ជាបឋម មុននឹងចូលទៅដល់ការបកស្រាយនិងពិភាក្សាពីការលាប ឬផាត់មុខពណ៌ស នៅក្នុងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ខ្ញុំសូមពិនិត្យមើលទៅលើវប្បធម៌មួយចំនួន ដែលពាក់ព័ន្ធនឹងការលាបឬផាត់មុខពណ៌សជាមុនសិន។ នៅក្នុងស្ថានភាពនិងបរិបទផ្សេងៗ ក្នុងពិភពលោកយើងឃើញថា ការលាបឬផាត់មុខពណ៌សត្រូវបានគេធ្វើឡើងនៅក្នុងមរណភាព គឺគេលាប ឬផាត់ពណ៌សនៅលើមុខនិងកនៃសព។ ឯនៅជុំវិញភ្នែកនិងមាត់ គេផាត់ពណ៌ខ្មៅ។ នៅក្នុងការសម្តែងល្ខោនត្រាប់ធំ (Pantomime) ក៏ប្រហាក់ប្រហែលគ្នានឹងករណីសពដែរ គឺគេផាត់មុខពណ៌ស លើកលែងតែភ្នែកនិងមាត់។ នៅក្នុងល្ខោនខ្លះដែលមានបញ្ចូលនូវតួត្លុក ត្លុកខ្លះក៏មានផាត់មុខសដែរ ដែលគេហៅថា «ពណ៌បែនណាយត្លុកស» (Ben Nye Clown White) គឺជាពណ៌ល្អបំផុតសម្រាប់តួត្លុក។
ដោយឡែក ជនជាតិបារាំងចាត់ទុកពណ៌ស ថាស្អាត និងបង្ហាញថាគេមិនសូវចេញក្រៅ នៅក្រោមកំដៅព្រះអាទិត្យ មិនដូចជាកសិករដែលប្រកបរបរចិញ្ចឹមជីវិតនៅក្រោមកំដៅថ្ងៃឡើយ។ ដូច្នេះ គេលាបឬផាត់មុខពណ៌ស ជាពណ៌មូលដ្ឋានជាដើម។ នៅប្រទេសអង់គ្លេសគេបានដឹងថា នៅឆ្នាំ១៥៦២ ព្រះអង្គម្ចាស់ក្សត្រិយអង់គ្លេស អេលីហ្សាប៊ែតទី១ (១៥៣៣-១៦០៣) មានជម្ងឺអុតតូច ដែលបន្សល់ទុកដល់ព្រះអង្គនូវស្នាមលើព្រះភ័ក្ត្ររបស់ព្រះអង្គ។ ដូច្នោះហើយ បានជាព្រះអង្គលាបព្រះភ័ក្ត្រពណ៌ស ដើម្បីលាក់នូវស្នាមទាំងនោះ។ រហូតដល់ពេលចុងក្រោយ នៃព្រះជន្មរបស់ព្រះអង្គ ព្រះអង្គមានជ្រុះសក់ (ព្រះកេសា) និង ធ្មេញ (ព្រះទន្ត) ដែលនៅក្នុងតំណាក់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃព្រះជន្ម ព្រះអង្គមិនអនុញ្ញាតឱ្យមានកញ្ចក់ នៅក្នុងព្រះរាជដំណាក់របស់ព្រះអង្គឡើយ។
នៅឯប្រទេសជប៉ុនវិញ យោងតាមប្រសាសន៍របស់លោក ភីធើរ ម៉ាក់ឃិនតស្ស (Peter Macintosh) បង្រៀនវប្បធម៌ហ្កេស្សានៅសាកលវិទ្យាល័យកានសៃ ប្រទេសជប៉ុន លោកមាន ប្រសាសន៍ថា គេផាត់មុខពណ៌ស ដើម្បីឱ្យមុខរបស់គេចែងចាំងដោយពន្លឺភ្លើងទៀន។ លើសពីនះទៅទៀត ដោយសារភ្លើងទៀនមិនមានពន្លឺភ្លឺគ្រប់គ្រាន់ នារីហ្កេស្សា ផាត់មុខរបស់គេ ពណ៌ស ដើម្បីឱ្យស្បែកមុខនិងទម្រង់មុខមានភាពប្រសើរឡើង គឺធ្វើឱ្យគេឃើញកាន់តែច្បាស់ ឡើង។ ម្យ៉ាងទៀត ការផាត់មុខពណ៌ស គឺដើម្បីលាក់ការបង្ហាញនូវអារម្មណ៍និងមនោសញ្ចេតនា ពិតប្រាកដរបស់គេ។
ការសម្តែងជាមួយនឹង «មុខស» មានប្រភពដើមនៅក្នុងសតវត្សទី១៩ ដើម្បីបំបាំងស្លាកស្នាម នៅលើស្បែក និងដើម្បីធ្វើឱ្យមុខរបស់គេមានពន្លឺចែងចាំង ស និងរលោង។ គេមានជំនឿថា មុខលាបពណ៌ខ្មៅ ជានិមិត្តរូបនៃ «ភ្លើងកំហឹងនៃការសងសឹក» ដែលដុតខ្លោចក្រោយពីបានកំចាត់ សត្រូវរួចហើយ។ «កាយឫទ្ធិផនី» (Pawnee Scouts) លាបមុខរបស់គេពណ៌ស ជានិមិត្តរូបនៃព្រលឹង ដ៏អស្ចារ្យនៃ «កញ្ជ្រោងស» ដែលគេជឿថាជួយនិងថែរក្សាពួកកាយឫទ្ធិ។
នៅក្នុងឱកាសនៃការសម្តែងរបាំព្រះរាជទ្រព្យ (ឆ្នាំ២០១៦) ក្នុងអំឡុង ១០០ឆ្នាំ (១៩០៦-២០០៦) ចុងក្រោយនេះ ដែលមានចំណងជើងថា «ប្រវត្តិសាស្រ្តមួយសតវត្សនៃរបាំព្រះរាជទ្រព្យខ្មែរ» ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតតំកល់លើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សិល្បករនិងសិល្បការិនីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមកិច្ចដឹកនាំ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី មានកិត្តិយសក៏ខ្ពង់ខ្ពស់សម្តែងថ្វាយ និងជូនកម្មវិធីសិល្បៈដែលបង្ហាញពីប្រវត្តិរបាំព្រះរាជទ្រព្យខ្មែរក្នុងរជ្ជកាល ព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ (១៨៤០-១៩២៧) គឺនៅអំឡុងឆ្នាំ ១៩០៦-១៩៥០ នាដការិនី នៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែរ ជាស្រ្តីដែលជាអ្នកសម្តែងតួយក្ស និងស្វា។ រីឯអ្នកចម្រៀង ក៏សុទ្ធតែជាស្រ្តី។ ការកត់សម្គាល់ មួយចំនួននាសម័យនោះ គឺក្បាច់ដៃមានខ្នាតធំ វែង ខ្ពស់ និងការផាត់មុខពណ៌ស។
រឿងថាហេតុអ្វីបានជាឈប់ផាត់មុខពណ៌ស ហើយមកផាត់មុខតាមរបៀបសម័យដូចបច្ចុប្បន្ននេះទៅវិញ? យើងឃើញមានយោបល់ផ្សេងៗគ្នា ទៅតាមការយល់ឃើញរបស់ម្នាក់ៗ។ មតិខ្លះយល់ថា ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្នសេរីវឌ្ឍនា ទ្រង់សព្វព្រះរាជហឫទ័យកែប្រែ ខ្នាត ទម្រង់ ជាពិសេសការផាត់មុខស មកជាការផាត់មុខ បែបសម័យនិយមបច្ចុប្បន្ន ព្រោះគេយល់ថា ការផាត់មុខបែបសម័យបច្ចុប្បន្ន ធ្វើឱ្យមាននិងលើក សម្រស់ប្រសើរជាងការលាប ឬផាត់មុខពណ៌ស។ មតិខ្លះទឿតពោលថា ការផាត់មុខសនិងមុខ ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ ស្អាតស្អំ និងព្រហ្មចារី។
លើសពីការលាបឬផាត់មុខពណ៌សទៅទៀត យើងក៏អាចសន្និដ្ឋានថា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ មានលក្ខណៈពិសេសនិងសំខាន់ ដោយយកកាយវិការនិងក្បាច់ជាមូលដ្ឋាន ដែលជាតម្លៃខ្ពស់បំផុតពាក់ព័ន្ធនឹងអាទិទេព មិនមែនមនុស្សធម្មតា។ ដូច្នេះក៏មានន័យថា មនុស្សធម្មតាសើចនឹងមាត់ដោយបបូរមាត់។ ឯអាទិទេពសើចដោយមធ្យោបាយសម្តែង (ក្នុងរបាំព្រះរាជទ្រព្យ) គឺដោយកាយវិការនិងក្បាច់។ ក្នុងករណីនេះ មុខពណ៌ស អាចជួយបន្ថែមឱ្យមានអព្យាក្រឹតភាពនៅលើទឹកមុខនៃអ្នករាំ។ ដូចដែលយើងបានឃើញទៀត គឺទម្រង់សិល្បៈខ្មែរខ្លះ ដូចជាល្ខោនខោល គឺគេបិទមុខជិតតែម្តង ដោយពាក់មុខខ្មុកពីលើមុខ របស់អ្នករាំថែមទៀតផង។
សរុបសេចក្តីមក យើងឃើញថា ការលាបឬផាត់មុខពណ៌សនេះមានន័យថា «មុខស» ជួយបំបាំងអារម្មណ៍និងមនោសញ្ចេតនាពិតប្រាកដរបស់អ្នករាំឬសម្តែង។ វាអាចធ្វើឱ្យមានអព្យាក្រឹតភាពលើការបង្ហាញមនោសញ្ចេតនានៅលើទឹកមុខអ្នកសម្តែង។ ដើម្បីនឹងពង្រឹងសម្រស់ និងសោភ័ណ មុខស ធ្វើឱ្យមានភាពភ្លឺចែងចាំងនៅក្រោមពន្លឺភ្លើង ជាពិសេសពន្លឺភ្លើងទៀន។ ការអនុវឌ្ឍនិងប្រើប្រាស់មុខពណ៌ស នៅបស្ចឹមប្រទេស គឺមានតាំងពីសតវត្សទី១៩មកម៉្លេះ៕
——————————–
WHITE-FACE PAINTING OR MAKE-UP IN KHMER COURT DANCE
On the occasion of the 100th anniversary of the Royal Ballet (1906-2006) under the royal patronage of His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni, King of the Kingdom of Cambodia, artists of the Ministry of Culture and Fine Arts under the leadership of Her Royal Highness Samdech Reach Botrei Preah Ream Norodom Buppha Devi have curated a performing program entitled “A Century of History of Royal Ballet.”
In the reign of His Majesty King Sisowath (1840-1927), from 1906 to 1950, dancers in the Royal Ballet were all women, and they also performed the roles of ogres and monkeys. Singers were also women. It was notable that, during that time, hand gestures were larger in size, longer, and higher than those of the present, as well as the use of white make-up.
It is true that most Cambodians know that the use of white make-up was reinstated and resurrected by Samdech Reach Botrei Preah Ream Norodom Buppha Devi, Mother of Khmer National Culture. Her Majesty Queen Sisowath Monivong Kossamak Nearirath Serey Vadhana has highly decided to restructure the dance scale, especially from the use of white make-up to the more and preferably regular make-up like what is in vogue in the present day.
The pure white make-up shows that the make-up not only elevates the skin to be more beautiful than normal, it is to also make the skin no longer look like the normal human skin. The dancers can only show a slight grin, not a full smile and let alone laughing aloud. Furthermore, apart from doing face make-up with powder, roles and characters in some Khmer performing art forms, namely, masked play or lkhaon khaol, even go so far as to wear paper-maché masks.
In sum, we observe that white make-up can help to cover the true feeling and emotions of the performers while simply showing their neutral facial expressions. Moreover, white-face painting enhances the facial color, making it shinier under the translucent light, especially candlelight, and it has been used and practiced in the West since the 19th century.
អត្ថបទដើម៖ បណ្ឌិត សំសំអាង