នាពេលបច្ចុប្បន្ននេះ យើងយល់ថាពាក្យ ចារឹក ជាពាក្យតែមួយម៉ាត់ ប៉ុន្ដែបើមើលឱ្យវែងឆ្ងាយបន្ដិច នោះនឹងឃើញថាកើតមកពីពាក្យពីរផ្សំគ្នា។ ន័យបច្ចុប្បន្នរបស់ពាក្យ ចារឹក គឺចារ សរសេរ ឬកត់ ប៉ុន្ដែបើយើងមើលអ្វីដែលគេចារឹករួចហើយ ដូចជាគោលចារឹក ផ្ទាំងចារឹក សិលាចារឹកជាដើមនោះ សុទ្ធតែកើតដោយដែកចារ ឬដាប់ផ្ទៃឱ្យខូងជ្រៅពុំគ្រាន់តែសរសេរធម្មតាដោយប្រើប៊ិក ឬខ្មៅដៃនោះទេ។
ពាក្យ ចារឹក កើតមកពីពាក្យ ចារ និង រឹក។ ពាក្យ ចារ យើងយល់ដោយងាយរួចហើយ។ រីឯ រឹក ជាពាក្យមកពីសំស្ក្រឹតថា រិក្ត១ (បើអានតាមមាត់ខ្មែរឥឡូវថា រឹក) មានន័យថាផ្ទៃទទេស្អាតគឺសំដៅដល់ផ្ទាំងថ្ម លោហៈ ស្លឹករុក្ខជាតិជាដើម ដែលគេបានសម្អាតផ្ទៃឱ្យស្អាត ហើយប្រើសម្រាប់ចារអត្ថបទអ្វីមួយ។ ពាក្យនេះជួបច្រើនក្នុងសិលាចារឹកខ្មែរបុរាណដូចជា៖ ទុក្តវ្រះរិក្ត (K.598B:45) = ចារលើព្រះរិក្ត, ទុក្តវ្រះរិក្តបិទុក៑នាកម្រតេងជគតឝ្រីឝិខរិឝ្វរ (K.380W:20) = ចារលើព្រះរិក្តដើម្បីទុកនៅប្រាសាទស្រីសិខរិសូរ(ប្រាសាទព្រះវិហារ)។ល។
ចំណែកពាក្យ ស្លឹករឹត មកពីពាក្យ ស្លឹក និងរឹត។ ស្លឹក ទីនេះ សំដៅដល់ស្លឹកទ្រាំងដែលគេកាប់យកកំពូលមកធ្វើតាមលំដាប់លំដោយ ដើម្បីបានជាសន្លឹកដែលនឹងប្រើសម្រាប់ចារអក្សរលើនោះបាន។ រឹត ជាសំណេរក្លាយពីបាលី រិត្ត ដែលត្រូវនឹងពាក្យសំស្ក្រឹតថា រិក្ត ដូចបានបង្ហាញខាងលើរួចហើយ។ នៅពេលដែលគេចារអក្សរលើនោះ គេលែងហៅថា ស្លឹករឹត ទៀតហើយ ហៅថា សាស្ត្រា ឬ វាន (សាស្ត្រាក្បួន ប្រវែងខ្លីជាងសាស្ត្រាទូទៅ) វិញ។ នៅក្នុងអត្ថបទសិលាចារឹកសំស្ក្រឹតហៅ ស្លឹករឹត នេះថា រិក្តបត្ត្រ (K.290D:6)។ បត្រ ជាពាក្យសំស្ក្រឹតមានន័យថា ស្លឹក សន្លឹក។ ដូច្នេះ រិក្តបត្ត្រ មានន័យថា ស្លឹករឹត នេះឯង។
នៅក្នុងវចនានុក្រមខ្មែរពន្យល់ពាក្យ គម្ពីរ ថាមានប្រភពមកពីពាក្យក្លាយមកពីបាលីថា គម្ភរី មានន័យថាជ្រៅ គឺសំដៅដល់សាស្ត្រា ច្បាប់ ធម្មវិន័យ ដែលរួបរួមដោយពួក ដោយប៉ែក ដោយខ្សែ។ សិលាចារឹកភាសាខ្មែរសរសេរពាក្យនេះជា កំវិ ឬ កំវី ក្រោយមកក្លាយជា កំពី។ កំវិ ឬ កំវី ជាពាក្យខ្មែរបុរាណដែលកម្លាយមកពីពាក្យ វី ត្រូវនឹងពាក្យខ្មែរទំនើបថា ពី ដូចពាក្យថា ពីនេះពីនោះ គឺសំដៅដល់រឿងនេះផង រឿងនោះផងជាដើម។ ពាក្យ វី នេះបង្កើតបានជាពាក្យ អ្វី និង អំវិ ឬអំវី(អំពី) ដែលពាក្យទាំងពីនេះសុទ្ធតែបញ្ជាក់ពីរឿង ឬហេតុការណ៍អ្វីមួយ។
យើងឃើញថា កំវី ច្រើនតែកត់ត្រារឿងរ៉ាវសំខាន់នានា ដែលភាគច្រើនជាការត្រាស់បង្គាប់របស់ព្រះរាជាផង។ ក្នុងសិលាចារឹកថ្មីមួយរកឃើញនៅស្រុកបរវេល ខេត្តបាត់ដំបង ព្រះមហាក្សត្របានត្រាស់បង្គាប់ឱ្យគេចារគម្ពីរមាសដាក់នៅកន្លោងព្រះ(ប្រាសាទ)ដូចមានឃ្លាថា វ្រះប្រេទុក្តវ្រះរិក្តកំវិមាសអាយ៑កន្លោង៑វ្រះ មានន័យថា ព្រះមហាក្សត្រត្រាស់ឱ្យចារព្រះរិក្តគម្ពីរមាសទុកនៅកន្លោងព្រះ។
អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង