កាលពីអត្ថបទមុនខ្ញុំបានបង្ហាញម្ដងហើយពីទម្រង់ប្រាសាទមួយប្រភេទដែលខ្មែរទទួលឥទ្ធិពលពីសិល្បៈឥណ្ឌា គឺប្រាសាទបែបសាលា ឬវលភី។ សម្រាប់អត្ថបទនេះខ្ញុំនឹងបង្ហាញទម្រង់ប្រាសាទមួយប្រភេទទៀតដែលជាងនៅសម័យបុរាណទំនងជាបានទទួលឥទ្ធិពលពីសិល្បៈឥណ្ឌាដែរ នោះគឺទម្រង់ប្រាសាទបែប ផាម្សនា (Phāmsanā)។ ពាក្យថា “ផាម្សនា” ជាពាក្យបច្ចេកទេសហៅតាមភាសាសំស្ក្រឹត ចំណែកភាសាអូរិយាវិញហៅសំណង់ប្រភេទនេះថា “បិឍាទេឧល” (Piḍhā Deul)។ ប្រាសាទបែបផាម្សនា ជាប្រភេទសំណង់មានរាងបួនជ្រុងស្មើ មានដំបូលសំប៉ែតត្រួតគ្នាច្រើនថ្នាក់យ៉ាងញឹក ថ្នាក់នីមួយៗរៀងគ្នាជាលំដាប់ពីធំទៅតូច។ នៅក្នុងស្ថាបត្យកម្មឥណ្ឌាហៅដំបូលសំប៉ែតនេះថា កបុត (Kaputa) តែសម្រាប់សិល្បៈខ្មែរវិញគេច្រើនហៅថ្នាក់នៃដំបូលទាំងនេះហៅថា រួត។ នៅតាមកបុតនៃជាន់និមួយៗ មានលម្អជាគូឌុតូចៗ រៀងគ្នាជាជួរ។ លក្ខណៈពិសេសរបស់ប្រាសាទបែបផាម្សនាគឺ រាងខាងក្រៅនៃដំបូលទាំងមូលមានលក្ខណៈជារូបត្រីកោណ ហើយផ្នែកកំពូកនិយមលម្អដោយអាមលក ឬស្ថូបិកា (Stūpikā)។ ទម្រង់ប្រាសាទនេះនិយមទាំងនៅឥណ្ឌាភាគខាងជើង និងផ្នែកខាងលិចនៃឥណ្ឌាភាគខាងត្បូង ដោយនៅឥណ្ឌាខាងជើងចាប់ផ្ដើមកើតឡើងនៅក្នុងសិល្បៈគុប្ដៈ ចំណែកឥណ្ឌាខាងត្បូងវិញចាប់ផ្ដើមមាននៅក្នុងសិល្បៈចាលុក្យៈ។
សម្រាប់ស្ថាបត្យកម្មខ្មែរវិញ ការសាងប្រាសាទដែលមានទម្រង់បែបផាម្សនា យើងប្រទះឃើញតាំងពីមុនសម័យអង្គរមកម្ល៉េះ។ ជាក់ស្ដែងប្រាសាទមួយចំនួននៅតំបន់សម្បូរព្រៃគុក ប្រាសាទព្រះធាតុតូចនៅត្បូងឃ្មុំ ប្រាសាទភ្នំឈ្ងោកនៅខេត្តកំពត ប្រាសាទតូចនៅកំពង់លែងជាដើម។ ប្រាសាទព្រះធាតុតូចនៅខេត្តត្បូងឃ្មុំនិងប្រាសាទគុកព្រះធាតុនៅហាន់ជ័យមានលក្ខណៈសំណង់ស្របតាមប្រាសាទបែបផាម្សានយ៉ាងខ្លាំង ពោលគឺ ជាប្រាសាទមានរាងបួនជ្រុងស្ទើរស្មើគ្នា ដំបូលមានលក្ខណៈសំប៉ែតត្រួតគ្នាច្រើនជាន់ តាមជាន់នីមួយៗ មានលម្អដោយគូឌុតូចៗរៀងគ្នាជាជួរ។ ដោយឡែកផ្នែកខាងលើបង្អស់នៃដំបូលរបស់បា្រសាទព្រះធាតុតូចបានបាក់បែកអស់ ទើបធ្វើឱ្យយើងមិនអាចដឹងពីលក្ខណរបស់លើដំបូលឡើយ ។ តែបើយើងប្រៀបធៀបលក្ខណៈដំបូលរបស់ប្រាសាទព្រះធាតុតូចជាមួយប្រាសាទគុកព្រះធាតុនៅភ្នំហាន់ជ័យវិញឃើញថា ប្រហែលជាមានលក្ខណៈដូចគ្នាគឺត្រង់កំពូលលម្អដោយកលស។
លក្ខណៈពិសេសរបស់ទម្រង់ប្រាសាទបែបផាម្សនានៅក្នុងសិល្បៈខ្មែរនៅមុនសម័យអង្គរគឺ ការធ្វើប្រាសាទបែបផាម្សនាឱ្យមានរាងប្រាំបីជ្រុង (រូបលេខ៤) លក្ខណៈនេះ គឺខុសប្លែកពីសំណង់នៅឥណ្ឌាដែលធ្វើប្រាសាទបែបផាម្សនាមានរាងបួនជ្រុងជានិច្ច។ ហើយការធ្វើប្រាសាទបែបផាម្សនាឱ្យមានរាងប្រាំបីជ្រុងបែបនេះក៏មិនប្រទះឃើញមាននៅក្នុងសិល្បៈផ្សេងនៃអាស៊ីអាគ្នេយ៍ដែរ។៦ យ៉ាងណាក្ដីប្រាសាទប្រាំបីជ្រុងបែបនេះនិយមតែនៅសម័យមុនអង្គរប៉ុណ្ណោះ។
នៅក្នុងសិល្បៈខ្មៃរ ការសាងប្រាសាទបែបផាម្សនាមានការនិយមខ្លាំងបំផុតនៅមុនសម័យអង្គរ តែប្រាសាទប្រភេទនេះមិននិយមទេនៅសម័យអង្គរ។ យើងអាចរកឃើញការសាងប្រាសាទបែបផាម្សនាដោយកម្រណាស់នៅសម័យអង្គរ ។ ជាក់ស្ដែងប្រាង្គកណ្ដាលនៃប្រាសាទគុកនគរ មានលក្ខណៈជាប្រាសាទបួនជ្រុងមានសារពើសូត្រ ចំណែកដំបូលមានលក្ខណៈជាដំបូលសំប៉ែតត្រួតគ្នាច្រើនជាន់ តាមជាន់នីមួយៗនៃដំបូលមិនមានការលម្អទ្វារបញ្ឆោត សសរពេជ្រ ផ្ដែរ ឬបាំងក្លែងឡើង ខុសប្លែកពីលក្ខណៈទូទៅនៅប្រាសាទសម័យអង្គរ។ ការធ្វើដំបូលត្រួតគ្នាច្រើនជាន់បែបនេះបង្ហាញពីលក្ខណៈរបស់ប្រាសាទបែបផាម្សនា។ តែអ្វីដែលវិវត្តថ្មីនៅសម័យនេះគឺ មិនមានការលម្អគូឌុនៅតាមជាន់នីមួយៗនៃដំបូលទៀតហើយ។
សរុបមកប្រាសាទបែបផាម្សនាជាទម្រង់ប្រាសាទមួយប្រភេទដែលខ្មែរទទួលឥទ្ធិពលពីសិល្បៈឥណ្ឌានៅមុនសម័យអង្គរ។ ក្នុងពេលជាមួយគ្នាខ្មែរបានអភិវឌ្ឍទម្រង់ប្រាសាទនេះឱ្យមានលក្ខណៈពិសេសជារបស់ខ្មែរស្របតាមរសនិយមបែបខ្មែរ៕
អត្ថបទដើម៖ លោក ឡេង ស៊ីរ៉ង់