ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទំនៀមស្រុកខ្មែរ​ក្នុងខែភ្ជុំបិណ្ឌ

ទំនៀមស្រុកខ្មែរ​ក្នុងខែភ្ជុំបិណ្ឌ

ក្នុង​សង្គមខ្មែរ “ភ្ជុំ” ឬ “ភ្ជុំបិណ្ឌ” ជាឱកាសធ្វើបុណ្យ​ដែល​​មានរយៈពេល​វែង រហូត​ដល់​​កន្លះខែ ពោល​​​​គឺ​ចាប់​ពី​ថ្ងៃ១រោច ដល់​ថ្ងៃ១៥រោច​ ក្នុងខែភទ្របទ។ បុរាណ​លោក​ទុក ភ្ជុំបិណ្ឌ​​ជា​ប្រពៃណីខ្មែរ​​ មានលក្ខណៈ​ជា​បុណ្យ​​គោរព​​វិញ្ញាក្ខន្ធ​បុព្វបុរស ញាតិ​សន្តាន ដែល​ចែក​ស្ថានទៅ ពោលគឺ​ពុំ​មែន​ជា​បុណ្យ​អបអរ​សាទរកម្សាន្ត​សប្បាយឡើយ។ តាម​ទំនៀម ទាំង​ព្រះ​មហាក្សត្រ​​និង​ប្រជា​រាស្រ្ត​ តែង​ចាត់ចែង​ខ្វាយ​ខ្វល់​សាង​ព្រះរាជ​កុសល​​​និង​​កុសល​ឥត​បីធ្វេស ​ថ្វាយ​​និង​ឧទ្ទិស​ដល់​អស់​​​​​​​សប្ត​​​សន្តាន​ ឱ្យបាន​រួច​ចាក​ទុក្ខ បាន​ចាប់​កំណើត​ក្នុង​ទីដ៏ប្រសើរ។ ក្នុង​រយៈ​កាល​ភ្ជុំ​បិណ្ឌ​នេះ​សោត​​ គេ​សង្កេត​ឃើញ​មាន​ព្រះរាជ​ពិធីរៀបចំ​ប្រារព្ធ​​​ក្នុង​ព្រះបរម​រាជវាំង ​និង​កិច្ច ឬពិធី​តូចធំ រួមទាំង​ល្បែង​របាំ​​ផ្សេងៗ​​ប្រារព្ធ​និង​​​​លេង​​តាម​​ជំនឿ និងទម្លាប់​​នៃម​​បណ្តា​ស្រុក​​​នានា​ផង​​។​​ ជាការ​ពិត បើ​រំឭ​ក​ឫស​គល់​បុណ្យភ្ជុំបិណ្ឌ គេតែង​​លើក​សំអាង​ប្រភពស្រដៀង​គ្នា ដោយ​​យោង​​​គម្ពីរ​បេតវត្ថុ គម្ពីរ​ធម្មបទ​ដ្ឋកថា ​សាស្រ្តា​​វិជ្ជា​ធរ និង​សាស្រ្តា​​អានិសង្ស​បិណ្ឌ ដែល​និទាន​​​អំពី​ពួក​ប្រេត​ បាយបិណ្ឌ បាយ​បត្តបូរ និង​ផ្កាបិណ្ឌ​ជាដើម​។ ប៉ុន្តែ​​អ្នក​ស្រាវ​ជ្រាវ​​​វិជ្ជា​​បុរាណ​​​យល់ថា ភ្ជុំ​បិណ្ឌ​​ខ្មែរ​​ទទួល​ឥទ្ធិពល​ពិធី “ឝ្រាទ្ធ” [śrāddha] (ស្រាទ្ធ) របស់​ឥណ្ឌា​ ដែល​​​​ប្រារព្ធ​ក្នុង​រនោច​ ខែភទ្របទ​។ ពាក្យឝ្រាទ្ធ​ គេឃើញ​​លេច​​ឡើង​ក្នុង​សិលាចារឹក​​ចាប់​ពី​​​រវាង​ចុង​​សត​វត្ស​ទី​៩ ដូចជា K.279c, K.262, K.669, K.220 និង ​IMA-3 ជាដើម។ ចំពោះ​សិលាចារឹក​​​ថ្នល់បារាយណ៍ (K.279c) ចារ​ក្នុង​រាជ្យ​ព្រះបាទ​យសោ​វរ្ម័ន​ទី១ (៨៨៩-៩០០) មាន​​សេចក្តីរៀបរាប់​​ពិធីបោះ​បាយ​បិណ្ឌ​ឧទ្ទិស​ដល់​អ្នក​ស្លាប់​​ ដើម្បីអាច​ចាប់​ជាតិ​ថ្មី​បាន។​ រីឯ​សិលាចារឹក​សម័យ​កណ្តាល (IMA-3) ចារ​ក្នុង​រាជ្យ​ព្រះបាទជ័យ​ជេដ្ឋាទី១ (១៥៧៦-១៥៩៤) មានឃ្លា​និយាយ​​ពីកា​រធ្វើ​ពិធី “សរាទ​កាល​” និង​​ “តប៌្បណ​ទ្វាទស​បិណ្ឌ” ដែល​អ្នក​ស្រាវជ្រាវយល់ថា​ “សរាទកាល”​ គឺជាបុណ្យ “​ឝ្រាទ្ធ” ឬភ្ជុំ​បិណ្ឌ​ ហើយ​ “តប៌្បណ​ទ្វាទស​បិណ្ឌ” មានន័យថា “​បិណ្ឌទី១២” ដែ​លព្រះរាជាតែង​ធ្វើ​ព្រះ​រាជ​ពិធីកាន់បិណ្ឌ និង​​ “ចាក់​​ទឹក​​ដូង​ថ្វាយ​ព្រះបិតរ” ដូច​ទំនៀម​ក្នុងព្រះបរមរាជវាំងសព្វថ្ងៃ។

ព្រះរាជពិធីចាក់ទឹកដូងថ្វាយព្រះបិតរក្នុង​ព្រះបរមរាជវាំង ឆ្នាំ​២០១៥
(ប្រភព៖ www.norodomsihamoni.org)

តាម​ទំនៀម​អ្នក​ស្រុកខ្មែរ ​ពីថ្ងៃ​១រោច ដល់ថ្ងៃ១៤ រោច​ ហៅថា “កាន់បិណ្ឌ” ហើយ​ថ្ងៃ​ ១៥ រោច ហៅថា​ “ភ្ជុំបិណ្ឌ”។ ចំណែក​ក្នុង​ព្រះបរម​រាជវាំង តែប្រារព្ធព្រះរាជ​ពិធីកាន់​បិណ្ឌ​ចាប់ពីត្រឹម​ថ្ងៃ​១២ រោច ដល់ថ្ងៃ​១៤ រោច ហើយនៅថ្ងៃ១៥ រោច គឺជា​ព្រះរាជពិធីចាក់​ទឹក​ដូង​ថ្វាយ​ព្រះបិតរ ដូច​​បញ្ជាក់មកខាងដើម។ លុះ​ព្រឹកឡើង​ គឺកិច្ច​បណ្តែត​​​ដំណាក់​ព្រះ​បិតរ​ក្នុង​ទន្លេចតុមុខ មុខព្រះបរមរាជវាំង។

ដោយឡែក​ចំពោះទំនៀម​អ្នកស្រុក ការ​ប្រារព្ធពិធីកាន់​បិណ្ឌ​គឺចាប់ពីថ្ងៃ​ ១រោច រហូត​​ដល់ថ្ងៃ១៥ រោច។ តាម​ទំនៀម ភូមិ​ជា​ចំណុះ​វត្ត​នីមួយៗ​ត្រូវ​ដាក់ចែក​វេន​គ្នា ពោល​គឺ​ក្នុង​ន័យ​ធ្វើមិនឱ្យដាច់ ហើយ​ទុក​ពិធីនេះជា​ទំនៀម​រួម​របស់​សហគមន៍ ដែល​មិនអាច​ធ្វើ​នៅ​​ផ្ទះបានឡើយ។ ចំពោះបាយ​បិណ្ឌតាមរបៀបអ្នកស្រុក​សៀម​រាប គេ​តែង​​នាំគ្នាទៅ​ដេក​​​រៀបចំ​ធ្វើនៅវត្ត តាមវេននីមួយៗ។ ការ​ចែក​វេន​គ្នា​កាន់​បិណ្ឌបែប​នេះជា​ទំនៀម​ ដែល​អ្នក​ស្រាវជ្រាវ​ពន្យល់ថា ​គឺក្នុង​ន័យ​មិន​ឱ្យ​បុណ្យ​នេះដាច់ក្នុង​ថ្ងៃណាមួយ​ នៃថ្ងៃទាំង​១៥​ដ្បិតក្នុង​ជំនឿគឺធ្វើ​ដើម្បីឱ្យ​ព្រលឹង​អ្នកស្លាប់នោះ​បានកើតនៅទីប្រសើរ។ ឧទាហរណ៍មួយនៃការ​កាន់បិណ្ឌនៅវត្ត​ស្លាត​រំជៃ ក្នុង​ស្រុក​អង្គរ​ធំ ខេត្ត​សៀមរាប​ មាន​កិច្ចសំខាន់ៗ​បួនគឺ ប្រុងពាលី សែនអ្នកតា សែន​ដូនតា និង​នមស្ការ​ព្រះរតន៍ត្រៃ សម្តែង​ធម្មទេសនា។ ប្រុង​ពលី គេរៀបចំធ្វើ​ក្បែរ​សាលាឆាន់ក្នុង​វេលា​ម៉ោង​ប្រហែល​​​៥ល្ងាច។ បន្ទាប់មក គេយក​បាយម្ហូបនំចំណីសែន​អ្នកតា រួច​ទើប​ធ្វើបាយបត្តបូរនិងពូត​បាយបិណ្ឌ សែន​ដូន​តា​ និងចម្រើន​ព្រះ​បរិត្ត សមាទានសីល សម្តែង​ធម្មទេសនា​។

កិច្ចប្រុងពលី
សែនដូនតានៅលើ​សាលាឆាន់

ចំណែកការបោះបិណ្ឌ គឺគេតែង​ធ្វើនៅវេលាទៀបភ្លឺ ដែលគេជឿថា​ជា​វេលា​ដែល​ពពួក​​ប្រេត​អាច​ទទួលយក​បាយបិណ្ឌនោះបាន។ បាយ​បិណ្ឌ​ដែល​បោះ​នោះ​សោត​ តែង​ដាក់​នៅ​ជុំវិញព្រះវិហារ ឬក្បែរ​ចេតិយ ដ្បិត​ពពួក​ប្រេត ឬសត្វនរក​ជា​អមនុស្ស​​ដែល​ស្ថិត​នៅ​​មិន​ឆ្ងាយ​ពីវត្តឡើយ។ មិន​តែប៉ុណ្ណោះ នៅក្បែរព្រះវិហារ​វត្ត​ខ្លះ គេតែង​​ធ្វើ​រាន​យមរាជ (ឬនឹមរាជ) នៅ​ទិសឦសាន ឬមុខ​ព្រះវិហារ​សម្រាប់​ដាក់​ពំនូត​បាយ​បិណ្ឌនោះ ឧទ្ទិស​ដល់​ស្តេច​យម​រាជ។ លើស​ពីនេះ​​តាមការ​សិក្សា​របស់​អ្នក​ស្រី Eveline Porée-Maspero នៅក្នុង​ឆ្នាំ​១៩៦៤បង្ហាញថា នៅក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​អ្នកស្រុក​ស្ទោង​ ខេត្ត​កំពង់​ធំ​ តែង​យក​​បាយ​បិណ្ឌ​ដាក់​ក្នុង​ច្រំមួយ​ យក​ទៅ​ដោត​ក្នុង​ស្រែ​ក្នុង​ជំនឿ​ថា ​ដើម្បី​ឱ្យ​ស្រូវ​ទទួល​បាន​​ផលល្អ។

ការ​ធ្វើកិច្ច និង​បោះបាយបិណ្ឌតាម​ថ្ងៃកាន់បិណ្ឌដូចរៀបរាប់ដោយ​សង្ខេប​ខាង​លើ​ចេះតែបន្តរហូត​តាមទំនៀមប្រចាំវត្តនីមួយៗ រហូតដល់ថ្ងៃ១៥ រោច ជាថ្ងៃភ្ជុំធំ ឬហៅ​ថា​ភ្ជុំបិណ្ឌ។ ក្នុង​រវាង​ថ្ងៃចុងក្រោយនេះ គេឃើញមាន​ទំនៀម​ផ្សេងៗ​ប្លែក​គ្នា​​តាមតំបន់។ បើ​លើក​ឧទាហរណ៍មួយ​ក្នុងសហគមន៍​ជនជាតិកួយ​ក្នុងតំបន់វាលវែង នៃខេត្ត​កំពង់​ធំ គេ​តែង​​ធ្វើកិច្ចសែនដែក នៅក្នុង​ព្រឹក​ថ្ងៃ១៤ រោច មុន​យក​ចង្ហាន់​ទៅវត្ត។ ក្នុង​កិច្ចនោះ គេ​រៀបចំ​ម្ហូមអាហារ បង្អែមចម្អាប ភេសជ្ជៈ និងសម្លៀក​បំពាក់​ ជាដើម​សម្រាប់​ជា​ដង្វាយ​និង​ជារណ្តាប់។ រណ្តាប់​ទាំងនេះ​រៀប​ឡើង​សម្រាប់​សែន​ដល់​ឧបករណ៍​ទាំង​ឡាយណាដែលធ្វើអំពីដែក ឬមានដែកនៅក្នុងនោះ ដូចជាកាំបិត ពូថៅ ដឹង រណា ចប ជំនីក ៘ ក្នុង​ថ្ងៃនោះ គេតមមិន​យក​សម្ភារៈ​នានា​ដូចរៀបរាប់ខាងលើ​មក​ប្រើ​ឡើយ។ សូមរំឭកថា តាមការស្រាវជ្រាវ​ ជន​ជាតិ​កួយក្នុង​ស្រុក​វាលវែង ​ជា​​ក្រុម​ជន​ជាតិ​ដើម​ភាគតិច​មាន​ជំនាញ​​ផលិត​ដែកតាំងពីបុរាណកាល។

ទំនៀម​សែនដែក​របស់ជនជាតិកួយ ក្នុង​ថ្ងៃភ្ជុំបិណ្ឌ (រូបថត៖ គង់ វីរៈ)

រីឯនៅ​ភូមិប្រាសាទ ​ឃុំឈូ​កខ្សាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ ជា​អតីត​សហគមន៍​ព្រាហ្មណ៍​ ដែល​មាន​នាទីថែរក្សា​ព្រះ​ខ័ន​ (ព្រះខ័នស្តេច​ត្រាញ់) តពូជពង្សតំណ​ពីបុរាណ​កាល​មក។ តាម​ទំនៀម​ ព្រះខ័ន​​នោះ​តែង​ដង្ហែ​យក​មក​ធ្វើ​កិច្ច​ក្នុង​​ព្រះរាជ​ពិធី​ចាក់​ទឹក​ដូង​ថ្វាយ​ព្រះបិតរ ក្នុង​ព្រះបរម​រាជវាំង។ តាមការសិក្សា​ ទំនៀម​នេះ​បាន​​​បញ្ចប់​នៅពេល​​មាន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ តែព្រះខ័ននោះត្រូវ​រក្សា​ក្នុង​គ្រួសារ​ព្រាហ្មណ៍​ដដែល។ ក្រោយ​សង្រ្គាម​បញ្ចប់ ព្រាហ្មណ៍​ដែលមាននាទីរក្សា​ព្រះខ័ន​តែង​ធ្វើកិច្ច​លាង​ព្រះខ័នពីរដង​ក្នុង​មួយ​ឆ្នាំ គឺចូលឆ្នាំ និ​ងភ្ជុំ។ ប៉ុន្តែសព្វថ្ងៃ គេដឹង​ថា​ទំនៀម​នេះពុំ​នៅធ្វើ​ក្នុង​គ្រួសារ​ព្រាហ្មណ៍​ផ្ទាល់ ហើយតែក្នុង​ពេល​ចូលឆ្នាំប៉ុណ្ណោះ (រូបលេខ​១៣-១៤)។

កិច្ច​លាង​ព្រះខ័ននៃគ្រួសារព្រាហ្មណ៍​នៅភូមិប្រាសាទ (រូបថត៖ ឯម គឹមស្រ៊ាង)

ទោះ​យ៉ាង​ណា​ក្តី ទំនៀម​ខ្មែរទូទៅនៅក្នុង​ល្ងាចថ្ងៃ១៥ រោច​បន្ទាប់​ពីត្រឡប់​ពីវត្ត​វិញ នៅ​តាម​ផ្ទះ​នីមួយៗ​​ គេ​តែង​រៀបចំ​សែន​ដូនតា។ គ្រឿងសំណែនដូចជា ផ្លែឈើ ចេកទុំ  នំ​ចំណី ស្រា មាន់ស្ងោ ទឹកក្រូច បង្អែម​ ចម្អាប ព្រមទាំង​បាយ​បិណ្ឌ​ បាយ​បត្តបូរ របៀបចំ​ដាក់​លើ​កម្រាល (រូបលេខ​១៥-១៦)​​​។ លុះរៀបចំ​ស្រេច​ហើយ​គេ​​​អញ្ជើញ​ចាស់ទុំ និងញាតិ​មិត្ត​​អុជទៀនធូប អញ្ជើញ​​​​ជី​ដូន​ជីតា​​ចែកឋាន​ទៅ ចូលមកសេព​សោយ​ម្ហូប​ចំណី​​​ក្នុង​ឱកាស​នេះ។ ពេល​ព្រេន​​ចប់​មួយ​បទ គេច្រូច​ស្រាទៅ​ក្នុងចានសំណែន​ដោយ​ឡែក​​​មួយ ​ដែល​មាន​ដាក់​លាយ​​ច្របល់​គ្នា​ទាំងនំចំណី ​បង្ហែម ​ចម្អាប និងផ្លែឈើ។ បន្ទាប់​ពី​ព្រេនចប់ គេច្រើនសំណែននេះ​យក​​ទៅ​ចាក់​​ក្រោមជណ្តើរផ្ទះ ឬ​នៅ​ជាយ​​ភូមិ ដែល​គេ​យល់​ថា​សម្រាប់​ពពួកអមនុស្ស​ផ្សេងៗ​ពុំ​មែន​​ជា​ញាតិ។

រណ្តាប់រៀបចំដែន​ដូនតា​ក្នុងថ្ងៃភ្ជុំបិណ្ឌ

នៅព្រលឹម​ថ្ងៃ ​​១កើត ចូល​​ខែអស្សុជ ​គេតែង​​រៀបចំ​ជូន​ដូនតា​​ទៅ​ស្រុក​វិញ។ រណ្តាប់​​​រួមមាន នំចំណី ផ្លែឈើ គ្រាប់​​ពោត គ្រាប់​សណ្តែក ល្ង អង្ករ អំបិល ម្រេច ខ្ទឹម ។ល។​ ខ្ចប់ជា​កញ្ចប់​តូចៗ​ដូចគ្រឿងបម្រុង​ ​ដាក់​លើ​​ស្រទប​ចេក​បត់​មាន​សណ្ឋាន​ដូចទូក​បណ្តែត​​តាមទឹក ហើយ​ឧបកិច្ច​ថា “ទៅ​ស្រុក​​ទន្លេ​ស្ងួតកន្ទួតមួយ​ដើម” (រូបលេខ​១៧)​។ ក្នុងវេលា​នេះ​​ដែរ ​ចំពោះ​​កសិករ​ដែល​ប្រើ​គោរ​ក្របី​ជា​កម្លាំង​អូស​ទាញ គេក៏មាន​កិច្ចសូមខមាទោស​សត្វ​ទាំង​​នោះ​ ដោយយកទៅលាង​ទឹក ​លាប​ប្រេង ចងអំបោះ ឲ្យស៊ីចេក និងនំ ហើយ​និយាយ​​សូម​ខមាទោស​​ ដែល​ខ្លួន​ជាម្ចាស់​​ធ្លាប់វាយ​ដំ​​ជេរប្រទេច ដឹក​ជញ្ជូន​ធ្ងន់​ស្រាល​​​កន្លងមក (រូបលេខ១៨)​។ ពេញ​​មួយថ្ងៃនេះ គេពុំ​ប្រើ​សត្វទាំង​នោះឡើយ បើទោះ​ជា​ការងារ​​ស្រែ​ចម្ការ​ពុំទាន់រួច​រាល់​ចប់​សព្វគ្រប់ក្តី។

រណ្តាប់រៀបចំដែន​ដូនតា​ក្នុងថ្ងៃភ្ជុំបិណ្ឌ

ជារួមមក ទំនៀមភ្ជុំបិណ្ឌមាន​ឫសគល់​តាំងពីយូរ​អង្វែងមក​ ជាពិសេស​ទំនៀម​ក្នុង​ព្រះបរម​រាជវាំង។ ប៉ុន្តែ​របៀបរៀបចំ និង​​កិច្ច​ផ្សេងៗ​​រួម​បញ្ចូល​ក្នុង​ពិធីនេះ​ខុស​ប្លែកគ្នា​ខ្លះ​តាម​​ទម្លាប់។ ស្រុក​ភូមិខ្លះ​មាន​ប្រារព្ធ​កិច្ច​​សំខាន់ៗក្នុង​វេលានេះតាមទំនៀម​ដូចជា​ សែន​ដែក និ​ងលាង​​​​​ព្រះ​ខ័ន​ ដែ​ល​ហាក់​ដូចជា​​គំនិត​រួមយល់ថា វត្ថុទាំងនោះមាន​គុណបំណាច់ មាន​​ព្រលឹង​ថែទាំ ដែល​ត្រូវ​ធ្វើ​កិច្ច​តប​ស្នង។ លើ​សពីនេះ បើមើលតំបន់ដទៃខ្លះទៀត គេ​ឃើញ​មាន​ការ​លេង​ល្បែង​ផ្សេងៗ​ក្នុង​​ឱកាសភ្ជុំបិណ្ឌដែរដូចជា​ ប្រណាំង​ក្របី ប្រណាំង​សេះ បោកចំបាប់​នៅ​វត្ត​ព្រះវិហារ​សួគ៌ ក្នុង​ខេត្ត​កណ្តាល​ជាដើម៕

———————————

The practice in Cambodia during Phchum Ben

Phchum Ben starts from 1st Roch to 15th Roch of Padrapada in the Luna calendar. It is the ceremony that the King and Khmer people pay their respects to deceased relatives of up to the seventh generation. 

Some scholars suggest that the Phchum Ben ceremony is similar to the religious story mentioned in Dhamapadakatha, Sastravijadha, and Satrasanisanpinda. They describe Pret, Pinda, Bay Bitabo, and Phka Pinda (flower). However, some scholars argue that influenced by the śrāddha of India. The term śrāddha appeared in the inscription from the 9th century. For instance, K.279c, K.262, K.669, K.220 and ​IMA-3

Inscription K.279c carved in the reign of King Yasovarman I (889-900 CE) describe the ceremony for the deceases to be reborn. Similarly, in the middle period, inscription IMA 3, reign of King Jayajetha I (1576-1594) mentions the term Saradakala and Tapparana Dva Dasapinda, which the scholar believes the śrāddha. 

The ceremony conducts for 15 days. From the 1st to 14th Roch calls Kanpinda and on the 15th calls Phchum Ben. In the Royal Palace, Kanpinda celebrates from the 12th Roch to 14th Roch. The 15th is the day that King offers coconut water to the ancestors. In the morning, the offerings will send to ancestors through the river in front of the Royal Palace. For local people, Kanpinda starts from 1st Roch to 15th Roch, and the ceremony is well-prepared until the end of the day. Phchum Ben is celebrated slightly different from one to another place. For instance, in Slaket pagoda in Siem Reap province, people conduct Prong Vali, Sen Neak Ta, Sen Don Ta, and breaching Buddha sermons. Prong Vali celebrates around 5 pm. Later, people brought offerings to Neak Ta. Next, people make Bay Pintabo and Pout Bay Bin (forming the rice balls) to offer to the ancestors. In the last activity, the monk will chant and breaching Buddha sermons. 

At dawn, people offer rice balls to Pret. Those rice balls are placed surrounding the Vihara and Stupa because they believe Pret live close to these locations. In some pagodas, the shrine of Yama is next to Vihara. It is in the northeast or front of the temple. Eveline Porée-Maspero, 1964 says that people in the Stong district, Kampong Thom province put the rice balls in a bamboo basket called Chrom. It is to wish for a good harvest. 

Notably, on the last day of the Phchum Ben practices differently. For instance, a minority group in Kampong Thom province called Kouy has a ritual that is related to iron. They call Sen Dek (ritual offering for iron casting). It celebrates in the morning of the 14th Roch before taking the offerings to the pagoda. The offerings for Sen Dek are the iron tools that they produced to use in daily life. Significantly, those offerings will never use again. 

In conclusion, Phchum Ben has a long root in Cambodia, especially in the Royal Palace. The ritual practices are different from one to another place. More importantly, it is the tradition of their own family or community.  

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!