កន្លងមក ខ្ញុំបានបង្ហាញជូនអំពីសិល្បៈស្ថាបត្យកម្មវិហារបុរាណវត្តកោះផ្តៅ ដែលមានអាយុកាលជិត១០០ឆ្នាំ ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងពេលនេះ ខ្ញុំសូមបង្ហាញជូនវិហារបុរាណវត្តព្រៃតាកុយ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្កើរ ខេត្តកែប ដែលគេយល់ថា មានលំនាំស្ថាបត្យកម្មស្ទើរដូចវិហារវត្តកោះផ្តៅ។ ប៉ុន្តែបើពិនិត្យលម្អិត គេសង្កេតឃើញថា ទាំងសម្ភារៈសំណង់ រចនាសម្ព័ន្ធដំបូល និងផ្នែកជាច្រើនទៀតនៃវិហារវត្តព្រៃតាកុយ មានលក្ខណៈសិល្បៈដោយឡែក ហើយគំនូរខាងក្នុងវិហារទើបនឹងគូរក្នុងដើមទសវត្សទី៩០ ហើយនៅក្នុងឆ្នាំ២០០២ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តបានជួសជុលវិហារនេះម្តង។
វិហារវត្តព្រៃតាកុយជាវិហារជហ្វាបួន ឬហៅថាវិហារបុរាណ។ វិហារនេះសង់លើខឿនពីរថ្នាក់ ដំបូលប្រក់ក្បឿងស្រកាលេញ បំពាក់ជហ្វាពីរនៅចុងមេដំបូលខាងមុខ និងជហ្វាពីរនៅចុងមេដំបូលខាងក្រោយ។ ចំពោះរចនាសម័្ពន្ធផ្នែកខាងក្រោម គេឃើញមានទ្វារចេញចូលពីរនៅផ្នែកខាងមុខ និងពីរនៅផ្នែកខាងក្រោយ ព្រមទាំងបង្អួចបីនៅជញ្ជាំងខាងត្បូង និងបង្អួចបីនៅជញ្ជាំងខាងជើង។ វិហារនេះពុំមានបាំងសាចទេ ពោលគឺគេកសាងឡើងឱ្យមានតែល្វែងគ្រឹះនៅកណ្តាល និងរបៀងសងខាងល្វែងគ្រឹះប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ តាមសសរជញ្ជាំងជុំវិញ ក៏ពុំមានក្បាច់រចនាអ្វីដូចវិហារវត្តកោះផ្តៅ។ ប៉ុន្តែចំពោះការនិយមរចនាជាល្បាក់កោងផ្កាប់ពាក់កណ្តាលរង្វង់លើទ្វារ និងបង្អួចគឺមានដូចគ្នាជាមួយនឹងវិហារវត្តកោះផ្តៅ។ លើសពីនេះគេដឹងថា នៅឆ្នាំ២០០៩ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយបានរួមកម្លាំងគ្នារៀបចំពង្រីកខឿនខាងក្រោម និងដាក់បង្កាន់ដៃនាគជុំវិញ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A3-%E1%9E%9C%E1%9E%B7%E1%9E%A0%E1%9E%B6%E1%9E%9A%E2%80%8B%E1%9E%98%E1%9E%BE%E1%9E%9B%E1%9E%96%E1%9E%B8%E1%9E%9B%E1%9E%B7%E1%9E%85-copy-1024x748.jpg)
ដោយឡែក ចំពោះហោជាងទាំងពីរ គេរចនាពីកំបោរបាយអ ដែលឆ្លាក់ជាក្បាច់រចនាក្នុងលំនាំស្ទើរប្រហាក់ប្រហែលគ្នាទាំងសងខាង។ ប៉ុន្តែនៅលើហោជាងទាំងនោះ គេពុំឃើញមានចារឹកព័ត៌មានអ្វីអាចឱ្យយើងដឹងពីឆ្នាំកសាងពិតប្រាកដ ឬរចនាជារូបទេពអ្វី ដូចបណ្តាវិហារបុរាណមួយចំនួនផ្សេងទៀតឡើយ។ ប៉ុន្តែតាមរយៈការសិក្សារបស់ Daniel Guéret និង Dominique-Pierre Guéret យល់ថា វិហារវត្តព្រៃតាកុយសាងសង់នៅឆ្នាំ១៩៣៥ ពោលគឺសង់ក្រោយវិហារវត្តកោះផ្តៅដែលស្ថិតនៅក្បែរគ្នានោះតែ៣ ឆ្នាំប៉ុណ្ណោះ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A4-%E1%9E%A0%E1%9F%84%E1%9E%87%E1%9E%B6%E1%9E%84%E2%80%8B%E1%9E%81%E1%9E%B6%E1%9E%84%E1%9E%80%E1%9E%BE%E1%9E%8F-copy-1024x758.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A5-%E1%9E%A0%E1%9F%84%E1%9E%87%E1%9E%B6%E1%9E%84%E2%80%8B%E1%9E%81%E1%9E%B6%E1%9E%84%E1%9E%9B%E1%9E%B7%E1%9E%85-copy-1024x763.jpg)
ចំពោះផ្នែកខាងក្នុងវិហារ គេឃើញមានសសរបេតុងមូលពីរជួរ (១០ដើម) អមសងខាងល្វែងគ្រឹះ ទ្រធ្នឹមបេបតុង និងគ្រឿងបង្គំឈើផ្នែកខាងលើ ហើយវិហារនេះក៏ពុំមានពិតាន ឬការគូរលម្អជាក្បាច់រចនាលើសសរនីមួយៗដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ គេសង្កេតឃើញគ្រប់គ្រឿងបង្គំឈើទាំងអស់នៃវិហារនេះ ពុំនិយមលម្អក្បាច់ទឹបទឹកមាសដូចបណ្តាសំណង់វិហារបុរាណនានាឡើយ។ ប៉ុន្តែនៅតាមគល់ជើងគកនីមួយៗ គេឃើញមានឆ្លាក់ជាក្បាច់ត្របកឈូករាក់ៗ ពោលគឺប្រហាក់ប្រហែលការលម្អ និងការប្រើប្រាស់គ្រឿងបង្គំឈើនៅវិហារវត្តកោះផ្តៅដែរ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A6-%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%BF%E1%9E%84%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9E%84%E2%80%8B%E1%9E%8A%E1%9F%86%E1%9E%94%E1%9E%BC%E1%9E%9B-copy.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A7-%E1%9E%80%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%85%E1%9F%8B%E1%9E%9B%E1%9E%98%E1%9F%92%E1%9E%A2%E1%9E%87%E1%9E%BE%E1%9E%84%E1%9E%82%E1%9E%80-copy.jpg)
រីឯព្រះជីវ៍នៃវិហារវត្តព្រៃតាកុយនេះ ប្រហែលជាព្រះជីវ៍ថ្មីដែលចាក់ពុម្ពស៊ីម៉ងត៍ តម្កល់ក្រោយសម័យសង្រ្គាម។ គេបានរៀបចំដាក់តម្កល់ព្រះជីវ៍គង់ក្នុងកាយវិការផ្ចាញ់មារ នៅលើបល័ង្កខ្ពស់មានចន្លោះលំហផុតផ្ទៃកម្រាល នៅចន្លោះល្វែងគ្រឹះ ដែលដូចគ្នានឹងរបៀបដាក់តម្កល់ព្រះជីវ៍នៅវិហារវត្តកោះផ្តៅដែរ។ លក្ខណៈនៃការដាក់តម្កល់ព្រះជីវ៍លើបល័ង្កខ្ពស់មានចន្លោះលំហបែបនេះ គេឃើញមាននៅវិហារបុរាណវត្តសំបូរ ខេត្តកំពង់ធំ (ឆ្នាំ១៩៤៤) និងនៅវិហារវត្តកោះស្នូកក្នុងខេត្តកំពត ដែលជាវិហារកសាងថ្មី (ឆ្នាំ២០១៣)។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A8-%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%8D%E1%9E%81%E1%9E%B6%E1%9E%84%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%A0%E1%9E%B6%E1%9E%9A-copy-1024x719.jpg)
ចំណែកឯការគូរគំនូរខាងក្នុងវិហារ គេដឹងច្បាស់ថាក្រោយសាងសង់រួច វិហារនេះពុំមានគំនូរអ្វីឡើយ ពោលគឺជាផ្ទៃជញ្ជាំងទទេ ដែលខុសពីវិហារវត្តកោះផ្តៅ គេបានគូររឿងពុទ្ធប្រវត្តិ និងរឿងជាតកព្រមគ្នានឹងការសាងវិហារ។ ប៉ុន្តែចំពោះវិហារវត្តព្រៃតាកុយ គេទើបនឹងចាប់ផ្តើមគូរជារឿងពុទ្ធប្រវត្តិ និងរឿងជាតកនានាក្នុងឆ្នាំ១៩៩២ ទើបចាប់ផ្តើមគូរគំនូរ ដោយមានជាងឈ្មោះ ភឿក ទ្រី។ សាច់រឿងគំនូរចាប់ផ្តើមពីជញ្ជាំងខាងកើត ដែលមានរូបព្រះពុទ្ធបរិនិព្វានមួយផ្ទាំងធំនៅជួរខាងលើ និងបន្តបន្ទាប់មកនៅជួរខាងលើ គឺជាអន្លើសំខាន់ៗនៃរឿងពុទ្ធប្រវត្តិដូចជា ទ្រង់សុបិន្តនិម្មិត ប្រសូត្រ ទាយព្រះលក្ខណៈ សម្តែងឫទ្ធិ ទតសួន ចេញបួស ធ្វើទុក្ករកិរិយា ត្រាស់ដឹង ផ្ចាញ់មារ ប្រោសពុទ្ធមាតា-បិតា ទទួលចង្ហាន់នាយចុន្ទ និងរហូតដល់ទ្រង់ប្រឈួន។ រីឯជួរខាងក្រោម គឺគេគូរបង្ហាញជារឿងជាតកដូចវិហារនានាដែរ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A9-%E1%9E%91%E1%9F%92%E1%9E%9A%E1%9E%84%E1%9F%8B%E2%80%8B%E1%9E%94%E1%9E%9A%E1%9E%B7%E1%9E%93%E1%9E%B7%E1%9E%96%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%93-copy-1024x695.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A1-%E1%9E%85%E1%9F%81%E1%9E%89%E1%9E%94%E1%9E%BD%E1%9E%9F-copy-1024x771.jpg)
ជារួមមកវិហារវត្តព្រៃតាកុយ ជាវិហារបុរាណដែលមានអាយុកាលជិត១សតវត្ស ពោលគឺកសាងឡើង និងមានលំនាំស្ថាបត្យកម្មទូទៅប្រហាក់ប្រហែលនឹងវិហារវត្តកោះផ្តៅដែលនៅក្បែរនោះ។ ប៉ុន្តែសម្ភារៈសិល្បៈ និងការតុបតែងលម្អក្បាច់រចនាផ្សេងៗនៅលើវិហារវត្តព្រៃតាកុយ ហាក់ដូចជាសាមញ្ញ ពោលគឺពុំសូវលោភក្បាច់រចនាអ្វីឡើយ។ រីឯការទុកផ្ទៃជញ្ជាំងខាងក្នុងឱ្យទំនេរ តាំងពីដើមរហូតមកដល់មុនដើមទសវត្សទី៩០ ហាក់ដូចជាលំនាំមួយ ដែលឃើញតែងសង្កេតឃើញនៅវិហារបុរាណនានាមួយចំនួន តែងពុំសូវនិយមគូរគំនូរអ្វីបន្ទាប់ពីកសាងរួច៕
អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត