ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកទួលក្តីក្នុង

សិលាចារឹកទួលក្តីក្នុង

ក្តីក្នុង ជាឈ្មោះស្ថានីយបុរាណមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈើទាល ឃុំឫស្សីស្រស់ ស្រុកពាមជ័រ ខេត្តព្រៃវែង។ កំណត់សម្គាល់ស្ថាននាម ដែលសម្គាល់ដោយពាក្យថា “ក្តី” នៅក្នុងសង្គមខ្មែរមានស្ថាននាមជាច្រើន ដូចជា ក្តីអង្គ ក្តីក្នុង ក្តីតាកុយ ជាដើម។ ក្តី ច្រើនសម្គាល់ដី ខ្ពស់ ឬទីទួលមិនលិចទឹក។ បើពិនិត្យបន្ថែមទៀត ក្តីច្រើនតែសម្គាល់ទីតាំងទួលខ្ពស់ ជាអតីតសំណង់បុរាណ ឬប្រាសាទចាស់ដែលបានបាក់បែកអស់ ដោយបន្សល់នូវរចនាសម្ព័ន្ធមួយចំនួន ហើយក្តីក៏សម្គាល់ដល់វត្តអារាមខាងព្រះពុទ្ធសាសនាដែរ  ជួនកាលទួលខ្ពស់ក៏ហៅថា ទួលក្តី ។

សំណៅផ្តិតសិលាចារឹកទួលអង្គក្តីក្នុង

នៅទីតាំងទួលក្តីក្នុងនេះមានការរកឃើញសិលាចារឹកមួយផ្ទាំង ចារឹកនៅលើថ្មភក់ចារឹក ជាភាសាខ្មែរ។ យោងតាមព័ត៌មានពីអ្នកស្រុកដែលរស់នៅក្បែរស្ថានីយនេះបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ មានមនុស្សចម្លែកម្នាក់ មិនដឹងថាមកអំពីភូមិណានោះទេ បានយកគ្រឿងតង្វាយមាន ទៀន ធូប ជាដើមមកអុជបន់ស្រន់នៅលើទួលក្តីក្នុង ហើយបាន   ជីកដី។ អ្នកស្រុកក៏បានដើរទៅមើល ហើយគ្រាន់តែអ្នកស្រុកទៅជិតដល់ បុរសនោះក៏រត់បាត់ទៅ។ ពេលទៅដល់ក៏បានឃើញថ្មមួយដុំវែង ដែលបុរសនោះបានជីកស្ទើរបានទៅហើយនោះ នៅលើផ្ទាំងសិលានោះ មានចារឹកអក្សរ។ បន្ទាប់មកមានព្រះសង្ឃមួយអង្គ ដែលគង់នៅវត្តក្បែរខាងទួលអង្គនោះ បានថតរូប និងបញ្ជូនមកឱ្យស្រមណនិស្សិតមួយអង្គនាម ចាន់ ឈាន់ គង់នៅវត្តព្រះពុទ្ធមានបុណ្យ ហើយលោកក៏បានផ្ញើមកឱ្យខ្ញុំបន្តទៀត។ លុះដល់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ ខ្ញុំ និងស្រមណនិស្សិត ចាន់ ឈាន់ បានធ្វើដំណើរទៅកាន់ទីនោះ ដើម្បីធ្វើសំណៅផ្តិតយកមកសិក្សាស្រាវជ្រាវ។

សិលាចារឹកនេះបាក់ជា ២ កំណាត់ មានការរលុបបាត់ទិន្នន័យមួយចំនួនផង។ នៅក្នុងសិលាចារឹកនេះមានចុះកាលបរិច្ឆេទឆ្នាំ៨២០ស.ក. ត្រូវនឹងឆ្នាំ ៨៩៨ គ.ស. ថ្ងៃ៥រោច ខែអាសាធ ។ ក្នុងអត្ថបទចារឹកនេះបានបញ្ជាក់ដល់បទបញ្ជាមួយដល់ មន្ត្រីចំនួន ៤ នាក់ ដែលមានដូចជា៖

                        ១. កំស្តេងអញ៑ឝ្រីនរាធិបតិវម៌្ម

                        ២. ក្លោញ៑ឝ្រី..បរាយុធ

                        ៣. ម្រតាញ៑ឝ្រីមហេន្ទ្រាទិត្យ

                        ៤. ម្រតាញ៑ឝ្រីមថន។

សំណៅផ្តិតសិលាចារឹកទួលអង្គក្តីក្នុង

យោងតាមប្រភពសិលាចារឹកនេះមិនបានបញ្ជាក់ដល់ព្រះនាម អ្នកចេញបទបញ្ជានោះទេ ដោយគ្រាន់តែបញ្ជាក់ជាឋានន្តរនាមថា “មានវ្រះអាជ្ញាធូលិជេង៑វ្រះកំស្តេង៑អញ” (មានព្រះរាជអាជ្ញាធូលីជើងព្រះកំស្តេងអញ) តែប៉ុណ្ណោះ ដែលជាឋានន្តរនាមកំពូលមួយបន្ទាប់អំពីព្រះមហាក្សត្រ។ ដូច្នេះអ្នកចេញបទបញ្ជាអាចជាសមាជិករាជវង្ស ឬមន្ត្រីជាន់ខ្ពស់ ឬអាចជាអនាគតព្រះមហាក្សត្រ។ ក្នុងលក្ខណៈជាទូទៅព្រះមហាក្សត្រដែលកំពុងសោយព្រះរាជសម្បត្តិ មិនមានឋានន្តរនាមជាកំស្តេងនោះទេ គឺមានត្រឹមតែ “អាជ្ញាធូលីជេងព្រះកម្រតេងអញ” តែប៉ុណ្ណោះ។ នៅក្នុងសិលាចារឹកលេខ K.1151 មានបញ្ជាក់ដល់អនាគតព្រះមហាក្សត្រ គឺព្រះបាទស្រីរាជេន្ទ្រវម៌្ម មិនទាន់គ្រងរាជសម្បត្តិទ្រង់មានឋានន្តរនាមថា “ធូលិជេង៑កំស្តេង៑អញឝ្រីរាជេន្ទ្រវម៌្ម”

ម្ល៉ោះហើយ អ្នកចេញឱង្ការនេះទំនងជាមន្ត្រីកំពូលម្នាក់ ដែលបានចេញបទបញ្ជាជូនដល់មន្ត្រីទាំង៤នាក់ ឱ្យនាំបន្ទូលទៅដល់ វាបទេងបំចាំ, វាបអស” ដែលមកធ្វើអំណោយ តង្វាយ ការសាងសង់សមិទ្ធផលនានាក្នុងទេវស្ថាននេះ។ ក្នុងសិលាចារឹកនេះបានបញ្ជាក់ដល់ស្ថាននាមនេះថា “ស្រុកវ្រះកម្រតេងអញឝង្ករបុរ” ដូច្នេះ ពាក្យថា “សង្ករបុរ” នេះទំនងជាឈ្មោះដើមរបស់ទួលអង្គក្តីក្នុងនេះឯង។ សង្ករបុរ សម្តៅដល់ប្រាសាទ ឬទេវវិមានរបស់ព្រះសិវ ព្រោះសង្ករក៏ជាព្រះនាមមួយរបស់ព្រះសិវដែរ។

ក្រៅពីនេះ តាមរយៈសិលាចារឹកនេះយើងអាចស្គាល់ស្ថាននាមមួយចំនួនដូចជា៖

១. ស្រុកសង្ករបុរ

២. ស្ទឹងស្រងែ

៣. បឹងថ្មរោញ។

អត្ថបទពាក្យចារឹក

            ១.        ៨២០ ឝក បញ្ចមិ

            ២.        រោច អាសាធ នុមានវ្រះ

            ៣.       [អាជ្ញា] ធូលិជេង៑ វ្រះកំស្តេង៑ អ

            ៤.        [ញ៑]ត កំស្តេង អញ៑ ឝ្រីនរាធិបតិវម៌្ម

            ៥.        នុ  ក្លោញ៑ ឝ្រី..បរាយុធ នុ ម្រ

            ៦.        តាញ៑ ឝ្រីមហេន្ទ្រាទិត្យ នុ ម្រតាញ៑ឝ្រី

            ៧.        មថន កថាវ្រះអាជ្ញាធូលីជេង វ្រះ

            ៨.        [កំស្តេង] អញ៑ ត វាប៑ ទេង៑ បំចា វាប៑ អស៑ នេះ

            ៩.        មោក អាយ៑ ប្រសាទ នេះស្រុក[វ្រះកម្រតេ]

            ១០.     ង៑ អញ៑ ឝង្ករបុរ មន៑ ………………

            ១១.     នេះហ ទៅបូវ៌្វល្វោះ ………….

            ១២.     ក៑កា…………. [ទ]ក្ឞិណឥស្ស ស្តុក

            ១៣.    ……………. [អំ]វី ត នេះហ ទៅ បឝ្ចិម

            ១៤.     ……………….ច្ទិងសងេយ អំវិ ត

            ១៥.     …………………នៃះហ ទៅ ឧត្តរ ឥស្ស

            ១៦.     …………………បិង ថ្មរោញ

បំណកប្រែ

(១-១០) នៅក្នុងឆ្នាំ៨២០ស.ក. (ត្រូវនឹង៨៩៨គ.ស.) ថ្ងៃ៥រោច ខែអាសាធ មានព្រះរាជអាជ្ញាធូលីជើងព្រះកំស្តែងអញដល់កំស្តេងអញស្រីនរាធិបតិវម៌្ម ក្លោញស្រី..បរាយុធ ម្រតាញស្រីមហេន្ទ្រាទិត្យ ម្រតាញស្រីមថន ដើម្បីនាំកថា(ព្រះឱង្ការ)ព្រះអាជ្ញាធូលីជើងព្រះកំស្តេងអញទៅដល់វាបទេងបំចាំ, វាបអស, ឱ្យមកប្រសាទ (ប្រទានតង្វាយ) នេះស្រុកព្រះកម្រតេងអញសង្ករបុរ។ (១០-១៦).  នេះ ….(ជាតង្វាយ) នេះ ទៅខាងទិសបូព៌ (ខាងកើត) រហូតទៅដល់ ………ខាងទក្ឞិណ (ខាងត្បូង)អស់ ស្តុក ……..ចាប់អំពីកន្លែងនេះទៅដល់ទិសបស្ចឹម (ខាងលិច) …….. ស្ទឹងស្រងែ ចាប់អំពីនេះទៅ …………. នេះទៅឧត្តរ (ទិសខាងជើង) អស់…..បឹង ថ្មរោញ៕

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!