សិលាចារឹកបុរាណរបស់ប្រទេសកម្ពុជា តែងរកឃើញថ្មីៗជាប្រចាំនៅលើវិសាលភាពអតីតទឹកដីអាណាចក្រខ្មែរ ជាពិសេសទឹកដីកម្ពុជានាពេលបច្ចុប្បន្ន។ រហូតមកដល់ពេលនេះ លេខបញ្ជីសិលាចារឹកខ្មែរបានកើនឡើងដល់ K.១៥៧៦ ហើយ ប៉ុន្ដែនៅមានសិលាចារឹករកឃើញថ្មីៗមួយចំនួនទៀត ពុំទាន់ចុះបញ្ជីនៅឡើយ។ បើរាប់ទាំងគំនូសសញ្ញារបស់ក្រុមជាង ដែលមាននៅលើថ្មប្រាសាទបន្ថែមទៀតនោះ ចំនួនសិលាចារឹកបុរាណខ្មែរអាចមានចន្លោះ១៦០០ ទៅ ១៧០០។ នេះពុំរាប់បញ្ចូលអត្ថបទចារឹកដែលនៅលើថ្ម ស៊ីម៉ង់ត៍ ឬវត្ថុធាតុដទៃនាសម័យទំនើប មានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ ដែលរំលងភ្នែកឬមិនទាន់មានការចាប់អារម្មណ៍។ សិលាចារឹក រកឃើញនៅក្នុងរូបភាពប្លែកៗពីគ្នាដែលការរកឃើញខ្លះបានបង្ហាញជាសាធារណៈនិងប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរក្សាទៅនៅសារមន្ទីរជាដើម។ ការរកឃើញខ្លះទៀត ត្រូវអ្នករកឃើញរក្សាទុកជាឯកជន ឬខ្លះទៀតឈានទៅរកការជួញដូរ ដែលជាអំពើខុសច្បាប់ផងដែរ។
សិលាចារឹកបុរាណរបស់ប្រទេសកម្ពុជា តែងរកឃើញថ្មីៗជាប្រចាំនៅលើវិសាលភាពអតីតទឹកដីអាណាចក្រខ្មែរ ជាពិសេសទឹកដីកម្ពុជានាពេលបច្ចុប្បន្ន។ រហូតមកដល់ពេលនេះ លេខបញ្ជីសិលាចារឹកខ្មែរបានកើនឡើងដល់ K.១៥៧៦ ហើយ ប៉ុន្ដែនៅមានសិលាចារឹករកឃើញថ្មីៗមួយចំនួនទៀត ពុំទាន់ចុះបញ្ជីនៅឡើយ។ បើរាប់ទាំងគំនូសសញ្ញារបស់ក្រុមជាង ដែលមាននៅលើថ្មប្រាសាទបន្ថែមទៀតនោះ ចំនួនសិលាចារឹកបុរាណខ្មែរអាចមានចន្លោះ១៦០០ ទៅ ១៧០០។ នេះពុំរាប់បញ្ចូលអត្ថបទចារឹកដែលនៅលើថ្ម ស៊ីម៉ង់ត៍ ឬវត្ថុធាតុដទៃនាសម័យទំនើប មានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ ដែលរំលងភ្នែកឬមិនទាន់មានការចាប់អារម្មណ៍។ សិលាចារឹក រកឃើញនៅក្នុងរូបភាពប្លែកៗពីគ្នា ដែលការរកឃើញខ្លះបានបង្ហាញជាសាធារណៈនិងប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរក្សាទៅនៅសារមន្ទីរជាដើម។ ការរកឃើញខ្លះទៀត ត្រូវអ្នករកឃើញរក្សាទុកជាឯកជន ឬខ្លះទៀតឈានទៅរកការជួញដូរ ដែលជាអំពើខុសច្បាប់ផងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ មានគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបសិលាចារឹកមួយផ្ទាំង ដោយមិនមានព័ត៌មានបញ្ជាក់ថាសិលាចារឹកនោះ រកឃើញនៅទីណា ពេលណា និងរក្សាទុកនៅឯណានោះទេ។ តាមរយៈរូបថត សិលាចារឹកនេះចារនៅលើថ្មថ្លើមអណ្ដើកមួយបន្ទះ មានរូបចម្លាក់សត្វក្ងោកបើកកន្ទុយមួយក្បាល ដែលនៅសង្ខាងជើងសត្វក្ងោកនោះ មានឆ្លាក់សត្វពស់មួយគូ។ ផ្ទៃថ្មសម្រាប់ចារអត្ថបទ រំលីងរលោងស្មើល្អ។ នៅគែមផ្ទៃថ្មទាំងមូល មានរចនាស៊ុមជាបន្ទាត់ចំនួនពីរខ្សែ ដែលផ្ទៃខណ្ឌចែករវាងចម្លាក់ក្ងោកនិងអត្ថបទ មានខ្សែបន្ទាត់គូសខណ្ឌចែកចំនួន៤ខ្សែ។ សិលាចារឹកនេះ មានអក្សរចំនួន ៨ បន្ទាត់ ដែលតាមជម្រៅតួអក្សរនិងទឹកដៃចារ បង្ហាញឱ្យឃើញថា ៥ បន្ទាត់ដំបូង ចារឡើងមុន បន្ទាប់មក ៣ បន្ទាត់ទៀត ជាអត្ថបទដែលចារបន្ថែមនៅពេលក្រោយ។ តាមបុរាណលេខន៍សាស្ត្រ តួអក្សរដែលប្រើប្រាស់សម្រាប់ចារអត្ថបទនេះ ជាទម្រង់តួអក្សរបល្លវៈ-ចាលុក្យៈ ដែលប្រជាជននៅអាស៊ីអាគ្នេយ៍បុរាណទទួលយកមកពីឥណ្ឌាដើម្បីប្រើប្រាស់។ បើពិនិត្យលើវាក្យសព្ទនិងភាសាវិញ អាចសម្គាល់បានច្បាស់ថាជាអត្ថបទភាសាខ្មែរបុរាណសម័យមុនអង្គរ។ ដូច្នេះ លក្ខណៈរបស់ផ្ទាំងសិលាចារឹកនេះ មានទម្រង់អក្សរ និងអត្ថបទដូចសិលាចារឹកខ្មែរសម័យមុនអង្គរ នាស.វ.ទី៦-៧។ យ៉ាងនេះក្ដី សិលាចារឹកពុំស្គាល់ប្រភពច្បាស់លាស់និងពុំបានឃើញសភាពលក្ខណៈផ្ទាល់បែបនេះ ពុំអាចវាយតម្លៃបានប្រាកដថាជាវត្ថុក្លែងបន្លំឬជាវត្ថុបុរាណនោះឡើយ។ នៅក្នុងអត្ថបទនេះ នឹងពិនិត្យពីលក្ខណៈនេះផងដែរ។
ចំពោះសេចក្ដីនៅក្នុងអត្ថបទចារឹកនេះ ៥ បន្ទាត់ដំបូង គឺជាបញ្ជីតង្វាយអ្នកបម្រើប្រុស ៥ នាក់, ស្រី ៥ នាក់, ដីស្រែចំនួន ១ សន្រែ និងស្លាចំនួន ៣ ច្បារ ថ្វាយចំពោះទេពដែលមានព្រះនាមថា «ស្រីកាត៌ិ្តកេយ»។ ចំពោះអត្ថបទ ៣ បន្ទាត់ទៀត គឺជាបញ្ជីឈ្មោះអ្នកបម្រើប្រុសស្រីមួយចំនួនទៀត ដែលទំនងជាថ្វាយបន្ថែមទៅកាន់ប្រាសាទនាពេលក្រោយ។ ចំនួនអ្នកបម្រើ ពុំអាចរាប់សរុបបានច្បាស់លាស់ឡើយ ដោយសារតែតួអក្សរចារបន្ថែមនោះ មានសភាពស្រាលដោយអន្លើ និងដោយសារគុណភាពរូបថតផង។
កាត៌ិ្តកេយ គឺជានាមរបស់ព្រះស្កន្ទ ដែលជាបុត្រាមួយអង្គរបស់ព្រះឥសូរ។ ទ្រង់មានព្រះនាមដទៃទៀតដូចជា កុមារ សុព្រហ្មន្យ សន្មុខ ជាដើម ។ ទ្រង់ជាទេពខាងចម្បាំង។ នៅកម្ពុជាសម័យបុរាណ មានសិលាចារឹកនិងចម្លាក់ជាច្រើន ដែលបង្ហាញពីទេពអង្គនេះ។ ព្រះនាមទេពអង្គនេះ ស៊ីគ្នាជាមួយចម្លាក់សត្វក្ងោក នៅលើផ្ទាំងចារឹកនេះ ដ្បិតសត្វក្ងោក គឺជាពាហនៈ ឬយានជំនិះ របស់ព្រះស្កន្ទ។ ចំពោះរូបសត្វពស់វិញ ក៏ទាក់ទងនឹងព្រះស្កន្ទនេះដែរ។ ព្រះស្កន្ទក្នុងព្រះនាមជា សុព្រហ្មន្យ ត្រូវគេគោរពបូជាក្នុងរូបតំណាងជាសត្វពស់។ ប្រាសាទសុព្រហ្មន្យ នៅប្រទេសឥណ្ឌា សំបូរទៅដោយសត្វពស់ ហើយអ្នកស្រុកតែងបូជាសត្វពស់ទាំងនោះដោយស៊ុតនិងដូង។ ដូច្នេះរូបសត្វពស់ឆ្លាក់នៅសង្ខាងជើងសត្វក្ងោកនោះ ក៏ជាតំណាងឱ្យព្រះស្កន្ទផងដែរ។
ចំពោះទម្រង់អក្សរនិងវាក្យសព្ទនៅក្នុងសិលាចារឹកនេះ សង្កេតឃើញមានចំណុចមួយចំនួនដែលពុំធ្លាប់ជួបប្រទះពីមុនមក។ សញ្ញាស្រៈនិស្ស័យ «េ» នៅក្នុងពាក្យ «វងេ» រចនាទម្រង់រូបរាងប្លែក។ លក្ខណៈទម្រង់តួអក្សរដទៃទៀត ពុំមានអ្វីប្លែកនោះឡើយ។ សញ្ញាស្រៈ «ិ» នៅក្នុងពាក្យ «មុនិ» និង «និម៌្មទ», ស្រៈ «ា» ដែលរចនាទាញចុះក្រោមកួចមកខាងឆ្វេង មានលក្ខណៈចាស់បុរាណ។ បើសង្កេតចំពោះវាក្យសព្ទវិញ ពាក្យ «ក្មត៌្តាង៑» ត្រូវនឹងពាក្យ «កម្រតាង៑»។ សំណេរបែបនេះ ពុំធ្លាប់ជួបប្រទះឡើយ ប៉ុន្ដែសំណេរនេះ មានលក្ខណៈត្រូវនឹងអក្ខរវិធីខ្មែរបុរាណត្រង់ចំណុច «ត៌្តាង៑»។ កាលពីសម័យបុរាណ ពាក្យដែលមានសរសេរនឹងសញ្ញារបាទ «៌» រមែងតម្រួតព្យញ្ជនៈក្រោមរបាទនោះម្ដងទៀត បើទោះបីជាពាក្យនោះ ជាពាក្យសំស្ក្រឹតឬខ្មែរបុរាណក៏ដោយ។ ពាក្យ «ក្មត៌្តាង៑» នេះ ប្រសិនបើដកជើងម «្ម» ចេញពីតួក មករៀបតាមលំដាប់សំណេរនិងអក្ខរវិធីវិញ នោះយើងនឹងទទួលបានពាក្យ «កម្រតាង៑» វិញ។ នៅលើសិលាចារឹកនេះ មានសញ្ញាមួយចំនួនចារលើស និងបានលុបចេញវិញផងដែរ ដូចជានៅក្រោមពាក្យ «កាត៌ិ្តកេយ» និង «និម៌្មទ»។
ចំពោះបច្ចេកទេសឆ្លាក់រូបនិងចារតួអក្សរវិញ សង្កេតឃើញមានលក្ខណៈដូចចម្លាក់និងសិលាចារឹកដទៃទៀត នៅសម័យមុនអង្គរដែរ។ បច្ចេកទេសនេះ ទំនងជាប្រើដែកចារឬដែកឆ្លាក់មុខមូល ដាប់ម្ដងមួយចំណុចៗបន្ដគ្នាជាខ្សែចំពោះតួអក្សរ។ ចំណុចទាំងនេះអាចសង្កេតឃើញមាននៅលើផ្ទៃរូបចម្លាក់ផង និងតួអក្សរចារផង។
ជាសរុបរួមមក ផ្ទាំងសិលាចារឹកនេះ មានលក្ខណៈជាវត្ថុបុរាណ ច្រើនជាងវត្ថុចម្លងឬប្រឌិតថ្មី។ បើពិនិត្យទៅលើភាពស៊ីចង្វាក់គ្នារវាងអត្ថបទនិងរូបចម្លាក់ ក្រៅពីអ្នកមានជំនាញមានចំណេះដឹងខាងប្រតិមាសាស្ត្រ ទេពកថា ប្រវត្តិសិល្បៈ និងសិលាចារឹក អ្នកចម្លងឬប្រឌិតវត្ថុសិល្បៈសម័យថ្មី ទំនងជាពុំមានសមត្ថភាពអាចបង្កើតឡើងបាននោះទេ។ លក្ខណៈតួអក្សរ វាក្យសព្ទ និងអត្ថបទ ទោះបីជាមានលក្ខណៈខុសប្លែកមួយចំនួនតូចដែលពុំធ្លាប់ឃើញពីមុនមក ជាទូទៅមានលក្ខណៈត្រឹមត្រូវតាមទម្រង់បុរាណដែលធ្លាប់ជួបប្រទះជាច្រើនកន្លងមក។ បច្ចេកទេសឆ្លាក់ ចារអក្សរ និងការជ្រើសរើសថ្មមកប្រើប្រាស់ ក៏ស្ថិតក្នុងរបៀបរបបសម័យមុនអង្គរផងដែរ។ ផ្អែកតាមលក្ខណៈដែលបានលើកឡើងមកនោះ អាចសន្និដ្ឋានបានជាបណ្ដោះអាសន្នថា ផ្ទាំងសិលាចារឹកនេះ ជាវត្ថុបុរាណប្រាកដ។ យ៉ាងនេះក្ដី សេចក្ដីពិតប្រាកដយ៉ាងណានោះ រំពឹងលើការស្គាល់ទីតាំងពិតប្រាកដនៃសិលាចារឹកនេះ ព្រមទាំងទីតាំងរកឃើញ ទើបអ្នកជំនាញបុរាណវត្ថុវិទ្យា អាចកំណត់បានថាជាវត្ថុពិតប្រាកដឬចម្លងប្រឌិតថ្មី។
សង្ឃឹមថា តាមរយៈការផ្សព្វផ្សាយរបស់បណ្ដាញព័ត៌មាន AMS អរិយធម៌ខ្មែរ ប្រជាជនខ្មែរ នឹងមានស្មារតីស្រឡាញ់ ថែរក្សា ការពារ រាល់សម្បត្តិបេតិកភណ្ឌ ដែលជាមរតរបស់បុព្វការីជន ឱ្យគង់វង្សតរៀងទៅ។
អត្ថបទចារឹកជាអក្សរខ្មែរទំនើប
១- វ្រះក្មត៌្តាង៑អញ៑ឝ្រីកាត៌ិ្តកេយ(្យ)
២- ក្ញុំវ្រះវមុនិទាស១វតោយ៑ភាគ្យ១
៣- វនិម៌្មទ១វអវៃចិត្ត១កុអញ្ជន៑១
៤- កុសគ៌្គាល៑១កុវងេ១កុកុំ១កុយាង្ច្ម[[១]]
៥- វច្កប៑១ស្រេសន្រេមោយ១ច្បរ៑ស្លា២
៦-កុច—១កុ(ត្មាង៑)១(វក្ល-អរភ៑)១កុ
៧- អគត៑១កុចន៑ចាន៑១កុជីវ១
៨- វកន៑ហេ១កុ–
អត្ថបទប្រែសម្រួល
ព្រះកម្រតាងអញស្រីកាត៌ិ្តកេយ។ អ្នកបម្រើព្រះ (មាន) វមុនិទាស១ វដោយភាគ្យ១ វនិម៌្មទ១ វអវៃចិត្ត១ កុអញ្ជន១ កុសគ៌្គាល១ កុវ្ងេ១ កុកុំ១ កុយាងច្ម១ វច្កប១ ស្រែ១សន្រែ ច្បារស្លា២។ កុច—១ កុត្មាង១ វក្ល-អរភ១ កុអគត១ កុចនចាន១ កុជីវ១ វកន្ហេ១—។
វាក្យសព្ទ
វ ជាឋានន្ដរនាមសម្គាល់អ្នកបម្រើភេទប្រុស។
កុ ជាឋានន្តរនាមសម្គាល់អ្នកបម្រើភេទស្រី។
វ្រះក្មត៌្តាង៑អញ (=វ្រះកម្រតាង៑អញ៑) ឋានន្ដរនាមដាក់ខាងដើមព្រះនាមទេព។
អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង