តំបន់ភ្នំ១៥០ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលនៅជាប់ពីអាងកំពីងពួយ (រូបលេខ១)។ តំបន់ភ្នំនេះមានភ្នំមួយចំនួននៅផ្តុំគ្នា ដូចជាភ្នំកំពីងពួយ(ភ្នំព្រះ) (រូបលេខ២) ភ្នំកែវ និងភ្នំ១៥០ ដែលជាតំបន់ភ្នំថ្មកំបោរ មានប្រវែងប្រមាណ១០គីឡូម៉ែត្រ។ អំឡុងខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះសិក្សាផូស៊ីលបឋមនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាច្រើនទីតាំង។
តាមរយៈផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញថាតំបន់ភ្នំមួយចំនួនក្នុងខេត្តបាត់ដំបង គឺជាតំបន់ភ្នំមានថ្មកំបោរដែលមានអាយុកាលស្ថិតនៅក្នុងសម័យកាល Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក Paleozoic។
ក្រុមការងារបានសិក្សាពិនិត្យជុំវិញភ្នំ ដូចជាភ្នំកំពីងពួយ (ភ្នំព្រះ) ផ្នែកខាងកើតជាប់និងអាងទឹកកំពីងពួយ ដែលផ្នែកខ្លះនៃជើងភ្នំមានការកាយយកអាចម៍ដី ក្បែរផ្ទះអ្នកភូមិ (រូបលេខ៣)។ នៅទីតាំងកាយយកអាចម៍ដីនេះ យើងបានប្រទះឃើញផូស៊ីលខ្យង (រូបលេខ៤) ផូស៊ីលផ្កាថ្មសំបុកឃ្មុំ (រូបលេខ៥) នៅរាយប៉ាយ។ ចំណែកនៅទីតាំងមួយទៀតនៅវត្តភ្នំព្រះ ផូស៊ីលផ្កាថ្មសំបុកឃ្មុំ ដែលមានទំហំប្រមាណ៥០ស.ម (រូបលេខ៦)។ បន្ទាប់មកក្រុមការងារបានពិនិត្យផ្នែកខ្លះនៃចង្កេះភ្នំក៏បានជួបប្រទះផូស៊ីលមួយចំនួន ដូចជា ផូស៊ីលប្រាប្យូប៉ូត (រូបលេខ៧) ផូស៊ីលពពួក ប្រីយូស្យូន ដែលមានលក្ខណៈប្រហាក់ប្រហែលផ្កាថ្ម មានដើមតូចៗ និងមានប្រហោងនៅខាងក្នុង (រូបលេខ៨) និងខ្លះមានទំហំធំជាង(រូបលេខ៩)។ នៅផ្នែកកំពូលភ្នំព្រះ បានជួបពពួក គ្រីណូអ៊ីត ដែលពួកនេះត្រូវបានជួបប្រទះច្រើននៅស្ថានីយផូស៊ីលមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ (រូបលេខ១០)។ ដោយឡែកនៅទីតាំងផ្នែកខាងលិចភ្នំ ក៏ឃើញមានការកាយយកដីក្រហម និងមានលេចចេញថ្មកំបោរជាច្រើននៅតាមជើងភ្នំ។ តាមរយៈនៃការចុះពិនិត្យនេះ យើងបានជួបប្រទះផូស៊ីលជាច្រើនប្រភេទ ក្នុងនោះក៏មានផូស៊ីលផ្កាថ្មសំបុកឃ្មុំ ពពួកខ្ចៅ និងផុស៊ីលខ្លះមានលក្ខណៈផ្លែកៗ។ (រូបលេខ១១) ជាបំណែកស្នាកស្នាមផូស៊ីល ហាក់ដូចជាពពួកមឹក ដែលយើងបានរកឃើញមួយនៅភ្នំក្រពើ ហៅថា Orthocon nautiloid។ (រូបលេខ១២) ផូស៊ីលនេះមានលក្ខណៈប្រហាក់ប្រហែកនឹងពពួកផ្កាថ្មស្នែង តែវាមិនដូចគ្នានោះទេ វាមានលក្ខណៈប្រហាក់ប្រហែលពពួក ប្រ៊ីយូស្យូន ដែលមានប្រហោងស្ពោត តែវាទើបតែបានជួបនៅទីតាំងនេះប៉ុណ្ណោះ និងបន្តការសិក្សាស្រាវជ្រាវបន្ថែមទៀតផងដែរ។ (រូបលេខ១៣) ជាប្រភេទផ្កាថ្មដែលមានមែកច្រើន ចំពោះផ្កាថ្មដែលមានមែកច្រើនមានលក្ខណៈប្រហាក់ប្រហែល និងពពួកប្រ៊ីយូស្យូន ខុសគ្នាត្រង់ថាផ្កាថ្មមានស្នាមដូចផ្កានៅមុខកាត់របស់វា និងប្រ៊ីយូស្យូនវាមានប្រហោងឬស្ពោត។ ចំពោះពពួកផ្កាថ្មនេះក៏មិនសូវបានជួបច្រើននោះទេ។ ចំណែករូបលេខ១៤-១៥ ជាប្រភេទមួយនៃពពួក Brachiopod។ (រូបលេខ១៤) ជាសត្វ Brachiopod ដែលមានសំបក២ និង (រូបលេខ១៥) មានសំបកតែម្ខាង បាត់ផ្នែកម្ខាង នេះជាប្រភេទតែមួយ។ ចំពោះពពួកផ្កាថ្មសំបុកឃ្មុំ (រូបលេខ១៦) គឺបានជួបនៅគ្រប់ទីតាំងនៃកន្លែងដែលបានចុះពិនិត្យនៅភ្នំ១៥០នេះ។
តាមរយៈភស្តុតាងអាចបញ្ជាក់អំពីវត្តមាន នៃអតីតសមុទ្រដែលធ្លាប់មាននៅក្នុង ភូមិសាស្ត្រតំបន់ភ្នំ១៥០។ ដែលយើងបានរកឃើញវត្តមាននៃសត្វសមុទ្រនៅផ្នែកខាងលើភ្នំ និងជើងភ្នំ។ យើងជឿថានិងមានវត្តមានសត្វសមុទ្រផ្សេងទៀត ប្រសិនបើយើងមានការសិក្សាបន្ថែម។ តាមរយៈការសិក្សាដែលក្រុមការងារបានប្រមូលពីស្ថានីយផុស៊ីលសត្វ សមុទ្រមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដូចជាភ្នំសំពៅ ភ្នំបាណន់ ភ្នំទាក់ទ្រាំង ភ្នំ៧ និងភ្នំក្រពើនេះផងដែរ ដែលបង្ហាញអំពីវត្តមានសត្វសមុទ្រកាលពីអតីកាល នៅស័ក Paleozoic សម័យកាល Permian (២៥១-២៩៩លានឆ្នាំ)។ ទោះយ៉ាងណា នេះជាអាយុកាលបណ្តោះអាសន្នតែប៉ុណ្ណោះ វត្តមានផូស៊ីលសត្វភាគច្រើនមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយទេ? យើងនិងមានការសិក្សាបន្ថែមទៀតទៅលើប្រភេទសត្វដែលយើងបានរកឃើញ។
![](https://asset.ams.com.kh/khmercivilization/media/Phnom-150-1024x609.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A2-copy-19-1024x576.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A3-copy-29-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A4-copy-23-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A5-copy-17-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A6-copy-20-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A7-copy-24-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A8-copy-22-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A9-copy-15-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A1%E1%9F%A0-copy-14-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A1%E1%9F%A1-copy-8-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A1%E1%9F%A2-copy-8-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A1%E1%9F%A3-copy-5-768x1024.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A1%E1%9F%A4-copy-1-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A1%E1%9F%A5-copy-2-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%91%E1%9E%B8%E1%9F%A1%E1%9F%A6-copy-2-1024x746.jpg)
អត្ថបទដោយ៖ លោក លឹម វណ្ណច័ន្ទ