នៅក្នុងសៀវភៅ វេយ្យាករណ៍ភាសាខ្មែរ «Grammaire de la langue khmère (cambodgien)» បោះផ្សាយនៅឆ្នាំ១៩១៥ លោក ហ្ស៊ក ម៉ាស្ពេរ៉ូ (Georges Maspero) បានបង្ហាញអំពីប្រវត្តិអក្សរខ្មែរថាមកពីឥណ្ឌាភាគខាងត្បូង និងតារាងវិវត្តន៍អក្សរខ្មែរ១០ប្រភេទ។ តារាងគំរូអក្សរ និងគំនិតនេះ បានជះឥទ្ធិពលមកលើអ្នកនិពន្ធសៀវភៅជាជនជាតិខ្មែរមួយចំនួននៅសម័យបន្ដបន្ទាប់មក ព្រមទាំងបានចូលក្នុងប្រព័ន្ធអប់រំទាំងមូល ជាហេតុនាំឱ្យខ្មែរទូទៅដឹងគ្រប់គ្នាថា អក្សរខ្មែរវិវត្ត១០លើក មកហើយ។ នៅក្នុងអត្ថបទនេះ យើងនឹងពិនិត្យមើលទិន្នន័យដែលលោក ហ្ស៊ក ម៉ាស្ពេរ៉ូ បានជ្រើសរើសមក ថាតើនៅតែបន្ដត្រឹមត្រូវដែរឬទេសម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្ន?
លោក ហ្ស៊ក ម៉ាស្ពេរ៉ូ បានជ្រើសរើសសិលាចារឹកចំនួន៩ និងគំរូអក្សរនាពេលនោះមកធ្វើជាគំរូការវិវត្តអក្សរខ្មែរដូចខាងក្រោម៖
– បែបទី១ សិលាចារឹកហាន់ជ័យ K.81 (ប្រមាណជាស.វ.ទី៦គ.ស. )
– បែបទី២ សិលាចារឹកវាលកន្ទេល២ K. 359 (ប្រមាណស.វ.ទី៦ឬដើមទី៧គ.ស. )
– បែបទី៣ សិលាចារឹកអង្គជំនីក K. 53 (ក្នុងគ.ស.៦៦៧ )
– បែបទី៤ សិលាចារឹកព្រះឥន្ទកោសិយក្នុង K. 263 គ.ស. ៩៧០
– បែបទី៥ សិលាចារឹកព្រះកែវឬប្រាសាទតាកែវ K. 275 គ.ស. ១០០២
– បែបទី៦ សិលាចារឹកព្រះងោក៣ K. 289គ.ស. ១០៦៦
– បែបទី៧ សិលាចារឹកបន្ទាយឆ្មារ K. 227 ក្នុងស.វ.ទី១២ឬទី១៣គ.ស. – បែបទី៨ សិលាចារឹកអង្គរវត្ត K. 300 ក្នុងស.វ.ទី១៣គ.ស.
លោក ហ្ស៊ក ម៉ាស្ពេរ៉ូ បានអះអាងថាលោកបានចំណាយពេលជាងម្ភៃឆ្នាំដើម្បីស្រាវជ្រាវ និងសរសេរសៀវភៅវេយ្យាករណ៍ខ្មែរនេះ។ ប៉ុន្ដែបើយើងពិនិត្យមើលបញ្ហាទូទៅអំពីការស្រាវជ្រាវសិលាចារឹកនាជំនាន់នោះ យើងនឹងឃើញថាជម្រើសទិន្នន័យរបស់លោកហាក់នៅចង្អៀតនៅឡើយ។ ចំណុចដំបូង គឺលោកបានជ្រើសរើសយកតែសិលាចារឹក ដែលរកឃើញនៅក្នុងប្រទេសកម្ពុជាសម័យនោះ ពុំបានយកពិនិត្យដល់សិលាចារឹកខ្មែរដែលរកឃើញនៅប្រទេសវៀតណាម ឡាវ និងថៃនោះឡើយ។ បន្ថែមពីនេះ សិលាចារឹកភាគច្រើនដែលលោកបានជ្រើសរើសទៀតសោតនោះ ជាសិលាចារឹកភាសាសំស្ក្រឹត។ ម្យ៉ាងវិញទៀត លោកហាក់បីដូចជាពឹងផ្អែកលើតែម្យ៉ាងលើទិន្នន័យរូបសិលាចារឹកដែលមានបោះផ្សាយនៅឆ្នាំ១៨៨៥តែប៉ុណ្ណោះ បើទោះបីនៅឆ្នាំ១៩០៨លោក ហ្ស៊ក សឺដែសបានធ្វើបញ្ជីសិលាចារឹកខ្មែរ ដោយស្រង់ចេញពីអត្ថបទចុះផ្សាយរបស់អ្នកសិក្សាជាតិបារាំងដូចជាលោក អៃម៉ូនីញ៉េរ ជាដើម មានចំនួនរហូតដល់ចំនួន៤២០ក៏ដោយ។
មានអត្ថបទសិក្សាសិលាចារឹកជាច្រើន ដែលចុះផ្សាយក្នុងទស្សនាវដ្ដីសាលាបារាំងចុងបូព៌ា ប្រទេស (BEFEO) មានភ្ជាប់នូវរូបចម្លង ឬសំណៅផ្ដិតសិលាចារឹក ប៉ុន្ដែលោកហាក់ពុំបានយកជាទិន្នន័យសម្រាប់ការសិក្សារបស់លោកឡើយ។ ចំណុចសំខាន់បំផុតមួយទៀត លោកទំនងជាភ្លេចគិតដល់ទិន្នន័យសំខាន់ៗ ដែលមានការសិក្សារួចហើយតាំងពីឆ្នាំ១៨៩៣៧ ដោយលោក អាបែល ប៊ែរហ្គែញ (Bergaigne, M. Abel) គឺក្រុមសិលាចារឹកនៅប្រាសាទលលៃ និងសិលាចារឹកដទៃទៀត របស់ព្រះបាទយសោវម៌្មទី១ ដែលមានកាលបរិច្ឆេទចុងស.វ.ទី៩។ ក្រុមសិលាចារឹកនេះ គឺជាសិលាចារឹកដែលមានទម្រង់អក្សរថ្មី កែប្រែចេញពី អក្សរបល្លវៈ ដែលខ្មែរប្រើនៅសម័យមុនអង្គរ មានឈ្មោះថា «កម្ពុជាក្សរ»។ ចំណែកឯសិលាចារឹកសម័យមុនអង្គរ និងអង្គរមួយចំនួន ហាក់ពុំមានទម្រង់ខុសប្លែកគ្នាដែលនឹងអាចចែកបានថាមានការវិវត្តនោះឡើយ ដូចជាសិលាចារឹក វាលកន្ទេល និងសិលាចារឹកអង្គជំនីក សិលាចារឹកប្រាសាទតាកែវ និងសិលាចារឹកព្រះងោកជាដើម។ ក្នុងតារាងរបស់លោក ហ្ស៊ក ម៉ាស្ពេរ៉ូ ក៏មានតួអក្សរខ្លះពុំបានស្រង់ចេញពីសិលាចារឹកផងដែរ។
មកដល់បច្ចុប្បន្ននេះ មានសិលាចារឹកខ្មែរជាច្រើនដែលមានរកឃើញនៅប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ ដែលបានចុះបញ្ជីមានរហូតដល់ K. 1459 (សិលាចារឹកប្រាសាទទន្លេស្ងួត)។ ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ជាទិន្នន័យសំខាន់សម្រាប់សើរើ និងបំពេញបន្ថែមលើគំនិតរបស់លោក ហ្ស៊ក ម៉ាស្ពេរ៉ូ ដែលបានធ្វើកាលពី១០៥ឆ្នាំមុន។ លទ្ធផលដែលលោកបានផ្ដល់ពេលនោះ លែងត្រឹមត្រូវសម្រាប់យើងនាពេលបច្ចុប្បន្នទៀតហើយ។ យើងជឿជាក់ថាក្រោយការពិនិត្យឡើងវិញយ៉ាងច្បាស់លាស់នោះ យើងនឹងទទួលបានលទ្ធផលដ៏ល្អ និងច្បាស់ការសម្រាប់ប្រវត្តិអក្សរខ្មែរយើង។ យ៉ាងនេះក្ដី វាជាការងារដ៏ធំ ដែលទាមទារអ្នកចូលរួមក្នុងវិស័យផ្សេងៗគ្នា ដើម្បីជាធាតុចូលពិចារណាលើមូលដ្ឋានសំខាន់ក្នុងការបែកចែកបញ្ញត្តិ «វិវត្តអក្សរ» និងចែកគ្នាពិនិត្យតាមផ្នែក និងសម័យនីមួយៗ។
សិលាចារឹកបន្ទាយឆ្មារ K.227
សិលាចារឹកព្រះឥន្ទកោសិយ K.263
អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង