ប្រទេសអ៊ីរ៉ាក់៖ ទីក្រុងបុរាណមួយដែលមានអាយុ ៣៤០០ឆ្នាំ បានលេចឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីកម្រិតទឹកនៃអាងស្តុកទឹកបានស្រកចុះដោយសារតែគ្រោះរាំងស្ងួតខ្លាំង។ អ្នកបុរាណវិទ្យាជនជាតិឃឺដ (Kurdish) និងអាល្លឺម៉ង់បានធ្វើកំណាយនៅទីតាំងក្រុងដែលលេចឡើងនោះ នៅក្នុងអាងស្តុកទឹក Mosul តាមដងទន្លេ Tigris ក្នុងតំបន់ Kurdistan ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងខែមករា និងកុម្ភៈ។ គម្រោងនេះស្ថិតក្នុងការសហការជាមួយអគ្គនាយកដ្ឋានវត្ថុបុរាណ និងបេតិកភណ្ឌក្រុងឌូហុក ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ក្នុងតំបន់នេះសម្រាប់មនុស្សជំនាន់ក្រោយ។
អ្នកបុរាណវិទ្យាបានយល់ថា ស្ថានីយបុរាណវិទ្យា Kemune ស្ថិតយុគសំរិទ្ធក្នុងក្រុង Zakhiku ជាមជ្ឈមណ្ឌលដ៏សំខាន់នៃចក្រភព Mittani មានអាយុកាលចាប់ពីឆ្នាំ ១៥៥០ ដល់ឆ្នាំ ១៣៥០ មុនគ.ស.។ យោងតាមលោក ស្រី Ivana Puljiz សាស្ត្រាចារ្យរងនៅនាយកដ្ឋានបុរាណវិទ្យា និង assyriology នៃសាកលវិទ្យាល័យ Freiburg ក្នុងទីក្រុង Breisgau ប្រទេសអាល្លឺម៉ង់ និងជាប្រធានគម្រោងបានបង្ហាញថា វិសាលភាពទឹកដីនៃអាណាចក្រនេះ លាតសន្ធឹងពីសមុទ្រមេឌីទែរ៉ាណេទៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ទីក្រុង Zakhiku ត្រូវបានលិចនៅក្រោមទឹកបន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ាក់បានសាងសង់ទំនប់ Mosul ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ លោកស្រី Puljiz ជាបុរាណវិទូម្នាក់ បានលើកឡើងថា «បន្ទាប់ពី ខ្ញុំបានដំណឹងថាទីក្រុង Zakhiku បានលេចឡើងមកវិញ ក្រុមការងាររបស់ខ្ញុំបានប្រញាប់ប្រញាល់ធ្វើកំណាយនៅលើទីតាំងនេះ ព្រោះយើងមិនដឹងថាពេលណាកម្រិតទឹកនឹងកើនឡើងម្តងទៀតនោះទេ។ លោកស្រីបានបន្តទៀត ដោយសារតែឧបសក្គ និងកត្តាពេលវេលា អាកាសធាតុ យើងបានធ្វើកំណាយក្នុងសីតុណ្ហភាព ក្តៅ ត្រជាក់ ភ្លៀង ដែលក្រោមពន្លឺថ្ងៃក្តៅខ្លាំង ដើម្បីប្រមូលទិន្នន័យ។» ទីក្រុងបុរាណនេះបានលិចក្រោមទឹកជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកស្រាវជ្រាវបានធ្វើការសិក្សា និងធ្វើកាតាឡុកវត្ថុនៃស្ថានីយនេះ ជាច្រើនឆ្នាំមកហើយ ដោយព្រះរាជវាំងនៃទីក្រុង Zakhiku ធ្លាប់លេចរូបរាងម្តងកាលពីឆ្នាំ ២០១៨ ប៉ុន្តែរចនាសម្ព័ន្ធផ្សេងទៀត នៅតែលេចនៅក្រោមទឹក។ របកគំហើញមួយចំនួនរួមមាន កំពែងក្រុង និងជញ្ជាំងប្រាសាទជាដើម ក៏បានរកឃើញផងដែរ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សំណង់ស្ថាបត្យកម្មភាគច្រើនធ្វើពីឥដ្ឋភក់ដុត ដែលជាធម្មតាមិនអាចរក្សាបានល្អនៅក្រោមទឹកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុង Zakhiku បានទទួលរងពីការរញ្ជួយដីមួយនៅប្រហែលឆ្នាំ ១៣៥០ មុនគ.ស. ហើយផ្នែកខ្លះនៃជញ្ជាំងខាងលើបានដួលរលំ និងគ្របដណ្តប់លើអាគារ។ លោកស្រី Puljiz បាននិយាយថា មិនសូវមានគេដឹងអំពីប្រជាជន Mittani បុរាណ ដែលបានសាងសង់ទីក្រុងនោះទេ ដោយសារតែអ្នកស្រាវជ្រាវមិនបានកំណត់អត្តសញ្ញាណជារាជធានីរបស់ចក្រភព ឬឯកសាររបស់ពួកគេ។
ប្រភព៖ https://edition.cnn.com
ទោះជាយ៉ាងណាក៏ដោយ វត្ថុបុរាណមួយចំនួនដែលបានរកឃើញក្នុងអំឡុងពេលធ្វើកំណាយចុងក្រោយបំផុតអាចជួយផ្តល់ការយល់ពីពត៌មាននេះ។ បន្ថែមពីនេះ អ្នកបុរាណវត្ថុវិទូបានរកឃើញនូវពាងសេរ៉ាមិចចំនួន ០៥ ដែលផ្ទុកដោយក្តារដែលមានអក្សរ cuneiform បុរាណពីដីឥដ្ឋជាង ១០០ ដែលមានអាយុកាលក្រោយការរញ្ជួយដីបន្តិច។ ពួកយើងជឿថាការតាំងទីនៅទីក្រុងនេះបន្តចាប់ពីសម័យកាលចន្លោះឆ្នាំ១៣៥០ រហូតដល់១១០០មុនគ.ស.។ វត្ថុបុរាណទាំងអស់ដែលត្រូវបានរកឃើញ រួមទាំងក្តារ អក្សរ cuneiform ផងនោះ កំពុងរក្សាតម្កល់ទុកក្នុងសារមន្ទីរជាតិ Duhok។ មុនពេលទីក្រុងនេះលេចម្តងទៀតនៅក្រោមទឹក អ្នកស្រាវជ្រាវបានគ្របបន្ទះប្លាស្ទិកពីលើកន្លែងដែលបានកំណាយដាក់ក្រួស និងសង្កត់ថ្ម។ លោកស្រី Puljiz សង្ឃឹមថាវិធានការទាំងនេះនឹងអាចការពារទីតាំងបុរាណពីការហូរច្រោះទឹក និងការពារវាមិនឱ្យបាត់ទាំងស្រុង។
ប្រភព៖ https://edition.cnn.com
ប្រភពដកស្រង់ពី៖ 3,400-year-old city in Iraq emerges after extreme drought – CNN