ព្រះឥសូរ គឺជាទេពធំជាងគេនៅក្នុងព្រហ្មញ្ញសាសនា ដែលមានតួនាទីបង្កើតលោក និងបំផ្លាញលោកចាស់ដើម្បីបង្កើតលោកថ្មី។ ព្រះឥសូរមានព្រះនេត្របី មានចំណិតព្រះចន្រ្ទលើផ្នួងសក់ ព្រះហស្តពីរ បួន ប្រាំបី និងដប់ ហើយភាគច្រើនតែងមានយានជំនិះជាសត្វគោនន្ទិ និងពេលខ្លះជិះសត្វតោក៏មាន។ នៅក្នុងសិល្បៈខ្មែរ សិល្បករបុរាណបានបង្ហាញព្រះឥសូរច្រើនទម្រង់ មានដូចជា សិវនាដរាជមូត៌ិ សិវវ្ឫសវាហនមូត៌ិ សិវត្រិមូត៌ិ សិវទក្សិនមូត៌ិ សិវឧមាមហេស្វរមូត៌ិ សទាសិវសិវភិក្សាដនមូត៌ិ ។ល។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញទម្រង់មួយរបស់ព្រះឥសូរ គឺទម្រង់សិវភិក្សាដនមូត៌ិ ដែលជាការបង្ហាញព្រះឥសូរក្នុងទម្រង់ជាមនុស្សជំទង់ដើរសុំទាន មានរូបរាង សង្ហា និងអាក្រាតកាយ។ តើចម្លាក់សិវភិក្សាដនមូត៌ិក្នុងសិល្បៈខ្មែរមានលក្ខណៈបែបណាខ្លះ?
ទេវកថារឿងសិវភិក្សាដនមូត៌ិ មាននិទាននៅក្នុងគម្ពីរជាច្រើននៃព្រហ្មញ្ញសាសនា។ ក្នុងនោះគម្ពីរកុម៌បុរាណរៀបរាប់ថា៖ “ព្រះព្រហ្មបានប្រកាសប្រាប់ពួកព្រាហ្មណ៍ដោយក្រអឺតក្រទមថា ទ្រង់គឺជាអាទិទេពកំពូលនិងជាអ្នកបង្កើតលោក។ រំពេចនោះ ព្រះសិវចេញមកជាសសរភ្លើងមួយជំទាស់ជាមួយព្រះព្រហ្ម ព្រោះទ្រង់យល់ថាព្រះអង្គគឺជាអ្នកបង្កើតលោកពិតប្រាកដ។ ពួកព្រាហ្មណ៍ទទួលស្គាល់ព្រះសិវ តែព្រះព្រហ្មនៅតែចចេសរឹងរូសមិនយល់ស្រប ដែលធ្វើឱ្យព្រះសិវក្រោធខឹងនិងប្រែក្រឡាទៅជាតួអង្គកាចសាហាវមួយរំពេចដែលមានឈ្មោះថា ភៃរវ ហើយបានយកក្រចកដៃកាត់ព្រះសិរទីប្រាំរបស់ព្រះព្រហ្ម។ ដើម្បីលុបលាងនូវបាបកម្មដែលបានកាត់ព្រះសិរព្រះព្រហ្ម ព្រះសិវត្រូវកាន់លលាដ៍ព្រះសិររបស់ព្រះព្រហ្មធ្វើជាចានដើរសុំទានទាំងអាក្រាតកាយក្នុងរូបរាងជាឥសីក្មេងមានរូបរាងសង្ហា។ ទ្រង់បានធ្វើដំណើរវង្វេងមកដល់ព្រៃទារុកវន ក៏បានជួបស្រ្តីជាច្រើនជាប្រពន្ធពួកឥសី។ ដោយទ្រង់មានរូបរាងកាយសង្ហា ស្រ្តីទាំងនោះបានលង់ស្នេហ៍ព្រះសិវ ហើយបានដើររាំ និងស្រែកច្រៀងតាមផ្លូវដោយមិនខ្វល់ពីការរបូតអាវរបស់ពួកនាងឡើយ។ ក្រោយមក អ្នកសុំទានរូបរាងសង្ហាក៏បានធ្វើដំណើរទៅដល់ទេវស្ថានព្រះវិស្ណុ។ អ្នកយាមទ្វារទេវស្ថានព្រះវិស្ណុម្នាក់ឈ្មោះ វិស្វក្សេន បានហាមឃាត់មិនអនុញ្ញាតឱ្យចូល ធ្វើឱ្យព្រះសិវខឹងក៏សម្លាប់អ្នកយាមនោះដោយលើកសពយកដាក់នៅលើត្រីសូល៍ ដែលកាន់តែធ្វើឱ្យបន្ថែមបាបដល់ទ្រង់។ ទម្រង់ដែលព្រះសិវលើកសពអ្នកយាមទ្វារដាក់លើត្រីសូល៍នេះគេឱ្យឈ្មោះថា កន្កលមូត៌ិ។ កន្កល បានចូលទៅសុំទាននៅក្នុងទេវស្ថានព្រះវិស្ណុ ហើយសុំអាហារពីព្រះវិស្ណុ។ ព្រះវិស្ណុបានថ្វាយឈាមដល់កន្កលជាអាហារ និងបានកាត់សសៃឈាមមួយនៅលើថ្ងាសកន្កល ហើយឈាមក៏ហូរចូលក្នុងចានសុំទានរបស់កន្កល។ នៅចុងបញ្ចប់ ព្រះវិស្ណុក៏បាននាំព្រះសិវភិក្សាដនឆ្ពោះទៅកាន់ក្រុងដ៏ពិសិដ្ឋមួយឈ្មោះថា វារាណសី ដែលជាកន្លែងរលត់បាបកម្មរបស់ព្រះសិវ។ ទៅដល់ក្រុងវារាណសីលលាដ៍ព្រះសិររបស់ព្រះព្រហ្ម ក៏ធ្លាក់ចេញពីដៃរបស់ព្រះសិវនៅកន្លែងមួយដែលមានឈ្មោះថា កបល-មោឆន ហើយវិស្វក្សេនក៏បានរស់ឡើងវិញ។ រីឯព្រះសិវភិក្សាដនក៏បានលុបលាងបាបទាំងអស់នៅទន្លេគង្គាក្នុងក្រុងវារាណសី រួចត្រឡប់ទៅទេវស្ថានវិញ”។
ដោយឡែក គម្ពីរផ្សេងទៀតដូចជា ស្កន្ទបុរាណ បាននិទានរឿងនេះខុសពីគម្ពីរខាងលើ ដែលសាច់រឿងនិទានថា៖ “នៅពេលព្រះសិវភិក្សាដន ដើរសុំទានទាំងអាក្រាតកាយទៅដល់ព្រៃទារុកវន ទ្រង់បានឃើញក្រុមឥសីដែលរស់នៅក្នុងព្រៃទារុកវន កំពុងធ្វើពិធីសាសនាដោយក្រអឺតក្រទមនិងចាត់ទុកខ្លួនឯងថាជាព្រះ។ ដើម្បីបន្ទាបបន្ថោកឥទ្ធិពលរបស់ពួកឥសី ព្រះសិវក្នុងទម្រង់ជាអ្នកសុំទានវ័យក្មេងដ៏គួរឱ្យស្រឡាញ់ បានធ្វើដំណើរជាមួយព្រះវិស្ណុដែលបានក្លែងបន្លំខ្លួនជាប្រពន្ធរបស់ព្រះសិវដ៏មានសម្រស់ស្រស់ស្អាតនិងមានឈ្មោះថា “មោហិនិ”។ ពួកឥសីទាំងនោះបានលង់សម្រស់នាងមោហិនិយ៉ាងងប់ងល់។ នៅពេលពួកឥសីដឹងខ្លួនឡើងវិញ ពួកឥសីក៏បានធ្វើពិធីបូជាយញ្ញមួយបង្កើតជាសត្វពស់ តោ ដំរី ខ្លា និងមនុស្សតឿ ដែលសុទ្ធសឹងជាអ្នកវាយប្រហារព្រះសិវ។ ព្រះសិវភិក្សាដន ក៏បានប្រែក្លាយទម្រង់ទៅជាទម្រង់នាដរាជរាំនៅលើមនុស្សតឿដើម្បីបង្រ្កាបអំណាចរបស់ពួកឥសី”។ គម្ពីរដដែលនេះក៏រៀបរាប់ម្យ៉ាងទៀតថា “ព្រះសិវភិក្សាដន បានកាន់ចានលលាដ៍ក្បាលព្រះព្រហ្មដើរសុំទានទាំងអាក្រាតកាយក្នុងព្រៃទារុកវន ហើយក៏បានជួបពួកព្រាហ្មណ៍កំពុងតែធ្វើពិធីបូជាយញ្ញ។ ពួកព្រាហ្មណ៍ទាំងនោះ បានព្យាយាមបណ្តេញព្រះសិវចេញពីពិធីនោះ ដោយពួកគេគិតថាអ្នកសុំទានដែលកំពុងស្រេកឃ្លានមិនសមនឹងចូលរួមពិធីនេះទេ។ ព្រាហ្មណ៍ទាំងនោះបានបោះចោលចានលលាដ៍ក្បាលទៅលើដី រំពេចនោះចានលលាដ៍ក្បាលមួយថ្មីក៏លេចឡើងជំនួស។ ក្រោយមក លលាដ៍ក្បាលរាប់រយទៀតក៏លេចចេញមកបំពុលការបូជា ទើបធ្វើឱ្យព្រាហ្មណ៍បង្ខំចិត្តសន្យានឹងព្រះសិវថា គ្មានការបូជាណាមួយចាត់ទុកថាបានពេញលេញឡើយ ប្រសិនបើគ្មានការរំឭកដល់ព្រះសិវក្នុងទម្រង់ជា កបលេស្វរ (ព្រះអម្ចាស់នៃលលាដ៍ក្បាល)”។
កន្លងមក អ្នកស្រាវជ្រាវជាច្រើនធ្លាប់បានសិក្សាអំពីចម្លាក់ដែលទាក់ទងនឹងរឿងព្រះសិវភិក្សាដនមូត៌ិ រួមមានដូចជា ចម្លាក់នៅប្រាសាទអង្គរវត្ត (រូបលេខ១) ចម្លាក់នៅប្រាសាទបឹងមាលា (រូបលេខ២) ចម្លាក់នៅប្រាសាទព្រះខ័ន (រូបលេខ៣) ចម្លាក់នៅប្រាសាទបាយ័ន (រូបលេខ៤) និងចម្លាក់មួយចំនួនជាច្រើនទៀត។ រូបលេខ១ ចម្លាក់នៅប្រាសាទអង្គរវត្ត សិល្បករបង្ហាញរូបព្រះសិវក្នុងទម្រង់ជាឥសីវ័យក្មេងមានរូបរាងសង្ហាឈរក្នុងមណ្ឌបដោយមានរូបចម្លាក់ក្រពើមួយនៅខាងលើមណ្ឌប ស្លៀកសំពត់ខ្លី ពាក់គ្រឿងអល្លង្ការពេញដងខ្លួន ព្រះហស្តខាងស្តាំលើកដាក់ត្រឹមដើមទ្រូងប្រដាប់ដោយផ្គាំ (តំណាងឱ្យកាល) រីព្រះហស្តឆ្វេងដាក់ពីក្រោមទ្រព្រះហស្តស្តាំដែលកំពុងកាន់ផ្គាំ។ នៅសងខាងព្រះសិវ-ភិក្សាដន មានចម្លាក់រូបស្រ្តីជាច្រើននាក់ឈរក្នុងកាយវិការយកដៃថ្វាយទានដល់ព្រះសិវ-ភិក្សាដន ព្រោះពេលនោះព្រះសិវគឺជាអ្នកសុំទានដែលអាក្រាតកាយ តែចម្លាក់នេះសិល្បករនៅតែឆ្លាក់ឱ្យមានសំពត់ដដែល ព្រោះខ្មែរពុំនិយមឆ្លាក់រូបទេពក្នុងទម្រង់អាក្រាតកាយឡើយ។ លោក Jean Moura (1883) និងលោក Etienne Aymonier (1903) យល់ស្របគ្នាថា ចម្លាក់នេះពុំមែនជាសាច់រឿងព្រះសិវ-ភិក្សាដនមូត៌ិទេ ព្រោះលោកទាំងពីរយល់ថា ជាសាច់រឿងបង្ហាញពីក្រុងរាពណ៌ប្រែក្រឡាខ្លួនទៅជាសត្វបង្គួយ ដើម្បីចូលទៅចែចង់មហេសីព្រះឥន្រ្ទនៅស្ថានសួគ៌។ ប៉ុន្តែ ក្រោយមក លោកស្រី Madeliane Giteau សិក្សាឡើងវិញនិងយល់ថា ជារឿងព្រះសិវ-ភិក្សាដន។
រូបលេខ២៖ ចម្លាក់ព្រះសិវ–ភិក្សាដនមូត៌ិនៅលើសសរផ្អោបប្រាសាទបឹងមាលា (រូបថត៖ នូ សុគីន)
រូបលេខ២ ចម្លាក់ព្រះសិវ-ភិក្សាដននៅប្រាសាទបឹងមាលា បង្ហាញក្នុងទម្រង់ជាឥសីក្មេងមានរូបរាងសង្ហាឈរនៅលើជើងទម្រក្នុងមណ្ឌបមួយដែលមានសត្វក្រពើមួយក្បាលនៅពីលើ ស្លៀកសំពត់ចងក្បិន ពាក់សង្វារនៅលើព្រះកាយ ព្រះហស្តឆ្វេងកាន់អាវុធដាក់មកកៀកនឹងចង្កេះ រីឯព្រះហស្តស្តាំលើកឡើងលើទ្រធ្នឹមមណ្ឌបដែលមានក្រពើពីលើ។ ព្រះបាទឆ្វេងដាក់រាបស្មើ ព្រះបាទស្តាំលើកមកដាក់បញ្ឈរចុះក្រោមក្រោយព្រះបាទខាងឆ្វេង ដែលកាយវិការដាក់ព្រះបាទបែបនេះក្នុងព្រហ្មញ្ញសាសនាគេហៅថា “ស្វស្តិកសន”។ នៅជិតព្រះសិវ មានចម្លាក់រូបស្រ្តីពីរនាក់ឈរនៅលើជើងទម្រអមសងខាង ស្លៀកសំពត់វែងមានក្បាច់លម្អនិងមានជាយធ្លាក់វែង ដៃម្ខាងច្រត់ចង្កេះ រីដៃម្ខាងទៀតកាន់អាវុធរៀងៗខ្លួន ហើយរាងកាយផ្នែកខាងលើលែងខ្លួនទទេ។ ផ្នែកខាងលើតួអង្គទាំងបី សិល្បករលម្អជាក្បាច់សន្លឹកផ្សេងៗ ក្នុងន័យបង្ហាញអំពីព្រៃទារុកវនដែលព្រះសិវ-ភិក្សាដនបានដើរចូលទៅសុំទាន។ ចម្លាក់នេះ លោក George Coedès យល់ថា ជាចម្លាក់រឿងក្រុងរាពណ៌ប្រែក្រឡាខ្លួនទៅជាសត្វបង្គួយ ដើម្បីចូលទៅចែចង់មហេសីព្រះឥន្រនៅស្ថានសួគ៌ ដែលរឿងនេះមានរៀបរាប់នៅក្នុងគម្ពីរត្រៃភេទ។ ទៅះបីជាយ៉ាងណា លោក Victorio Roveda យល់ថា ជារឿងព្រះសិវ-ភិក្សាដនមូត៌ិ។
រូបលេខ៣ ជាសាច់រឿងដដែលនៅប្រាសាទព្រះខ័នមានលក្ខណៈដូចទៅនឹងចម្លាក់រូបលេខ២នៅប្រាសាទបឹងមាលាដែរ។ ចម្លាក់ខាងលើបង្ហាញជាបីផ្នែក ដែលផ្នែកខាងលើបង្អស់បង្ហាញព្រះសិវ-ភិក្សាដនឈរក្នុងទម្រង់ស្វស្តិកសនក្នុងមណ្ឌប លើកព្រះហស្តម្ខាងទ្រធ្នឹមមណ្ឌបដែលមានរូបក្រពើនៅពីលើ និងអមសងខាងដោយរូបស្រ្តីពីរនាក់លើកដៃម្ខាងថ្វាយទានមកព្រះសិវ។ ផ្នែកកណ្តាល បង្ហាញចម្លាក់ស្រ្តីប្រាំនាក់កំពុងឈរតម្រៀបគ្នា ហាក់ដូចចង់បង្ហាញពីការរង់ចាំថ្វាយទានដល់ព្រះសិវ-ភិក្សាដន ហើយផ្នែកខាងក្រោមវិញមានរូបស្រ្តីប្រាំបួននាក់អង្គុយលើកដៃប្រណម្យត្រឹមដើមទ្រូង។
រូបលេខ៣៖ ចម្លាក់ព្រះសិវ–ភិក្សាដនមូត៌ិនៅលើហោជាងប្រាសាទព្រះខ័ន
រូបលេខ៤ ជាចម្លាក់នៅប្រាសាទបាយ័ន ក្នុងសាច់រឿងព្រះសិវ-ភិក្សាដនមូត៌ិដូចគ្នាដែរ តែសាច់រឿងបង្ហាញក្នុងឈុតខុសពីរូបទាំងបីខាងលើ។ ចម្លាក់នៅប្រាសាទបាយ័ន បង្ហាញព្រះសិវ-ភិក្សាដន ជាឥសីវ័យក្មេងមានពុកមាត់វែងឈរក្នុងមណ្ឌបក្នុងទម្រង់ស្វស្តិកសន ស្លៀកសំពត់ចងក្បិនខ្លី ព្រះហស្តឆ្វេងលើកទ្រមណ្ឌបដែលមានសត្វក្រពើនៅពីលើធ្នឹមមណ្ឌបដូចគ្នា រីឯព្រះហស្តស្តាំដាក់ត្រឹមដើមទ្រូងប្រដាប់ដោយផ្គាំ។ នៅក្បែរចម្លាក់ព្រះសិវ បង្ហាញពីពួកឥសីកំពុងធ្វើពិធីអ្វីមួយ ដែលផ្នែកខាងលើគេលម្អជារូបដើមឈើផ្សេងៗក្នុងបំណងតំណាងឱ្យព្រៃទារុកវន។ ដូច្នេះ ចម្លាក់នេះ ឆ្លាក់ត្រាប់តាមគម្ពីរស្កន្ទបុរាណដែលនិទានថា ព្រះសិវធ្វើជាអ្នកសុំទានអាក្រាតកាយម្នាក់ឈ្មោះ “ភិក្សាដន” កាន់ចានដែលមានលលាដ៍ក្បាលព្រះព្រហ្មធ្វើដំណើរចូលព្រៃទាវុកវន ក៏ទៅជួបក្រុមឥសីកំពុងធ្វើកិច្ចពិធីនិងតាំងខ្លួនជាព្រះ បន្ទាប់មកពួកឥសីក៏បណ្តេញព្រះសិវចេញព្រោះពួកគេយល់ថាអ្នកសុំទានបែបនេះមិនសមចូលក្នុងពិធីដ៏ខ្ពង់ខ្ពស់នោះឡើយ។ ប៉ុន្តែ ចម្លាក់ខ្មែរនៅប្រាសាទបាយ័នមិនបានបង្ហាញភាពអាក្រាតកាយឡើយ ហើយក៏មិនបានបង្ហាញពីចានដែលដាក់លលាដ៍ក្បាលព្រះព្រហ្មដែរ។
រូបទាំងបួនដែលបង្ហាញខាងលើសុទ្ធសឹងជារូបចម្លាក់នៅសម័យអង្គរនាស.វ.ទី១២ និងដើមស.វ.ទី១៣ ដែលបង្ហាញផ្នែកខាងលើមានចម្លាក់រូបសត្វក្រពើដូចៗគ្នា។ ចម្ងល់នៅត្រង់ថា តើហេតុអ្វីបានសិល្បករឆ្លាក់រូបសត្វក្រពើនៅលើធ្នឹមមណ្ឌបយ៉ាងដូច្នេះ? ព្រោះក្នុងសិល្បៈឥណ្ឌាដែលជាអ្នកនាំឥទ្ធិពលនៃសាសនាមកលើសង្គមខ្មែរនោះ គេពុំបានបង្ហាញរូបព្រះសិវ-ភិក្សាដន មូត៌ិមានសត្វក្រពើនៅពីលើបែបនេះឡើយ។ ក្នុងករណីនេះ កន្លងមកមានអ្នកស្រាវជ្រាវជាច្រើនបង្ហាញនូវការយល់ឃើញផ្សេងៗពីគ្នា។ ក្នុងនោះ លោកស្រី Madeleine Giteau យល់ឃើញថា ទំនងជាគំនិតនៃការរួមបញ្ចូលគ្នារវាងវប្បធម៌ខ្មែរក្នុងតំបន់ជាមួយគំនិតនៃសាសនា ព្រោះសត្វក្រពើក្នុងគំនិតខ្មែរមានរឿងព្រេងច្រើនណាស់។ ចំពោះលោក Kamaleswar Bhattacharya វិញ យល់ថា ទំនងអាចជាជំនឿអ្នកស្រុកដើមចំពោះសត្វក្រពើ ព្រោះសត្វនេះជាកម្លាំងអធិធម្មជាតិ។ ក្រោយមកទៀត លោកស្រី Sandra F. Collins យល់ឃើញផ្សេងថា ទំនងជាក្រពើមានទំនាក់ទំនងច្រើនទៅនឹងតួអង្គព្រះឥសូរ។ រីឯលោក Dagen Bruno យល់ថា ចម្លាក់ក្រពើនៅលើមណ្ឌបនេះ ទំនងខ្មែរឆ្លាក់ឱ្យស្របតាមរឿងជាតកដែលខ្មែរស្គាល់មួយ គឺរឿងមហាឧមគ្គជាតក ដែលមានសត្វបង្គួយមួយមានលំនៅនៅលើទ្វារចូល។ ចំណែក លោក George Coedès ក៏យល់ថា សត្វក្រពើនេះ គឺជាតំណាងឱ្យសត្វបង្គយក្នុងរឿងរាមាយណ ត្រង់ឈុតដែលក្រុងរាពណ៍ប្រែកាយជាសត្វបង្គួយទៅទុំនៅលើទ្វារក្នុងវាំងព្រះឥន្រ្ទ ក្នុងគោលបំណងទៅលួចចែចង់មហេសីព្រះឥន្រ្ទ។ ចុងក្រោយនៅក្នុងពេលថ្មីៗនេះ លោកស្រី មុយ បញ្ញា បានសាកល្បងពន្យល់រឿងនេះទៅតាមភាសាសាស្រ្ត ព្រោះសត្វក្រពើនៅក្នុងភាសាសំស្រ្កឹតគេហៅថា “នក្រ” ហើយពាក្យ “នក្រ” នេះ អាចប្រែថាសត្វក្រពើផង និងធ្នឹមទ្វារផង។ ធ្នឹម អាចក្លាយទៅជា “ទឹម” ម្ល៉ោះហើយទើបផ្នែកខាងចុងទូកនៅក្រោមនឹមរទេះគេហៅថា “ក្បាលក្រពើ”។ លោកស្រីយល់ថា ការដែលសិល្បករបុរាណខ្មែរឆ្លាក់រូបសត្វក្រពើនៅលើធ្នឹមទ្វារដូច្នេះ អាចមកពីគេយល់ថា “នក្រ” ប្រែថា “ធ្នឹមទ្វារ” ហើយទំនងអ្នកឆ្លាក់គេយល់ច្បាស់អំពីភាពមិនស្ថិតស្ថេរនៃសំណង់ប្រាសាទ។
ទោះបីជាយ៉ាងណា រូបអម្បាលម៉ានដែលបានបង្ហាញខាងលើ គឺសុទ្ធសឹងតែជាចម្លាក់នៅសម័យអង្គរ ក្នុងស.វ.ទី១២ ឬចុងទី១៣ តែប៉ុណ្ណោះ។ ដូច្នេះហើយ សំណួរអាចលើកឡើងថា តើនៅសម័យមុនអង្គរក្នុងរវាងស.វ.ទី៦ ដល់ស.វ.ទី៨ មានចម្លាក់រឿងព្រះសិវ-ភិក្សាដន បង្ហាញនៅតាមប្រាសាទដែរឬទេ? យើងពិបាកនឹងកំណត់ថាតើចម្លាក់រឿងនេះនៅសម័យមុនអង្គរ មានដែរឬអត់នោះឡើយ ប៉ុន្តែ នៅតំបន់ប្រាសាទសំបូរព្រៃគុកមានចម្លាក់ចំនួនពីរដែលបង្ហាញសាច់រឿងប្រហាក់ប្រហែលរឿងព្រះសិវ-ភិក្សាដនមូត៌ិ។ ចម្លាក់ទី១ (រូបលេខ៥) ជាចម្លាក់លើវិមានអណ្តែតជញ្ជាំងខាងត្បូងផ្នែកខាងកើតនៃប្រាសាទដើមច័ន្ទ (តួប៉ម N15) នៅជាន់ខាងលើបង្អស់បង្ហាញអំពីរូបទេពប្រុសម្នាក់ពាក់ម្កុដរាងស៊ីឡាំងឈរក្នុងកាយវិការរាងកាច់ចង្កេះឬហៅថា “ត្រិភង្គ” ស្លៀកសំពត់ខ្លីមានជាយធ្លាក់ចំពាក់កណ្តាល ព្រះហស្តស្តាំអាវុធម្យ៉ាងស្រដៀងដំបងដែលខាងចុងមានរាងដូចផ្កាឈូក រីឯព្រះហស្តឆ្វេងដាក់កៀកលើស្មាស្រ្តីម្នាក់ដែលកំពុងឈរនៅខាងស្តាំទេពនៅកណ្តាលដែលរូបទេពប្រុសនៅចំពាក់កណ្តាលនេះទំនងជារូបព្រះសិវក្នុងទម្រង់ភិក្សាដនមូត៌ិ។
រូបលេខ៥៖ ចម្លាក់ព្រះសិវ–ភិក្សាដនមូត៌ិ(?)នៅលើវិមានអណ្តែតប្រាសាទដើមចាន់ (សំបូរព្រៃគុក)
រីឯនៅខាងឆ្វេងទេពប្រុសនៅចំកណ្តាល បង្ហាញជារូបស្រ្តីម្នាក់មានរូបរាងស្រស់ស្អាត ព្រះហស្តឆ្វេងដាក់សំយ៉ុងទៅក្រោម និងព្រះហស្តស្តាំកាន់វត្ថុអ្វីម្យ៉ាងមានរាងមូលស្រដៀងនឹងកងចក្រ។ រូបស្រ្តីនៅខាងឆ្វេងនេះ ទំនងជាព្រះវិស្ណុដែលប្រែក្រឡាជាស្រ្តីស្រស់ស្អាតម្នាក់ឈ្មោះ “មោហិនិ” ដែលដើរកំដរព្រះសិវចូលសុំទានក្នុងព្រៃទារុកវន ឬបើមិនមែនជាតួអង្គព្រះវិស្ណុមោហិនិទេ ក៏ទំនងជារូបប្រពន្ធរបស់ឥសីដែលមកដាក់ទានដល់ព្រះសិវ-ភិក្សាដន។ រូបស្រ្តីខាងស្តាំ ទំនងជារូបប្រពន្ធឥសីដែលលង់ស្នេហ៍លើព្រះសិវ។ ចំណែក រូបតួអង្គខាងចុងសងខាងពីរទៀតកំពុងឈរដោយមានដៃកាន់ក្អម ជាចំណុចមួយដែលអាចឱ្យយើងគិតថាគឺជារូបស្រ្តីដែលកាន់ទេយ្យទានមកថ្វាយចំពោះព្រះសិវក្នុងទម្រង់ជាអ្នកសុំទាន។ រូបស្រ្តីកាន់ក្អមរបៀបនេះ មានលក្ខណៈស្រដៀងទៅនឹងរូបមួយនៅប្រាសាទមធុកេស្វរ នៅក្នុងសិល្បៈឥណ្ឌា ដែលគេបង្ហាញស្រ្តីចំនួន ៦ នាក់ ខ្លះកាន់ក្អម និងខ្លះកាន់ទេយ្យទានផ្សេងទានមកថ្វាយជាទានដល់ព្រះសិវ-ភិក្សាដន (រូបលេខ៦)។ ដោយឡែក អាវុធដែលតួអង្គទេពប្រុសដែលបានរៀបរាប់ខាងលើកាន់នឹងព្រះហស្តនេះទៀតសោត ក៏មានលក្ខណៈស្រដៀងអាវុធដែលកាន់ដោយព្រះសិវ-ភិក្សាដន នៅប្រាសាទជៃបុរ នៃសិល្បៈឥណ្ឌាទៀតផង (រូបលេខ៧)។
រូបលេខ៦៖ ចម្លាក់ព្រះសិវ–ភិក្សាដនមូត៌ិនៅប្រាសាទមធុកេស្វរ ប្រទេសឥណ្ឌា (ប្រភព៖ Thomas 1986)
ចម្លាក់មួយផ្ទាំងទៀត (រូបលេខ៨) គឺជាចម្លាក់នៅលើផ្តែរដែលគេទើបនឹងរកឃើញថ្មីនៅខ្លោងទ្វារកំពែងខាងលិចនៃក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ដែលបង្ហាញអំពីរូបទេពប្រុសមួយនៅចំកណ្តាលអង្គុយក្នុងកាយវិការមួយហៅថា “មហារាជលីលាសន” (Mahãrãjalĭlãsana) (ជើងស្តាំបញ្ឈរជង្គង់និងជើងឆ្វេងដាក់រាបស្មើមកផ្អឹបជាមួយបាទជើងស្តាំ) និងអមដោយរូបស្រ្តីចំនួនបីនាក់នៅខាងឆ្វេង ហើយខាងស្តាំមានចំនួន ៤ នាក់ (សរុប ៧នាក់)។ រូបទេពប្រុសនៅកណ្តាលអាចជា ព្រះសិវក្នុងទម្រង់ភិក្សាដន (?) ហើយរូបស្រ្តីជុំវិញអាចបង្ហាញពីប្រពន្ធឥសីដែលមកថ្វាយទានដល់ព្រះសិវក្នុងពេលកំពុងសុំទាន។ រូបលេខ៨ នេះ យើងពិនិត្យឃើញថា ទេពប្រុសអង្គុយកាយវិការមហារាជលីលាសនដូចគ្នាជាមួយរូបនៅប្រាសាទមធុកេស្វរ ក្នុងសិល្បៈឥណ្ឌា។
យ៉ាងណាក៏ដោយ រូបបង្ហាញទាំងពីរជាសិល្បៈសម័យមុនអង្គរដែលបង្ហាញខាងលើ គ្រាន់តែជាការសន្និដ្ឋានជាបឋមប៉ុណ្ណោះ តែរូបទាំងពីរនេះមានលក្ខណៈប្រហាក់ប្រហែលជាមួយរូបនៅឥណ្ឌាទាំងអម្បាលម៉ានដែលបានបង្ហញជាហេតុដែលយើងអាចសាកល្បងសន្និដ្ឋាន។ ក្នុងនោះដែរ ប្រសិនបើរូបទាំងពីរនេះ ពិតជារូបព្រះសិវក្នុងទម្រង់ភិក្សាដនមែននោះ យើងនឹងអាចនិយាយបានថា រូបព្រះសិវ-ភិក្សាដនមូត៌ិនៅសិល្បៈសម័យមុនអង្គរ មានលក្ខណៈខុសគ្នាច្រើនពីការបង្ហាញរូបចម្លាក់ព្រះសិវ-ភិក្សាដនមូត៌ិនៅសម័យអង្គរ (ស.វ.ទី១២ និងដើមស.វ.ទី១៣) ហើយអ្វីជាការចាប់អារម្មណ៍នោះ នៅសម័យមុនអង្គរពុំមានចម្លាក់រូបសត្វក្រពើដូចនៅសម័យអង្គរ។
ជាសរុបមក ព្រះសិវ-ភិក្សាដនមូត៌ិ គឺជាទម្រង់មួយដែលព្រះសិវប្រែក្រឡាខ្លួនទៅជាឥសី វ័យក្មេងមានរូបរាងសង្ហា ដើរសុំទាននៅស្ថានទាំងបីដោយភាពអាក្រាតកាយ ដើម្បីលុបលាងបាបរបស់ទ្រង់ដែលបានកាត់ព្រះសិរព្រះព្រហ្ម។ ប៉ុន្តែ ចម្លាក់នៅក្នុងសិល្បៈខ្មែរដែលបានបង្ហាញទាំងអម្បាលម៉ានគេមិនបានបង្ហាញរូបព្រះសិវ-ភិក្សាដនជាឥសីអាក្រាតកាយនោះឡើយ ព្រោះខ្មែរយើងពុំនិយមការឆ្លាក់អាក្រាតកាយដូចសិល្បៈឥណ្ឌាឡើយ។ អ្វីដែលកត់សម្គាល់នោះ នៅសម័យអង្គរ គេតែងតែឆ្លាក់រូបព្រះសិវឈរក្នុងមណ្ឌបមួយដែលមានរូបសត្វក្រពើនៅលើធ្នឹមមណ្ឌប។ ទោះបីជាយ៉ាងណា រូបសត្វក្រពើនេះ គេពុំអាចពន្យល់អំពីគំនិតឱ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែ យើងគ្រាន់តែដឹងថានៅក្នុងគំនិតខ្មែរ គេតែងចាត់ទុកក្រពើជាសត្វរមិលគុណ ឬពាក្យមួយដែលគេតែងនិយាយថា “ក្រពើវង្វេងបឹង” មានន័យថា ក្រពើជានិម្មិតរូបនៃភាពវង្វេងវង្វាន់ ហេតុដូច្នេះហើយ ការដែលគេឆ្លាក់រូបក្រពើនៅលើធ្នឹមមណ្ឌបក្រោមដើមឈើដូចករណីរូបនៅបាយ័ន អាចចង់សំដៅដល់ការវង្វេងរបស់ព្រះសិវនៅក្នុងព្រៃទារុកវន រហូតដល់ថ្នាក់ល្បួងប្រពន្ធឥសីឱ្យងប់ងល់នឹងសម្រស់ទ្រង់ក៏ថាបាន។ ដោយឡែក សម្រាប់ចម្លាក់ព្រះសិវ-ភិក្សាដនមូត៌ិនៅសម័យមុនអង្គរ ដែលយើងបង្ហាញទាំងពីរខាងលើ គឺគ្រាន់តែជាការសន្និដ្ឋានបឋមតែប៉ុណ្ណោះ៕
អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី