ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ព្រះយមនៅសម័យដំបូង (ករណីសិក្សា ចម្លាក់ព្រះយមនៅលើផ្តែរទ្វារប្រាសាទភ្នំ...

ចម្លាក់ព្រះយមនៅសម័យដំបូង (ករណីសិក្សា ចម្លាក់ព្រះយមនៅលើផ្តែរទ្វារប្រាសាទភ្នំព្រះបាទ ខេត្តកំពង់ចាម)

ព្រះយម គឺជាអាទិទេពដ៏សំខាន់មួយក្នុងព្រហ្មញ្ញសាសនា ដែលគេស្គាល់ច្បាស់ថាជាទេពដែលស្គាល់សេចក្តីស្លាប់ដំបូងគេ។ នៅសម័យដំបូង (សម័យមុនអង្គរ) យើងតែងតែឃើញបណ្តាសាជាច្រើននៅក្នុងសិលាចារឹក ដែលគេដាក់បណ្តាសាដល់ជនណាដែលហ៊ានបំផ្លាញ ឬលួចទ្រព្យសម្បត្តិនៅទេវស្ថាននឹងត្រូវធ្លាក់នរក។ ឧទាហរណ៍ សិលាចារឹកទួលអង្គជើងរាស់ ខេត្តកំពង់ស្ពឺ (ស.វ.ទី៧) រៀបរាប់ថា៖ “គេតសក៑គិនេះគ្លាងវ្រះគេទៅនរក្កយាវតសូយ៌្យស្ស្យចន្រ្ទស្ស្យតាវត៑ នរកទុះខិតះ” ដែលប្រែសម្រួលថា៖ “អ្នកដែលលួចយកទ្រព្យសម្បត្តិក្នុងឃ្លាំងព្រះនឹងធ្លាក់ទៅរងទុកវេទនានៅស្ថាននរក ដរាបណាឱ្យតែព្រះអាទិត្យព្រះចន្រ្ទនៅមាន”។ ឧទាហរណ៍នេះ ស្តែងឱ្យឃើញថា មនុស្សខ្មែរបុរាណគោរពព្រហ្មញ្ញសាសនារឹងមាំណាស់ ហើយក៏ជឿលើបុណ្យបាប (សួគ៌ និងនរក) ឬគោរពប្រណិប័តន៍ព្រះយមដូចគ្នាដែរ។ ទោះបីជាយ៉ាងណា នៅសម័យដំបូងដដែលនេះ គេសង្កេតឃើញថា ចម្លាក់ព្រះយមមានតិចតួចបំផុត បើធៀបជាមួយចម្លាក់អាទិទេព​ដទៃទៀតនៅក្នុងព្រហ្មញ្ញសាសនា សូម្បីចម្លាក់ផ្កាយនព្វគ្រោះ (ទេព៩)មួយផ្ទាំងដែលឆ្លាក់នៅស.វ.ទី៧ ក៏យើងពិបាកកំណត់ថាមួយណាជាព្រះយមបានឡើយ។

ផ្ទាំងចម្លាក់ទេពនព្វគ្រោះ រកឃើញនៅទួលវត្តចាស់ (តំបន់ប្រាសាទសំបូរព្រៃគុក)

ប៉ុន្តែនៅសម័យអង្គរវិញ ចម្លាក់ព្រះយមគេឃើញមានច្រើនរាប់មិនអស់ដូចគ្នា ឧទាហរណ៍ ចម្លាក់ព្រះយមនៅប្រាសាទ  មេបុណ្យខាងកើត ចម្លាក់នៅប្រាសាទបន្ទាយស្រី ចម្លាក់នៅ ចម្លាក់នៅប្រាសាទអង្គរវត្ត (រូបលេខ៤-៥) បដិមាព្រះយមជិះលើក្របីធ្វើពីលោហៈ​ធាតុ (រូបលេខ៦)។ល។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងសិក្សាចម្លាក់ព្រះយមនៅសម័យដំបូង (ស.វ.ទី៧) ដ៏កម្រមួយដែលឆ្លាក់លើផ្តែរប្រាសាទភ្នំព្រះបាទ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ចម្លាក់បង្ហាញព្រះយមជិះនៅលើក្របី​នៅលើហោជាងនិងផ្តែរទ្វារប្រាសាទបន្ទាយស្រី
ចម្លាក់ព្រះយមជិះលើក្របី (កញ្ចាំងនៅប្រាសាទអង្គរវត្ត)
ចម្លាក់ព្រះយមជិះលើក្របី នៅជញ្ជាំងប្រាសាទអង្គរវត្ត

នៅក្នុងទេវកថារឿងមហាភារត នៃព្រហ្មញ្ញសាសនា ព្រះយម គឺជាបិតារបស់យុធិស្ថិរ ហើយគម្ពីរជាច្រើនទៀតគេស្គាល់ថា ទ្រង់ គឺជាបុត្ររបស់ព្រះសូរ្យ (ព្រះអាទិត្យ) និងនាងសរន្យុ (សន្ជន ឬសម្ជន ដែលត្រូវជាបុត្រីរបស់ព្រះវិស្វកម៌) ហើយព្រះយម ក៏ជាបងប្រុសរបស់ស្រាទ្ធទេវមនុ និងជាប្អូនប្រុសរបស់ព្រះនាងយមិ (យមុនា) ដែរ។ គេជឿថា ព្រះយម គឺជាទេពដែលស្គាល់សេចក្តីស្លាប់មុនគេ ហើយក៏ជាអ្នកដែលចាប់កំណើតមុនគេបង្អស់ដែរ ម្ល៉ោះហើយទើបគេចាត់ទុកទ្រង់ថា​ជាទេពនៃអ្នកស្លាប់ ឬជាស្តេចនៃស្ថាននរក។ សេនាកត់ត្រារបស់ព្រះយមមានពីរនាក់ គឺ  ចិត្រគុប្ត (Citragupta) ជាអ្នកអានឈ្មោះអ្នកស្លាប់ និងម្នាក់ទៀតឈ្មោះ អគ្រសន្ធនី (Agra-Sandhani) ជាអ្នករៀបរាប់អំពីជីវិតរបស់បុគ្គលម្នាក់ៗ។ ក្រៅពីនេះគេដឹងថា ព្រះយមមានឆ្កែពីរក្បាលដែលមានភ្នែ​កបួនជាសេនាផ្ទាល់របស់ទ្រង់ ដែលមានឈ្មោះថា ស្យាម (Śyama) និងមួយក្បាលឈ្មោះ សបល (Sabala)។ បន្ទាប់ពីអានពីទង្វើរបស់អ្នកស្លាប់កាលនៅរស់រួចមក ព្រះយមមានតួនាទីថ្លឹងថ្លែងអំពើល្អនិងអាក្រក់ដែលបុគ្គលបានកសាង រួចត្រូវសម្រេចថាឱ្យវិញ្ញាណរបស់អ្នកស្លាប់នោះអាចទៅស្ថានសួគ៌ (អ្នកប្រព្រឹត្តអំពើបុណ្យ) និងទៅរងទុក្ខវេទនានៅស្ថាននរក (អ្នកប្រព្រឹត្តអំពើបាប)។ ត្រង់ន័យនេះ មានន័យថា រាល់មនុស្សដែលបានស្លាប់ហើយ ព្រលឹងបុគ្គលគ្រប់រូបត្រូវចាំបាច់ទៅជួបព្រះយមជាមុនសិន។ ព្រះយម គឺជាលោកបាលប្រចាំនៅទិសខាងត្បូង មានយានជំនិះជាសត្វក្របី និងមានព្រះហស្តកាន់ដំបង និងខ្សែចំណងដែលជាអាវុធទុកសង្រ្គោះជនរងគ្រោះ។

ដោយឡែក ចម្លាក់ផ្តែរទ្វារមកពីប្រាសាទភ្នំព្រះបាទដែលយកមកសិក្សានេះ គឺយើងឃើញខាងចុងសងខាងលម្អដោយរូបសត្វមករបែរចូលក្នុងខ្ជាក់ក្បាច់បន្ទាត់ធ្នូ និងខាងក្រោមមានរំយោ​លផ្កាឬកម្រងមាលា ដែលជាលក្ខណៈទូទៅរបស់រចនាបថ​សំបូរព្រៃគុក (ស.វ.ទី៧) (រូបលេខ៧-៨)។ នៅចំពាក់កណ្តាលផ្តែរ យើងឃើញមានចម្លាក់ចំនួនបី គឺរូបកណ្តាលជាចម្លាក់ព្រះយម ឬយមរាជ ក្នុងកាយវិការពែនភ្នែនជិះលើសត្វក្របីមានស្នែងវែង ព្រះហស្តម្ខាងដាក់ទម្លាក់ចុះមកក្រោមក្បែរក្បាលជង្គង់ ព្រះហស្តម្ខាងទៀតដាក់មកដើមទ្រូងប្រដាប់ដោយដំបងមួយដែល​ចុងដំបងស្ថិតនៅកៀកស្មា រីឯព្រះភក្រ្តក្នុងទម្រង់សមាធិ (បិទព្រះនេត្រ) ព្រះកេសរួញស្រដៀងគូទខ្យងបួងឡើងទៅលើ ឬអាចមិនមែនកេសា តែបង្ហាញអំពីមួកម្យ៉ាងដែលមានជាយសងខាងធ្លាក់មកក្រោមស្រដៀងក្រវិលវែងៗ (រូបលេខ៩)។ ចំណែក រូបទេពនៅសងខាង​វិញ គឺឈរនៅលើទម្រមួយរាងមូល ទំនងស្លៀកសំពត់ខ្លី (?) ព្រះហស្តទាំងពីរលើកមកហួសផ្ចិតបន្តិច​ប្រដាប់ដោយវត្ថុរាងមូលវែង ហើយការលម្អទម្រង់ព្រះភក្រ្តផ្នែកខាងលើស្រដៀងរូបទេពនៅកណ្តាលដែរ (រូបលេខ១០)។ ទេពទាំងពីរសងខាងនេះ អាចទំនងជាសេនាកត់ត្រារបស់ព្រះយមរាជ គឺម្នាក់ឈ្មោះ ចិត្រគុប្ត (Citragupta) ជាអ្នកអានឈ្មោះអ្នកស្លាប់ និងម្នាក់ទៀតឈ្មោះ អគ្រសន្ធនី (Agra-Sandhani) ជាអ្នករៀបរាប់អំពីជីវិតរបស់បុគ្គលម្នាក់ៗ ព្រោះយើងមើលវត្ថុដែលកាន់ជាប់នឹងព្រះហស្តទាំងសងខាងនេះអាចជាឯកសារដែលគេរុំឱ្យមើលឬចងខ្សែ សម្រាប់អានពីឈ្មោះ និងប្រវត្តិបុគ្គលស្លាប់ម្នាក់ៗ។

ចម្លាក់បង្ហាញព្រះយម ឬយមរាជ ដោយមានសេនាកត់ត្រានៅសងខាង (?) របៀបនេះ​យើងមិនសូវប្រទះឃើញច្រើនឡើយនៅសម័យអង្គរ ពោល គឺច្រើនតែគេបង្ហាញព្រះយមជិះនៅលើសត្វក្របីរបៀបជារូបទោលតែឯង ឆ្លាក់នៅតាមផ្តែរទ្វារ ឬហោជាងនៅទិសខាងត្បូង។ ប៉ុន្តែទោះបីកម្រយ៉ាងណា ក៏យើងឃើញមានទម្រង់ស្រដៀងគ្នានេះមួយនៅលើផ្តែរទ្វារប្រាសាទវត្តភូ (សព្វថ្ងៃនៅស្រុកលាវ) (រូបលេខ១១) ដែលបង្ហាញព្រះយមកាន់ដំបអង្គុយបញ្ឈរជង្គង់ម្ខាងនៅលើទម្ររាងបួនជ្រុងមួយនៅចំកណ្តាលផ្តែរ និងតួអង្គពីរនាក់ទៀតមានពុកមាត់ និងពុកចង្កាវែងអង្គុយនៅលើទម្ររាងបួនជ្រុង ដោយម្នាក់នៅខាងឆ្វេងអង្គុយបញ្ឈរជង្គង់ម្ខាងដៃកាន់វត្ថុអ្វីម្យ៉ាងបែរមុខមករកព្រះយមដែលទំនងជាព្រះចិត្រគុប្ត និងម្នាក់ទៀតអង្គុយចោងហោងដាក់ជង្គង់ទៅមុខស្មើដោយដៃទាំងពិរលើកប្រណម្យចំដើមទ្រូងដែលទំនងជាអគ្រ-សន្ធនី។ អ្នកទាំងពីរនេះ សុទ្ធតែទ្រដោយដៃម្ខាងរបស់សត្វតោដូចគ្នា។ សព្វថ្ងៃ ព្រះចិត្រគុបត្ត ដែលជាសេនាកត់ត្រារបស់ព្រះយម គេនៅតែគោរពប្រតិបត្តិមកដល់សព្វថ្ងៃ ដែលយើងឃើញមានច្រើននៅស្រុកសៀម (រូបលេខ១២) និងស្រុកឥណ្ឌាមានប្រាសាទឈ្មោះចិត្រគុប្តក៏មាន (រូបលេខ១៣)។

ផ្តែរទ្វារប្រាសាទភ្នំព្រះបាទ ខេត្តកំពង់ចាម
ចម្លាក់បង្ហាញព្រះយម និងសេនាកត់ត្រានៅលើផ្តែរប្រាសាទវត្តភូ

ជារួមមក យោងតាមតឹកតាងមួយចំនួនដូចបានពន្យល់ខាងលើ យើងអាចសន្និដ្ឋានដំបូងថា ចម្លាក់នៅលើផ្តែរទ្វារប្រាសាទភ្នំព្រះបាទ ដែលស្ថិតនៅក្នុងរចនាបថសំបូរព្រៃគុក ស.វ.ទី៧ អាចជាចម្លាក់ព្រះយមជិះលើសត្វក្របី និងអមសងខាងដោយសេនាកត់ត្រាពីរនាក់ដែលមានឈ្មោះថា ចិត្រគុប្ត និងអគ្រ-សន្ធនី។ ចម្លាក់ព្រះយមនៅសម័យដំបូងរបស់ខ្មែរមានលក្ខណៈកម្រខ្លាំងណាស់ ហើយចម្លាក់ព្រះចិត្រគុបត្តក៏រឹតតែកម្រមានថែមទៀត។ ចម្លាក់នេះស្តែងឱ្យឃើញពីភាពចេះដឹងជ្រៅជ្រះរបស់ខ្មែរក្នុងការប្រណិប័តន៍ព្រហ្មញ្ញសាសនាកាលពីសម័យបុរាណ៕

—————————–

Relief of Yama in the early period: relief of Yama on the lintel of Prasat Phnom Bat

Yama is an important God in Hinduism. He is known as a god of death. In the early period, the relief of Yama was rare compared to other deities. However, in the Angkorian period, the reliefs were carved everywhere. For instance, the relief at Banteay Srei temple, Angkor Wat temple, and metal statues of Yama on buffalo. Significantly, this short article will discuss the relief of Yama in the early period of the 7th century which was carved on the lintel of Prasat Phnom Bat, Cheong Prei district, Kampong Cham province. the

In Mahabharata, Yama is a father of Yudhistira. However, based on some scripts, he is a son of God Surya (The Sun) and Sanjana, a daughter of Vishwakarma. He is an elder brother of Sradhdeva Manu and a brother of Yamuna. God Yama is believed to be the first god who knows death and reborn. Therefore, he becomes a god of death and the King of hell. He has two important companions, Citragupta (who reads the name of human), and Agra Sandhani (who describes their lives). Yama has two dogs, and each of them has four eyes. They are Syama and Sabala. After listening to the actions of the human beings, Yama is responsible for the dispensation of law and punishment of sinners whether they will attain heaven or hell. In this case, after the death, the soul will wait to get a judgment from Yama. Yama is a guardian of the south and has a buffalo as a vehicle. He holds a stick and a cord for saving the victim.

Significantly, the lintel of Prasat Phnom Bat is decorated with Makara on both ends. Makara faces in and sputters a bow and has garlands of the flower. These characteristics correspond to the Sambo Prei Kuk style, of the 7th century. In the middle of the lintel has three deities and the middle one is Yama. He sits cross leg on a long horns buffalo. One of his hands puts close to the knee and another one holds a stick and places it on the chest. He has meditated eyes, and curly hair as snail-shell curls bunch to the top. This appearance could be shown as a kind of head that has two ends running down as long earrings. The deities flank the Yama stands on a cylindrical pedestal, wearing a short skirt and both hands hold a rounded long tool. The appearance of the faces is the same as Yama’s. Both deities might be Citragupta and Agra Sandhani.

The Yama that is flanked by two deities like this is rare in the Angkorian period. Generally, Yama was depicted sitting alone on the back of buffalo. Although it is rare, similar relief is found on the lintel of Prasat Vat Phu (present-day Laos). In this lintel, Yama gets down on one knee and a square shape of a pedestal. Nearby, there is a male figure sitting the same way as Yama and holding something face to Yama. He should be Citragupta. Furthermore, another male figure who raises his hand to worship and sits next to Yama might be Agra Sandhani.  Both of them support by the two hands of a lion. In the present, Citragupta is still worshipping. Most of the cases are in India and Thailand. 

According to the information above, the primary suggestion is that the lintel of Prasat Phnom Bat is in the 7th century of Sambo Prei Kuk style. It has the figure of Yama who flanks by Citragupta and Agra Sanghani. The relief of Yama in the early period was rare. However, the figure of Citragupta was rarest. This relief shows the knowledge of the Khmer people on Hinduism in ancient times.

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!