ទំព័រដើមសិល្បៈរបាំសួព្រ័ត្រ

របាំសួព្រ័ត្រ

របាំសួព្រ័ត្រមានន័យថា របាំដើរលើខ្សែព្រ័ត្រ។ ដូច្នេះ “សួព្រ័ត្រ” ក៏ជាកីឡាមួយប្រភេទដែរ។ របាំនេះ មានអ្នករាំពីរទៅបួននាក់ កាន់កន្ទុយក្ងោកមួយបាច់ក្នុងដៃនីមួយៗ មានរាងរៅដូចជាផ្លឹតធំមួយ។ របាំនេះ កំដរដោយវង់ភ្លេងដែលមានប៉ីពកមួយ និងស្គរដៃពីរ ដូចជាវង់ភ្លេងប្រើកំដរក្នុងរបាំកន៉្តែដែរ។ ចម្រៀងដែលប្រើនៅក្នុងរបាំរួមមាន បទខ្នងភ្នំ សារិកាកែវ អុំទូក និងចោលចាប។

គេរៀបចំរបាំនេះដោយបោះបង្គោលរឹងបួន មានប្រវែងប្រហែល២ម៉ែត្រ និងត្រូវបានកត់ចំណាំដោយអក្សរ ក ខ គ ឃ។ បង្គោល ក និង គ ហើយ ខ និង​ ឃ ត្រូវបានចងភ្ជាប់ជាមួយគ្នាដោយខ្សែពីរ ដែលមានទំហំប៉ុនមេដៃ ចេញពីស្បែកសត្វដែលគេហៅថាព្រ័ត្រ។ បង្គោលទាំងបួនត្រូវបានគេដាំជ្រៅទៅក្នុងដី ហើយខ្សែព្រ័ត្រត្រូវបានចងយ៉ាងតឹងដើម្បីធានានូវកម្លាំងនិងផ្តល់លំនឹងសម្រាប់អ្នករាំព្រោះអ្នករាំសម្តែងលើខ្សែព្រ័ត្រ។ នៅពេលដែលចម្រៀងចាប់ផ្តើម អ្នករាំប្រវ៉ាឡើងឈរនិងរាំលើខ្សែព្រ័ត្រ ហើយដើរពីខ្សែមួយទៅខ្សែមួយទៀត ដោយអ្នករាំដើរកាត់គ្នាទៅវិញទៅមក។

តាមពិតទៅ ពុំមាននរណាបានឃើញគេសម្តែងរបាំនេះទេ។ របាំនេះមានរស់នៅក្នុងតែការចងចាំរបស់មនុស្សមួយចំនួន ហើយដែលគេប្រាប់និងឮពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះ។ យោងតាមសៀវភៅ​ របាំប្រជាប្រិយខ្មែរ គេតែងតែសម្តែងរបាំនេះរួមជាមួយនឹងរបាំកន៉្តែរ៉ែ ដែលគេហៅថា «របាំកន្ត៉ែរ៉ែសួព្រ័ត្រ»។ ជាក់ស្តែង របាំទាំងពីរនេះមានធម្មជាតិផ្ទុយពីគ្នា មួយមានលក្ខណៈចលាចល និងមួយទៀតមានលក្ខណៈបែបសៀកនិងផ្ចង់ស្មារតី។

ឯកសារស្រាវជ្រាវបានអះអាងថា របាំសួព្រ័ត្រ មានដើមកំណើតតាំងតែពីសម័យមុនគ្រិស្តសករាជមកម៉្លេះ ដោយ​មានភស្តុតាងនៃការប្រើប្រាស់កន្ទុយក្ងោក ខ្សែព្រ័ត្រធ្វើពីស្បែកសត្វ និងឧបករណ៍តន្ត្រីប៉ីពក។ រឿងព្រេងខ្មែរមួយបានផ្តល់នូវដំណើររឿងដូចខាងក្រោម។

កាលពីព្រេងនាយ មានអ្នករកឧសម្នាក់ដែលបានឡើងសោយរាជ្យជាស្តេច។ ដោយសារមានដើមកំណើតជារាស្រ្តសាមញ្ញ ព្រះរាជាបានដាក់ព្រះរាជបញ្ជាតម្លើងរបាំនេះឡើង ដោយបង្ហាញពីសកម្មភាពរបស់អ្នករកឧស ដូចជាដើរក្នុងព្រៃ ព្រមទាំងរើសមែកឈើនិងវល្លិ៍ ជាដើម។ ចំណែកឯចម្រៀងវិញ គឺបង្ហាញពីសំឡេងសត្វ និងចាប។

          គេប្រើវង់ភ្លេងតូចមួយមានប៉ីពកមួយនិងស្គរដៃពីរ ដើម្បីកំដររបាំនេះ។

១.       សារិកាកែវ

                     ១.       សារិកាកែវអើយ                           ទន្ទឹមដូចភ្លុក

                               ទីទៃតែមុខ                                    ដងខ្លួនដូចគ្នា។

                     ២.      សារិកាកែវអើយ                           សារិកាកែវកើច

                               បងលួងឲ្យសើច                            ចង់មើលជើងធ្មេញ។

                     ៣.      បងគន់ជើងសក់                           រត់ជួររមេញ

                               បងគន់ជើងធ្មេញ                          ត្រឹមដូចគេកាត់។

                     ៤.       សារិកាកែវអើយ                           សារិកាកែវខ្ញូង

                               ហើរមកទាំងហ្វូង                          ល្អល្អះតែមួយ។

                     ៥​.       អាខ្លះទំមែក                                  អាខ្លះទំត្រួយ

                               ល្អល្អះតែមួយ                                         ទំត្រួយបំផុត។

                     ៦.       ស្រឡនឡនអើយ                          ពេញចិត្តញាតិសា

                               ម៉ែស៊ីខាន់ស្លា                                តាមច្បាប់ព្រហ្មទេព។

២.​      អុំទូក

          (ប្រុស) ១.       ទូកបងវាតវែង                              បងសែងដាក់ទឹក

                               ចែវឮគគ្រឹក                                  បេះមនត្រើយនាយ។

                     ២.      អ្នកខ្លះបេះវេច                              អ្នកខ្លះបេះស្ពាយ

                               បេះមនត្រើយនាយ                       បឹងកោះផ្កាយព្រឹក។

          (ស្រី)   ៣​.      កុំអួតទូកវែង                                 ចង់សែងដាក់ទឹក

                               ស្ទឹងជ្រៅពន្លឹក                              ក្រពើខាំស្លាប់។

          (ប្រុស) ៤.       ក្រពើអត់ធ្មេញ                              បងហ៊ានចុះចាប់

                               ទុកជាខាំស្លាប់                              ស៊ូចាប់ឲ្យមើល។

          (ស្រី)   ៥.       ក្រពើកាចណាស់                          អ្នកកុំរងើល

                               កុំចង់លមើល                               មុខជាវាខាំ។

ខ្ញុំសូមសង្ឃឹមទុកជាមុនថា សិល្បករសិល្បការិនីយើងនឹងខិតខំប្រឹងប្រែងស្រាវជ្រាវ និងនាំគ្នាគិតតម្លើងរបាំនេះឡើងជាថ្មីទៀត ដើម្បីធ្វើឲ្យរបាំនេះរស់មានជីវិតឡើងវិញ។ ជាការសោកស្តាយណាស់ ដែលរបាំក៏ដូចជាសិល្បៈវប្បធម៌ខ្មែរមួយចំនួនទៀតដែលបានបាត់បង់ កប់និងភ្លេចចោលទៅហើយ៕

—————————-

WALKING THE ROPE DANCE

(Abstract)

Robaim Suo Proat meaning “Walking the Rope Dance.” “Walking the rope” gives an impression of being a type of sport. There were two or four dancers participating in the dance, each holding (in each hand) a bundle of peacock-tails resembling a large fan. The dance was accompanied by a small music ensemble of one single free-reed pipe called pey pork and two goblet drums called skor dai. The songs used were Khnang Phnum, Sarika Keo, Omm Touk, and Chaol Chap.

Four strong poles, approximately two meters long and marked A B C D, were built. The poles (A and C, B and D) were tied to one another by two strings of the size of a thumb made of animal skins. The poles were placed deep into the ground and the ropes were tied tightly to secure the strength and provide balance for the dancers as they performed on them. As the music started, the dancers climbed on the ropes and danced, walking the ropes from one end to another, each passing other dancers where the ropes cross.

In fact, no one has seen this dance performed. It exists only in the memories of some people who in turn were told by other people. According to the book Khmer Popular Dance, people often performed this dance together with the Robaim Kantaerae, consequently called Robaim Kantaerae Suo Proat (1964: 133). Realistically, the two dances were quite different in nature, one being chaotic and the other being acrobatic and concentrating.

Robaim Suo Proat owes its origin to the pre-Christian era, as evident by the use of peacock-tails, animal skin ropes, and the single feed-reed pipe (ibid: 138). A Khmer legend provides the following story. Once upon a time, there was a wood collector, who became king. Because of his roots being a commoner, he ordered the creation of this dance, depicting the activities of a wood collector—walking the forests, and collecting tree branches and vines. Whereas the music portrayed the sounds of animals and birds.

អត្ថបទដោយ៖ បណ្ឌិត​ សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!