សិលាចារឹកនេះ រកឃើញនៅក្នុងស្ទឹងក្តុល ស្ថិតនៅក្នុងភូមិដាន ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដោយព្រានសន្ទូចម្នាក់ឈ្មោះ កឿត សុខគីន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។ លោក កឿត សុខគីន មានប្រសាសន៍ថា នៅពេលគាត់កំពុងប្រម៉ង់ត្រី ក៏បានជួបវត្ថុរឹងមួយដុំធំនៅបាតស្ទឹង គាត់បានចាប់លើកថ្មនោះមកឱ្យផុតផ្ទៃទឹក ក៏ប្រទះឃើញមានចារឹកអក្សរ ហើយគាត់បានថតរូបនិងបានផ្ញើមកឱ្យលោក ឡង ប៉ុនឡាំ ហើយលោក ឡង ប៉ុនឡាំ បានផ្តល់ដំណឹងនេះដល់ខ្ញុំ។ លុះដល់ថ្ងៃ ទី២៧ ខែ មេសា ឆ្នាំ២០២០ ខ្ញុំនិងសហការីម្នាក់គឺលោក ហឿន លាងហ៊ួន បានទៅដល់ទីកន្លែងនេះនិងបានធ្វើសំណៅផ្តិតទុកសម្រាប់ជាឯកសារសិក្សាស្រាវជ្រាវ។
ដោយហេតុថា ទីតាំងនេះមិនមានបន្សល់ស្លាកស្នាមណាមួយដែលអាចឱ្យយើងបញ្ជាក់ថាជាបុរាណស្ថាននោះឡើយ ម្ល៉ោះហើយសិលាចារឹកនេះទំនងមានគេចល័តចេញពីទីតាំងដទៃក្នុងហេតុផលណាមួយ។ សិលាចារឹកនេះមិនពេញលេញនោះទេ ពិការដោយបាក់បាត់ផ្នែកខាងក្រោម និងជ្រុងទី៣បានបាក់បែកបាត់ ហើយនៅសល់អក្សរតែ៣ជ្រុងតែប៉ុណ្ណោះ។ សិលាចារឹកនេះជាប្រភេទសិលាចារឹកអរោគ្យសាល របស់ព្រះបាទស្រីជយវម៌្មនទី៧ ដោយចារជាពាក្យកាព្យ ហើយបើរាប់ដោយឆន្ទប្រភេទ មានត្រឹមតែ២ គឺប្រភេទអនុស្តុបឆន្ទ និងត្រិស្តុបឆន្ទ។ ខ្លឹមសារទាំងមូលនៃសិលាចារឹកនេះ មានលក្ខណៈស្រដៀងទៅនឹងសិលាចារឹកផ្សេងៗទៀតដែលរៀបរាប់អំពីហោរបន់ស្រន់នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទាហរណ៍ សិលាចារឹកសៃហ្វុង ជាដើម។
សិលាចារឹកស្ទឹងក្តុល មានសេចក្តីដើម និងអត្ថន័យដូចខាងក្រោម៖
ជ្រុងទី១
១. នមោវុទ្ធាយ និម៌្មាណ ធម៌្មសាម្ភោគមូត៌្តយេ
ភាវាភាវទ្វយាតីតោ ទ្វយាត្មា យោ និរាត្មកះ។
ប្រែថា៖ សូមក្រាបថ្វាយបង្គំចំពោះព្រះពុទ្ធអង្គ ទ្រង់មានព្រះកាយបី ពោលគឺ ធម៌្មកាយ និម៌្មានកាយ សម្ភោគកាយ ព្រះអង្គទ្រង់បានកន្លងបង់នូវភាវៈនិងអភាវៈទាំង២ ទ្រង់មានអាត្ម័នទាំង២រកអាត្ម័នមិនបាន។
២. ភៃឞជ្យគុរុវៃទូយ៌្យ ប្រភរាជជិនន្នមេ
ក្ឞេមារោគ្យាណិ ជន្យន្តេ យេន នាមាបិ ឝ្ឫណ្វតាម៑។
ប្រែថា៖ ខ្ញុំសូមក្រាបថ្វាយបង្គំ នមស្ការចំពោះព្រះជិនស្រីជាម្ចាស់ ទ្រង់មានពន្លឺរស្មីផ្សាយ
ទៅប្រមាណមិនបាន ព្រះពុទ្ធភៃសជ្យគុរុវៃទូយ៌្យទ្រង់កម្ចាត់បង់នៅរោគ ពោល គឺសេចក្តីសុខក្សេមក្សាន្ត គ្មានរោគ ដល់សព្វសត្វដោយគ្រាន់តែបានស្តាប់ឮត្រឹមតែព្រះនាមរបស់ព្រះអង្គ។
៣. ឝ្រីសូយ៌្យវៃរោចនចន្ទរោចិះ ឝ្រីចន្ទ្រវៃរោចនរោហិណីឝះ
រុជាន្ធការាបហរៅប្រជានាំ មុនិន្ទ្រមេរោជ៌យតាមុបាន្តេ។
ប្រែថា៖ ព្រះស្រីសូយ៌្យវៃរោចនចន្ទ្ររោចិ និងព្រះស្រីចន្ទ្រវៃរោចនរោហិណិ ទ្រង់កម្ចាត់បង់នូវភាពខ្មៅងងឹត អន្ធការ ពោលគឺរោគ(សេចក្តីឈឺចាប់)របស់ប្រជាជន ជ័យជម្នះចូរកើតមានដល់ ព្រះមុនិន្ទ្រជាម្ចាស់អង្គនោះ។
៤. អាឝីន្ន្ឫបឝ្ឝ្រីធរណីន្ទ្រវម៌្ម ទេវាត្មជឝ្ឝ្រីជយវម៌្មទេវះ
ជាតោជយាទិត្យរេឝ្វរាយាំ វេទាម្វរៃកេន្ទុភិរាប្តរាជ្យះ។
ប្រែថា៖ មានព្រះរាជាមួយព្រះអង្គ មានព្រះនាមថា ស្រីជយវម៌្មន ទ្រង់ជាព្រះរាជបុត្ររបស់ព្រះបាទស្រីធរណិន្ទ្រវម៌្មន ទ្រង់ប្រសូត្រចេញពីក្សត្រីនៃក្រុងជយាទិត្យបុរ ទ្រង់គ្រងរាជ្យសម្បត្តិក្នុងឆ្នាំស.ក. កំណត់ដោយ ឥន្ទុ=១ ឯក=១ អម្វរ=០ វេទ=៤ =១១០៤ស.ក. (ត្រូវនឹង គ.ស.១១៨២)។
៥. [និឝ្ឝេឞរាជន្យឝីរោវតំស] បាទាម្វុជស្សំយតិ សំហ្ឫតារិះ
[បយ៌្យគ្រហីត្សទ្គុណរត្នភូឞាំ] [យត្កីត៌្តិហារាំ វសុធាង្គនាំ យះ]។
ប្រែថា៖ ព្រះបាទរបស់ទ្រង់ប្រដូចនឹងអម្វុជ ពោលគឺផ្កាឈូក ជាគ្រឿងប្រដាប់នៅលើព្រះសិរសារបស់ព្រះរាជាទាំងពួង ទ្រង់ឈ្នះអស់សត្រូវទាំងពួងក្នុងសង្គ្រាម ទ្រង់ទទួលបាននូវរាជនី ពោលគឺអង្គនៃផែនពសុធា ជាភារៈកិត្តិយសរបស់ទ្រង់ ព្រះអង្គប្រដាប់ដោយសិរីរតនៈសម្បត្តិ ពោលគឺគុណធម៌ជាអលង្ការរបស់ទ្រង់។
(ស្លោកទី៦ដល់១២) បាក់បាត់
ជ្រុងទី២
១. ទេហិនាន្ទេហរោគោយ ន្មនោ[រោគោរុជត្តរាម៑]
រាឞ្ឋ្រទុះខំ ហិ ភត៌្ឫណា ន្ទុះខន្ទុះ[ខន្តុនាត្មនះ]។
ប្រែថា៖ រោគរាងកាយរបស់ប្រជាជន ជារោគផ្លូវចិត្តដែលតែងឈឺចាក់ដោតក្រៃលែង ព្រោះថាសេចក្តីទុក្ខរបស់ប្រជារាស្រ្ត សូម្បីមិនមែនជាសេចក្តីទុក្ខរបស់ព្រះអង្គ តែជាសេចក្តីទុក្ខរបស់ព្រះមហាក្សត្រ។
២. អយុវ៌្វេទាស្ត្រវេទេឞុ វៃទ្យ[វិរៃវ៌ិ្វឝារទៃះ]
យោ ឃាតយទ្រាឞ្ត្ររុជោ រុជារី[ន្ភេឞជាយុធៃះ]។
ប្រែថា៖ ព្រះអង្គបរិបូណ៌ដោយគ្រូពេទ្យទាំងឡាយ មានសេចក្តីអង់អាចក្លាហាន បើនៅក្នុង អាយុវ៌្វេទ អស្តវ៌្វេទ បានសម្លាប់សឹកសត្រូវ ពោលគឺរោគរបស់ប្រជាជន ដោយសាស្ត្រាវុធ ពោលគឺថ្នាំ។
៣. សវ៌្វេឞាមបរាធាន្យ ស្សវ៌្វ[តះបរិឝោធយន៑]
យុគាបរាធេន រុជា មបរា[ធាន្វ្យឝោធយត៑]។
ប្រែថា៖ កាលព្រះអង្គ បានកម្ចាត់បង់នូវទោសទាំងឡាយរបស់ប្រជាជនទាំងអស់ហើយ ទ្រង់បានកម្ចាត់បង់ទោសនៃរោគទាំងពួង ព្រោះទោសនៃយុគ។
៤. សារោគ្យឝាលំ បរិតោ ភៃឞ[ជ្យសុគតំ វ្យធាត៑]
សាទ៌្ធញ្ជិនៅ រសាភ្យាំយ ស្សទា[ឝាន្តៃ្យប្រជារុជាម៑]។
ប្រែថា៖ ព្រះអង្គទ្រង់កសាងអរោគ្យសាល (មន្ទីរពេទ្យ) និងព្រះប្រតិមាភៃសជ្យសុគត រួមជាមួយព្រះជិនោរសទាំង២អង្គ ដើម្បីសេចក្តីស្ងប់នៃរោគារបស់ប្រជាជនទាំងពួង។
៥. សវ្យធាទីទមារោគ្យ ឝាលំ [សសុគតាលយម៑]
[ភៃឞជ្យសុគតញ្ចេហ] [ទេហាម្វរហ្ឫទិន្ទុនា]។
ប្រែថា៖ ព្រះអង្គទ្រង់កសាងអរោគ្យសាល (មន្ទីរពេទ្យ) និងព្រះប្រតិមាភៃសជ្យសុគត រួមជាមួយព្រះសុគតាល័យ (ព្រះវិហារព្រះសុគត) ដោយដួងព្រះចន្ទ ដួងព្រះហឫទ័យក្នុងកណ្តាលអាកាសវេហា គឺព្រះស្រីវរកាយរបស់ទ្រង់ (១១០៣ស.ក.)។
ស្លោកទី៦ ដល់ស្លោកទី១២ បាត់
ជ្រុងទី៣ រលុបបែកបាត់អស់
ជ្រុងទី៤
១. [អថៃកឝោមធុគុទ្ធៅ] កុទុវត្រយមានិតៅ
[ឯកះ ប្រស្ឋស្តុសៅវីរ] នរស្យ បរិកល្បិតះ។
ប្រែថា៖ សម្ភារៈនីមួយៗ មានទឹកឃ្មុំសុទ្ធ មានម្ទេស ៣កុទុវៈ ទឹកពុទ្រា១ប្រស្ថ។
២. [ទ្វៅ យាជកៅ តទ្គ]ណក ឝ្ចៃកស្តេ ធម៌្មធារិណះ
[ត្រយោនិយោជ្យា]ឝ្ឝ្រីរាជ វិហារាធ្យាបកេន ច។
ប្រែថា៖ ព្រាហ្មណ៍យាជក២នាក់ សម្រាប់ធ្វើយជមាណវិធី ហោរាម្នាក់ អ្នកទាំង៣ត្រូវប្រកបដោយគុណធម៌ នៅក្រោមការបង្គាប់របស់អធ្យាបកៈ នៅរាជវិហារ។
៣. [វឞ៌េ វឞ៌េ ត្វិទន្តេឞុ] ប្រត្យេកំ បរិកល្បិតម៑
[តិស្រោ វ្ឫហត្យោ ទ្វា]ទឝ យុគា ទឝករាះ បដាះ។
ប្រែថា៖ ជារៀងរាល់ឆ្នាំ ព្រះអង្គបានបែងចែករាជជាចំណែក នៅក្នុងទីកន្លែងនេះ មានដូចជារៀងរាល់ឆ្នាំ ៣ វ្ឫហត្យ សម្លៀកបំពាក់ចំនួន១២ ប្រដាប់ និង ក្រណាត់ចំនួន១០ ករៈ ។
៤. [យុគ្នានិ នវហស្តា]នាំ វាសសាន្ទឝ បញ្ច ច
[ទិ្វកដ្ដិកំ បុនះ បាត្រ] ត្រិតយន្ត្រា បុឞំ ស្ម្ឫតម៑។
ប្រែថា៖ សម្លៀកបំពាក់ចំនួន១៥គូរ ៩ ហត្ថ បាត្រចំនួន៣ និង ២ កដ្ដិកៈ ។
៥. [ទេយា ទ្វាទឝ ខាយ៌្យឝ្ច] តន្ទុលានាមថៃកឝះ
[សិក្ថតក្កេ ត្រិបលកេ] [ទេយេ ក្ឫឞ្ណា តុ ឞដ្បលា]។
ប្រែថា៖ ផ្តល់ឱ្យនូវ អង្ករចំនួន១២ ខារី និងក្រមួនចំនួន៣ បលៈ , តក្ក ,ម្រេច ៦ បលៈ ។
ស្លោកទី៦ ដល់ទី១៣ រលុបបាត់បាក់បែកអស់
ជារួមមក ទោះបីសិលាចារឹកស្ទឹងក្តុល មានការបាក់បែកនិងបាត់បង់អក្សរច្រើនផ្នែកក៏ដោយ ក៏យើងមិនពិបាកក្នុងការស្វែងយល់អំពីអត្ថន័យនោះឡើយ ព្រោះជាទូទៅសិលាចារឹកដែលតម្កល់នៅក្នុងហោរបន់ស្រន់នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ច្រើនតែមានន័យសេចក្តីប្រហាក់ប្រហែលគ្នា ឬស្ទើរតែដូចគ្នាទាំងស្រុងក៏មាន។ ដូចពោលមកពីខាងដើម សិលាចារឹកនេះទំនងជាមានការចល័តមកពីទីតាំងណាមួយធ្លាក់ចូលមកក្នុងស្ទឹងក្តុល ឬអាចធ្លាក់ពីកន្លែងផ្សេងហូរធ្លាក់មកដល់កន្លែងដែលរកឃើញនេះក៏អាចថាបាន៕
អត្ថបទដើម៖ លោក កំ វណ្ណារ៉ា