ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ក្រឹស្ណហែកនាគកាលិយ

ចម្លាក់ក្រឹស្ណហែកនាគកាលិយ

ព្រះក្រឹស្ណ ជាអវតារមួយក្នុងចំណោមអវតារទាំងដប់របស់ព្រះវិស្ណុ។ នៅក្នុងទេវកថារឿង ព្រះក្រឹស្ណ មានបង្ហាញអំពីកំណើតរបស់ទ្រង់ ឈុតព្រះអង្គសម្លាប់កម្ស ឈុតក្រឹស្ណទ្រភ្នំគោវធ៌ននិងឈុតទ្រង់សម្លាប់សត្វក្នុងទម្រង់ជាបិសាចផ្សេងៗពីគ្នា ដូចជាសម្លាប់សេះកេសិន គោអារិស្ត និងដំរីកុវលយជាដើម។ ដោយឡែក នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបរិយាយតែចម្លាក់ព្រះក្រឹស្ណហែកនាគកាលិយជាពីរចំណែកតែប៉ុណ្ណោះ។

គម្ពីរបុរាណផ្សេងៗដែលនិយាយសរសើរព្រះក្រឹស្ណ និងឈុតដែលព្រះក្រឹស្ណហែកនាគកាលិយ ដូចជា គម្ពីរមហាភារត (Mahābhārata) គម្ពីរហរិវំស (Harivamsa) គម្ពីរភគវតបុរាណ  (Bhagavata Purana)  និងគម្ពីរវិស្ណុបុរាណ  (Vishnu Purana)។ ទេវកថារឿងព្រះក្រឹស្ណៈហែគនាគកាលិយនិទានថា នាសម័យកាលមួយព្រះក្រឹស្ណ និងមិត្តភក្តិបាននាំគ្នាទៅលេងនៅទន្លេកាលិន្ទិក្នុងតំបន់វុទ្ណាវន ដោ​យមិនមានពលរាមទៅជាមួយ។ ដោយសារតែកម្តៅរបស់ព្រះអាទិត្យ អ្នកគង្វាលគោ និងក្មេងៗដែលទៅជាមួយក្រឹស្ណបាននាំគ្នាផឹកទឹកនៅទន្លេនោះបណ្តាលឱ្យយពុលស្លាប់។ បន្ទាប់ពីឃើញហេតុការ​ណ៍នេះហើយ ក្រឹស្ណមានកំហឹងយ៉ាងខ្លាំង ហើយទ្រង់បង្កើតនូវទឹកភ្លៀងពិសិដ្ឋមួយដើម្បីប្រោសជីវិតពួកគេឱ្យរស់ឡើងវិញ  និងបានហៅនាគកាលិយចេញមកដើម្បីប្រយុទ្ធគ្នា។ ឈុតឆាកប្រយុទ្ធគ្នាបានចាប់ផ្តើមឡើង ក្មេងៗទាំងនោះនាំគ្នាភ័យស្លន់ស្លោខ្លាចក្រឹស្ណស្លាប់ ដោយសារតែនាគកាលិយចាប់ក្រវីរាងកាយរបស់ទ្រង់យ៉ាងខ្លាំង។ ផ្ទុយទៅវិញ ក្រឹស្ណបានចាប់ផ្តើមវាយហែកក្បាលនាគដោយព្រះហស្តទាំងពីររបស់ទ្រង់ រួចឡើងរាំសង្កត់លើក្បាលនាគកាលិយឲ្យចេញក្អួតស្ទើរនឹងស្លាប់។ ពេលនោះប្រពន្ធនាគកាលិយបានឃើញប្តី របស់ខ្លួនទ្រុឌទ្រោមរៀបនឹងស្លាប់ នាងក៏បានសុំអង្វរក្រឹស្ណឱ្យដោះលែងប្តីរបស់ខ្លួន ហើយព្រះក្រឹស្ណក៏យល់ព្រម ប៉ុន្តែពួកគេត្រូវនាំកូនចៅចុះទៅនៅសមុទ្រ។

ការបង្ហាញចម្លាក់ឈុតព្រះក្រឹស្ណហែកនាគកាលិយនៅតាមប្រាសាទខ្មែរ មានបង្ហាញនៅលើផ្តែរទ្វារ ជើងសសរផ្អោប នៅលើហោជាង និងជញ្ជាំងប្រាសាទ ក្នុងកាយវិការប្រយុទ្ធជាមួយនាគកាលិយ និងកាយវិការទ្រង់រាំនៅលើក្បាលនាគ និងហែកនាគជាពីរចំណែក ហើយក្នុងការឆ្លាក់ក្បាលនាគនោះទៀតសោត សិល្បករឆ្លាក់ជាពីរយ៉ាងគឺ ចំនួនសេស និងចំនួនគូ។ នៅសម័យអង្គរចម្លាក់ព្រះក្រឹស្ណហែកនាគ មានបង្ហាញឡើងដំបូងនៅលើផ្តែរទ្វារប្រាសាទក្រហម ដោយព្រះក្រឹស្ណឈររាំនៅលើក្បាលនាគ និងហែកនាគជាពីរចំណែក។ ចំណែកនៅលើផ្តែរប្រាសា​ទភ្នំជីសូរវិញ ក៏បានបង្ហាញអំពីចម្លាក់ព្រះក្រឹស្ណឈរក្រៀកហែកនាគជាពីរ។  នៅលើផ្តែរប្រាសាទវត្តភូ សិល្បករក៏បានឆ្លាក់រូបព្រះក្រឹស្ណឈររាំ និងហែកនាគជាពីរ។

ផ្តែររូបព្រះក្រឹស្ណហែកនាគនៅប្រាសាទក្រហម
ផ្តែររូបព្រះក្រឹស្ណហែកនាគនៅប្រាសាទភ្នំជី
ផ្តែររូបព្រះក្រឹស្ណហែកនាគនៅប្រាសាទវត្តភូ
ប្រភពរូបថត៖ ម៉ង វ៉ាលី

ចំណែកនៅលើហោជាងប្រាសាទព្រះវិហារវិញ ក៏មានបង្ហាញចម្លាក់ព្រះក្រឹស្ណឈររាំលើក្បាលនាគដែលបានហែកជាពីរ។  រីឯចម្លាក់ក្រឡោតទាបនៅប្រាសាទបាភួនវិញ បានបង្ហាញឈុតក្រឹស្ណកំពុងប្រយុទ្ធជាមួយនាគកាលិយ ដោយព្រះបាទទាំងពីររបស់ទ្រង់កៀបនឹងខ្លួននាគ ហើយមិនតែប៉ុណ្ណោះក៏មានឆ្លាក់ជាមនុស្ស និងសត្វកំពុងតែមើលឆាកប្រយុទ្ធនោះផងដែរ។  ជើងសសរផ្អោបនៅតួប៉មអាគ្នេយ៍របស់កំពែងប្រាសាទអង្គរវត្ត និងសសរផ្អោបនៅភាគខាងជើងរបស់តួប៉មប្រាសាទបន្ទាយសំរ៉ែ មានឆ្លាក់រូបព្រះក្រឹស្ណហែកនាគជាពីរចំណែក ដែលមានលក្ខណៈស្រដៀងគ្នា ហើយនៅលើផ្តែរនៅច្រកទ្វារខាងកើត​ប្រាសាទបន្ទាយសំរ៉ែវិញ ក៏មានឆ្លាក់ឈុតរឿងនេះដូចគ្នាដែរ។  នៅប្រាសាទព្រះខ័ន មានបំណែកផ្តែរមួយមានឆ្លាក់រូបព្រះក្រឹស្ណហែកនាគជាពីរដូចប្រាសាទដែលបានរៀបរាប់ពីខាងលើដែរ។

ឈុតព្រះក្រឹស្ណហែកនាគនៅលើហោរជាងប្រាសាទព្រះវិហារ  
ប្រភពរូបថត៖ លាក់ ស៊ីផាន់ណា
ឈុតព្រះក្រឹស្ណហែកនាគនៅប្រាសាទបាភួន
ឈុតព្រះក្រឹស្ណហែកនាគនៅលើសសរផ្អោបនៅអង្គរវត្ត
ប្រភពរូប៖ លាក់ ស៊ីផាន់ណា
ឈុតព្រះក្រឹស្ណហែកនាគនៅលើសសរផ្អោបនៅប្រាសាទបន្ទាយសំរ៉ែ
ផ្តែររូបព្រះក្រឹស្ណហែកនាគនៅប្រាសាទបន្ទាយសំរ៉ែ

សរុបជារួមមក ព្រះក្រឹស្ណមានការពេញនិយមខ្លាំងនៅក្នុងចម្លាក់ខ្មែរនាសម័យបុរាណហើយចម្លាក់រឿងព្រះក្រឹស្ណហែកនាគកាលិយ ជាឈុតមួយដែលខ្មែរបុរាណនិយមចូលចិត្តឆ្លាក់។ ចម្លាក់នេះទំនងជាលេចឡើងនៅកំឡុងសតវត្សរ៍ទី១០ ហើយសិល្បករនិយមឆ្លាក់ក្បាលនាគជាពីរយ៉ាង គឺក្បាលនាគចំនួនសេស និងចំនួនគត់គូ (ចំនួនគត់គូ ជាចំនួនដែលស្ថិតនៅក្នុងគោលការណ៍សូន្យ មានន័យថា “ស្លាប់”) និងមានបង្ហាញឡើងទម្រង់ជាការប្រយុទ្ធគ្នារវាងព្រះកឹ្រស្ណ និងនាគកាលិយ  ឬជួនកាលគេឆ្លាក់ក្នុងកាយវិការទ្រង់ឈររាំនៅលើក្បាលនាគ៕

អត្ថបទដោយ៖ ងួន ចាន់ដារីយ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!