ទួលបារាយណ៍អណ្តែត ឬអ្នកស្រុកហៅថា “ទួលអស់លោក” ជាបូជនីយដ្ឋានមួយស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ចម្ងាយប្រហែល៣០០ម៉ែត្រ ខាងជើងស្ថានីយបុរាណវិទ្យាទួលអំបែង។ អ្នកស្រុកជឿថាទួលអស់លោក ជាទីប្រជុំអ្នកតា-បារមីប្រកបដោយឫទ្ធិពូកែ ដែលអ្នកតូច-ធំជិតឆ្ងាយតែងចូលគោរពបួងសួងបន់ស្រន់សឹងបានសុខសប្បាយសមប្រាថ្នាគ្រប់គ្នា។ មិនតែប៉ុណ្ណោះ អ្នកស្រាវជ្រាវក៏ពិនិត្យឃើញបំណែកបុរាណវត្ថុគួរឱ្យកត់សម្គាល់មួយចំនួននៅទីទួលនេះដូចជា សិវលិង្គ យោនីនាងឧមា គំនរថ្មបាយក្រៀម និងបំណែកកុលាលភាជន៍ជាដើម។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A4-%E1%9E%82%E1%9F%86%E1%9E%93%E1%9E%9A%E2%80%8B%E1%9E%A5%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%93%E1%9E%B7%E1%9E%84%E2%80%8B%E1%9E%94%E1%9F%86%E1%9E%8E%E1%9F%82%E1%9E%80%E2%80%8B%E1%9E%80%E1%9E%BB%E1%9E%9B%E1%9E%B6%E1%9E%9B%E1%9E%97%E1%9E%B6%E1%9E%87%E1%9E%93%E1%9F%8D%E2%80%8B-1.png)
តាមការសិក្សារបស់អ្នកជំនាញផ្នែកចុះបញ្ជីស្ថានីយបុរាណរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យនិងចាត់ថ្នាក់ទួលអស់លោក គឺជាទួលឥដ្ឋធំមួយ ព័ទ្ធជុំវិញដោយកសិន្ធុ (គូទឹក) ដែលជាលំនាំរចនាសម្ព័ន្ធបុរាណ។ មកដល់បច្ចុប្បន្ន គេជឿថាទួលនេះជាកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធិមានឫទ្ធិបារមីក្រៃលែង រហូតចារថា “បារមីទួលបារាយណ៍អណ្តែត”។ ដោយឡែកចំពោះឈ្មោះ “ទួលបារាយណ៍អណ្តែត” មានរឿងតំណាលថា ដើមឡើយទួលនេះមានដើមឈើតូចធំក្រាស់ឃ្មឹក សម្បូរសត្វអសិរពិស ហើយក្នុងរដូវវស្សាទឹកតែងជន់ឡើងព្រៀបជុំវិញ ពុំមានផ្លូវថ្មើរជើងចូលឡើយ។ បើមនុស្សចូលទៅច្រើនលើទួលនេះ ហើយដើរទៅផ្នែកខាងត្បូង ខាងជើងបះឡើង បើដើរទៅខាងលិច ខាងកើតត្រូវបះឡើងហាក់ដូចជាអណ្តែតនៅលើទឹក ទើបមានឈ្មោះហៅថា “ទួលបារាយណ៍អណ្តែត”។ រីឯរឿងមួយទៀតតំណាលថា កាលពីព្រេងនាយមានមេទ័ពដ៏ខ្លាំងពូកែម្នាក់ បានដឹកនាំពលសេនាជាច្រើនតាមសំពៅចេញច្បាំងបណ្តេញសត្រូវ។ លុះធ្វើដំណើរមកដល់ទីនេះ មានព្យុះបណ្តាលឱ្យសំពៅលិច។ មេទ័ពនិងពលសេនាប្រឹងហែលរហូតដល់លើទួលនេះដោយសុវត្ថិភាព ហើយចាប់ពីនោះរហូតមក អ្នកស្រុកក៏ហៅថា “ទួលសំពៅលិច”។ ប៉ុន្តែក្រោយមកឈ្មោះនេះក៏បាត់ទៅពុំមានអ្នកចងចាំ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A5-%E1%9E%81%E1%9F%92%E1%9E%9B%E1%9F%84%E1%9E%84%E2%80%8B%E1%9E%91%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%9A%E1%9E%91%E1%9E%BD%E1%9E%9B%E1%9E%94%E1%9E%B6%E1%9E%9A%E1%9E%B6%E1%9E%99%E1%9E%8E%E1%9F%8D%E2%80%8B%E1%9E%A2%E1%9E%8E%E1%9F%92%E1%9E%8F%E1%9F%82%E1%9E%8F.jpg)
បច្ចុប្បន្ន ទួលអស់លោកមានផ្លូវមួយខ្សែដែលលើកភ្ជាប់ចូលមកតាំងពីឆ្នាំ១៩៩២។ លើសពីនេះ គេចាត់ទុកទួលអស់លោកជាបូជនីយដ្ឋានផង និងជារមណីយដ្ឋានផង។ នៅលើទួលមានសំណង់ផ្សេងៗជាច្រើនដូចជា វិហារ បុស្បុក ខ្ទមអ្នកតា សាលាបុណ្យ សាលាឆាន់… ដែលកសាងឡើងជាបន្តបន្ទាប់ ដោយសទ្ធាអ្នកមុខអ្នកការ និងអ្នកមានជំនឿជិតឆ្ងាយ។ ទន្ទឹមនឹងនេះ គេសង្កេតឃើញភ្ញៀវទេសចរណ៍តែងចូលអុជធូបបួងសួងសុំសេចក្តីសុខទៅតាមជំនឿពុំសូវលុះថ្ងៃ ព្រមទាំងថ្វាយគ្រឿងសក្ការៈ និងដង្វាយផ្សេងៗដូចជា ទៀន ធូប ផ្កាភ្ញី ជ្រូកខ្វៃ និងថ្វាយភ្លេងជាដើម។ មិនតែប៉ុណ្ណោះគេដឹងថាមុនមានវិបត្តិសកលកូវីដ-១៩ គេតែងធ្វើបុណ្យធំម្តង ឬពីរដងក្នុងមួយឆ្នាំ គឺមុនចូលឆ្នាំ ឬក្នុងថ្ងៃចូលឆ្នាំ និងក្នុងពេលភ្ជុំបិណ្ឌ ដោយនាំមកនូវគ្រឿងសក្ការៈ និងដង្វាយទៅថ្វាយបារមី និងអស់លោក (អ្នកតា) នៅលើទីទួលនេះ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A6-%E1%9E%9F%E1%9F%82%E1%9E%93%E1%9E%8A%E1%9E%84%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%99-copy-1024x739.jpg)
យោងតាមឯកសាររៀបចំដោយមន្ទីរធម្មការនិងសាសនាឱ្យដឹងថា អស់លោកមានបារមីពូកែស័ក្តិសិទ្ធិខ្លាំងពូកែ ដែលគេតែងរំឭកឈ្មោះមានដូចជា ព្រះអស់លោកមុនីរតន៍ រំពាត់មាស វេស្សវ័ណ កុវេរោ ព្រះបាទជើងធំ ដំបងដែក ព័ន្ធហក់ឆក់វៃ យាយទេព យាយម៉ៅ យាយសក់ស និងតាក្រហមកជាដើម។ អស់លោកទាំងអម្បាលម៉ាននេះ ខ្លះគេឃើញមានខ្ទមនិងឈ្មោះសម្គាល់ តែខ្លះក៏ពុំឃើញឡើយ។ ប៉ុន្តែយ៉ាងណាក្តី នៅកណ្តាលទួលនេះគេក៏សង្កេតឃើញសំណង់មួយហៅថា “វិហារ” អមដោយបុស្បុកសងខាងតម្កល់ព្រះពុទ្ធប្រក់នាគ ព្រះសិអារ្យមេត្រី ព្រះកច្ចាយន៍ និងព្រះគោព្រះកែវជាដើម។ គេបានកត់ចំណាំឃើញដែរថា ចាប់ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩៨ សំណង់សំខាន់ៗខាងលើ តែងមានការយកចិត្តទុកដាក់កសាងនិងជួសជុលពីសំណាក់ថ្នាក់ដឹកនាំខេត្តស្ទើរគ្រប់ជំនាន់ដូចជា ឯកឧត្តម ជាម យៀប, ឯកឧត្តម តូច សាក់, ឯកឧត្តម ស្បោង សារ៉ាត់, ឯកឧត្តម យុទ្ធ ភូថង, ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ម៉ម ហេង, ឯកឧត្តម មិន សាន, ឯកឧត្តម តូច ឈាង និងឯកឧត្តម ឯម អុន។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A0-%E1%9E%94%E1%9E%8A%E1%9E%B7%E1%9E%98%E1%9E%B6%E1%9E%8F%E1%9E%98%E1%9F%92%E1%9E%80%E1%9E%9B%E1%9F%8B%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E2%80%8B%E1%9E%9C%E1%9E%B7%E1%9E%A0%E1%9E%B6%E1%9E%9A-copy-838x1024.jpg)
មួយរយៈពេលចុងក្រោយនេះ នៅលើទួលអស់លោក គេឃើញមានការជួសជុល និងកសាងបុស្បុក និងខ្ទមអ្នកតាថ្មីៗមួយចំនួនទៀត ដែលពុំឃើញមានក្នុងឯកសាររៀបចំដោយមន្ទីរធម្មការនិងសាសនា។ ទន្ទឹមនោះដែរ គេថែមទាំងស្ថាបនារូបសំណាកក្នុងកាយវិការផ្សេងៗ តម្កល់ក្នុងខ្ទមនីមួយៗផង។ ជាក់ស្តែងក្នុងឆ្នាំ២០១៥ គេបានជួសជុលខ្ទមមួយដែលសង់តាំងឆ្នាំ១៩៩៦ ស្ថិតនៅក្បែរវិហារ ព្រមទាំងស្ថាបនារូបសំណាកពីរតម្កល់ក្នុងនោះ ហើយឱ្យនាមថា “លោកតាលោកយាយបារមីបារាយណ៍អណ្តែត” ។ ចំណែកនៅបរិវេណធ្លាខាងមុខវិហារ គេឃើញមានខ្ទមអ្នកតាតូចធំមួយចំនួនទៀតដូចជា អ្នកតាខ្លោងទ្វារ និងខ្ទមអ្នកតាសម្តេចព្រះគ្រូ-អ្នកតាកែវមុនី ដែលមន្ទីរស្ថាប័ន និងអ្នកមានជំនឿសាងថ្វាយ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A1-%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%80%E1%9E%85%E1%9F%92%E1%9E%85%E1%9E%B6%E1%9E%99%E1%9E%93%E1%9F%8D-copy.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A3-%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9F%E1%9F%8B%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%86%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%8F%E1%9E%B6%E1%9E%94%E1%9E%B6%E1%9E%9A%E1%9E%98%E1%9E%B8%E1%9E%94%E1%9E%B6%E1%9E%9A%E1%9E%B6%E1%9E%99%E1%9E%8E%E1%9F%8D%E1%9E%A2%E1%9E%8E%E1%9F%92%E1%9E%8F%E1%9F%82%E1%9E%8F-copy.jpg)
(រូបថត៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រៃវែង)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A4%E2%80%8B-%E1%9E%81%E1%9F%92%E1%9E%91%E1%9E%98%E1%9E%9B%E1%9F%84%E1%9E%80%E1%9E%8F%E1%9E%B6%E1%9E%81%E1%9F%92%E1%9E%9B%E1%9F%84%E1%9E%84%E1%9E%91%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%9A-copy.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A5-%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%82%E1%9E%9C%E1%9E%98%E1%9E%BB%E1%9E%93%E1%9E%B8%E1%9E%9A%E1%9E%8F%E1%9E%93%E1%9F%8D-copy-1024x731.jpg)
ដោយឡែក នៅលើទួលអស់លោកនេះ ក្រៅពី វិហារ បុស្បុក សាលាបុណ្យ និងខ្ទមអ្នកតានានាដែលមានឈ្មោះដូចរៀបរាប់មកខាងលើ គេឃើញមានខ្ទមអ្នកតាចាស់ថ្មីមួយចំនួនទៀត ដែលមនុស្សភាគច្រើនពុំស្គាល់ឈ្មោះ។ ក្នុងខ្ទមខ្លះតម្កល់រូបមនុស្សអង្គុយកាន់ដំបង និងខ្ទមខ្លះតម្កល់រូបមនុស្សស្រីអង្គុយបត់ជើងជាដើម។ តាមរយៈលក្ខណៈនៃរូបសំណាកទាំងអស់នេះ ទំនងគេរៀបចំឡើងតំណាងអស់លោកមួយចំនួនដែលអ្នកស្រុកខ្លះនៅចាំឈ្មោះដូចជា អ្នកតាដំបងដែក យាយម៉ៅ យាយទេព ឬយាយសក់ស។ល។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A7-%E1%9E%81%E1%9F%92%E1%9E%91%E1%9E%98%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%8F%E1%9E%B6-copy.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A2%E1%9F%A0%E2%80%8B-%E1%9E%9B%E1%9F%84%E1%9E%80%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%91%E1%9F%81%E1%9E%96-_-copy-781x1024.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A2%E1%9F%A1-%E1%9E%81%E1%9F%92%E1%9E%91%E1%9E%98%E2%80%8B%E1%9E%9B%E1%9F%84%E1%9E%80%E1%9E%99%E1%9E%B6%E1%9E%99%E2%80%8B%E1%9E%9F%E1%9E%80%E1%9F%8B%E1%9E%9F-_-copy-824x1024.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A2%E1%9F%A2-%E1%9E%81%E1%9F%92%E1%9E%91%E1%9E%98%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%98%E1%9F%89%E1%9F%85-_-copy-574x1024.jpg)
សង្ខេបសេចក្តីមក ទួលអស់លោកគឺជាបុរាណដ្ឋានមួយដែលជាទីប្រជុំអ្នកតា និងបារមី។ ទាំងអ្នកស្រុកនិងថ្នាក់ដឹកនាំខេត្តជាច្រើនជំនាន់ ចាត់ទុកទួលនេះជាកន្លែងសក្ការៈដ៏សំខាន់ដែលគេពុំហ៊ានរំលង។ ម្ល៉ោះហើយ ការកសាង ជួសជុល និងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅទីទួលនេះ ចេះតែកកើតជាបន្តបន្ទាប់ដូចរៀបរាប់មកខាងលើ៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត