់អ្នកស្រុកជនបទ។ តាមការសង្កេត ទម្រង់ក្បាច់ចាក់ចេកនេះមានលក្ខណៈពិសេសដោយឡែកមួយផ្សេងទៀត ក្នុងរបៀបជាទឹកដៃសិល្បៈរបស់អ្នកស្រុក។ ប៉ុន្តែបើពិនិត្យជារួម គេឃើញថាការលម្អលើសសរ គេប្រើទម្រង់ក្បាច់ចង្វាយស្រដៀងនឹងក្បាច់លម្អលើសសរបុស្បុកក្នុងព្រះរាជពិធីដែរ។ រីឯទម្រង់ក្បាច់ដែលប្រើលើរបា គេប្រើក្បាច់មួយផ្សេងទៀត ហើយរំលេចដោយក្រដាសពណ៌ដូចគ្នា។
ខាងក្រោមនេះ ជាការប្រើក្បាច់ចាក់ចេកក្នុងពិធីបុណ្យពុទ្ធាភិសេក។ ផ្នែកសំខាន់ដែលគេត្រូវប្រើ គឺកន្លែងតម្កល់ព្រះពុទ្ធរូបថ្មីធ្វើពិធីបើកព្រះនេត្រ។ ក្បាច់ត្រូវប្រើមានច្រើនកន្លែងណាស់ ពោលគឺរាប់តាំងពីសសរ របា និងហោជាងជាដើម។ នៅផ្ទៃខាងក្រោយ គេចងព្រះបត់ក្នុងចន្លោះក្បាច់ទាំងនោះទៀតផង។ ចំណែករូបលេខ៧ ក៏ជាការប្រើក្បាច់ចាក់ចេកក្នុងពិធីបុណ្យអភិសេកមួយផ្សេងទៀត តាមទំនៀមអ្នកស្រុកដែរ។ ការលម្អកន្លែងសក្ការៈក្នុងបុណ្យនេះ ក៏ពុំសូវខុសពីរូបលេខ៦។ សូមបញ្ជាក់ថា ការរៀបចំតុបតែងកន្លែងសក្ការៈក្នុងពិធីបុណ្យអភិសេកក្នុងរូបទាំងនេះ គេត្រូវការពេលស្ទើរពេញមួយថ្ងៃ ហើយតែងមានការចូលរួមជួយដៃជើងពីអ្នកជិតខាងជានិច្ច។ ដោយសារវេលាត្រូវថ្វាយបង្គំព្រះរតនត្រៃយ៍មកដល់ គេក៏ពុំទាន់រៀបចំស្រេចបាច់នៅឡើយ លុះចប់កិច្ចនេះទើបគេយកតុបតែងបន្ថែមផ្កាភ្ញី។
នៅវត្តអធ្វារ ខេត្តសៀមរាប គេតែងធ្វើបុណ្យឡើងអ្នកតា “ទួលតាមឿង” ដែលជាបុណ្យប្រពៃណីប្រចាំឆ្នាំ។ ក្នុងពិធីបុណ្យនោះ មានកន្លែងសក្ការៈសំខាន់ពីរដែលគេលម្អក្បាច់ចាក់ចេក។ មួយកន្លែង គឺទីអស្នាព្រះ ដែលស្ថិតនៅក្នុងរោងបុណ្យ និងមួយកន្លែងទៀត គឺរានយមរាជ ឬនឹមរាជ ដែលស្ថិតនៅជ្រុងឦសាននៃរោងបុណ្យ។ ទីសំខាន់ទាំងពីរ សុទ្ធតែប្រើក្បាច់ចាក់ចេកលម្អទាំងអស់ ហើយបើពិនិត្យសន្លឹកក្បាច់វិញសោត គឺមានភាពពិសេស និងដោយឡែកផ្សេងមួយទៀតពីទម្រង់សន្លឹកក្បាច់ដែលលើកមកបង្ហាញអម្បាលម៉ានខាងលើ។ សន្លឹកក្បាច់នៅទីនេះ ហាក់ដូចជាមានលក្ខណៈតូចស្តើង តែមានប្រើក្រដាសពណ៌ដើម្បីរំលេចផ្ទៃក្បាច់ដូចគ្នា។
រីឯរូបខាងក្រោម គឺជាការប្រើក្បាច់ចាក់ចេកលម្អបុស្បុករានម៉ាក្នុងពិធីកោរជុកក្នុងខេត្តសៀមរាប។ តាមការសង្កេត ចំពោះក្បាច់លម្អនៅទីនេះមានពីរប្រភេទ គឺលម្អលើសសរ និងលើរបា។ ក្បាច់លម្អលើសសរ គឺមានលក្ខណៈជាចង្វាយចេញពីគល់សសរឡើងទៅលើ។ ក្បាច់លម្អលើរបាលើក្រោម មានលក្ខណៈដូចច្រវ៉ាក់ភ្ជាប់គ្នាពីមួយទៅមួយក្នុងរៀបជាសិល្បៈ។ សូមរំឭកដែរថា ក្នុងគំនិតខ្មែរចាត់ទុករានម៉ា ដែលតុបតែងយ៉ាងវិចិត្រនេះជាភ្នំកៃលាស ហើយក្នុងកិច្ចផ្តាច់ជុក តែងមានព្រះសង្ឃធ្វើកិច្ចនៅលើនេះ។
តាមការសង្កេត ចាក់ចេកជាសិល្បៈដែលមានលក្ខណៈពិសេសរៀងខ្លួនតាមតំបន់ តែជាទូទៅបច្ចេកទេសចាក់ចេក និងប្រភេទដើមចេកដែលប្រើហាក់ពុំខុសគ្នាឡើយ គឺគេនិយមប្រើចេកជ្វា ចេកស្នាប់មុខ និងចេកណាំវ៉ា ដ្បិតវាមានលក្ខណៈស្វិត មិនស្រួយ និងមិនឆាប់ជាំ ឬស្លោក។ ប៉ុន្តែគ្រប់ប្រភេទដើមចេកដែលត្រូវយកមកចាក់ចេក គឺត្រូវតែជាដើមល្អ ស្រទបល្អ មិនស្លោក ឬជាំ និងនៅស្រស់ល្អ (រូបលេខ១២-១៣)។
អ្នកចាក់ចេកទាមទារឱ្យមានចិត្តអំណត់ រីឯវត្ថុប្រើសម្រាប់ចាក់ចេក ហៅថា “កាំបិតចាក់ចេក” ដែលជាដែកតូចយ៉ាងសាមញ្ញមួយ ដំច្នៃឱ្យសំប៉ែត មានមុខសងខាង សំលៀងឱ្យមុត ប្រវែងប្រហែល១ចំអាម ហើយភ្ជាប់នឹងដងសម្រាប់កាន់ (រូបលេខ១៤-១៥)។ ជាទូទៅមានពីរខ្នាត គឺកាំបិតខ្នាតតូចប្រើសម្រាប់វាលក្បាច់ និងកាំបិតខ្នាតធំប្រើសម្រាប់ចាក់ទម្រង់ធ្មេញត្រី។ ចំណែកកាំបិតតូចធម្មតាមួយទៀត ត្រូវសំលៀងឱ្យមុតល្អ គឺប្រើសម្រាប់ច្រៀក និងតម្រឹមស្រទបចេក។ ឯបច្ចេកទេសចាក់ឱ្យចេញជាក្បាច់ គឺមានលក្ខណៈពិសេសខ្លាំងណាស់ អ្នកចាក់ត្រូវតែរហ័ស ដ្បិតដើម្បីចាក់ឱ្យទាន់ និងចប់មុនពេលស្រទបចេកស្រពោនស្វិត។ ម្យ៉ាងទៀតគេត្រូវតែឈ្លាសក្នុងការប៉ាន់ប្រមាណប្រវែង ឬទម្រង់ក្បាច់ផ្សេងៗ ដើម្បីឱ្យក្បាច់ដែលចាក់ចេញហើយមានភាពរស់រវើក សមទាំងទំហំ សមទាំងប្រវែងសម្រាប់យកទៅតុបតែង។
បច្ចេកទេសចាក់ចេក (រូប៖ អាន រស្មី)
ស្រទបចេកដែលត្រូវចាក់ គឺត្រូវសម្អាតឱ្យស្អាត យកមកដាក់ផ្កាប់លើតុ ឬដាក់លើកន្ទេលផ្ទាល់ក៏បាន ដោយត្រួតគ្នាពីរជាន់ ឬមួយជាន់ ហើយអ្នកចាក់នឹងចាប់ផ្តើមលៃប្រមាណទំហំ និងប្រវែងស្រទបចេកនោះ ហើយចាក់ខ្វាលឱ្យចេញជាក្បាច់យកភ្លាមៗតែម្តង ពោលគឺពុំចាំបាច់គូរ ឬព្រាងអ្វីបន្តិចសោះឡើយ។ ស្រទបចេកដែលបានចាក់ចេញជាក្បាច់ភ្ញីរួចហើយ គេត្រូវឆ្កឹះយកផ្នែក ឬផ្ទៃដែលពុំមែនជាសន្លឹកក្បាច់ចេញ រួចផ្គុំគ្របលើក្រដាសពណ៌ផ្សេងៗដូចជា ក្រហម លឿង ស្លាទុំ ផ្កាឈូក ឬបៃតង ដើម្បីរំលេចនូវក្បាច់លើស្រទបចេកនោះឱ្យលេចផុសឡើង។ បន្ទាប់មក គេយកក្បាច់បន្ទាប់បន្សំដូចជាធ្មេញរណា ធ្មេញក្របី ឬពងត្រី… ដោតភ្ជាប់នឹងគែមស្រទបចេកគោលដែលមានក្បាច់ស្រាប់ដូចនិយាយខាងលើ មុននឹងយកទៅដំឡើង ឬតុបតែងចងភ្ជាប់នឹងទីដែលត្រូវលម្អ។
សរុបរួមមកគេសង្កេតឃើញថា ទម្រង់សិល្បៈក្បាច់រចនាសម្រាប់តុបតែងលម្អផ្នែកផ្សេងៗនៃសំណង់ ទីសក្ការៈ ឬប្រើលម្អកិច្ចនានាក្នុងវប្បធម៌ខ្មែរមានច្រើនសណ្ឋាន។ ក្បាច់ក្បូរខ្លះឆ្លាក់លើថ្ម ខ្លះលើឈើ ខ្លះលើលោហៈ ខ្លះធ្វើពីស៊ីម៉ងត៍… ហើយគង់វង្សរាប់ពាន់រាប់រយឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវ។ ចំណែកក្បាច់រចនាសម្រាប់ប្រើលម្អមួយពេលខ្លី ឬឱ្យមើលឃើញស្អាតសមសួនមួយគ្រា គេច្រើនឆ្លាក់លើវត្ថុឆាប់ខូចទៅវិញ ទៅតាមកាលតាមធម្មជាតិវត្ថុនោះ ច្នៃទៅតាមគំនិតប្រាជ្ញារបស់មនុស្ស។ ឧទាហរណ៍ “ចាក់ចេក” ជាប្រភេទសិល្បៈមួយបែប ដែលចាក់ឆ្លាក់ឆ្វាលឆ្កៀលឆ្កឹះចេញពីស្រទបចេក ឱ្យកើតជាក្បាច់រចនាកាច់កោងពត់ពេនក្នុងទម្រង់ផ្សេងៗ សម្រាប់លម្អលើទីសក្ការៈក្នុងពិធីបុណ្យនានា ប្រើត្រឹមមួយពេលខ្លីប៉ុណ្ណោះ។ បច្ចុប្បន្ន ទម្រង់សិល្បៈនេះហាក់កាន់តែហោចទៅ ហើយគេច្រើនប្រើជំនួសវត្ថុមានស្រាប់ ដដែលពីរោងមួយទៅរោងមួយ ដែលឥតមានលក្ខណៈសិល្បៈអ្វីសោះ៕
—————————–
Chak Chek: An art carving that is facing loss
Chak Chek or Chak Kbach is an art carving on the banana bark with adding colour paper to illuminate the carving. Sometimes, people dye the motifs to make them brighter and more attractive. In Khmer society, the carving has been used in the royal ceremony, high ranking monk’s ceremony and among the villagers. Among the villagers in the Angkor region, Chak
Chek is the most important decoration in the ceremony.
The motifs on the banana bark used to decorate the altar of offering, the pedestal of the Buddha, the shrine of anointing, the shrine of Buddha statue or other deities, the shrine of Buddhist scripts, the place to put the dead body, Phnom Yong or the place to cremate the body. At the funeral of Khmer Kings, Chak Chek was used to decorate the shrine put the body and other religious places. The same tradition appears at the funeral of King Norodom Sihanouk.
Also, Chak Chek was used in the funeral of the first ranking venerable, Samdach Preah Prom Likhet. Chak Chek uses in multiple ceremonies. Those ceremonies are funeral, consecration, preaching Buddhist sermon, Chamreoun Ayu (Birthday), Kor Chouk (shaving the hair), and Chenh Mlob (the ending period of isolation and learning for a young woman). In these ceremonies, Chak Chek uses to decorate the shrine of the Buddha, the shrine of Pudh Kun, the Shrine cardinal direction, Pushpaka (the shrine or Vimana), the hair for breaching Buddha’s sermon, or the place for putting coffin.
Among the funeral of the villager, the motifs used to decorate the column called Kbach Changvay. It is similar to the motifs used to decorate the Pushpaka of the royal ceremony. Furthermore, the motif on the top part is different and adds colour paper.
In the consecration of the Buddha statue, the carving is everywhere, and the most important place is where the installing new Buddha statue. The decoration takes a long time and involves many people.
In a spiritual ceremony called Leoung Neak Ta at Vat Athvea, the carving was used in two places. One is in the shrine of Buddha statue and the second is the shrine of Yama in the northeast direction. The motifs are small and thin, and the colour paper is added to illustrate the designs.
Similarly, in the ritual ceremony of shaving hair in Siem Reap, Chak Chek was used on the columns and the upper part of the shrine (Rean Ma). In Khmer, Ream Ma represents Kailas Mountain (the place of god).
Remarkably, Chak Chek is a unique art carving, but the designs and motifs are different from one to another region. The important material for Chak Chek is the banana bark (generally Chek Chvea, Chek Snapmukh, and Chek Jvea). These types of bananas are flexible and do not become tan after a long time. The craftsmen are hardworking and very fast. The tool for carving is a knife (Kampit Chak Chek). The knife is a two faces thin blade. It is about 15 centimetres and connects to a wooden handle. Craftsmen have three knives, big and small. The small one uses to carve, and the big one uses to form the Fish Teeth motif. Another normally knifes use to cut.
The bark has to be clean before carving. Based on the skill, craftsmen simply carve without sketching in advance. After carving and removing the excessive part, colouring paper is added below. Additional designs made of the same material are added to the edges of the banana bark. In conclusion, Chak Chek is a beautiful art carving on the banana bark. It is one among other designs in Khmer arts that is less durable. It is designed to decorate in religious ceremonies. In the present, this art carving is facing loss. People are replacing it with a tent shelter.
អត្ថបទដើម៖ ហៀន សុវណ្ណមរកត