នៅក្នុងឯកសារមុនៗដែលសិក្សាដោយអ្នកស្រាវជ្រាវជនជាតិបារាំង គេច្រើនហៅប្រាសាទនេះថា «អំពិលរលំ» ប៉ុន្តែឈ្មោះនេះសព្វថ្ងៃពុំមានអ្នកស្រុកណាម្នាក់ស្គាល់ឡើយ ព្រោះអ្នកស្រុកហៅតៗគ្នាថា «ប្រាសាទបី»។ ប្រាសាទបី មានទីតាំងស្ថិតនៅភូមិអណ្តូងត្រុំ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៤០ គ.ម. ភាគពាយព្យទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រមាណ ១៨ គ.ម. ពីទីប្រជុំជនស្រុកស្ទោង។ ប្រាសាទបី សាងអំពីឥដ្ឋរាងបួនជ្រុងស្មើ មានតួប៉មបីរត់ជួរគ្នាពីជើងទៅត្បូង បែរមុខទៅទិសខាងកើត។ សព្វថ្ងៃតួប៉មកណ្តាលនៅឈរមានរូបរាង ក្បែរព្រះវិហារថ្មីមួយនៅខាងកើត រីឯតួប៉មសងខាងចំនួនពីរទៀតបានបាក់បែក និងបាត់រូបរាងទាំងស្រុងទៅហើយ។ រីឯប្រាសាទដែលនៅមានរូបរាងក៏មិននៅល្អពេកដែរ គឺផ្នែកដំបូលបានបាក់បែកទាំងស្រុងទៅហើយ។
សិលាចារឹកK.162វិញចារឹកនៅលើមេទ្វារទាំងសងខាងនៃតួប៉មកណ្តាលប្រាសាទអំពិលរលំ។ សិលាចារឹកនេះធ្លាប់មានរៀបរាប់នៅក្នុងសៀវភៅរបស់លោកEtienne Aymonier កាលពីឆ្នាំ១៩០០តែមិនបានបរិយាយអ្វីច្រើននោះទេពោលគឺលោកគ្រាន់តែបញ្ជាក់ថាមានសិលាចារឹកនៅលើមេទ្វារតែប៉ុណ្ណោះ។ បន្ទាប់មកទៀតលោកLunet De Lajonquière ក៏បានយោងសេចក្តីប្រែរបស់លោកEtienne Aymonier ក្នុងសៀវភៅរបស់គាត់នៅពីរឆ្នាំបន្ទាត់ដូចគ្នា។ក្រោយមកទៀតនៅឆ្នាំ១៩៥៤ ទើបអ្នកប្រាជ្ញដ៏ល្បីឈ្មោះGeorge Coedès បានសិក្សាលម្អិតឡើងវិញក្នុងឆ្នាំ១៩៥៤។
សិលាចារឹកនេះមានពីរផ្នែកគឺខាងជើងចារឹកជាភាសាសំស្រ្កឹតមានចំនួន២២បន្ទាត់ស្មើនឹង១១ស្លោកនិងផ្នែកខាងត្បូងវិញចារឹកជាភាសាសំស្រ្កឹតចំនួន២៨បន្ទាត់ (ស្មើនឹង៩ស្លោកនិង៥បន្ទាត់ជាពាក្យរាយ) ហើយចារជាភាសាខ្មែរចំនួន២បន្ទាត់។សិលាចារឹកនេះចារឹកឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២៨–៩៤១) ប៉ុន្តែបានរំឭករឿងរ៉ាវអំពីមន្រ្តីនិងរជ្ជកាលស្តេចអង្គមុនៗដូចជាន្រវីរដែលជាមន្រ្តីក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នព្រះបាទហស៌វរ្ម័ននិងជាអ្នកបានកសាងសម្មិទ្ធិផលបុណ្យនានាក្នុងទេវស្ថានប្រាសាទនេះ។មេទ្វារខាងជើងមានចំនួន២២បន្ទាត់ស្មើនឹង១១ស្លោកចាររៀបរាប់អំពីព្រឹត្តិការណ៍ដើមស.វ.ទី៩ស្តីពី“ពិធីទេវរាជរបស់ព្រះបាទជយវម៌្មនទី២នៅលើភ្នំមហេន្រ្ទគិរីដោយមានបញ្ជាក់ដល់ព្រាហ្មណ៍“ហិរណ្យទាម” ត្រូវជារាជព្រាហ្មណ៍ដែលព្រះបាទបរមេស្វរ (ជយវរ្ម័នទី២) អញ្ជើញមកពីជនបទហើយគាត់ជាអ្នកប្រាជ្ញខាងសិទ្ធវិទ្យាមករៀបចំពិធីកម្រតេងជគត្តរាជ្យនិងបង្រៀនព្រាហ្មណ៍សិវកៃវល្យជាព្រះរាជគ្រូរបស់ព្រះបាទបរមេស្វរ។
អត្ថបទចារឹកដើម
មេទ្វារខាងជើង
(១-៨) ……………………………
៩. …ហ្មន្យ អវិធូត ………….ភ្រមម៑
១០. .ន្ទ្រ..នរហូតឝ្ឫង្គេ …………..ឝ្រីយះ។
១១. ចតុភ៌ុជភូជោ តីវ ចតុម៌្មុខរជោគ្និតត៑
១២. ចតុម៌្មុខៅង្ការធរឝ៑ ឝ្រី..ជ្យ..មតឝង្ករះ។
១៣. ធារិត្រិឝ្រីសរស្វត្យា ភុវនត្រយកាយយា
១៤. ព្រហ្មេឝវិឞ្ណុមូត៌្ត្យា.ទិ ឥយំ ជាទ្យុទយឝ៑ ឝ្រីយះ។
១៥. ………ឥមំ ធីមាន៑ យាប..ត សក្ឫទាធុនំ
១៦. ភ្រហ្មវិឞ្ណ្វីឝ្វរីភូតស៑ ស និវ៌្វាណ …….។
១៧. ..ចន្ទ្រឝូលគណិតេ ឝាកេវ្ទេ .ស ស្ត្រិ..ន្ទុ
១៨. បូឞ្យមាសាស្ដ្រទិវសេ ឝុក្លេ រេ …ភពត៑។
១៩. ភ្រាតា ហិរណ្យទាមស្យ ទេវទិត្យ..ត្តមះ
២០. ហ្យុតាច៌្ចណីឝ្វរភពត៑ គ…ទ្ទ្យាត្មវិទាម្វរះ។
២១. ធម៌្មាទិត្យធិរាជេន្ទ្រឝ៑ ឝ្រីន្ទ្រាទិត្យសុតស្យ ជះ
២២. រាជ្ញឝ៑ ឝ្រីភពបុរេ ស្មិន៑ យជមាណីឝ្វរស្យ វិត៑។
មេទ្វារខាងត្បូង
១. ………………………..
២. …………ទ ធាតា ស្ថិត ……………….
៣. ……….យុក្ត….. ..ទ្យេ …យោធ្យំ …លះ។
៤. ………………… វិធាតា ភវវិទ៑ វិភៅ
៥. ………………….. ជគទ៑ ធូតរជោទ្ភវ ។
៦. ………………….. .ត្មាន្តជវិធាយវេ
៧. …………………… ឝង្ករះ បុឞ្ករេ ស្តុ ភះ។
៨. ………………….. ……………………….
៩. ………………….. ឝង្ករះ ឝង្ករោ ស្តុ ពះ។
១០. …………………. សឝ៑ ឝ្រីភទ្រេឝ្វរាហ្វយំ
១១. ឥតិ ប្រាតិឞ្ឋិបត៑ ភក្ត្យា …………គ្និមង្គលេ។
១២. អនិន្ទិតបុរេ វាសោ ……………….ទ្វយេ
១៣. អភូទ៑ វិភូតិ ភូយិឞ្ឋោ វសុទេវាភិធានធ្ឫក៑។
១៤. ករង្កធារី ពង្ឝាព្ទ គុណភក្តិមហត្តយា
១៥. វហុធា វហុ មេនេ យះ កនីយាន៑ ឥវ ភូភ្ឫតា។
១៦. អគ្រនីះ កម៌្មសចិវះ កម៌្មវ្យាបារបាដវាត៑
១៧. ឝ្រីយឝោវម៌្មទេវេន នរទេវេន យះ ក្ឫតះ។
១៨. ឝ្រីហឞ៌វម៌្មណោ ភ្ឫត្យះ ឝ្រីយឝោវម៌្មវល្លភះ
១៩. សឝ៑ ឝ្រីន្ឫបេន្ទ្រោវីរោ ទាច៑ ឆិវេ សៅពណ៌្ណកោឝកំ។
២០. ភគវតឝ៑ ឝ្រីយឝោវម៌្មទេវេន្ទ្រាធិរាជឝ៑ សុរាសុរមហឞ៌ិគនសំស្តូយមានចរ
២១. បាទារវិន្ទម៑ យស្យ វសុធោត្តរំ ភគវតឝ៑ ឝ្រីត្រិបុរាន្តកេឝ្វរេ ទិឝត៑។
២២. ពគវតឝ៑ ឝ្រីជយវម៌្មទេវេណ្ទ្រាធិរាជេន ត្រិភុពនស្ថាណនីម៌ិ្មកេ
២៣. ន មហទ្ភុតយឝវិវិធេណបរាក្រមេន សហ ពភុវ យស្យ ពសុ
២៤. ន្ធរ………ភគវតឝ៑ ឝ្រីត្រិបុរាន្តកេឝ្វរេ ភក្ត្យាទិឝត៑។
២៥. បូជាថ៌ំ អស្យ យត៑ វទ្ធំ ហេមារូប្យាទិកន៑ ធនម៑
២៦. ហរន្តិយេ ន កិញ៑ ចិត៑ តេ ពសន្តិ នរកេ ចិរំ។
២៧. បូជាថ៌ំ អស្យ យត៑ វទ្ធំ បាលយត្នេន តេ នរះ
២៨. សុគតឹ យាន្តិ ស្វកុលៃះ ស្វគ៌ំ្គ យាន្តិ ចិរំ វសេត៑ ។
២៩. ….ឝាសន ធូលីវ្រះបាទ ធូលីជេង វ្រះកម្រតេង អញ
៣០. …សំ នុ រាជបុន្យ វ្វំ ជា បិ ទារ វ្រហិ វ្វំជាបិ ទារ បយ៌្យង
បំណកប្រែ
មេទ្វារខាងជើង
(១-៨) ……………………………
៥. អវិធូត មិនមានសេចក្តីសៅហ្មង ឝ្រីយះ សិរីសួស្តី ឝ្ឫង្គេ កំពូល ហូតបូជា នរ ដោយនរៈជន មានទេវេន្ទ្រជាដើម។
៦. ឝង្ករះ ព្រះសង្ករៈ សម្តៅដល់ព្រះសិវៈ ឝ្រីជ្យោតិមត មានពន្លឺរស្មី ដ៏ត្រចះត្រចង់ ធរឝ៑ ទ្រទ្រង់។
៧. គ្រីយះ សិរីសួស្តីកើតពី ព្រះព្រហ្ម វិស្ណុ ជាទ្យុទយឝ៑ (ជាតិ+ឧទយឝ៑ ) បើប្រែថាសព្ទថា ព្រះអាទិតរះចេញពី ក្នុងអត្ថបទនេះប្រែថា កើតចេញពី ឥយំ ប្រែថា នេះ ព្រហ្មេឝវិឞ្ណុមូត៌្ត្យាទ៑ អំពីព្រះ ព្រហ្ម និងព្រះវិស្ណុ ភុវនត្រយកាយយា មានកាយជា ភពទាំង៣ ឝ្រីសរស្វត្យា ព្រះនាង ស្រីសរស្វសិ។
៨. ស អង្គនោះ និវ៌្វាណ (បាលី និព្វាន) ភូតស៑ កើតមាន, កើត ភ្រហ្មវិឞ្ណ្វីឝ្វរី ព្រះព្រហ្ម ព្រះវិស្ណុ ព្រះឥសូរ។
៩. ក្នុងឆ្នាំសក គណនាដោយ ឝូល=៧ ចន្ទ្រ=១ ….ទី៨កើត ខែបុស្ស ….។
១០.បងប្រុស នៃហិរណ្យទាម, ទេវទិត្យ ប្រសើរខ្ពង់ខ្ពស់ …….ជាអ្នកមានអាត្ម័នដ៏បរិសុទ្ធ…ស្វាមី
បានបូជាតង្វាយដល់ព្រះអគ្និ។
១១. ព្រះមហាក្សត្រនៃក្រុងស្រីភពបុរ (ស្រីភវបុរ) និងរាជបុត្រមានថា ស្រីឥន្ទ្រាទិត្យ, រាជសេវកាមាទ្យ(មន្ត្រី) របស់ព្រះរាជានាម ធម៌្មាទិត្យ បានថ្វាយតង្វាយក្នុងទេវស្ថាននេះ។
មេទ្វារខាងត្បូង
១. ដោយចំពោះស្លោកទី១ នេះរលុបបាត់ពាក្យជាច្រើននៅសេសសល់តែពាក្យមួយចំនួនដូចជា យុក្ត ប្រែថាប្រកប, ស្ថិត ប្រែថាស្ថិត តាំងនៅ, តម្កល់ ធាតាប្រែថា បង្កើត, ប្រភពដើម ,កំណើត ថែ
រក្សា,អ្នកផ្តើម,អ្នកគាំពារ។ ដូច្នេះអត្ថបទនេះ ជាប្រភេទ ពាក្យបួងសួងសូមប្រទានពរ ពីទេពជាម្ចាស់។
២. (ស្លោកនេះរលុបបាត់ បាទទី១ និងបាទ៣ ទាំងស្រុង សល់តែបាទទី២ និងបាទទី៤ប៉ុណ្ណោះ យោងតាមពាក្យសេសសល់ អត្ថបទនេះជាពាក្យបួស ឬពាក្យគោរពនមស្ការបូជាដល់ទេពជាម្ចាស់អ្នកបង្កើតលោក)។
៣. (ស្លោកនេះរលុបបាត់ បាទទី១ និងបាទ៣ ទាំងស្រុង សល់តែបាទទី២ និងបាទទី៤ប៉ុណ្ណោះ យោងតាមពាក្យសេសសល់ អត្ថបទនេះជាពាក្យបួស ឬពាក្យគោរពនមស្ការបូជាដល់ព្រះសង្ករទេព បុស្ករទេព។
៤. ស្លោកទី៤ នេះ រលុបអស់ សល់តែនាម ព្រះគេឧទ្ទិសដល់ ពោលគឺព្រះសង្ករ (ជាព្រះនាមព្រះសិវៈ ខ្មែរច្រើនប្រើភ្ជាប់ថា សង្ករនារាយណ មានន័យថា ព្រះសង្ករ=សិវៈ និងព្រះនារាយណ=វិស្ណុ)។
៥……..ប្រតិស្ថាន ទេពមាននាមថា ស្រីភទ្រេស្វរ ដោយសេចក្តីគោរព ក្នុងឆ្នាំនៃសក. កំណត់ដោយ មង្គល=៨ អគ្និ៣ និង……។
៦. នៅក្នុងក្នុងទីក្រុង អនិន្ទិតបុរ ………….មានទេវស្ថានមួយ មាននាមថា វសុទេវ (វសុទេព) បរិបូណ៌ដោយភោគទ្រព្យសម្បត្តិ។
៧. ករង្កធារី ពង្ឝាព្ទ គុណភក្តិមហត្តយា
វហុធា វហុ មេនេ យះ កនីយាន៑ ឥវ ភូភ្ឫតា។
៨. ព្រោះតែ បាដវ ឈ្លាសវៃ កម៌វ្យាបារ ឈ្លាសក្នុងកាងារ អគ្រនីះ ខ្លាំងខ្លា កម៌សចិវះ កាងារល្អ ដោយភាពឆ្លាតវៀងវៃ ចំណេះដឹង សកម្មភាព គាត់ត្រូវបានតែងតាំងជា មន្ត្រីជាន់ខ្ពស់ដោយព្រះបាទ ស្រីយសោវម៌្មនទេវៈ។
៩. រាជសេវកាមាទ្យ (មន្ត្រី)របស់ព្រះបាទ ស្រីហស៌វម៌្មន ជាទីរាជប្រីយ៍ (ជំនិតឬទីពេញចិត្ត) របស់ព្រះបាទស្រីយសោវម៌្មន នាមស្រីន្ឫបេន្ទ្រវីរ បានថ្វាយ សៅវណ៌្ណកោស ដល់ព្រះសិវៈ។
ក្នុងអត្ថបទពាក្យចារឹកនេះ បន្ទាត់ទី១០ ដល់បន្ទាត់ទី១៤ ចារឹកជាពាក្យរាយធម្មតា៖
(១០-១១). ព្រះបាទស្រីយសោវម៌្មទេវ ជាស្តេចអធិរាជ ចរបាទារវិន្ទម៑ ទ្រង់មានព្រះស្រីវរបាទទ្រដោយ កមលជាតិ(ផ្កាឈូក) សំស្តូយមានទ្រង់ទទួលបានការគោរពបូជា អំពី គន (គណ) មហាជន ឬប្រជាជន សុរ ពួកសុរៈ អសុរ ពួកអសុរៈ មហឞ៌ិ ពួកមហស៌ិ យស្យ នៃព្រះរាជា វសុធោត្តរំ សម្រាប់ការទ្រទ្រង់ ប្រទានដ៏ប្រសើ (ទ្រទ្រង់ផែនដី) បើប្រែសម្រួលថា រាជតង្វាយរបស់ព្រះបាទស្រីយសោវម៌្មទេវ ភគវតឝ៑ ឝ្រីត្រិបុរាន្តកេឝ្វរេ ថ្វាយសម្រាប់ព្រះ ស្រីត្រិបុរាន្តកេស្វរ។
(១២-១៤). ព្រះបាទស្រីជយវម៌្មទេវ ព្រះអង្គជាស្តេច អធិរាជ ដែលទទួលបានការប្រទានពរថា ទ្រង់ជា ស្តេចបរាក្រម (ខ្លាំងពូកែ,មិនដែលបរាជ័យ) ដោយប្រការៈផ្សេងៗ មាន មានយសធំ ដូចជាអ្នកបង្កើតនូវ ត្រៃភព សហ រួមជាមួយ ពភុវ មាន យស្យ នៃព្រះរាជា ពសុន្ធរ[ណេន] គឺសម្រាប់ទ្រង់ ឬផ្គត់ផ្គង់ ភគវតឝ៑ ឝ្រីត្រិបុរាន្តកេឝ្វរេ ភក្ត្យា ទិឝត៑ ក្នុង ព្រះភគវត៑ ស្រីត្រិបុរាន្តស្វរ ដោយសេចក្តីគោរព។
១៥. ជនទាំងឡាយណា យកទ្រព្យសម្បត្តិទាំងឡាយ មាន មាស ប្រាក់ជាដើម ដែលបានបូជាថ្វាយដល់ទេពក្នុងស្ថានទីនេះ ជននោះធ្លាក់ក្នុងស្ថាននរកអស់កាលជាយូរអង្វែង។
១៦. នរៈជនណា បានជួយថែរក្សាទ្រព្យសម្បត្តិ ដែលបានបូជាថ្វាយដល់ទេវស្ថានក្នុងទីស្ថាននេះ នរៈជននោះ និងទៅកាន់ស្ថានសួគ៌ សុគតិទេវលោក អស់កាលជាយូរអង្វែងរួមជាមួយនឹងវង្សត្រកូលក្រុមគ្រួសារ។
តាមរយៈអត្ថន័យសិលាចារឹកនេះ យើងបានដឹងច្រើនទាក់ទងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត។ ក្នុងនោះ សិលាចារឹកនៅមេទ្វារខាងជើង បានចាររៀបរាប់រំឮកពីរឿងរ៉ាវនៅដើមស.វ.ទី៩ ស្តីអំពីពិធី ទេវរាជរបស់ព្រះបាទជយវរ្ម័នទី២ នៅលើភ្នំមហេន្ទ្រគិរី (ភ្នំគូលែន) ដោយមានបញ្ជាក់ដល់ព្រាហ្មណ៍ ហិរណ្យទាម ជារាជព្រាហ្មណ៍ ដែលព្រះបាទបរមេស្វរ (ជ័យវរ្ម័នទី២) អញ្ជើញមកពីជនបទ គាត់ជាអ្នកប្រាជ្ញខាងសិទ្ធវិទ្យា មករៀបចំវិធីកម្រតេងជគតតរាជ និងបង្រៀនព្រាហ្មណ៍ សិវកៃវល្យ ដែលជារាជគ្រូរបស់ព្រះបាទបរមេស្វរ។
ក្នុងសិលាចារឹកនៅមេទ្វារខាងជើងនេះ បានរំលេចនូវពាក្យមួយគឺ “កម្រតេងជគតតរាជ” ដែលពាក្យនេះ គេក៏បានប្រទះឃើញនូវសិលាចារឹកស្តុកកក់ធំនាសតវត្សរ៍ទី១១ ហើយរំឮកពីរឿងរ៉ាវនាដើមសតវត្សរ៍ទី៩ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ដូចគ្នា។ ប្រវត្តិវិទូជាច្រើន បានផ្តោតការយកចិត្តទុកដាក់តែលើផ្នែកភាសាសំស្រ្កឹតនៃសិលាចារឹកស្តុកកក់ធំ ហើយបានបកស្រាយថា «ទេវរាជ» គឺស្តេចដែលជាទេព (ទេវរាជ) ឬស្តេចនៃទេពទាំងឡាយ។ លោក Goerge Coedès ក៏បានគិតដែរថា «ទេវរាជ» គឺជាប្រភេទសីវលិង្គម្យ៉ាងតំណាងឱ្យស្តេច ហើយស្តេចគ្រប់អង្គដែលគ្រងរាជ្យបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី២ បានស្ថាបនាប្រាសាទមួយកណ្តាលទីក្រុងដើម្បីឧទ្ទិសចំពោះទេវរាជ។ ប៉ុន្តែបើពិនិត្យមើលទៅលើផ្នែកភាសាខ្មែរនៃសិលាចារឹកស្តុកកក់ធំវិញ ការពន្យល់របស់គេផ្សេងពីនោះ។ ឈ្មោះជាភាសាខ្មែរ “កម្រងតេង ជគត ត រាជ” ពុំមានទំនាក់ទំនងចំពោះព្រះឥសូរទេ។ ពាក្យនោះ មានន័យថា “កម្រតេង” ប្រែថា “ជាម្ចាស់”, “ជគត” ជាពាក្យសំស្រ្កឹតប្រែថា “ពិភពលោក”, “ត” ប្រែថា “ន័យ”, “រាជ” ប្រែថា “ស្តេច”។ ចំណែក ការពន្យល់របស់លោក Claude Jacques វិញ គាត់បានបង្ហាញថា “កម្រតេង ជគត ត រាជ” គឺជាទេពការពារស្រុកម្យ៉ាងរបស់ខ្មែរដូចជា អ្នកតា មានអំណាចខ្លាំង ហើយមានកម្រេងតេងជគតតរាជ លើសពីមួយក្នុងពេលតែមួយ។ សំណួរមួយគឺ តើហេតុអ្វីបានជាខ្មែរយកពាក្យសំស្រ្កឹត “ជគត” មកប្រើ? លោក Michael Vickery បានពន្យល់ថា ខ្មែរបុរាណពុំមានពាក្យសម្រាប់ពិភពលោកទាំងមូល ឬសូម្បីពាក្យសម្រាប់អាណាចក្រធំមួយដែលកើតមកពីការរួមបញ្ចូលអាណាចក្រតូចៗជាច្រើនៗ ឬរដ្ឋតូចៗ។ ពាក្យខ្មែរតែមួយគត់ដែលគេប្រើគឺ “ស្រុក” ដែលជាទឹកដីមួយតូច ហើយមានន័យថាជាដីសម្រាប់ស្តេចត្រាញ់ ឬ បោញគ្រប់គ្រង។ ដូច្នេះពាក្យនេះ ពុំសក្តិសមនឹងទេពពិសេសសម្រាប់ស្តេចអស្ចារ្យដូចស្តេចអង្គរទេ។៧
ចំណែក ស្លោកទី១១ នៃសិលាចារឹកប្រាសាទអំពិលរលំ K.162 មេទ្វារខាងជើង បានបង្ហាញឱ្យយើងស្គាល់អំពីព្រះមហាក្សត្រមួយអង្គដែលសោយរាជ្យនៅ “ក្រុងស្រីភពបុរ” (ស្រីភវបុរ), មានរាជបុត្រព្រះនាមថា “ស្រីឥន្ទ្រាទិត្យ”, រាជសេវកាមាទ្យ (មន្ត្រី) របស់ព្រះរាជានាម “ធម៌្មាទិត្យ” បានថ្វាយតង្វាយក្នុងទេវស្ថាននេះ។ ក្នុងស្លោកនេះ យើងចង់បង្ហាញខ្លះៗអំពីទីតាំងនៃក្រុង “ស្រីភពបុរ” ឬអក្សរតាមបែបសំស្រ្កឹតថា “ស្រីភវបុរ” ថានៅទីណានៃស្រុកខ្មែរបច្ចប្បន្ន?
ប្រវត្តិវិទូទាំងឡាយ មានគំនិតខុសៗគ្នាអំពីភវបុរ។ ក្នុងសៀវភៅរបស់លោក Goerge Coedès ដែលមានចំណងជើងថា “The Indianized States” នៅឆ្នាំ១៩៤៨ និងក្នុងការសរសេររបស់លោក Pirre Dupont និយាយថា ភវបុរ នៅខាងជើងវត្តភូ និងខាងជើងភ្នំដងរែក គឺស្ថិតនៅភាគខាងត្បូងឡាវ និងភាគឦសានទឹកដីថៃ។ ដ្បិតគេគិតថាឈ្មោះ “ភវបុរ” គឺសំដៅលើព្រះបាទភវវរ្ម័នទី១ ហើយពួកគាត់ជឿទៀតថាព្រះបាទភវវរ្ម័នទី១ ជាស្តេចចេនឡាដែលស្ថិតនៅភាគខាងជើងឆ្ងាយ មុនពេលចេនឡាឈ្លានពានហ្វូណន។ មុនដំបូងពួកគាត់ក៏គិតដែរថា ភវបុរ គឺនៅឆ្ងាយពីអង្គរជារដ្ឋឯករាជ្យមួយ រហូតដល់រជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ ដល់ ៩៦៨) ដែលជាស្តេចភវបុរបានបង្រួបបង្រួមភវបុរជាមួយអង្គរ។ ឥឡូវលោក Claude Jacques គិតថា “ភវបុរ” ជាឈ្មោះសំបូរព្រៃគុក ប៉ុន្តែគាត់នៅតែគិតថាទីនោះគឺជារដ្ឋឯករាជ្យមួយរហូតដល់រាជ្យព្រះបាទរាជេន្រ្ទវរ្ម័ន។ លោក Michael Vickery បានយល់ស្របគំនិតរបស់លោក Claude Jacques ដែលថាសំបូរព្រៃគុកមានឈ្មោះថា “ភវបុរ” ក្នុងរាជ្យបុត្រារបស់ព្រះបាទឦសានវរ្ម័នទី១ គឺព្រះបាទភវវរ្ម័នទី២ និងក្រោយពេលកន្លែងនោះមានឈ្មោះថា “ឦសានបុរ” ក្នុងរាជ្យព្រះបាទឦសានវរ្ម័នទី១។ លុះក្រោយមក នៅពេលដែលលោក Goerge Coedès បានរកឃើញសិលាចារឹកអំពិលរលំនេះ លោកបានប្តូរគំនិតដោយគាត់លែងគិតថា ភវបុរ នៅឡាវទៀតហើយ ផ្ទុយទៅវិញគាត់យល់ថា “ភវបុរ” ទំនងនៅម្តុំអំពិលរលំនេះតែម្តង។៨ ទាំងនេះគឺគ្រាន់តែជាការយល់ផ្សេងៗពីគ្នារបស់អ្នកប្រវត្តិវិទូ ប៉ុន្តែចម្ងល់ដែរថា តើភវបុរនៅទីណាពិតប្រាកដនោះ ពុំទាន់បានបកស្រាយនៅឡើយទេ។
ដោយឡែក នៅក្នុងសិលាចារឹកប្រាសាទនេះនៅមេទ្វារខាងត្បូងវិញ ក៏បានឱ្យយើងយល់អំពីរឿងរ៉ាវប្រវត្តិសាស្រ្តជាច្រើនចាប់ពីរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩-៩១០) ព្រះបាទហស៌វរ្ម័នទី១ (គ.ស.៩១០-៩២១) និងព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២៨-៩៤១)។ ស្តេចទាំងអម្បាលម៉ាននេះ បានធ្វើតង្វាយដល់ព្រះអាទិទេពនិកាយព្រះឥសូរតម្កល់នូវទេវស្ថាននេះព្រះនាម «ស្រីត្រិបុរាន្តកេស្វរ»។ នៅស្លោកទី១០-១១ នៃសិលាចារឹកនេះ បានរៀបរាប់ពីភាពអស្ចារ្យនៃព្រះបាទស្រីយសោវម៌្មទេវ ថាទ្រង់គឺជាស្តេចអធិរាជ ចរបាទារវិន្ទម៑ ទ្រង់មានព្រះស្រីវរបាទទ្រដោយ កមលជាតិ (ផ្កាឈូក) សំស្តូយមានទ្រង់ទទួលបានការគោរពបូជា អំពី គន (គណ) មហាជន ឬប្រជាជន។ ចំណែក ស្លោកទី១២-១៤ ក័បានរៀបរាប់អំពីភាពអស្ចារ្យរបស់ព្រះបាទស្រីជយវម៌្មទេវដូចគ្នា គឺពោលសរសើរដល់ព្រះអង្គថា ជា ស្តេចអធិរាជ ដែលទទួលបានការប្រទានពរថា ទ្រង់ជា ស្តេចបរាក្រម (ខ្លាំងពូកែ,មិនដែលបរាជ័យ) ដោយប្រការៈផ្សេងៗ មាន មានយសធំ ដូចជាអ្នកបង្កើតនូវ ត្រៃភព សហ រួមជាមួយ ពភុវ មាន យស្យ នៃព្រះរាជា។ ជាពិសេសនោះ គឺបន្ទាត់ទី១៥ ដែលចារឹកជាភាសាខ្មែរ បានឱ្យយើងដឹងអំពីការដាក់បណ្តាសានាសម័យបុរាណចំពោះជនណាដែលបំផ្លាញសម្បត្តិនៅទេវស្ថាន “ជនទាំងឡាយណា យកទ្រព្យសម្បត្តិទាំងឡាយ មាន មាស ប្រាក់ជាដើម ដែលបានបូជាថ្វាយដល់ទេពក្នុងស្ថានទីនេះ ជននោះធ្លាក់ក្នុងស្ថាននរកអស់កាលជាយូរអង្វែង” ហើយបន្ទាត់ទី១៦វិញ បានឱ្យយើងយល់អំពីការប្រទានពរសម្រាប់ជនណាដែលថែរក្សាសម្បត្តិនៅទេវស្ថាន «នរៈជនណា បានជួយថែរក្សាទ្រព្យសម្បត្តិ ដែលបានបូជាថ្វាយដល់ទេវស្ថានក្នុងទីស្ថាននេះ នរៈជននោះ និងទៅកាន់ស្ថានសួគ៌ សុគតិទេវលោក អស់កាលជាយូរអង្វែងរួមជាមួយនឹងវង្សត្រកូលក្រុមគ្រួសារ»។
ជារួមមក សិលាចារឹកសំស្រ្កឹតនៅប្រាសាទអំពិលរលំ K.162 ដែលចារឹកឡើងនៅសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ បានឱ្យយើងយល់ដឹងអំពីរឿងរ៉ាវជាច្រើនទាក់ទងនឹងប្រវត្តិសាស្រ្តរួមមាន ព្រឹត្តិការណ៍នាដើមសតវត្សរ៍ទី៩ ការប្រារព្ធពិធីទេវរាជ ការសរសើរអំពីអនុភាពនៃព្រះរាជា ស្គាល់ពីព្រះនាមព្រះមហាក្សត្រ ស្គាល់អំពីមន្រ្តីសំខាន់ៗ ស្គាល់អំពីឈ្មោះ ទីក្រុងសំខាន់ៗនៅរវាងសតវត្សរ៍ទី៩ដល់ស.វ.ទី១០ និងព្រមទាំងដឹងអំពីការដាក់បណ្តាសានិងការប្រទានពរផងដែរ៕
——————————–
Ampil Rolum inscription, K.162
Ampil Rolum is the name of a temple that was named by a French scholar. However, the local people call it Prasat Bei. Prasat Bei locates in Andong Trom village, Chamna Loeu commune, Stong district, Kampong Thom province. It is about 40 Km northwest of the town and 18 Km from the center of the Stong district. The temple was built in a square shape of three towers running in the same row. All the shrines face east. However, only the central tower is still standing.
The inscription, K.162 carved on a door frame of the central tower. It has been studied by Etienne Aymonier in the 1900s, Lunet De Lajonquière, Etienne Aymonier, and George Coedès in 1954. This inscription has written in two languages, Sanskrit and Khmer. The inscription has two parts. The northern part has 22 lines, and the southern part has 28 lines. Also, there are two lines in Khmer. It was written during the reign of King Jayavarman IV (928-941 CE). It describes the previous Kings such as Nrvira who was an official of King Yasovarman, Harsavarman. Also, he was a donor of this temple. The inscription on the north door frame has 22 lines. It describes the event in the early 9th century called Devaraja that was celebrated by King Jayavarman II on Mahendrakiri. More importantly, it illustrates the name of the Royal Guru, Hiranyadama who came from the province to do the ritual Kamraten Jagat Ta Raja and teaches a Brahman names Shivakaivalya.
The inscription shows an important historical event. Part of the inscription that was written on the north door frame mentions the word, Kamrateṅ Jagat Ta Rāja which is the same word that mentions in the Sdok Kak Thom inscription, 11th century. Sdok Kak Thom’s inscription also illustrates the event in the 9th century of King Jayavarman II. Some scholars believe that Devaraja is the King of all divinities. However, Goerge Coedès argues that it is a Shiva Linga that represents the coronated Kings after King Jayavarman II. However, based on the part of the inscription that was written in Khmer, Kamrateṅ Jagat Ta Rāja does not relate to Shiva. Kamrateṅ relative means master and Jagat in Sanskrit means universe. Ta is mean and Rāja is King. According to Claude Jacques, Kamrateṅ Jagat Ta Rāja is a local deity similar to Neak Ta
Significantly, why the Sanskrit word Jagat is used? Michael Vickery explains that in ancient time Khmer did not have the word for Universe. The only Khmer word is Sruk. It was a word for a polity. Therefore, this word might not refer to the pantheon of the Kings.
Moreover, the 11th stanza of the northern door frame mentions about the King of Sribhavapura. He has a son named Sri Indraditya, an official names Rajasevakamadya who is the official of King Dhamaditya. Based on Pirre Dupont, Bhavapura locates in the northern part of Vat Phu and Dangrek mountain, the southern part of Laos and northeast of Thailand. Bhavapura refers to the name of King Bhavavarman I, the King of Chen La. However, Claude Jacques argues that Bhavapura is the name of Sambo Prei Kuk which was an independent polity until the reign of King Rajendravarman. However, Goerge Coedès believes that Bhavapura is located around Ampil Rolum temple.
The inscription on the southern door frame describes the history of the reign of King Yasovarman I (889-910 CE), Harsavarman I (910-921 CE), and Jayavarman IV (928-941 CE). These Kings offered offerings to Lord Shiva who is installed in this place named Sri Tripurantakesvara.
អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា