ទំព័រដើមប្រវត្តិសាស្ត្រភស្តុតាងខ្លះៗអំពីចម្លាក់កិមបុរុស (Kiṁpuruśa) ក្នុងសិល្បៈខ្មែរ

ភស្តុតាងខ្លះៗអំពីចម្លាក់កិមបុរុស (Kiṁpuruśa) ក្នុងសិល្បៈខ្មែរ

ចាប់តាំងពីខ្មែរទទួលឥទ្ធិពលសាសនាធំៗចំនួនពីរពីប្រទេសឥណ្ឌាមក សិល្បករខ្មែរតែងតែព្យាយាមឆ្លាក់ឱ្យចេញជាចម្លាក់ជាប់ជញ្ជាំង ឬបដិមាទោលដែលរៀបរាប់អំពីតួអង្គឬសាច់រឿងទេវកថាផ្សេងៗដូចមានចែងនៅក្នុងគម្ពីរ។ ក្នុងនោះ យើងសង្កេតឃើញថា នៅសម័យមុនអង្គរ  ចម្លាក់ដែលទាក់ទងនឹងឧបទេវ (Semi-divines) ឬទេពតូចៗ នៃព្រហ្មញ្ញសាសនា តែងតែមានឆ្លាក់បង្ហាញជាហូរហែនៅតាមប្រាសាទខ្មែរ ឧទាហរណ៍ ចម្លាក់វិទ្យាធរ និងចម្លាក់កិន្នរនៅសំបូរព្រៃគុកជាដើម។ ក្រោយមក មកដល់សម័យអង្គរចម្លាក់ឧបទេវ ដូចជា វិទ្យាធរ កិន្នរ អប្សរ កន្ធវ៌ គណ សិល្បករនិយមឆ្លាក់ខ្លាំងណាស់ ពោល គឺយើងតែងតែឃើញស្ទើរគ្រប់ទីកន្លែង។ ប៉ុន្តែ អ្វីដែលគួរកត់សម្គាល់នោះ នៅស.វ.ទី៩ ក្នុងរចនាបថព្រះគោ មានឃើញមានចម្លាក់មួយទៀតដែល​ខ្មែរកម្រយកមកឆ្លាក់ខ្លាំងណាស់ ពោល គឺចម្លាក់កិមបុរុស។ តើ “កិមបុរុស” គឺជាអ្វី? មាន  លក្ខណៈបែបណាខ្លះ?

“កិមបុរុស” ផ្សំឡើងដោយពាក្យសំស្រ្កឹតចំនួនពីរគឺពាក្យ “កិម” ឬ “កិំ” និងពាក្យ “បុរុស” ឬ “បុរស”។ ពាក្យ “កិម” មានន័យថា “ដូចម្តេច” រីឯពាក្យ “បុរុស” ប្រែថា “មនុស្ស” ហេតុដូច្នេះពាក្យ   “កិមបុរុស” មានន័យថា “ជាមនុស្សដូចម្តេច?” ឬ “ជាមនុស្សមិនចំជាមនុស្ស”។ កិមបុរុស គឺជាក្រុមឧបទេវដែលស្ថិតនៅក្នុងក្រុមកិន្នរ កន្ធវ៌​ វិទ្យាធរ ដូចគ្នាដែរ ប៉ុន្តែកិមបុរុសជាតួអង្គមួយដែលមានរូបរាងមិនដូចមនុស្សឡើយ ពោល គឺច្រើនមានក្បាលជាសត្វសេះឬសត្វតោ ខ្លួនស្រដៀងមនុស្ស ឬស្រដៀងខ្លួនសត្វគ្រុឌ ឬស្រដៀងខ្លួនកិន្នរ រីឯជើងវិញក៏មិនសូវដូចមនុស្សដែរ តែដូចជើងសត្វច្រើនជាង។ នៅក្នុងទេវកថារឿងមហាភារត កិមបុរុស គឺជាឈ្មោះកុលសម្ព័ន្ធឬអាណាចក្រមួយដែលនៅដាច់ឆ្ងាយពីគេឯងក្បែរជួរភ្នំហិមលយ និងកម្រមានអ្នកខាងក្រៅអាចចូលទៅបានឡើយ និងជាកុលសម្ព័ន្ធនៃអ្នកចម្បាំងសេះផង។ គេដឹងថា កិមបុរុស គឺជាកូនរបស់ឥសី​ម្នាក់ឈ្មោះ “បុលស្ត្យ” (Pulastya) ដែលត្រូវជាបុត្រធម៌ម្នាក់ក្នុងចំណោមបុត្រធម៌ទាំងដប់របស់ព្រះព្រហ្ម (ប្រជបតិ)។ មេដឹកនាំរបស់កិមបុរុសមានឈ្មោះថា “ទ្រុម” (Druma)។ នៅក្នុងរឿងមហាភារតដដែលនេះបានរៀបរាប់ថា អជ៌ន បានធ្វើដំណើរទៅដល់នគរកិមបុរុស និងបានប្រយុទ្ធឈ្នះស្តេចទ្រុម ហើយបានក្លាយជាអ្នកដឹកនាំនៅទីនោះ រហូតនគរកិមបុរុសបានរីកចម្រើនត្រឹមមួយពេលខ្លី។

គម្ពីរខ្លះទៀតបានរៀបរាប់ផ្សេងពីនេះ។ ឧទាហរណ៍ គម្ពីរភាគវតបុរាណ ជំពូកទី២០ ដែលរៀបរាប់អំពីការចាប់កំណើតរបស់ព្រះព្រហ្ម ត្រង់គាថាទី៤៤-៤៥ រៀបរាប់ថា “ព្រះព្រហ្មបានបង្កើតសិទ្ធ (Siddhas) និងវិទ្យាធរ (Vidyădharas) ដោយសារអំណាចនៃការមើលមិនឃើញរបស់ទ្រង់ និងបានចម្លងពួកគេចេញជារូបព្រះកាយដ៏អស្ចារ្យរបស់ទ្រង់ដែលហៅថា អន្តធ៌ាន ហើយក្រោយមកព្រះព្រហ្មបានតុបតែងខ្លួនជាមួយម្សៅនិងផ្កា ថែមទាំងបានសរសើរនូវសម្រស់របស់ទ្រង់ពេល​ឆ្លុះកញ្ចក់ រំពេចនោះព្រះព្រហ្មក៏បង្កើតចេញជារូបកិន្នរ និងកិមបុរុសឡើង”។ គម្ពីរផ្សេងទៀត ដូចជា វាយុបុរាណ រៀបរាប់ថា​ “កិមបុរុស គឺជាអ្នកបម្រើរបស់ព្រះកុបេរដែលជាទេពនៃទ្រព្យសម្បត្តិ និងជាអ្នកលេងតន្រ្តីដ៏ល្បីទៀតផង។

នៅក្នុងសិល្បៈឥណ្ឌា សិល្បករច្រើនឆ្លាក់រូបកិមបុរុសក្នុងទម្រង់ខ្លួនដូចមនុស្សមានស្លាប មានក្បាលជាសត្វសេះ ពាក់គ្រឿងអល្លង្ការច្រើន ដៃកាន់ឧបករណ៍តន្រ្តីរាងវែង។ ប៉ុន្តែ នៅក្នុងសិល្បៈខ្មែរវិញ ចម្លាក់កិមបុរុសមានលក្ខណៈកម្រខ្លាំងណាស់ ពោល គឺយើងឃើញនៅស.វ.ទី៩ ដែលគេឆ្លាក់នៅលើសសរពេជ្រប្រាសាទព្រះគោ និងបាគង។ រូបទាំងអស់គេឆ្លាក់នៅក្នុងក្បាច់សន្លឹកតូចៗឆ្លាស់គ្នាជាមួយកិន្នរ។ រូបកិមបុរុសនៅតាមសសរពេជ្រ គេឆ្លាក់រូបនេះបួនជាន់ក្នុងមួយសសរ ដែលក្នុងមួយជាន់មានរូបកិមបុរុសចំនួន ២ (សរុបសសរមួយមានរូបនេះ ៨)។

សិល្បករខ្មែរនៅស.វ.ទី៩ ឆ្លាក់ចម្លាក់កិមបុរុស មានក្បាលជាសត្វសេះ មានខ្លួនធំដូចគ្រុឌឬកិន្នរ ដៃទាំងពីរត្រដាងស្លាប ជើងធំៗស្រដៀងគ្រុឌឬកិន្នរ។ ក្រៅពីសសរពេជ្រប្រាសាទព្រះគោ និងបាគង ដែលស្ថិតនៅក្នុងស.វ.ទី៩ យើងកម្រឃើញចម្លាក់កិមបុរុសនៅកន្លែងផ្សេងណាស់។ ប៉ុន្តែ បើចម្លាក់ជារូបមនុស្សមានក្បាលសេះដែលឃើញនៅកន្លែងផ្សេងទៀត​ដូចជា ចម្លាក់នៅលើហោជាងប្រាសាទបន្ទាយស្រី ទំនងជារូបពួកគណច្រើនជាង។

ជារួមមក ទោះបីចម្លាក់កិមបុរុសនៅក្នុងសិល្បៈខ្មែរ គេនិយមត្រឹមតែស.វ.ទី៩ ក្នុងរចនាបថព្រះគោក៏ដោយ ចម្លាក់នេះជាតឹកតាងមួយនៃភាពសម្បូណ៌បែបនៃតួអង្គទេវកថាក្នុងព្រហ្មញ្ញសាសនាដែលខ្មែរបានជ្រួតជ្រាបកាលពីសម័យបុរាណ៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!