លៀស ជាពពួកសិប្បីសត្វ ដែលមានសំបកពីរ រស់នៅក្នុងទឹកសមុទ្រ ឬទឹកសាប ដូចជានៅក្នុងទន្លេ ស្ទឹង បឹង ជាដើម។ តើលៀសមានវត្តមាននៅប្រទេសកម្ពុជាតាំងពីពេលណាមក? ក្រុមការងារសិក្សាស្រាវជ្រាវផូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន។ បានចុះសិក្សាស្រាវជ្រាវក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០២០ យើងបានរកឃើញ សំណាក សត្វលៀស នៅស្ថានីយ៍ផូស៊ីលភ្នំកន្ទួត ដែលមានអាយុកាលប្រមាណ២៥២-២៩៩លានឆ្នាំមុន ដែលជាភស្តុតាងមានអាយុកាលចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជា និងមានភស្តុតាងមួយចំនួនទៀតមានអាយុកាលបន្តមកដល់ពេលបច្ចុប្បន្ន។
Bivalves ប្រហែលជាមានប្រភេទសត្វរស់នៅចំនួន ៥០០០០ ដែលត្រូវបានពិពណ៌នា និងជាង ៤២០០០ ប្រភេទផូស៊ីល។ ផូស៊ីល Bivalves ចំណាស់ជាងគេបំផុតមកពីថ្មនៃយុគសម័យ Cambrian ប្រមាណ៥០០លានឆ្នាំ និងបន្តរស់នៅរហូតដល់ពេលបច្ចុប្បន្ន។ ភាគច្រើននៃប្រវត្តិរបស់ពួក Bivalves ជាពិសេសក្នុងរយៈពេល ២៥០លានឆ្នាំមុន ជាក្រុមសត្វដែលមានលក្ខណៈចម្រុះ និងមានសារៈសំខាន់ខាងអេកូឡូស៊ីនៅក្នុងសមុទ្រ។ នៅក្នុងថ្នាក់ Class Bivalvia ត្រូវបានបែងចែកជាថ្នាក់រង និងលំដាប់ជាច្រើន។
តារាងវគ្គីសាស្ត្រ (Taxonomy)
Kingdom រជ្ជៈ | Phylum សាខា | Class ថ្នាក់ | Subclass ថ្នាក់រង | Order លំដាប់ | Family សណ្តាន | Genes ពួក | Species ប្រភេទ |
Animal | Mollusca | Bivalvia | Archiheterodonta | Carditida | Astratidea |
ការសិក្សាស្រាវជ្រាវនៅកម្ពុជា
សត្វលៀសដែលយើងលើកយកមកបង្ហាញជាលៀសដែលបានរកឃើញនៅស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំកន្ទួត នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ស្ថានីយផូស៊ីលសត្វសមុទ្រភ្នំកន្ទួតមានអាយុកាលអំឡុងស័ក Paleozoic សម័យកាល Permian (២៥២-២៩៩លានឆ្នាំ)។ លៀសមានទំហំ២ស.មនេះ មានរូបរាងប្រហាក់ប្រហែលនឹងលៀសក្នុងពេលបច្ចុប្បន្ន ដែលបានរក្សាបានទាំងមូល។ យើងបានរកឃើញនៅប្រភេទសត្វសមុទ្រមួយចំនួនទៀត ដូចជា Brachiopods ផ្កាថ្មស្នែងជាដើម (សូមអានអត្ថបទក្នុងលេខយោងទី៣)។ ស្លាកស្នាមសត្វនៃពពួកលៀសផ្សេងៗទៀតនៅតាមស្ថានីយផូស៊ីលសត្វសមុទ្រមួយចំនួនទៀតផងដែរ។
សត្វលៀស មួយចំនួនទៀតដែលត្រូវបានរកឃើញនៅឆ្នាំ២០១៩ ដោយក្រុមការងារសិក្សាស្រាវជ្រាវផូស៊ីលនៃក្រសួងបរិស្ថាន នៅស្ថានីយផូស៊ីលសត្វសមុទ្រភ្នំពីរ ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែលមានអាយុកាលនៅក្នុងស័ក Mesozoic សម័យកាល Jurassic (១៤៥-២០១លានឆ្នាំ)។ ពួកលាសត្រូវបានរកឃើញជាមួយពពួក Ammonite ដែលជាប្រភេទមួយដែលមាននៅក្នុងកំណាត់ Fossil Record។ សត្វទាំងឡាយនេះត្រូវបានរកឃើញក្នុងស្រទាប់នៃប្រភេទថ្មភក់។ បច្ចុប្បន្នពពួកលៀសនៅប្រទេសកម្ពុជាមានទាំងប្រភេទរស់នៅទឹកសាប និងនៅក្នុងទឹកសមុទ្រ៕
អត្ថបទដោយ៖ លោក លឹម វណ្ណច័ន្ទ