វត្តរើល មានទីតាំងនៅក្នុងភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្ថិតនៅខាងត្បូងបន្ទាយព្រៃនគរ ប្រហែល៤គីឡូម៉ែត្រ។ នៅទីតាំងអារាមនេះ ពុំឃើញមានសំណល់បុរាណវត្ថុអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។ នៅខាងកើតវត្តមានបឹងមួយឈ្មោះថាបឹងធំ ចំណែកឯនៅខាងជើងវត្តមានបឹងមួយទៀត ឈ្មោះថាបឹងតូច។ បើយោងតាម គេហទំព័រ CISARK បានបញ្ជាក់ថានៅទីតាំងវត្តនេះ មានបំណែកសិលាចារឹកចារលើថ្មថ្លើមអណ្ដើក ឬថ្មស្រទាប់ នៅសល់អក្សរចំនួន៨បន្ទាត់ ដែលតាមរយៈរូបថត ឃើញមានសភាពរេចរឹលរលុបអក្សរអស់ប្រហែលជា៦បន្ទាត់។ បំណែកថ្មនេះមានកម្ពស់ ៣៥ ស.ម. ទទឹង ២០ ស.ម. និងកម្រាស់ ៨ ស.ម.។ ប្រភពដដែលនេះបញ្ជាក់ថាសិលាចារឹកនេះ មានប្រភពមកពីទួលបឹងតូច ដែលនៅជ្រុងអាគ្នេយ៍វត្តប្រហែល ២០០ ម៉ែត្រ។
លោកតា ឈុន ស៊ីម និងលោកតា នៃ ជុន ជាអាចារ្យវត្តរើល បានបញ្ជាក់ថាសិលាចារឹកដែលបានរៀបរាប់ខាងលើនេះ បានបាត់ទៅហើយ ប៉ុន្តែបានឃើញបំណែកមួយផ្នែកផ្សេងទៀត។ ថ្មមួយបំណែកផ្សេងទៀតនេះ មានអក្សរចារឹកចំនួន ៥ បន្ទាត់ និងមានកម្ពស់ ២៩ ស.ម. ទទឹង ៤២ ស.ម. កម្រាស់ ៨ ស.ម.។ បំណែកនេះ ក៏មានផ្នែកសឹករេចរឹលច្រើនផងដែរ។ យោងតាមលោកតា នៃ ជុន បានប្រាប់ឱ្យដឹងថា សិលាចារឹកនេះរកឃើញនៅម្ដុំដើមពោធិ៍ក្បែររបងវត្ត ជ្រុងអាគ្នេយ៍ ក្នុងអំឡុងមុនឆ្នាំ១៩៦០។ តាមការចងចាំរបស់គាត់ ថ្មនេះមានកម្ពស់ប្រហែលជាង ១៥០ ស.ម. ទទឹងចន្លោះពី ៥០ ទៅ ៧០ ស.ម. ប៉ុន្តែនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ថ្មនេះត្រូវគេដំនិងកាត់ជាដុំៗ ប្រើសម្រាប់សំលៀងកាំបិតត្នោត។ ដោយហេតុដូច្នេះហើយ ទើបមានបំណែកតូចៗមកដល់សព្វថ្ងៃនេះ។ តាមការរៀបរាប់នេះ ផ្ទាំងថ្មចារឹកនេះ គួរតែជាមេទ្វារប្រាសាទ ដែលប្រើប្រាស់នៅសម័យមុនអង្គរ និងចារឹកអក្សរនៅសម័យអង្គរ។
អត្ថបទចារឹកនេះ ពុំមានចុះឬសល់កាលបរិច្ឆេទឡើយ ប៉ុន្ដែទម្រង់តួអក្សរ គួរតែស្ថិតនៅក្នុងស.វ.ទី១១។ សេចក្តីដែលនៅសល់បានបង្ហាញពីព្រះបាទ «វិឞ្ណុលោក» ដែលបច្ឆាមរណនាមជាព្រះបាទស្រីជ័យវម៌្មទេវទី៣ ទ្រង់បានប្រទាននាមដល់មន្ត្រីម្នាក់ជា «ម្រតាញន្ឫបេន្ទ្រ» និងមួយផ្នែកទៀតក៏បង្ហាញពីព្រះនាមព្រះបាទស្រីឥន្ទ្រវម៌្មទេវ(ទី១?)។ អត្ថបទយ៉ាងខ្លីបែបនេះ ពុំអាចឱ្យយើងដឹងអ្វីច្រើននោះឡើយ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ទីតាំងរកឃើញសិលាចារឹកនេះ គឺនៅក្បែររាជធានី «ឥន្ទ្របូរ» ដែលត្រូវគ្នានឹងបន្ទាយព្រៃនគរជាទីតាំងដែលព្រះបាទស្រីជ័យវម៌្មទេវទី២ ទ្រង់គង់នៅ ក្រោយពេលយាងត្រឡប់មកអំពីជ្វាវិញ មុននឹងចេញទៅហរិហរាល័យ នៅតំបន់រលួស ខេត្តសៀមរាប។
អត្ថបទសិលាចារឹកជាអក្សរខ្មែរទំនើប
បំណែកទី១
១- …ឝ្រីឦន្ទ្រវម៌្ម[[ទេវ]]…
២- …(បិ)តអ្ជិ(យេ)[[ង៑]]…
៣- …មិេ…
៤- …ទៅ…
[[រលុបដាច់ប្រហែល៦បន្ទាត់]]
៥- …
៦- …បូរទេ…ន…ន…
៧- …ចុញបង្គំត(ធូលិ)វ្រះបាទ…
៨- …វ្រះស្ដាច..្យា…
៩- ………
បំណែកទី២
១- …បូ…
២- …(ទេ)បមាន្រ…
៣- …[[វ្រះកម្រតេង]]]អញវិឞ្ណុលោកស្វេយរាជបិេ…
៤- …[វ្រះ]ករុណាឱយជ្មះម្រតេងន្ឫបេន្ទ្រ…
៥- …ញប…
សេចក្ដីថ្លែងអំណរគុណ
ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកគ្រូ ឡុង អូន លោកតា ជុន នៃ លោកតា ឈុន ស៊ីម អ្នកគ្រូ អ៊ុំ អូន និងលោកគ្រូ វ៉ន សាវង្ស ដែលបានជួយសាកសួរ ស្វែងរក និងផ្ដល់ដំណឹងអំពីផ្ទាំងសិលាចារឹកនេះ និងលោក ឡា សុខហេង ដែលបានរួមដំណើរក្នុងការស្រាវជ្រាវនេះ៕
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង