ទំព័រដើមប្រវត្តិសាស្ត្រវប្បធម៌នៃទីក្រុងថាតា​

វប្បធម៌នៃទីក្រុងថាតា​

ថាតា (Thatta) គឺជាទីក្រុងបុរាណមួយដែលមានទីតាំងស្ថិតនៅក្បែរនឹងទន្លេឥណ្ឌូស(Indus River) ក្នុងប្រទេសប៉ាគីស្ថាន (Pakistan) និងមានចម្ងាយជាង១០០គីឡូពីការ៉ាជី ( Karachi) ដែលស្ថិតនៅក្នុងខេត្តស៊ីន(Sindh)។ ទីតាំងនៃក្រុងនេះគឺអតីតរាជធានីនៃសន្តតិវង្សសាម៉ា (Samma dynasty) នៅក្នុងស.វ.ទី១៤នៃគ.ស. ដែលជាសម័យកាលមួយមុនពេលមានដែលមានការកសាងសំណង់ព្រះវិហារអ៊ីស្លាមក្នុងតំបន់នេះ ដែលបន្តក្លាយជាទីក្រុងដ៏ធំនៃសាសនាអ៊ីស្លាមក្នុងប្រទេសប៉ាគីស្ថាន និងបន្តគ្រប់គ្រងដោយស្តេច Mughal។ គួរបញ្ជាក់ដែរថា ទីក្រុងនេះចាប់ផ្តើមរីកចម្រើនពីស.វ.ទី១៤ រហូតដល់ស.វ.ទី​១៨នៃគ.ស. និងជាទីក្រុងដ៏សំខាន់នៃការជួញដូរពាណិជ្ជកម្មក្នុងតំបន់ដីសណ្ត នៃទន្លេឥណ្ឌូសដែលជាបណ្តុំនៃអរិយធម៌ដំបូងៗក្នុងពិភពលោក។ ជាពិសេសតំបន់ ម៉ាក់លី(Makli)ដែលជាទីតាំងបញ្ចុះសពដ៏ធំសម្រាប់ទីក្រុងថាតា​។

ផែនទីនៃទីក្រុង ថាតា (ប្រភព៖ Ali Qasim)

តំបន់ម៉ាក់លីមានទីតាំងស្ថិតនៅតំបន់ខ្ពង់រាប ដោយមានចម្ងាយជាង ៦គីឡូ ពីក្រុងថាតា។ ទីតាំងនេះ គឺជាបណ្តុំដ៏ធំនៃការបញ្ចុះសពរបស់ព្រះមហាក្សត្រ និងខ្សែរាជវង្សនៅក្នុងតំបន់ និងនៅលើពិភពលោក។ ចំពោះផ្នូរដែលកសាងសម្រាប់បញ្ចុះនោះ គឺធ្វើអំពីថ្ម ឬដីដុត និងមានក្បាច់យ៉ាងល្អប្រណិតដោយមានការតុបតែងបិតក្បឿងជាដើម។ ក្នុងចំណោ​មផ្នូរទាំងអស់នោះ មានផ្នូរមួយចំនួនដែលស្គាល់ថា ជាផ្នូររបស់ស្តេច Jam Nizamuddin II ដែលជាព្រះមហាក្សត្រចាប់ពីឆ្នាំ​១៤៦១ រហូតដល់ឆ្នាំ​១៥០៩នៃគ.ស.។ ផ្នូររបស់ស្តេច Jan Baba ដែលកសាងនៅឆ្នាំ ១៦៤៤នៃគ.ស. និងផ្នូររបស់ស្តេច Diwan Shurfa Khan ដែលចូលទីវង្គតនៅឆ្នាំ ១៦៣៨នៃគ.ស.។ ចំពោះរចនាសម្ព័ន្ឋនៃផ្នូរនៅតំបន់ គឺមានសភាពប្លែក និងមានតែមួយ (Unique) ប៉ុន្តែទទួលឥទ្ឋិពលពីហិណ្ឌូ និងរចនាបទ Gujrat និងជាពិសេសសិល្បៈក្នុងសម័យកាលស្តេច Mughal។ គំរូស្ថាបត្យកម្មនៃអរិយធម៌ពែក្ស និងអាស៊ីដែលប្រើប្រាស់ឥដ្ឋជាគ្រឿងបង្គុំក៏បានប្រើប្រាស់លើសំណង់ស្ថាបត្យកម្មនៅ តំបន់ម៉ាក់លី ប៉ុន្តែវាក៏ត្រូវបានកែប្រែតាមសិល្បៈខ្លួនឯងដែរ។ គំនិតដើមនៃការតុបតែងត្រូវបានបង្កើតឡើងនៅ Makli ប្រហែលជាត្រូវបានកំណត់ដោយតាមតំបន់ឥណ្ឌូ ដោយមានការតុបតែងក្បឿងលាបពណ៌ និង glazed ។ ចំពោះសិល្បៈដែលឃើញមាននៅលើសំណង់ផ្នូរទាំងនោះ គឺភាគច្រើនតុបតែងដោយ បិតកុលាលភាជន៌ ដែលមានពណ៌ចំរុះដែលឃើញមាននៅតាមសិល្បៈក្នុងសាសនាអ៊ីស្លាម។

នៅក្នុងតំបន់ម៉ាក់លីសំណង់ស្ថាបត្យកម្មទាំងនោះបាន បែងចែកជាពីរក្រុមផ្នែកផ្សេងៗគ្នា ដោយមានក្រុមទីមួយស្ថិតក្នុងសម័យកាលTarkhan ដែលចាប់ពីឆ្នាំ ១៥២០ រហូត ១៥៩២នៃគ.ស. ដែលមានផ្នូរ Isa Khan Tarkan I, Baqi Beg Tarkhan ជាដើម។ រីឯក្រុមទីពីរចាប់ទិសខាងត្បូងទៅខាងជើង កសាងក្នុងសម័យកាលស្តេច Mughal ដែលចាប់ពីឆ្នាំ​១៥៩២ រហូតដល់ឆ្នាំ​១៧៣៩ ដោយមានផ្នូរ Jani Beg Tarkhan, Isan Khan ជាដើម។ ក្នុងចំណោមផ្នូរទាំងនោះ គឺមានផ្នូរ Isa Khan Tarkan II ដែលកសាងនៅឆ្នាំ​១៦៤៤ ដោយមានរចនាសម្ព័ន្ឋធំជាងគេ ដោយមានជញ្ជាំងថ្ម ខ្ពស់ មានផ្លូវចូលធំ និងមានក្លោងទ្វារ យ៉ាងល្អ ស្អាតជាងគេ។

សំណង់ស្ថាបត្យកម្មក្នុងទីក្រុង ថាតា (ប្រភព៖ Unesco)
សំណង់ស្ថាបត្យកម្មក្នុងទីក្រុង ថាតា (ប្រភព៖ Unesco)
ផ្នូរមួយក្នងចំណោមផ្នូរជាច្រើនក្នុងតំបន់ម៉ាក់លី (ប្រភព៖ Unesco)

តំបន់នេះក៏ត្រូវបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៨១ ដោយសារសំណង់ផ្នូរទាំងនោះ មានខូតខាតជាច្រើនដោយសារសង្រ្គាមស៊ីវិលក្នុងប្រទេស និងជាពិសេសការប្រឆាំងលិទ្ឋសាសនាក្នុងប្រទេសប៉ាគីស្ថាន។

សិល្បៈដែលឃើញមានលើតាមសំណង់ផ្នូរ (ប្រភព៖ Unesco)
សិល្បៈដែលឃើញមានលើតាមសំណង់ផ្នូរ (ប្រភព៖ Unesco)

ជារួមមកវប្បធម៌នៃទីក្រុងថាតាគឺចាប់ផ្តើមពីស.វ.ទី ១៤ រហូតដល់ស.វ.ទី ១៨ ដែលជាមជ្ឃមណ្ឌលសាសនាអ៊ីស្លាមដ៏ធំនៅក្នុងតំបន់ ។​ជាពិសេសតំបន់ម៉ាក់លីដែលជាបណ្តុំនៃផ្នូរដ៏ធំជាងគេនៅក្នុងពិភពលោក។ ផ្នូរទាំងនោះគឺកសាងអំពីដីឥដ្ឋ និងថ្ម និងមានការតុបតែងដោយក្បឿង យ៉ាងល្អប្រណិត៕

អត្ថបទដោយ៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!