ខែឧសភា ឆ្នាំ២០២២នេះ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះសិក្សាផូស៊ីលបឋមនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាច្រើនទីតាំង។ តំបន់ភ្នំខ្ពស់ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ ខេត្ត-បាត់ដំបង ជាប់នឹងអាងទឹកកំពីងពួយ ហើយភ្នំពេជ្ររ៉ូ ភ្នំកុយ និងភ្នំដំបងវែងក៏នៅក្បែរផងដែរ(រូបលេខ១)។ តំបន់ភ្នំខ្ពស់ ត្រូវបានរកឃើញសំណាកផូស៊ីលសត្វសមុទ្រជាច្រើនជាពិសេសគឺផ្កាថ្មដែលកប់ក្នុងថ្មកំបោរ។
ភ្នំថ្មកំបោរនៅក្នុងខេត្តបាត់ដំបង តាមរយៈផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា តំបន់មួយចំនួននៅក្នុងតំបន់នេះ មានអក្សរសំគាល់ PLS ដែលមានអាយុកាលស្ថិតនៅក្នុងសម័យកាល Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក Paleozoic។
ភ្នំខ្ពស់ស្ថិតនៅខាងកើតភ្នំដំបងវែង និងជាប់ជាមួយភ្នំកុយ នៅផ្នែកខាងកើតឈៀងខាងត្បូង អាងទឹកកំពីងពួយ។ ផ្នែកខាងលិចនៃភ្នំ យើងបានជួបសំណាកផូស៊ីលតិចតួច តែប្រទះឃើញផូស៊ីលសត្វសមុទ្រជាច្រើននៅខាងកើតភ្នំ។ ផូស៊ីលដែលត្រូវបានរកឃើញ ច្រើនបំផុតជាប្រភេទផ្កាថ្មសំបុកឃ្មុំ ដែលខ្លះមានទំហំធំធាង៥០ស.ម មានដូចជា៖ ប្រភេទទី១ ជាប្រភេទផ្កាថ្មមួយត្រូវបានរកឃើញមានចំនួនច្រើនជាងគេនៅភ្នំនេះ ដែលបានកប់ក្នុងថ្មកំបោរ ហើយបានលេចចេញមកក្រៅដោយសារការកាយយកអាចម៍ដីគ្រួសក្រហមនាពេលបច្ចុប្បន្ន (រូបលេខ២)។
តាមការពិនិត្យ ពួកនេះប្រហែលស្ថិតនៅក្នុង Family Rhizangiidae, Class Scleractinia, Filum Cnidaria។ ប្រភេទទី២ (រូបលេខ៣) ប្រភេទទី៣ (រូបលេខ៤) ប្រភេទទី៤ (រូបលេខ៥)។ ប្រភេទនៃសត្វសមុទ្របុរាណមួយចំនួនដែលរកឃើញផ្សេងទៀតមានដូចជា៖ ប្រភេទ Sponge ដែលមានដើមតូចៗ និងរាងកាយទន់ដូចអេប៉ុង ដែលពួកនេះច្រើនតែមានវត្តមាននៅជាមួយពពួកផ្កាថ្ម (រូបលេខ៦)។ (រូបលេខ៧) ជាប្រភេទខ្យងដែលមានគូទស្រួចវែង ដែលយើងធ្លាប់ជួបប្រទះនៅស្ថានីយផូស៊ីលមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។ (រូបលេខ៨) ក៏ជាប្រភេទខ្យង ដែលមានគូទទាល មានទំហំប្រមាណ២ស.ម។ (រូបលេខ៩) វាមានរូបរាងប្រហាក់ប្រហែលខ្យងតែវាជាប្រភេទអាម៉ូណាយ ដែលមានសណ្ឋានប្រហាក់ប្រហែលខ្យង និងដងខ្លួនវាពេលនៅរស់ដូចម៉ឹក។ (រូបលេខ១០) មានរូបស្រដៀងសត្វងាវ ផ្នែកខាងក្រោយនៃសត្វនេះមានរន្ធមួយ ដែលនៅពេលវានៅរស់វាមានអវៈយវៈមួយដុះចេញមកក្រៅ ដូចសត្វកាឈីវសមុទ្រក្នុងពេលបច្ចុប្បន្ន គេហៅវាថាជាពពួក Brachiopods។ ហើយរូបលេខ១១ ក៏ស្ថិតក្នុងអំបូរពួកនោះដែរ ដែលមានសំបករលោងដូចលាស តែមាត់របស់ខុប ដោយសំបកម្ខាងផតចូល និងម្ខាងលយចេញមក អាចគ្របចូលគ្នាបាន។ (រូបលេខ១២) ជាអវៈយវៈ នៃពពួកកាំប្រម៉ាសមុទ្រដែលប្រហាក់ប្រហែលរូបលេខ១៣។
តាមរយៈភស្តុតាងមួយចំនួនអាចបញ្ជាក់ អំពីវត្តមាននៃអតីតសមុទ្រដែលធ្លាប់មាននៅក្នុងភូមិសាស្ត្រតំបន់ភ្នំខ្ពស់។ យើងជឿថានឹងមានវត្តមានសត្វសមុទ្រផ្សេងទៀត ប្រសិនបើយើងមានការសិក្សាបន្ថែម។ លើសពីនេះ ការសិក្សាដែលក្រុមការងារបានប្រមូលពីស្ថានីយផុស៊ីលសត្វសមុទ្រមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដូចជាភ្នំសំពៅ ភ្នំបាណន់ ភ្នំទាក់ទ្រាំង ភ្នំ៧ និងភ្នំក្រពើនេះផងដែរ ដែលបានបង្ហាញអំពីវត្តមាននៃសត្វសមុទ្រកាលពីអតីកាល ដែលមានកើតឡើងនៅស័ក Paleozoic សម័យកាល Permian (២៥១-២៩៩លានឆ្នាំ)។ ទោះយ៉ាងណានេះជាអាយុកាលបណ្តោះអាសន្នតែប៉ុណ្ណោះ វត្តមានផូស៊ីលសត្វភាគច្រើនមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយទេ? យើងនិងមានការសិក្សាបន្ថែមទៀតទៅលើប្រភេទសត្វដែលយើងបានរកឃើញ។ តំបន់ភ្នំខ្ពស់ជាទីតាំងសំខាន់មួយដែលមានភស្តុតាងផ្កាថ្មសមុទ្រជាច្រើន ដែលគួរតែរៀបចំជាតំបន់អភិរក្សផូស៊ីលមួយនាពេលអនាគត៕
——————————-
Phnom Kphos marine fossil site, Battambang Province
In May 2022, the Fossil Study Team of the Department of Heritage Zone of the General Directorate of Livelihood Community, Ministry of Environment was the primary research of fossils in Battambang province. Phnom Kpous (Kpous Mountain) area is located in Banan district, Battambang province near Kamping Puoy reservoir, and Phnom Pich Ro and Phnom Koy, and Phnom Dambang Veng are also nearby. Phnom Kpous area found many marine fossils, especially corals buried in limestone.
According to the geological map of the Kingdom of Cambodia, the Limestone mountains in Battambang province date in the Permian period (251-299 million years) of the Paleozoic era.
Phnom Kpous is located east of Phnom Dambang Veng and adjacent to Phnom Koy in the southeast of Kamping Puoy Reservoir. In the western part of the mountain, it was found a few fossils but there were many found marine fossils in the eastern part of the mountain. The most commonly found fossils are beehive corals species up to 50 cm in centimeters. These may be in the Family Rhizangiidae, Class Scleractinia, Filum Cnidaria. Some of the other ancient marine species found include Sponge species with long-tailed shells that we have encountered at some fossil sites in Banteay Meanchey province. In addition, the short-tailed shells have been found about 2 cm in size. Another finding species cockle-like shape. The back of this species had a hole when it was alive, it had a limb that protruded like Kachiv (sea animal), now called the Brachiopods. Other limbs have been found that it is similar to a sea urchin species.
Based on the finding it can be identified that Phnom Kpous is a former marine site. We believe that other marine animals will be present if we study further. In addition, the research team has collected the marine fossil in Battambang province, such as Phnom Sampov, Phnom Banan, Phnom Teak Traing, Phnom Brampi, and Phnom Krapeu, which showed the presence of marine animals in the past and it was in the Permian period of the Paleozoic era (251-299 million years). However, this is only a temporary date, the presence of most marine animal fossils is not identified yet? We will have further research on the species that we have discovered. Furthermore, the Phnom Kpous site is an important source of coral reefs that should be designated as a fossil conservation site in the future.
អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ