ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទំនៀម​សម្តែង​ល្ខោនខោល​នៅវត្ត​ស្វាយ​អណ្តែតក្រោយថ្ងៃចូលឆ្នាំ

ទំនៀម​សម្តែង​ល្ខោនខោល​នៅវត្ត​ស្វាយ​អណ្តែតក្រោយថ្ងៃចូលឆ្នាំ

ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត​ បាន​ចុះជា​មត៌​ក​វប្បធម៌អរូបីនៃមនុស្សជាតិ​​ក្នុង​បញ្ជី​អង្គការ​យូណេស្កូ កាល​ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨។ ល្ខោន​នេះ រស់នៅ​រាប់​តំណជាប់​ជាមួយ​នឹង​អ្នកស្រុក​​ស្វាយ​អណ្តែត នៃឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល។ តាម​ទំនៀម នៅរៀងរាល់ក្រោយ​​ថ្ងៃ​ចូលឆ្នាំ គេតែង​រៀបចំ​ការ​សម្តែង​ល្ខោន​ខោល​​ ក្នុង​ន័យ​ជា  “​ពិធី” តាម​​ជំនឿ​ពុំដែល​ខកខានឡើយ។ អន្លើ​​​​នៃរឿង​រាមកេរ្តិ៍​ ដែលគេ​សង្កេត​​ឃើញ​លើក​មក​សម្តែង​គឺ “កុម្ភកាណ៌​ទប់ទឹក” ហើយអ្នកស្រុក​ពន្យល់ថា ​ការ​សម្តែង​​​រឿង​ត្រង់អន្លើនេះ នឹង​ធ្វើ​ឱ្យ​ភូមិ​ស្រុក​​បានសុខសប្បាយ មាន​ទឹកគ្រប់គ្រាន់​មិន​ជន់​លិច​លង់ សម្រាប់ការ​ធ្វើ​ស្រែ​ចម្ការ​​ក្នុង​រដូវ​ដាំដុះ​ខាងមុខ។

ក្រុម​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត ជាទម្រង់​សិល្បៈ​មហាជន​ ដែលហាត់​រៀន​និង​​ចេះ​ចាំ​តៗ​គ្នា​ពី​ដូន​តា​មក។ ការ​ចាប់​កកើត​ក្រុម​ល្ខោន​នេះ ពិបាក​នឹង​កំណត់​ថាមាន​​តាំង​ពី​ពេល​ណា​ឱ្យច្បាស់​លាស់​ណាស់​។ រីឯទំនៀមសម្តែង​ល្ខោន​​ប្រចាំឆ្នាំរបស់​អ្នកស្រុក​ តែងតែ​រៀបចំ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​ក្រោយចូលឆ្នាំខ្មែរ។ ​ការ​សម្តែងនេះ គឺ​ជា​កង្វល់​រួម​របស់​អ្នកស្រុក ដែល​ត្រូវ​ការ​​​រៀបចំ​មុនឱ្យ​បានត្រឹម​ត្រូវ ដូច​ជាការ​ដើររៃ​អង្គាស​ប្រាក់​​ផ្គត់​ផ្គង់​ការ​សម្តែង ការ​ប្រជុំ​ជ្រើស​​រើស​អន្លើ​​មក​សម្តែង ការ​ហាត់​សមកូន​ល្ខោន ការរៀបចំរោង​សម្តែង និង​ជា​ពិសេស​គឺ​ការ​រៀប​ចំគ្រឿង​សក្ការៈ​​សម្រាប់​សម្តែង។ កិច្ច​ការ​ទាំង​អស់នេះ ដឹក​នាំ​ធ្វើ​ដោយ​លោក​អាចារ្យ គណៈ​កម្មការ​​វត្ត និង​​មាន​​ជំហរ​ធំចូលរួមពីគ្រូ​ល្ខោន​ ចាស់ៗដែល​​ពួក​គាត់​ធ្លាប់​​ចាំ​របៀប​របប​​​ធ្វើ​កិច្ច​ទាំង​នោះ។

ចាស់ទុំរៀបចំបាយសី និងគ្រឿងសក្ការៈ​ផ្សេងៗ​សម្រាប់​កិច្ចសំពះគ្រូល្ខោនខោល

ចំណែកឯការ​សម្តែង​ដែល​បាន​និយាយ​មក​ខាងដើម​ថា “ជាពិធី” នេះ គឺតែង​មាន​ការ​ចូលរូប និង​បន់ស្រន់​ ពោលគឺ​លេង​ដើម្បីជា​តង្វាយ ហើយ​តាម​ជំនឿ​របស់​អ្នក​ស្រុក​យល់​ថា “អស់​លោក” (ជា​ពពួក​អមនុស្ស​ មាន​អារក្ស​ អ្នក​តា​ជាដើម​ដែល​ពេលខ្លះ​ហៅថា “ពន្លឺ”) ទទួល​យក​តង្វាយ​តែក្នុង​ថ្ងៃសៅរ៍​ប៉ុណ្ណោះ។ អ្នក​ស្រុក​​ដំណាលថា កាលមុន​សម័យ​សង្រ្គាម​ការ​សម្តែង​នេះមាន​រយៈ​ពេលរហូតដល់​​៧ថ្ងៃ។ ក្នុង​រយៈ​ពេល​នោះ ប្រសិន​បើ​កូន​ល្ខោន​​​សម្តែង​មិន​បាន​ល្អ អស់លោក​មិន​សុខ​ចិត្ត គេត្រូវ​លេង​ទ្វេគុណ ពោល​គឺ​​ឡើង​​​​ដល់​១៤​ថ្ងៃ​ក៏មាន​។ ប៉ុន្តែ​សព្វថ្ងៃ​ការ​សម្តែង​នៅសល់ត្រឹម​៣ថ្ងៃ ហើយថ្ងៃចុង​ក្រោយ​​​​តែង​​មាន​កិច្ច​ដារ​ឆ្លង និង​បញ្ជូនសំណែនតាម​ទឹកទន្លេ។

តាម​របាយការណ៍​របស់​លោក​ស្រី សែម​ សារ៉ា ស្តី​ពី​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត​នា​​ឆ្នាំ​១៩៦៧​ បាន​រាយ​ឈ្មោះ​អស់​លោក​នៅវត្តស្វាយ​អណ្តែត​មាន​ដូចជា លោកតាកែ លោក​​តា​​ទសមុខ លោកតាកំហែង លោក​យាយ​សុជាតិ​បុប្ផា លោក​តា​ឆក់​វៃ លោក​តា​ខ្លោង​ទ្វារ លោក​យាយចោមជុំ​បុប្ផា លោក​តា​មហាមន្រ្តី លោក​តា​ព័ន្ធហក់ លោក​យាយ​រំយោល​ទង​ផ្កា ជំទាវ​ហង្ស លោក​យាយ​ភួង​មុនី លោក​យាយ​កម្រង​ផ្កា ​លោក​តា​សាមិនលឿង ​លោក​តា​គ្រង​នគរ និងលោក​តា​មេថ្នល់ជាដើម។ ប៉ុន្តែ​ក្នុងចំណោម​នោះ គេ​ឃើញ​​លោក​តា​ទស​មុខ​មាន​អាស្រម​នៅ​ខាងលិចវត្ត ត្រង់មុខផ្ទះលោកតា​ ហេង​ សៀងលី ដែលដាក់តម្កល់មុខទសមុខ និង​ឥសី។ ចំណែកអាស្រម​លោកតា​កំហែង​​ជ្រុង​អាគ្នេយ៍វិហារ ហើយដាក់តម្កល់រូបមុខ​ហនុមាន។ ជាទំនៀមរបស់ក្រុមល្ខោន​ខោលវត្តស្វាយអណ្តែត នៅថ្ងៃហោម​រោង​​គេតែង​ធ្វើកិច្ច​មួយ​ហៅថា “យាង​ទសមុខ”។ ទោះ​បី​ជា​កិច្ច​នោះហៅថាយាង​ទសមុខក្តី តែពេល​សង្កេត​គឺឃើញគេ​យាងទាំង​មុខ​ឥសី​មក​ជា​មួយ​​ដែរ។ យាង​ទសមុខ​នេះ គឺធ្វើនៅអាស្រម​ផ្ទាល់។ ក្នុង​ពេល​នោះ គេត្រូវប្រគំភ្លេងពិណពាទ្យ និង​បញ្ចូលបញ្ជាន់សុំអនុញ្ញាត និង​សុំ​សេចក្តី​សុខ​ក្នុង​កម្ម​វិធី​សម្តែង​ល្ខោន​ជា​មុន​សិន ទើប​​យាង​មុខ​ទាំង​ពីរ​​តម្កល់​​ក្នុងរោង​ល្ខោន និង​មុខ​​ហនុមានតម្កល់​ក្នុង​បុស្បុក​មួយ​នៅ​​​មុខ​រោង​​ល្ខោន​។ បន្ទាប់មកកូន​ល្ខោន​​ទាំងអស់​ត្រូវ​នាំ​គ្នា​ធ្វើ​កិច្ចសំពះគ្រូ និង​រាំថ្វាយ​ក្នុងព្រះវិហារ ទើប​​ចាប់​សម្តែង​​រឿង​ផ្សេងៗ​តាម​ការដឹកនាំរបស់​គ្រូល្ខោន។ ប៉ុន្តែ​ថ្ងៃចុងក្រោយ គេត្រូវ​​តែ​​សម្តែង​អន្លើ​​កុម្ភកាណ៌​ទប់ទឹក និង​​យាង​អស់លោកបន់ស្រន់សុំសេចក្តីសុខ។

ចំពោះអន្លើកម្ភកាណ៌ទប់ទឹកនៃរឿង​រាមកេរ្តិ៍នោះ មាន​សេចក្តីយ៉ាងសង្ខេបថា ព្រះ​នាង​​សីតាដែលជាមហេសីរបស់ព្រះរាម ត្រូវ​ក្រុង​រាពណ៍​ឆក់​យក​ទៅ​នគរ​លង្កា ដើម្បី​ធ្វើ​ជា​ព្រះមហេសីរបស់ខ្លួន។ ព្រះរាម ព្រះលក្ស្មណ៍ ហនុមាន និងពលស្វាទាំង​ឡាយ ក៏ធ្វើ​សង្គ្រាម​ជាមួយ​​​ក្រុង​រាពណ៍ ដើម្បីរំដោះយកនាងសីតាមកវិញ។ ដើម្បីទប់ទល់ទ័ព​ព្រះរាម ក្រុង​រាពណ៍​ក៏​បញ្ជូន​កុម្ភកាណ៌​ដែលជាអនុជឱ្យនាំទ័ពចេញច្បាំង។ គ្រានោះកុម្ភកាណ៌​ក៏​តាំងពិធីនិម្មិតខ្លួនយ៉ាងធំដេកទប់ទឹកកុំឱ្យហូរ ដើម្បីបង្អត់ទឹកទ័ពឱ្យព្រះរាមស្លាប់។ ឃើញ​​ដូច្នេះព្រះរាមក៏ប្រើហនុមាន និងអង្គទ ឱ្យចេញ​ទៅ​បំផ្លាញ​ពិធី​ទប់​ទឹក​របស់​កុម្ភកាណ៌ តាម​ការទស្សន៍ទាយរបស់ពិភេក។ ហនុមាន​កាឡាខ្លួនជាសត្វក្អែក ចំណែក​អង្គទ​ធ្វើជា​ខ្មោច​ឆ្កែអណ្តែតទឹកទៅក្បែរកុម្ភកាណ៌ ហើយក្អែកនោះ​ក៏​ហើរ​ទៅ​ចឹកចោះខ្មោចឆ្កែ ធ្វើឱ្យ​កុម្ភកាណ៌ទ្រាំនឹងក្លិនដ៏​ស្អុយអសោចនោះ​ពុំបានក៏ក្រោក​ឡើង​បណ្តាលឱ្យ​ដាច់​ពិធី​ទប់ទឹក ហើយរត់ភៀសខ្លួនចេញបាត់ទៅ ទឹកហូរមកដូចដើម៕

——————————

Lakhon Khol of Vat Svay Andet after Khmer New Year

Lakhon Khol of Wat Svay Andet was inscribed on November 28, 2018, on the list of Intangible Cultural Heritage in Need of Urgent Safeguarding, UNESCO. It is practiced in one community surrounding a Buddhist monastery, Wat Svat Andet in Sarikakeo commune, Lvea Em district, Kandal province. The Lakhon Khol performs annually after Khmer New Year as a ceremony. Generally, it performs scenes from the Ramayana myth, and commonly Kumbhakarna controls or holds the water. Performing the scene is believed to have happiness and no flood for agriculture. 

Lakhon Khol Wat Svay Andet is learned from one another generation. Hence, it is not known when it started. Significantly, the performance is a common concern of the locals. Therefore, it has well prepared in advance before a performance including the ritual practices. These activities are in charge of the pagoda’s committee. 

As mentioned, the performance is a ritual practice. Therefore, it has a spiritual moment and worshipping. In fact, the performance is an offering to the spirits (sometimes called light) only on Saturday. It has informed that in the past the performance took seven days. However, if the performance was not good and not accepted by the spirit, the day of the performance has to be double. Today, the performance takes three days and the last day is the sending of the offerings by the river. 

Based on a report by Sem Sara in 1967, there are multiple names of the spirit the tended called, Lok Ta Ker, Lok Ta Tos Mukh, Lok Ta Kamherng, Lok Yeay Socheat Bopha, Lok Ta Chhok Vai, Lok Ta Khlong Tvear, Lok Yeay Chom Bopha, Lok Ta Mohar Montri, Lok Ta Porn Hok, Lok Yeay Romyol Tong Phka, Chumteav Hang, Lok Yeay Muni, Lok Yeay Kamrang Phka, Lok Ta Samin Leoung, Lok Ta Krang Nokor, and Lok Ta Me Thnal. Among them, the shrine of Lok Ta Tos Mukh is located west of the pagoda and the shrine of Lok Ta Kamherng is located southeast of Vihara. 

As a tradition, on the day of Horm Rong (Opening), there is a ritual practice called Yeang Tos Mukh (invite Tos Mukh). In contrast to the name, it has seen also brings the mask of a hermit installed in the shrine. During that time, the music has performed and all the actors were gathered to worship the teacher (Spiritual teacher) and dance in the Vihara. In continue, elderlies start performance. However, the last day is a performance of Kumbhakarna holding the water. Relatedly, it says when there is a war set by Rama, Laksman, and Hanuman to release Sita that was stolen by Ravana from Lanka. Therefore, Ravana asks the assist from his brother, Kumbhakarna. Kumbhakarna in large his body to hold the water in order to kill the armies of Rama by no water to drink. However, Hanuman performs himself as a crow and Angkot as a floating dead body of a dog in the water. The crow starts to eat the body of the dog. Hence, Kumbhakarna could not bear the smell so Kumbhakarna gets up and the water starts to flow again. 

In conclusion, Lakhon Khol of Wat Svat Andet has an annual performance. It seems a matter of rainwater for agriculture. The locals remember the Ramayana’s scenes and made it a theatre to wish for prosperity and happiness. Remarkably, the topic should have further study.  

អត្ថបទដើម៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!