សារមន្ទីរ Glasgow បានយល់ព្រមប្រគល់វត្ថុបុរាណឥណ្ឌាចំនួនប្រាំពីរទៅប្រទេសឥណ្ឌា។ គណៈប្រតិភូមកពីគណៈកម្មាការជាន់ខ្ពស់នៃប្រទេសឥណ្ឌាបានធ្វើការផ្លាស់ប្តូរដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងយល់ព្រមមួយនៅវិចិត្រសាលសិល្បៈ Kelvingrove (រូបលេខ២)។ នេះគឺជាជំហានដំបូងនៃការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណរបស់ឥណ្ឌាទៅកាន់ប្រទេសកំណើតរបស់ខ្លួនដែលប្រគល់ពីសារមន្ទីរនៃចក្រភពអង់គ្លេស និងនៅទីតាំងផ្សេងៗទៀត។
វត្ថុចំនួនប្រាំមួយ រួមទាំងរូបចម្លាក់សតវត្សទី១៤ និងថ្មគោលសតវត្សទី១១ ត្រូវបានលួចពីតំបន់ទីសក្ការៈផ្សេងៗ និងប្រាសាទនានាក្នុងសតវត្សទី១៩ និងវត្ថុទីប្រាំពីរ គឺព្រះខ័ន ឬហៅថា tulwar ជាមួយនឹងស្រោមព្រះខ័ន ត្រូវបានលួចនៅឆ្នាំ១៩០៥។
សារមន្ទីរ Glasgow បាននិយាយថា វត្ថុទាំងអស់នោះត្រូវបានគេជឿថាមកពីតំបន់ Kanpur, Kolkata, Gwalior, Bihar និង Hyderabad ដែលមានអាយុកាលប្រហែល១០០០ឆ្នាំ។
លោក Sujit Ghosh ស្នងការជាន់ខ្ពស់នៃប្រទេសឥណ្ឌា បានស្វាគមន៍ចំពោះការត្រឡប់មកវិញនៃវត្ថុទាំងនោះ។ លោកបានមានប្រសាសន៍ថា៖ វត្ថុបុរាណទាំងនេះជាផ្នែកសំខាន់មួយនៃមរតកអរិយធម៌របស់យើង ហើយឥឡូវនេះនឹងត្រូវបញ្ជូនត្រឡប់ទៅផ្ទះវិញ។ យើងសូមថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានធ្វើឱ្យរឿងនេះអាចធ្វើទៅបាន ជាពិសេស Glasgow Life និងក្រុមប្រឹក្សាទីក្រុង Glasgow។
វាមិនមែនជាលើកទីមួយទេ ដែលទីក្រុង Glasgow បានប្រគល់វត្ថុបុរាណដែលគេលួចទៅឱ្យប្រទេសដែលជាម្ចាស់ដើមវិញ។ លោក Duncan Dornan ប្រធានសារមន្ទីរ Glasgow បាននិយាយថា៖ ដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណបានដំណើរការអស់រយៈពេលជាយូរមកហើយនៅទីក្រុង Glasgow។ ការប្រគល់ត្រឡប់មកវិញនៃវត្ថុបុរាណជាលើកដំបូងទៅកាន់ម្ចាស់ដើម គឺធ្វើឡើងនៅក្នុង១៩៩៨។ វត្ថុបុរាណដែលប្រគល់នោះ អាវខ្មោចទៅជនជាតិ Lakota ។
វត្ថុបុរាណទាំងនោះនឹងត្រូវប្រគល់ជូនរដ្ឋាភិបាលឥណ្ឌាវិញនៅចុងឆ្នាំនេះ។ លោក Dornan បាននិយាយថា៖ កិច្ចព្រមព្រៀងនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនេះជាការធ្វើមាតុភូមិនិវត្តន៍លើកដំបូងទៅកាន់ប្រទេសឥណ្ឌាពីសារមន្ទីរចក្រភពអង់គ្លេស។ យើងមិនទាន់មានព័ត៌មានលម្អិតអំពីវត្ថុទាំងនោះដែលនឹងត្រូវត្រឡប់ទៅប្រទេសឥណ្ឌាវិញនោះទេ។
ប៉ុន្តែច្បាស់ណាស់ វាមានសារៈសំខាន់ សម្រាប់ប្រទេសឥណ្ឌា ដូចដែលវត្ថុទាំងនោះស្ថិតនៅក្នុងទីក្រុង Glasgow ដូច្នេះខ្ញុំប្រាកដថា ពួកគេនឹងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ប៉ុន្តែនេះពិតជាវិធីមួយក្នុងការកសាងទំនាក់ទំនងថ្មី និងរឹងមាំជាងមុន ក្នុងការសហការ កែលម្អរបស់យើង និងគាំទ្រអ្នកទស្សនារបស់យើង និងប្រជាជនកាន់តែទូលំទូលាយ។
Glasgow ក៏បានកំណត់ប្រភពដើមនៃវត្ថុបុរាណដ៏ទៃទៀតដែរ ដើម្បីប្រគល់វត្ថុមួយចំនួនផ្សេងទៀតទៅកាន់ប្រទេសដើមរបស់ពួកគេវិញ។ ការទាមទារដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ រួមមានវត្ថុអំពីសំរឹទ្ធចំនួន ១៩ ដែលត្រូវបានយកចេញពីទីក្រុង Benin ក្នុងប្រទេសនីហ្សេរីយ៉ានៅឆ្នាំ១៨៩៧។ វត្ថុបុរាណប្រហែល ២៥ មកពី Lakota និង Oceti Sakowin ក៏នឹងត្រូវប្រគល់ទៅឱ្យ Cheyenne River Sioux និង Oglala Sioux នៃ South Dakota ផងដែរ។ វត្ថុទាំងនោះត្រូវបានលក់ និងបរិច្ចាគទៅសារមន្ទីរ Glasgow ដោយលោក George Crager ដែលជាអ្នកបកប្រែសម្រាប់កម្មវិធី Buffalo Bill Wild West Show ដែលបានមកទស្សនាទីក្រុងក្នុងឆ្នាំ១៨៩២។ Glasgow Life បាននិយាយថាដំណើរការធ្វើមាតុភូមិនិវត្តន៍គឺដើម្បីបង្ហាញពីភាពស្មោះត្រង់ និងជួយកសាងទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត៕
ដកស្រង់ពី៖ Glasgow Museums to return seven stolen artefacts to India – BBC News