ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿ“បួស” ក្នុងជំនឿព្រះពុទ្ធសាសនា និងទំនៀមខ្មែរ

“បួស” ក្នុងជំនឿព្រះពុទ្ធសាសនា និងទំនៀមខ្មែរ

តាម​ជំនឿ​ក្នុង​ព្រះពុទ្ធសាសនា​យល់ថា “បួស”​​ ឬ “បំបួស​” បាន​អានិសង្ស​ និង​ជា​ស្រែ​បុណ្យ​ដ៏ប្រសើ​រ​តទៅជាតិ​មុខ ហើយក្នុង​បរិបទ​វប្បធម៌ខ្មែរ ​​អ្នក​ស្រាវជ្រាវ​​ចាត់ទុក​​​ការ​បួស​ជា​ផ្នែក​មួយ​​នៃទំនៀម​ក្នុង​​ដំណើរ​​ឆ្លង​​វ័យ​របស់​​មនុស្ស​​។ ក្មេង​ប្រុស​ចូល​វ័យ​ជំទង់​​តែង​ទៅ​បួស រីឯ​ក្មេង​ស្រី​ពេញ​ក្រមុំ (គ្រប់ការ)ត្រូវ​ចូលម្លប់។ ចំពោះ​ការ​បួស​​ក្នុង​សង្គមខ្មែរ​មាន​ច្រើន​យ៉ាង​ដូចជា​ បួស​មុខ​ភ្លើង បួស​លា​បំណន់ បួស​សងគុណ និង​បួស​រៀន​តាម​ផ្លូវ​​ព្រះ​​ពុទ្ធ​​សាសនា​​​​ជា​ដើម។ បុរស​​បាន​បួស​រៀន​ច្រើន​វស្សា លុះ​ចាក​សិក្ខា​បទលា​ផ្នួស​(សឹក​)វិញ​បុរាណ​លោក​ឱ្យ​តម្លៃ​ណាស់ ដ្បិត​យល់​ថាអ្នកនោះ​បាន​បួស​បាន​រៀន​ចេះ​ដឹង​ច្រើន មាន​ចរិយា​​មារយាទល្អ​ហៅ​​ថា “អន្ទិត” ដែ​ល​​និយាយក្លាយ​ពី​ពាក្យ​​ថា “បណ្ឌិត”។

ពាក់​ព័ន្ធ​​ជំនឿ​នៃការ​សាង​ផ្នួស​គេដឹងថា កាលសម័យព្រះបាទអសោកជា​អគ្គ​ពុទ្ធ​សាស​នូបត្ថម្ភ ព្រះ​មោគ្គលិបុត្តតិស្សត្ថេរ​បាន​ថ្វាយ​ធម្មទេសនា​ថា “ន ហិ បព្វជិតោ បរូឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ” មានន័យសេចក្តីថា “​បុគ្គល​ដែលនឹង​មាន​ឈ្មោះ​​ជា​ញាតិជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ លុះបាន​បួស​​ខ្លួន​ឯង​ ឬបំបួស​កូន​”។ ដោយ​កើត​ចិត្ត​ជ្រះថ្លា ព្រះអង្គបានដាក់រាជ្យទ្រង់​ផ្នួស​​មួយគ្រា​ និង​បាន​បំបួស​ព្រះរាជ​បុត្រា​ព្រះនាម​ “មហិន្ទៈ​”​ ជា​ភិក្ខុ​​​​ផង។ រីឯ​ក្នុង​និទាន​រឿង​សុបិនកុមារ​ ក៏បាន​រៀបរាប់​ផលអានិសង្ស​របស់​នាងជា​ម្តាយ​ បាន​រួច​ចាក​នរក ដ្បិតបាន​បំបួស​សុបិន​កុមារ​ជាកូន​មាន​សេចក្តី​ជា​កាព្យ​ដូច​ខាង​ក្រោម៖

[…] តេជះ​ផល​អានិសង្សមាន កូនប្រុស​ប្រធាន​ សំណាក់​ក្នុងសាសនា។ មាន​ឈូក​​មាស​​មួយសោភា ផុស​ទ្រ​បាទា នាង​នោះ​អណ្តែត​​ខ្ពស់​ឡើង​។ យមបាល​សោត​ចាប់បាន​ជើង ចោលនាង​ក្នុង​ភ្លើង ទំហំ​មួយ​ម៉ឺន​​យោជន៍​យល់។ តេជះ​កូន​បួស​ជា​ផល ផលនោះ​មក​ផ្តល់ កណ្តាល​នៃ​ភ្លើង​អវិចី។ មាន​ឈូក​មាស​មួយ​រីក​ខ្មី ផុស​ឡើង​អំពី មហានរកធំនោះ។ ទ្រទ្រង់​បាទា​នាង​នោះ ខ្ពស់​ពីភ្លើង​ស្មោះ ឥត​ក្តៅ​ក្រហាយ​ឡើយ​ណ៎ា[…]​។ ត្រង់និទាន​អំពី​អានិសង្ស​ក្នុងរឿង​សុបិនកុមារ​នេះ គេ​ឃើញ​មាននិយម​​ទាំង​​បង្ហាញ​ជា​គំនូរ​ហូរហែ​​នៅតាម​វត្ត​ផង​ដែរ។

ជំនឿពាក់ព័ន្ធនឹង​ផ្នួសដូចរៀបរាប់ខាងលើ ធំធេងក្រៃលែងណាស់ក្នុងសង្គម​ខ្មែរ។ បើ​លើក​និយាយ​តែប្រាសាទអង្គរ ​ជាភស្តុតាង​ព្រះពុទ្ធសាសនាសម័យ​កណ្តាល គេឃើញ​មាន​​សិលាចារឹក​វែងខ្លីយ៉ាង​ហោចប្រហែល​១០​ផ្ទាំង ​ចារឹក​អំពីការ​បួសខ្លួនឯង បំបួស​ម្តាយ ឪពុក ប្តី ប្រពន្ធ កូន ឬ​ប្រោស​ខ្ញុំ​​ ដោយ​បំបួស​​ឱ្យ​ក្លាយ​ជា​ញាតិ​​នៃ​ព្រះពុទ្ធ​សាសនា។ ក្នុង​សិលាចារឹក​ចុះលេខ​សារពើ​ភណ្ឌ IMA3 រៀបរាប់ពី​សទ្ធា​ ​ព្រះបាទសត្ថា​ទី១ ​ជយ​ជេដ្ឋា​ទី១ ដែល​មាន​​បរមនាម “ធម៌្មិករាជ” ​បំបួស​​ទាយាទ​របស់​​ព្រះអង្គ ក្នុង​ក្តី​ប្រាថ្នា​​ដ៏មុត​មាំ​ទៅ​មុខ​​ក្លាយ​ជា​ “ធម៌្មិករាជ” ដែរ។ លើស​ពីនេះ​ មាន​សិលាចារឹក​សម័យ​កណ្តាល​​ផ្សេងទៀត និយាយ​ពី​ការ​ចូល​ទៅកាន់ផ្នួស​នៅ​អង្គរ ពីសំណាក់​​នាម៉ឺន​មន្រ្តី​​នានា​ ក្នុង​គ្រា​ទទួល​បាន​តំណែង​ ឬ​ក្នុង​វេលានក្ខត្តឫក្ស​ណាមួយ។ ទំនៀមនេះ គេនៅសង្កេត​ឃើញ​នៅ​តែ​ប្រតិបត្តិ​ជារឿយៗ​ក្នុង​សង្គម​ខ្មែរ ហើយ​ការ​មានសទ្ធាថ្លាប្រាថ្នាបួស​នៅអង្គរ​​វត្ត នៅតែ​ឃើញ​ដល់​សព្វ​​ថ្ងៃ​ ជាពិសេស​ក្នុង​ឱកាសមាឃបូជា ឬពិសាខបូជា។

ទំនៀមចូលបួស​ក្នុង​សំណាក់​ព្រះពុទ្ធសាសនា​ក្នុង​សង្គម​ខ្មែរ ក៏មាន​ប្រារព្ធ​ជា​ប្រក្រតី​​​ក្នុង​ព្រះបរមរាជវាំង។ តាម​ឯក​សារ​ព្រះរាជ​ពិធី​ទ្វាទស​មាស ព្រះ​រាជ​ពិធីនេះ​តែង​ប្រារព្ធ​​នៅ​ថ្ងៃ១៤-១៥ កើត​ខែ​អាសាឍ​ ហៅ​ថា​ “បួសនាគហ្លួង”។ ក្នុង​ព្រះរាជពិធីនេះ មាន​បាយ​សីធំ​១ ដើម​មាន​​៩ថ្នាក់ ស្មើ​ប្រហែល​មួយ​ជំហរ​មនុស្ស ដោយ​រុំ​សំពត់​ហូល​គោម​នាគ   ព្រម​ទាំង​រណ្តាប់ផ្សេងៗ​ទៀត សម្រាប់​ធ្វើ​ធ្មេញ និង​បង្វិល​ពពិល​។ មក​ដល់​ក្នុង​រាជ្យ ព្រះ​ករុណាព្រះបរម​រតនកោដ្ឋ ព្រះអង្គ​ក៏​ធ្លាប់​យា​ង​​​ប្រទាន​ចឺម​ដល់នាគក្នុង​ព្រះរាជពិធី​ដោយ​មាន​ព្រះ​វត្តមាន​​សម្តេចព្រះសង្ឃរាជទាំងពីរគណផងដែរ។

ដោយឡែក ចំពោះ​ទំនៀម​បួស​ក្នុង​​ព្រះពុទ្ធសាសនា​ក្នុង​បរិបទ​ពុទ្ធ​សាសនិក​​ទូទៅ គេ​តែង​សង្កេត​ឃើញ​​ក្នុង​វេលាសំខាន់ៗ​បីគឺ ក្នុង​ថ្ងៃមាឃបូជា ពិសាខ​បូជា និងមុនថ្ងៃចូល​វស្សា។ កិច្ច​ជាទូទៅ​ក្នុង​ទំនៀមនេះ​​​មាន​បីដំណាក់កាលគឺ ភាពជានាគ កិច្ចនៅវត្ត និង​ភាព​ជា​​បព្វជិត។ ក្នុង​ភាពជានាគ គឺបន្ទាប់ពីកោរសក់ កោរចិញ្ចើម ពុកមាត់ ពុកចង្ការ សម្អាត​ខ្លួន​​ប្រាណ​ស្រេចហើយគេត្រូវ​តុបតែង​​ខ្លួន​បុគ្គល​នោះ​ដោយឱ្យស្លៀក​សំពត់​ហូល​ ពាក់​អង្ការ​​លាប​ម្សៅក្រែម និងជាពិសេស​នៅ​តំបន់​អង្គរ​​គេច្រើនលាប​រមៀត​លើ​ខ្លួន​ប្រាណ​ផង។ កិច្ចការ​នេះ​​គេ​ច្រើន​ធ្វើនៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​មក​ដល់ត្រង់នេះ គេហៅ​បុគ្គលនោះថា “នាគ”។ ទន្ទឹមនឹងនេះ អ្នក​ស្រាវជ្រាវ​​យល់​ថា​ការ​ឧបកិច្ចប្តូរភេទ​ក្មេង​​​ប្រុស​នោះ ​ដោយសារ​សម្លៀកបំពាក់ គ្រឿង​អលង្ការ ពិសេស​គ្រឿង​លាប​មុខ។

បន្ទាប់ពីធ្វើកិច្ចផ្សេងៗនៅផ្ទះរួចហើយ គេដង្ហែនាគទាំងឡាយ​ពីផ្ទះ​រៀងខ្លួន​​មក​ធ្វើ​កិច្ច​ជា​បន្តទៀត​នៅវត្ត។ ក្បួនដង្ហែនាគនោះ​តែង​រៀបចំតាម​ទំនៀម​ស្រុក​ទេស​ខ្លះ​មាន​ហែ​ដោយ​រទេះសាឡី ខ្លះហែដំរី ខ្លះហែជិះស ឬថ្មើជើង ដោយ​មាន​ឆៃ​យ៉ាំ ឬភ្លេង​កំដរ​ ព្រម​ទាំង​ញាតិមិត្តចូល​រួម​អធឹក​អធមក្រៃលែង។ លុះដង្ហែនាគ​មកដល់សាលា​វត្ត​ហើយ គេ​តែង​ធ្វើកិច្ច​ហៅព្រលឹង​នាគ ​ជញ្ជាត់ព្រលឹង ចងដៃ បង្វិលពពិល និង​ដេក​អង្ករ​រាប​ជាដើម។ ប៉ុន្តែកិច្ច​ត្រង់នេះ អាចប្លែកគ្នា​តាមទំនៀម​ស្រុកទេស ហើយសព្វ​ថ្ងៃ គេច្រើន​​សង្ខេប​មកត្រឹមចងដៃ បង្វិលពពិល រួច​ដង្ហែ​ប្រទក្សិណ​ជុំវិញ​ព្រះវិហារ ចូល​បួស​តែ​​ម្តង (រូបលេខ​១០)។

ក្រោយ​ពីដង្ហែ​នាគ​ប្រទក្សិណព្រះវិហារ​បីជុំរួច​ស្រេច គេនាំនាគ​ចូលទៅ​ថ្វាយ​បង្គំ​ព្រះ​រតនត្រៃក្នុង​ព្រះវិហារ រួច​ទើប​ធ្វើកិច្ចសំខាន់ចុងក្រោយគឺ “បំបួស​នាគ” ឬហៅ​ខ្លី​ថា “ទាក់​​​កនាគ”។ កិច្ចនេះ ត្រូវ​មាន​ព្រះភិក្ខសង្ឃ​ច្រើនអង្គ​គង់​តាម​​វិន័យ​បញ្ញតិ ហើយ​​នាគ​ម្នាក់​ៗ​​ត្រូវ​​​ឆ្លើយ​ឆ្លង​ធម៌បួស​​​តាមកិច្ច​​នីមួយៗ​ ជាមួយ​នឹង​ព្រះសង្ឃ​ជា​ឧបជ្ឈាយ៍​ដែល​ទុក​ជា​គ្រូ​របស់​ខ្លួន (អ្នកខ្លះហៅថា​សុំនិស្ស័យ)។ ​គេ​យល់ថា​នៅពេលព្រះ​ឧបជ្ឈាយ៍​​​​​យក​ស្បង់​ចីវរ​ទាក់កនាគ​ទាំង​អស់​​នោះហើយ គឺជាពេល​ដែលនាគទាំងនោះ​បោះ​​បង់​​ភាព​ជានាគមក​ចូល​​ក្នុងភាព​ជា​បព្វជិត​​ដោយដោះសំពត់ហូល ស្បៃពានា និង​ដោះ​​គ្រឿង​អលង្ការ​នានា​អស់​ពីខ្លួន ហើយ​មក​គ្រងស្បង់គ្រងចីវរពេញលេញ​ជាអ្នក​បួស។

សង្ខេបមក ការបួស​ជា​ព្រះសង្ឃក្នុង​ព្រះពុទ្ធសាសនានៅ​ក្នុង​សង្គមខ្មែរ ហាក់មាន​ចំណែក​​​​ពីរគឺ ដោយ​ជំនឿ​ថា​នឹង​បានអានិសង្ឃ​ទាំង​អ្នកបួស និង​អ្នក​បំបួស ព្រម​ទាំង​ជា​ទំនៀម​ដែល​អ្នកស្រាវជ្រាវ​មើលឃើញថា​ ជាដំណាក់​កាល​មួយ​យ៉ាង​សំខាន់​នៃ​ការ​ឆ្លង​ ​វ័យ​​តាមកិច្ច​ពិធី។ កា​របួស​នេះសោត ក៏សង្កេត​ឃើញប្រតិបត្តិទាំង​ក្សត្រ នាម៉ឺន និង​ប្រជារាស្រ្តសាមញ្ញ តាំងពី​បុរាណកាលរហូតដល់សព្វថ្ងៃ៕

អត្ថបទដោយ៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!