ទំព័រដើមប្រវត្តិសាស្ត្រចារឹកលើវត្ថុលោហៈក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ (ភាគ២)

ចារឹកលើវត្ថុលោហៈក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ (ភាគ២)

២- ចារឹកលើភាជន៍សំរិទ្ធ K. ១០៥៥

ចារឹកខ្លីនេះ ចារលើភាជន៍លោហៈ (ចាន ឬ ផ្ដិតសំរិទ្ធ​) រក​ឃើញ​នៅ​ទីតាំង​ជាមួយ​ចារឹក​ K. ១០៥៣គឺជាអតីតអារោគ្យសាលា ឬ មន្ទីរពេទ្យ ក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ ពោល​គឺ​នៅ​ស្ថានីយ៍​បុរាណវិទ្យាលេខ១១ ស្ថិតនៅបរិវេណក្រុងព្រះរថ ដងស្រីមហាពោធិ៍ ឃុំគោកប៉ីប ស្រុកស្រីមហោសថ (ព័ត៌មានដើមថា ស្រុកស្រីមហាពោធិ៍) ខេត្តប្រាចីនបុរី ប្រទេសថៃ។ ​បច្ចុប្បន្ន វត្ថុនេះរក្សាទុកនៅក្នុងសារមន្ទីរខេត្ត​ប្រាចីន​បុរី ប្រទេសថៃ។ ភាជន៍​នេះ មាន​កម្ពស់ ៧ ស.ម. ទទឹង ១៨ ស.ម. និងបរិមាត្រ ៥៩ ស.ម.។

ចារឹកនេះ សិក្សាដំបូងដោយលោក ហ្សង់ ប៊័រស៊ើលីយ៉េរ (Jean Boisselier) នៅក្នុងឆ្នាំ​១៩៧២ ក្នុងអត្ថបទស្ដីអំពី កិច្ច​បេកសកម្មបុរាណវិទ្យា​បារាំងនៅប្រទេសថៃ។ បន្ទាប់មក​ នៅប្រទេសថៃ ក៏មានការសិក្សាអំពីចារឹកនេះដូចគ្នា និង​មាននៅលើគេហទំព័ររបស់​មជ្ឈ-​មណ្ឌលជាតិពន្ធុវិទ្យាសិរិនថនផងដែរ។  

ចារឹកខ្លីនេះ ចារប្រាប់ពីភាជន៍សំរិតនេះ ជាតង្វាយ​របស់​មន្ត្រី​ម្នាក់​មាន​ងារ​និង​ឈ្មោះ​ថា «គម្ដែងអញ​ស្រីវីរេន្ទ្រាធិបតីវម៌្ម» ថ្វាយ​ចំពោះ​ទេព «គម្ដែង​ជគត​ស្រីវីរេសូរ» នៅតំបន់ «សំវោក» ក្នុងមហាសករាជឆ្នាំ ១១០៩ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ ១១៨៧។

ក្នុងសិលាចារឹកខ្លីនេះ មានការគួរកត់សម្គាល់មួយចំនួន​លើផ្នែកអក្ខរាវិរុទ្ធ​ ​និង​ស្ថាន​នាម​។ ចំពោះអក្ខរាវិរុទ្ធ សង្កេតឃើញមានពាក្យចំនួនពីរគឺ «វិរេស្វរ» និង «សក» ដែល​តាម​ទម្លាប់​ក្នុងសិលាចារឹកដទៃៗធ្លាប់ជួបប្រទះ​កន្លងមក គឺគួរតែមានអក្ខរាវិរុទ្ធ​តាម​បែប​សំស្ក្រឹត​​ជា «វីរេឝ្វរ» ដ្បិតជាពាក្យ​បង្កើតមកពី «វីរ» ផ្សំនឹង «ឦឝ្វរ» ។ ចំណែកឯពាក្យ «សក៑» ក៏​ច្រើន​តែ​ប្រទះ​សំណេរជា «ឝក»។ ចំពោះបញ្ហានេះ បង្ហាញ​​ពីការចាប់ផ្ដើម​​ក្នុងការ​ប្រែ​ប្រួល​​សំណេរ​ពី​បែបសំស្ក្រឹត​មកជា​សំណេរបែបខ្មែរ ពោលគឺ​បង្ហាញពីការធ្លាក់ចុះនៃការ​ប្រើ​តួអក្សរ «ឝ» មកប្រើតួអក្សរ «ស»។ ក្នុងចារឹកតែមួយនេះ ពាក្យ «ឝ្រី» នៅតែប្រើតួអក្សរ «ឝ» ដដែល។ ម្យ៉ាងសំណេរ «សក៑» ដែលដាក់សញ្ញាវិរាមនៅលើអក្សរ «ក»​ នេះ ​ក៏​អាច​ជា​ភស្ដុតាងស្ដីពី ឯកព្យាង្គនីយកម្ម លើពាក្យ​សំស្ក្រឹតផងដែរ។ «ឝក» ក្នុងពាក្យសំស្ក្រឹត​ត្រូវ​អាន​​ពីរព្យាង្គថា (ឝៈ-កៈ)។ តាមរយៈសំណេរ «សក៑» ទំនង​ជាអានតែ​មួយព្យាង្គថា (ស័ក/សាក់) (?) ដ្បិតតួនាទីរបស់សញ្ញាវិរាម គឺបង្ហាញថាព្យញ្ជនៈដែលមានវិរាម ជា​ព្យញ្ជនៈសុទ្ធ ពុំមានស្រៈ និងជាព្យញ្ជនៈប្រកបផងដែរ។

ឯតួអក្សរវិញ ឃើញថាមានទម្រង់ជាអក្សរជ្រៀង ដែលខុសប្លែកពីតួអក្សរជ្រុង​ដែលឃើញ​ភាគច្រើន​ប្រើសម្រាប់តែចារឹក​របស់​ព្រះមហាក្សត្រ។ ដូច្នេះ​ តួ​អក្សរ​ទាំង​ពីរ​នេះ មាន​ចរិតប្រើប្រាស់ផ្សេងគ្នា នៅក្នុង​រជ្ជកាលព្រះបាទជ័យវម៌្មទី៧។ តួអក្សរជ្រៀង សម្រាប់​មន្ត្រី(និងមហាជនទូទៅ?)ប្រើប្រាស់ ឯតួអក្សរជ្រុង សម្រាប់​ព្រះមហាក្សត្រ​ប្រើ​​ប្រាស់ជាផ្លូវការ។​

ឥឡូវនេះ ត្រឡប់មកចាប់អារម្មណ៍​​ស្ថាននាមនៅក្នុងចារឹកនេះវិញ ឃើញមា​ន​ពាក្យ «សំវោក» ដែល ធ្លាប់​ជួបប្រទះនៅក្នុងសិលាចារឹកជាច្រើន ដែល​បង្ហាញ​​ថា​​ពាក្យ​នេះ  គឺ​​ជាស្ថាននាមផង និ​ង​ជានរនាមផង។ ខាងក្រោមនេះ គឺ​ជាដំណកស្រង់ព័ត៌មាន​ពាក្យ «សំវោក» នៅ​ក្នុង​សិលា​ចា​រឹ​ក​​នានា៖

ស្ថាននាម

  • សិលាចារឹក​ទួលប្រាសាទ (K. ៧២) ស.វ.ទី១០-១១ បាន​បង្ហាញពី​ «លោញ​ឥន» ​ជា​មេទ័ព​ម្នាក់(សេនាបតី)នៅតំបន់សំវោក។
  • សិលាចារឹកប្រាសាទបាសែត (K. ២០៦) មហាសករាជ៩៦៤ បង្ហាញ​ពី «ខ្លោញពល​»(មេកង​ទ័ព)ម្នាក់មកពីតំបន់​សំវោក ជាអ្នកចូលរួមចារសិលាចារឹក​នៅប្រាសាទ​បាសែត។​

នរនាម

  • សិលាចារឹកនៅសំបូរព្រៃគុក (K. ៦០៧) ស.វ.ទី៧ បង្ហាញពីអ្នកបម្រើស្រីម្នាក់​ឈ្មោះ «សំវោក» (កុសំវោក៑)។
  • សិលាចារឹកវត្តសំបួរមាស (K. ៦៦៤) ស.វ.ទី៧-៨ បង្ហាញពីមន្ត្រីម្នាក់ឈ្មោះ «សំវោក» (ក្លោញ៑សំវោក៑)។
  • សិលាចារឹកពពេល (K. ៧១៩) ស.វ.ទី៧ បង្ហាញថាពាក្យនេះ​ ជា​ឈ្មោះ​អ្នក​បម្រើប្រុ​សម្នាក់ (វាសំវោក៑)។
  • សិលាចារឹកប្រាសាទបាយ័ន (K. ២៩៣-៥) ស.វ.ទី១២-១៣ បង្ហាញ​ថា​ពាក្យ​នេះ ជាព្រះ​នាម​​របស់ទេពមួយអង្គ ដែលទំនងជាអតីតមហាក្សត្រមួយអង្គ(?)  (កម្រតេង៑​​ជគត៑​វ្រះ​បាទ​សំវោក៑)។

ពាក្យ «សំវោក» នៅក្នុងសិលាចារឹកនេះ មានសំណង់ឃ្លាបញ្ជាក់បានថាជាទីតាំង​ឬជាស្ថាននាមមួយកន្លែង។ ទីតាំងនេះ ពុំទាន់ដឹងច្បាស់ថានៅទីណាប្រាកដនោះឡើយ។ តើទីតាំងនេះ​ ត្រូវនឹងទីតាំងរកឃើញភាជន៍សំរិទ្ធនេះ ឬនៅតំបន់ក្បែរៗនេះ?

អត្ថបទជាអក្សរខ្មែរទំនើប

១- (ជំន្វន)វ្រះកម្រតេង៑អញ៑ឝ្រីវីរេន្ទ្រាធិបតិវម៌្មតកម្រតេង្ជគត៑ឝ្រីវីរេស្វរនាសំវោក្ត​​​

១១​០​៩​​​សក៑ ○

អត្ថបទសម្រួលជាភាសាខ្មែរទំនើប

  ជំនូន(របស់)គម្ដែងអញស្រីវីរេន្ទ្រាធិបតីវម៌្ម​(ថ្វាយ)ចំពោះ​គម្ដែងជគត​ស្រីវីរេសូរ​នៅ​ឯ​សំវោក​ក្នុងមហាសករាជ(ឆ្នាំ)១១០៩៕

រូបថតភាជន៍លោហៈមានចារឹក K. ១០៥៥ (រូបថត៖ Prachin Buri National Museum)

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!