ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកសំស្រ្កឹតវត្តគិរីស្តេចគង់ (សុវណ្ណភូមិ)

សិលាចារឹកសំស្រ្កឹតវត្តគិរីស្តេចគង់ (សុវណ្ណភូមិ)

កន្លងមក លោក ហ៊ុន ឈុនតេង ធ្លាប់បានផ្សាយដោយសង្ខេបខ្លះៗមកហើយ នៅក្នុងបណ្តាញ AMS អារ្យធម៌ខ្មែរ ស្តីពី “អត្ថន័យសិលាចារឹកសុវណ្ណភូមិ K.1419”។ ប៉ុន្តែ នៅក្នុងអត្ថបទនេះ យើងសូមបង្ហាញសេចក្តីនៃអត្ថបទទាំងមូលតែម្តង ដើម្បីជាចំណែកមួយចូលរួមក្នុងការសិក្សាសិលាចារឹកសំស្រ្កឹតបុរាណនៅកម្ពុជា។ វត្តគិរីស្តេចគង់ មានទីតាំងស្ថិតនៅឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអតីតប្រាសាទបុរាណនៅក្នុងស.វ.ទី៧ ដែលសព្វថ្ងៃគេបានរកឃើញគ្រឹះរបស់ប្រាសាទ បន្ទាប់ពីការធ្វើកំណាយសង្គ្រោះរបស់នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិ​សាស្រ្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សិលាចារឹកសំស្រ្កឹតនៅវត្តគិរីស្តេចគង់ដែលយើងលើកមកសិក្សានៅពេលនេះ ជាទូទៅគេស្គាល់ថា “សិលាចារឹកសុវណ្ណភូមិ” ដោយសារក្នុងសេចក្តីនៃចារឹកមានរំលេចនូវពាក្យ “សុវណ៌្ណភូមិ”

អត្ថបទសិលាចារឹកសំស្រ្កឹតនេះ ផ្សព្វផ្សាយឡើងដំបូងនៅរវាងចុងឆ្នាំ២០១៧ ដើមឆ្នាំ២០១៨ ដោយលោក វង់ សុធារ៉ា នៅក្នុងគណនេយ្យហ្វេសបុករបស់លោកផ្ទាល់ និងតាមរយៈការឡើងធ្វើបទសម្ភាសន៍អំពីរបកគំហើញនៃសិលាចារឹកនេះនៅតាមស្ថានីយទូរទស្សន៍ និងវិទ្យុក្នុងស្រុក ដោយមានការចូលរួមពីសំណាក់ លោក ហ៊ុន ឈុនតេង និងលោកស្រី ឆោម គន្ធា ផងដែរ។ ក្រោយមកទៀត ក៏មានព្រះសង្ឃខ្មែរនៅបរទេសមួយចំនួន ចាប់អារម្មណ៍យកសិលាចារឹកនេះទៅសិក្សាបន្ត ដូចជា ព្រះគម្តែងសង្ឃ សែម ឈុនលី ព្រះគម្តែងសង្ឃ អេង សុគង់។ នៅក្នុងឆ្នាំ២០១៨ លោក លី រស្មី និងរូបខ្ញុំបាទ ធ្លាប់បានបកប្រែសិលាចារឹកនេះទាំងមូលម្តងរួចមកហើយ ដោយបានផ្សព្វផ្សាយនៅក្នុងបណ្តាញ​ទំនាក់ទំនងសង្គម តាមរយៈគណនេយ្យហ្វេសបុករបស់លោក លី រស្មី ។ លុះមកដល់ឆ្នាំ២០១៩ លោកស្រី ឆោម គន្ធា លោក វង់ សុធារ៉ា និងលោក ហ៊ុន ឈុនតេង បានចេញផ្សាយអត្ថបទអំពីសិលាចារឹកនេះនៅក្នុងទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំទី៦៦ លេខ៤ (លេខពិសេស) របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។

សំណៅផ្តាមសិលាចារឹកសំស្រ្កឹតនៅវត្តគិរីស្តេចគង់

សិលាចារឹកវត្តគិរីស្តេចគង់ ចារឹកឡើងនៅមហាសករាជឆ្នាំ ៥៥៥ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ ៦៣៣ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧)។ សិលាចារឹកនេះ មានចំនួន ២២ បន្ទាប់ ចារនៅលើប្រភេទថ្មស្រទាប់ដែលគេយកមកធ្វើជាមេទ្វារ និងមានខ្នាតសរុប ១០០ស.ម. x ៥៥ស.ម. ដោយសព្វថ្ងៃចុះបញ្ជីលេខ K.1419។  ខ្លឹមសាររួមរបស់សិលាចារឹកនេះ អាចសង្ខេបមកដូចខាងក្រោម៖

  • ផ្នែកខាងលើពោលអួតសរសើរដល់ទេពក្នុងព្រហ្មញ្ញសាសនា និងការរួមបញ្ចូលគ្នារវាងទេពសំខាន់ពីរ គឺព្រះឥសូរ និងព្រះវិស្ណុ ដែលយើងតែងស្គាល់ថា “ហរិហរ” និងព្រំដែនរដ្ឋបាលរបស់ព្រះឦសានវរ្ម័នទី១ គឺសុវណ្ណភូមិព័ទ្ធជុំវិញដោយសមុទ្រ និងរៀបរាប់ពីមូលនិធីរបស់ព្រៅឯត្ត ថ្វាយចំពោះព្រះស្រីបុស្ករេស មានដីស្រែ គោ ក្រីបី ដោយមានបញ្ជាក់ចំនួនយ៉ាងជាក់លាក់។ មានស្លោកដាក់បណ្តាសាដល់អ្នកលបលួចយកទ្រព្យសម្បត្តិរបស់ទេពឱ្យធ្លាក់នរក និងបញ្ជាក់កាលបរិច្ឆេទឆ្នាំ៥៥៥ស.ក. ខាងដើមខ្នើត ខែចេត្រ ព្រះចន្រ្ទសោយឫក្សអស្វនីនក្សត្រ ដោយរាប់ចាប់ពីតុលរាសី រហូតដល់មិថុនរាសី។
  • ស្លោកចុងក្រោយបង្ហាញជាម៉ោងពេលវេលាថា “សុភលគ្ន” ជាពេលដ៏ល្អក្នុងការប្រតិស្ថាន ដោយការកំណត់យកចំពេលព្រះអាទិត្យរះឡើងក្នុងកុម្ភៈរាសី គោចរឈានកន្លងចូលដល់មិនារាសី ចាបក្រមជាអក្សកោងនៃចក្ររាសី ដែលជាពេលប្រតិស្ថានព្រះស្រី ហរ ក្រឹស្ណ។
  • ជាទូទៅ ក្នុងតារាសាស្រ្តកំណត់ខែកុម្ភៈមាន ៤ មហានាទី គុណ ២៤ ស្មើ ៩៦នាទី ត្រូវ១ម៉ោង ៣៦នាទី។ ក្នុងមិនារាសីមាន ៥ មហានាទី គុណ ២៤ ស្មើ ១២០នាទី ត្រូវជា ២ម៉ោង។ លគ្នឈានកន្លងពីកុម្ភៈរាសី ទៅមិនារាសី យក១ម៉ោង៣៥នាទី គុណ ២ម៉ោងស្មើនឹង ៣ម៉ោង៣៦នាទី។ ព្រះអាទិត្យរះនៅម៉ោង៦ព្រឹក បូក៣ម៉ោង៣៦នាទី ត្រូវជាម៉ោង ៩កន្លះព្រឹក។ ដូច្នេះ គេប្រតិស្ថានរូបព្រះស្រី ហរ ក្រឹស្ណ នៅម៉ោង ៩ កន្លះព្រឹក។

អត្ថបទពាក្យចារឹក

១.        ជយត្យ ធីឝស៑ សុរមៅលិ កូដ            ចូទាមណីន៑ វិស្ផុរទុន្មយូញ្ចាន៑

                        វិជិត្យ តន៑ មូទ៌្ធសុ យស្យ បាទ              នខ ប្រភា វិឞ្ក្ឫត ចន្ទ្រកាន្តិះ។

២.        ឝ្រីឝានវិឞ្ណូជយតស៑ សុរេឝៅ                យយោឝ៑ ឝរីរាទ៌្ធ សមាគមេន

                        អវិវ៌្វភូវាមរមាណវេឞុ                            វិភុត្វមេកត្វមនេកតា ច ។

៣.        វក្ត្រេណ ធីឝ៑ ឝ្រី រុរសា ច បទ្ភ្យាំ          ភុ+បាលិតា ស្មត៑ បតិន៑ អតិភាគ្យាត៑

                        ក្ឞិប្តាហិទូរំ យទហន្ត្វ ធន្យា               យំ កីត៌ិ្តរ៑ ឧទ្ទិឝ្យ វទេទ៑ ឥតីវ ។

៤.        សមុទ្របយ៌្យន្តសុវណ៌្ណភូមិ                   ប្ឫឞ្ថៃករាជេន្ទ្របរាក្រមឝ្រីះ

            សមស្តសាមន្តឝិរោធ្ឫតាជ្ញឝ៑                ឝ្រីឝានវម៌្មាជយតិក្ឞិភីឝះ ។

៥.        តស្យាបិភ្ឫត្យស៑ សមធត្តសំជ្ញាំ             វ្រៅឯត្តឥត្យាត្មគុរុប្រទិឞ្ឋាំ

                        តត៑ បូវ៌្វជេ ស្ថាបិតវត្យនាទឹ                   ឝ្រីបុឞ្ករេឝំ ប្រថមំ សុរាណំា។

៦.        គុរោស៑ ស្វភក្ត្យា ភគិនឹ មុរារេះ            ឝ្រីឝវ៌្វគោវិន្ទមតិឞ្ឋិបត៑ សះ

                        ស្វយម្ភុទេវីភវកេឝវានាំ                      តេនាបិ សំស្ថាបិត ឯកភោគះ ។

៧.        តេឞំា សុរាណាម៑ ឥហ ភ្ឫត្យសំខ្យា     សំបិណ្ឌិតា ស្យាត៑ ត្រិឝតី គវាញ៑ ច

                        សា ត្រិង្ឝតី ក្ឞេត្រកមាហិឞាណាំ     ប្រត្យេកមារាម ឥតិ ត្រយាណាំ ។

៨.        ឯតានិ គោភូធន បូវ៌្វកាណិ                 សវ៌្វាណិ ធម៌្មាត៌្ថំ ឧបាជ៌ិ្ជតានិ

                        បទេ កុលានាំ ស្វកុលៃកទីបោ         វ្រៅឯត្ត នាមាទិតទេវតាភ្យះ ។

៩.        យជ្វា ត្រយាណាម៑ ឥហ ទេវតានាំ     ទត្វា ធនំ យោ ហរតិ ស្ម លោភាត៑

                        សហ ប្រសូត្យា និរយេ និមជ្ជេ             ទាសំ ប្លវាត៑ ស្ថាវរ ជង្គ មានាំ ។

១០.     សមា ឝកេន្ទ្រស្យ ឝរេឞុ វាណៃរ៑         វិ្វនិគ៌្គតា ចៃត្រ សិតាទិរាត្រិះ

                        យទាឝ្វិនី ឝីតករោនុយាត្រិ                តុលោទយោមៃថុនភាគ យុក្តះ ។

១១.     មីនាជវីនា ឈឞមាគ៌្គកុម្ភ                   ចាបក្រមស្ថាឝ៑ ឝុភលគ្ន ទាស្តេ

                        (សូ )យ៌្យោទយឝ៑ ឝ្រីហរក្ឫឞ្ណមូត៌ិ្តម៑​     អតិឞ្ឋិបត្តាំ វិធិនេហ យជា ។

បំណកប្រែ

១. ពន្លឺភ្លឺតាមចន្លោះព្រះនខា នៃព្រះបាទាទាំងគូរ ដូចជារស្មីនៃព្រះចន្ទ្រ បានភ្លឺឈ្នះអស់ពន្លឺត្បូងចូឌាមណីលើកំពូលមកុដនៃពួកទេវតាឡាំងឡាយ ហើយបានភ្លឺចែងចាំងឆ្វែលឆ្វាត់ពាសពេញព្រះសិរិសាទាំងអស់នៃទេពតាទាំងនោះ (ភាពអស្ចារ្យយ៉ាងនេះ) មានប្រាកដចំពោះព្រះអាទិទេពអង្គណា រីព្រះអាទិទេព (គឺព្រះហរិហរ) ជាអធិបតីអង្គនោះរមែងមានជ័យជម្នះ។

២. ការស្នងរូប ជាភាវៈមានអំណាចខ្លាងក្លាក្ដី ជាភាវៈតែម្យ៉ាង និងយ៉ាងច្រើនអនេកទៀតក្ដី បានកើតមានលើមាណព (ក្មេងកំលោះ) ដែលមានជីវិតអមតៈ ព្រោះតែការរួមផ្សុំផ្គុំគ្នានៃព្រះសរីរាង្គម្នាក់ពាក់កណ្ដាលរបស់ព្រះអាទិទេពទាំងពីរព្រះអង្គ រីព្រះអាទិទេពទាំងពីរព្រះអង្គដែលជាអធិបតិនៃពួកទេវតា គឺព្រះស្រីឦសាន (ព្រះសិវ)  និង ព្រះវិស្ណុ (ព្រះនារាយណ៍) រមែងមានជ័យ   ជម្នះ។

៣. មួយវិញទៀត ភពផែនដីក្ដី សិរីសួស្ដីក្ដី និងកិរិយាធ្វើឱ្យសម្រេចបានក្ដី ត្រូវបានរក្សាគ្រប់គ្រង ហើយថ្ងៃណាដែលអពមង្គ័លទាំងអស់ក៏ត្រូវបានបញ្ចៀសឱ្យឆ្ងាយទៅ ដោយព្រះ     អាទិទេពជាអង្គម្ចាស់នៃយើងរាល់គ្នា តាមរយៈព្រះបាទាទាំងគូផង ព្រះឱរាផង និងព្រះឱស្ឋផង រហូតដល់មានសេចក្ដីសុខក្សេមក្សាន្តយ៉ាងក្រៃលែង ព្រះកិត្តិគុណ ឬភាពល្បីល្បាញយ៉ាងនេះ គេបានពោល ប្រដូចទៅនឹងព្រះរាជាអង្គឯណា។

៤.ព្រះរាជា ព្រះបាទស្រីឦសានវរ្ម័ន (អង្គនោះ) មានជ័យជម្នះ ទ្រង់ជាស្ដេចដ៏ចម្បងលើផែនដី ព្រះរាជអំណាចរបស់ទ្រង់ ត្រូវបានប្រទេសជិតខាងទាំងឡាយគោរពកោតខ្លាចដោយសិរសា ទ្រង់មានវីរភាពដ៏ខ្លាំងក្លាក្រៃលែង ជាស្ដេចដែលជាម្ចាស់លើគេតែមួយព្រះអង្គគត់ នៅលើដែនដីសុវណ៌្ណភូមិ ដែលលាតសន្ធឹងរហូតដល់ឆ្នេរសមុទ្រ ។

៥. រីឯសេវកាមាត្យរបស់ព្រះអង្គនាម វ្រៅឯត្ត  ដោយការសម្គាល់ចាំទុកឱ្យសមតាមការចង្អុលបង្ហាញនៃគ្រូរបស់ខ្លួន (បានប្រតិស្ថាន) នូវ (ព្រះបដិមា) ព្រះស្រីបុស្ករេស (ព្រះសិវ) ដែលជាអាទិទេពទី១ នៃទេពទាំងឡាយ ត្រង់កន្លែងបុព្វជនដែលធ្លាប់បានកសាងតាំងពីយូរលង់ណាស់មកហើយនេះ។

៦. ដើម្បីជាការសម្ដែងពីភក្ដីភាពបស់ខ្លួនចំពោះគ្រូគាត់ក៏បានប្រតិស្ថាននូវព្រះបដិមា

ព្រះស្រីសវ៌្វគោវិន្ទៈ (ព្រះវិស្ណុ)  និងព្រះនាងភគិនី (ភរិយា គឺព្រះនាងលក្ស្មី) នៃព្រះមុរារិ (ព្រះវិស្ណុ),  ភោគទ្រព្យរួមរបស់ទេវតា (ទាំងបី) គឺព្រះនាងស្វយម្ភុទេវី (ព្រះនាងលក្ស្មី)  ព្រះភវ (ព្រះសិវ)  និងព្រះកេសវ (ព្រះវិស្ណុ)  ក៏ត្រូវបានប្រមូលរៀបចំទុកដាក់ត្រួតពិនិត្យយ៉ាងល្អដោយគាត់ផងដែរ។

៧. ចំនួន (ភោគទ្រព្យ) សម្រាប់បម្រើការទាំងឡាយ ដល់ទេពទាំងអស់នោះក្នុងទេវស្ថាននេះ សរុបគឺមាន គោ ៣០០ក្បាល ព្រមទាំងក្របីសម្រាប់ធ្វើស្រែ ៣០ ក្បាល និងសួនបន្លែដោយឡែកៗនោះចំនួន ៣។

៨.​ (ភោគទ្រព្យ) សម្រាប់ទេវតាទាំងឡាយបានមកអំពីសេវកាមាត្យនាម វ្រៅឯត្ត នេះ មានគោ ដី និងទ្រព្យធនទាំងឡាយរបស់ជីដូនជីតា សព្វសារពើ និងភាពរុងរឿងទាំងឡាយក្នុងប្រយោជន៍ជាធម៌ទាំងអម្បាមាននេះ (ប្រៀបបានដូចជា) ប្រទីបមួយដើមក្នុងវង្សត្រកូលរបស់ខ្លួន (ហើយបំភ្លឺ) លើមាគ៌ានៃវង្សត្រកូលទាំងឡាយ។

៩. នរជនណា ព្រោះសេចក្ដីលោភលន់ បាននាំយកទៅ ដោយការផ្លាស់ប្ដូរ ឬការបំផ្លាញក្ដី នូវទ្រព្យធននៃទ្រព្យដែលជាចលនវត្ថុ ឬអចលវត្ថុទាំងឡាយរបស់ទេវតាទាំងបីព្រះអង្គ ដែលបានបូជា និងបរិច្ចាគហើយក្នុងទីនេះ នរជននោះ (បន្ទាប់អំពីស្លាប់ទៅ) នឹងត្រូវធ្លាក់ទៅកើតក្នុងស្ថាននរក រួមជាមួយនឹងជនដែលបានរួមគំនិតផងដែរ។

១០. កាលឆ្នាំនៃស្ដេចសក បានកន្លងទៅហើយ ៥៥៥ ឆ្នាំ (វាណ-ឥឞុ-ឝរ) ខាងដើមរាត្រី ខាងខ្នើតខែចេត្រ ព្រះចន្ទ្រសោយឫក្ស អឝ្វិនីនក្សត្រ ដោយផ្ដើមគោចរចេញពីតុលារាសី រហូតទៅដល់មិថុនរាសី ។

១១. ខណៈពេលសុភលគ្នដ៏ល្អ ដែលកំពុងស្ថិតតាមលំដាប់ចាប់ពី មីនៈរាសី មេសៈរាសី ធនុរាសី រហូតចាប់យកកន្លងវិថីនៃកុម្ភៈរាសី  ចំពេលព្រះសុរិយារះឡើង គេបានបូជាថ្វាយ តាមពិធីកម្មរួចហើយ ក៏បានប្រតិស្ថាននូវព្រះបដិមាព្រះស្រី (ព្រះនាងលក្ស្មី) ព្រះហរ (ព្រះសិវ) និង ព្រះក្រឹស្ណ (ព្រះវិស្ណុ) ទាំងនោះក្នុងទេវស្ថាននេះ ។

វចនាធិប្បាយ

*ស្លោកទី១

ជយតិ = រមែងឈ្នះ,រមែង-តែង-តែងតែ..មានជ័យជម្នះ ..។

អធីឝៈ (អធិ+ឦឝៈ) = អធិបតី, ដ៏ចម្បងលើគេ..។

សុរមៅលិកូដចូឌាមណីន៑

សុរ = ទេព, ទេវតា…។

មៅលិ = ផ្នួងសក់, មកុដ, ចុងប៉ូច…។ល។

កូដ = ភ្នំ, កំពូល, ចុង, វៀច, ប្រហើន..។ល។

ចូឌាមណីន៑ = នូវ-កាន់-ញាំង-អស់-នឹង-ចំពោះ..ប្រភេទត្បូងម្យ៉ាង, ត្បូងដែលបំពាក់លើកំពូល ឬទីខ្ពស់ ។

វិស្ផុរត៑ = បានផ្សាយទៅហើយ, បានចែងចាំហើយ, បានផ្យាយទៅពាសពេញហើយ.. ។

ឧន្មយូខាន៑ =ភ្លឺផ្លេក, រស្មីចែងចាំង, ពន្លឺឈ្វែលឆ្វាត់…។ល។

វិជិត្យ = បានឈ្នះហើយ, បានមានជ័យជម្នះហើយ ។

តត៑ = នោះ ។ល។

មូទ៌្ធសុ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទាប-ជិត…ក្បាល, កំពូល, សីសៈ..។ល។

យស្យ = អត្ថក្នុងឞឞ្ឋី នៃ-របស់ ។ល។ ហើយប្រើក្នុងអត្ថចតុថ៌ីមាន ដល់-ដើម្បី-បម្រុង-នឹង-ចំពោះ…ក៏បានដូចគ្នា។

បាទនខប្រភា

បាទ ​= បាទជើង ។

នខ = ក្រចក, ព្រះនខា ។

ប្រភា = ពន្លឺ, រស្មី,

អាវិឞ្ក្ឫត = បានធ្វើឱ្យដូច, ប្រដូច, ស្នង, ជាប់…។ល។

ចន្ទ្រកាន្តិះ = រស្មី ឬ ពន្លឺ របស់-នៃព្រះចន្ទ្រ ។

*ស្លោកទី២

ឝ្រីឝានវិឞ្ណូ  (ឝ្រី ឦឝាន+វិឞ្ណុ, ប្រថមា ទ្វិវចនៈ)

ឝ្រី = សិរីសួស្ដី, ប្រសើរ, ព្រះ, ព្រះអង្គ, សិរី, រុងរឿងចម្រើន, ព្រះនាងលក្ស្មី, រូបសម្រស់, សោភណភាព.. ។ល។

ឦឝាន = ព្រះសិវៈ, ព្រះឥសូរ, ទិសឦសាន..។ល។

វិឞ្ណុ = ព្រះវិស្ណុ..។ល។

ជយតះ = រមែងឈ្នះ,រមែង-តែង-តែងតែ..មានជ័យជម្នះ ទាំងពីរនាក់ ឬ ទាំងពីរព្រះអង្គ។

សុរេឝៅ (សុរ+ឦឝ) = ទេវតាជាធំ ឬជាអធិបតីទាំងពីព្រះអង្គ…។ល។

យយោះ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ទាំងពីរឯណា.. ។

ឝរីរាទ៌្ធសមាគមេន (ឝរីរ+អទ៌្ធ+សមាគម)

ឝរីរ = សរីរៈ, កាយ, រាង្គកាយ…។ល។

អទ៌្ធ = ពាក់កណ្ដាល, មួយចំហៀង..។ល។

សមាគមេន = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ..ការរួមផ្សុំផ្គុំ, ការរួមបញ្ចូលគ្នា…។ល។

អាវិះ =ការស្នង, ការចូលរូប, ការស្ថិតក្នុងខ្លួន..។ល។

វ្វភូវ (ពភូវ) = បានមានហើយ, បានកើតឡើងហើយ ។ល។

អមរមាណវេឞុ            (អមរ+មាណវ)

អមរ = ដែលមិនស្លាប់, ដែលអមតៈ..។ល។

មាណវេឞុ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទាប-ជិត.. មាណព, ក្មេងកំលោះ,បុរសកំលោះ..។ល។

វិភុត្វម៑  = ភាពមានអំណាចខ្លាំងក្លា, ភាពជាធំក្រៃលែង..។ល។

ឯកត្វម៑  = ភាពតែម្យ៉ាង, ឯកភាព, ភាពតែមួយ..។ល។

អនេកតា = ភាពយ៉ាងច្រើនអនេក, ភាពយ៉ាងសម្បូរបែប, ភាពគ្រប់សព្វ..។ល។

  = ផង, ក្ដី, ក៏, ឬក៏, ថែមទាំង..។ល។

*ស្លោកទី៣

វក្ត្រេណ = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ…ព្រះឱស្ឋ, ព្រះភក្ត្រ ឬ មុខ ។ល។

ធីះ =ការធ្វើឱ្យសម្រេច, ការទ្រទ្រង់, ប្រាជ្ញា ..។ល។

ឝ្រីះ = សិរីសួស្ដី, ប្រសើរ, ព្រះ, ព្រះអង្គ, សិរី, សេចក្ដីរុងរឿងចម្រើន, ព្រះនាងលក្ស្មី, រូបសម្រស់, សោភណភាព.. ។ល។

ឧរសា = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ..ទ្រូង ឬ ព្រះឱរា ។ល។

  = ផង, ក្ដី, ក៏, ឬក៏, ថែមទាំង..។ល។

បទ្ភ្យាម៑ =ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ..ជើង ឬ ព្រះបាទាទាំងពីរ ។ល។

ភូះ = ផែនដី, ពិភពលោក ..។ល។

បាលិតា = ត្រូវបានរក្សា, ត្រូវបានគ្រប់គ្រង់, ត្រូវបានគ្រប់គ្រង់រក្សា, ត្រូវបានកាន់កាប់..។ល។

អស្មត៑ = នៃ-របស់ យើង ។

បតិនា = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ…លោកម្ចាស់, អង្គម្ចាស់, ប្ដី, អ្នកធំ.. ។ល។

អតិភាគ្យាត៑ = អំពី-ចាក-ចាប់តាំងអំពី-រហូតដល់-ព្រោះ…សេចក្ដីសុខក្សេមក្សាន្តយ៉ាងក្រៃលែង, ជោគវាសនាដ៏ចម្បង, ព្រេងសំណាងដ៏ធំធែង..។ល។

ក្ឞិប្តា = បាន-ត្រូវបាន ដាក់ចុះ, បញ្ជៀស, ទុក ។ល។

ហិ = ពិត, ពិតណាស់ ។ល។

ទូរម៑ = ឆ្ងាយ ។ល។

យទ៑ = ណា, ឯណា ។

អហន៑ = ថ្ងៃ, ទិវា, ទិវារាត្រី ..។ល។

តុ = ថែម, បន្ថែម, ថែមទាំង, ទោះបី, ប៉ុន្តែ, មួយវិញទៀត, ម្យ៉ាងវិញទៀត ។ល។

អធន្យា = អភ័ព្វ, សំណាងមិនល្អ, សេចក្ដីអាក្រក់..។ល។

យម៑ = នូវ-កាន់-ញាំង-អស់-នឹង-ចំពោះ…ណា, ឯណា ។ល។

កីត៌ីរ៑ = កិត្តិគុណ, ភាពល្បីល្បាញ, ល្បីរន្ទឺ.. ។ល។

ឧទ្ទិឝ្យ = បានសំដៅហើយ, បានសំដៅទៅរក ឬទៅកាន់ហើយ, បានឆ្ពោះត្រង់ហើយ..។

វទេត៑ = បានពោលហើយ, បាននិយាយហើយ, បានស្ដីហើយ, បានប្រាប់ហើយ ..។ល។

ឥតិ = ដូច្នេះ, យ៉ាងនេះ, ដោយប្រការយ៉ាងនេះ, ថា, គឺ, ជា..។ល។

ឥវ = ដូច, ប្រដូច, ស្រដៀង, ត្រូវនឹងគ្នា, ប្រៀបបាននឹង …។ល។

*ស្លោកទី៤

សមុទ្របយ៌្យន្តសុវណ៌្ណភូមិ

សមុទ្រ = សមុទ្រ, សាគរ..។ល។

បយ៌្យន្ត = ឆ្នេរ, ច្រាំង, ទីចុងបំផុត, ចំណុចដែលលាតសន្ធឹងទៅដល់, ព្រុំសីមា…។ល។

សុវណ៌្ណភូមិ = ដែនដីមាស, ផ្ទៃដីមាស, តំបន់មាស..។ល។

ប្ឫឞ្ថៃករាជេន្ទ្របរាក្រមឝ្រីះ

ប្ឫឞ្ឋ = ខ្នង, ទួល, លើ…។ល។

ឯក = មួយ, ម្នាក់, មួយព្រះអង្គ..។ល។

រាជ = ព្រះរាជា, ស្ដេច, ក្សត្រិយ៍..។ល។

ឥន្ទ្រ = ជាធំ, ជាអធិបតី, ទេពដែលជាអធិបតី..។ល។

បរាក្រម = ខ្លាំងក្លា, ក្លាហាន, វីរភាព..។ល។

ឝ្រីះ = សិរីសួស្ដី, ប្រសើរ, ព្រះ, ព្រះអង្គ, សិរី, សេចចក្ដីរុងរឿងចម្រើន, ព្រះនាងលក្ស្មី, រូបសម្រស់, សោភណភាព.. ។ល។

សមស្តសាមន្តឝរោធ្ឫតាជ្ញះ

សមស្ត = ទាំងអស់, ទាំងឡាយ, ទាំងពួង, គ្រប់សព្វ..។ល។

សាមន្ត = ប្រទេសជិតខាង, តំបន់ជិតគ្នា, ជិត, ប្រកៀកគ្នា..។ល។

ឝិរស៑ = ក្បាល, សីសៈ, ព្រះសិរ..។ល។

ឧធ្ឫត (ឧទ្ធ្ឫត)  = បាន-ត្រូវបាន..លើក, លើកឱ្យខ្ពស់, លើកទូល..។ល។

អាជ្ញះ = អំណាច, អាជ្ញា, ការគ្រប់គ្រង់, ការបង្គាប់បញ្ជា..។ល។

ឝ្រីឝានវម៌្មា  (ឝ្រី ឦឝានវម៌្មា)  = ព្រះបាទ ឝ្រី ឦឝានវម៌្មន, ព្រះរាជា ស្រី ឦសានវរ្ម័ន ។

ជយតិ =រមែងឈ្នះ, រមែង-តែង-តែងតែ..មានជ័យជម្នះ ..។

ក្ឞិតីឝះ (ក្ឞិតិ+ឦឝៈ) = ជាធំលើផែនដី, ជាអធិបតីលើផែនដី, ជាចម្បងលើពិភពលោក..

*ស្លោកទី៥

តស្យ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…បុគ្គលឯណា ឬ បុគ្គលនោះ.. ។ល។

អបិ  = សូម្បី, ទោះបី, ផង, ក្ដី, ក៏, ឬក៏, ថែមទាំង..។ល។

ភ្ឫត្យះ =អ្នកបំរើ, សេវកាមាត្យ..។ល។

សមធត្តសំជ្ញាម៑ = ការសម្គាល់ចាំទុកឱ្យសម …។ល។

វ្រៅឯត្ត  ឥតិ = បុគ្គលឈ្មោះថា វ្រៅឯត្ត ។

អាត្មគុរុប្រទិឞ្ឋាម៑ = នូវ-កាន់-ញាំង-អស់-នឹង-ចំពោះ-តាម…ការចង្អុលបង្ហាញ, កាណែនាំ ឬ ការបញ្ជានៃគ្រូរបស់ខ្លួន ។

តត៑ = នោះ ។ល។

បូវ៌្វជេ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…បុព្វជន, ជីដូនជីតា, អ្នកជំនាន់មុន, បង…។ល។

ស្ថាបិតវតិ  = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…ដែលបានកសាង, ដែលបានប្រតិស្ថាន, ដែលបានតំកល់…។ល។

អនាទិម៑ = តាំងពីយូរលង់ណាស់មកហើយ, មិនដឹងទីចាប់ផ្ដើម, មិនដឹងពេលផ្ដួចផ្ដើម, មិនដឹងតាំងអំពីកាលណាមក, តរៀងមក…។ល។

ឝ្រី បុស្ករេឝម៑  = ព្រះស្រីបុស្ករៈដ៏ចម្បង..។ល។

ប្រថមម៑ = ជាទី១, ជាដំបូង, ជាបឋម…។ល។

សុរាណាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ទេវតាទាំងឡាយ។

*ស្លោកទី៦

គុរោះ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…គ្រូ ឬ អាចារ្យ ។

ស្វភក្ត្យា = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ…ភក្ដីភាព, សេចក្ដីគោរព, សេចក្ដីស្មោះត្រង់, សេចក្ដីស្រលាញ់ស្មោះស្ម័គ្រ…របស់ខ្លួន ។ល។

ភគិនិម៑ = នូវ-កាន់-ញាំង-អស់-នឹង-ចំពោះ..បងប្អូនស្រី, ភរិយា, ប្រពន្ធ, ព្រះនាងលក្ស្មី..។

មុរារេះ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ព្រះវិស្ណុ..។ល។

ឝ្រី ឝ(ស)វ៌្វគោវិន្ទម៑ = នូវ-កាន់-ញាំង-អស់-នឹង-ចំពោះ… ព្រះស្រីសវ៌គោវិន្ទៈ ។ល។

អតិឞ្ឋិបត៑ = បានប្រតិស្ថានហើយ, បានតំកល់ហើយ, បានតាំងទុកហើយ, បានកសាងហើយ… ។ល។

សះ = គាត់ ឬ គេនោះ ។ល។

ស្វយម្ភុទេវីភវកេឝវានាម៑ =     នៃ-របស់-ដល់-ដើម្បី-សម្រាប់…ព្រះនាងស្វយម្ភុទេវី(ព្រះនាងលក្ស្មី),  ព្រះភវ(ព្រះសិវៈ)  និងព្រះកេសវៈ(ព្រះវិស្ណុ) ។

តេន = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ…គាត់ ឬ គេនោះ​

អបិ  = សូម្បី, ទោះបី, ផង, ក្ដី, ក៏, ឬក៏, ថែមទាំង..។ល។

សំស្ថាបិតះ = ត្រូវបាន..ប្រមូល, រៀបចំ, ទុកដាក់, ត្រួតពិនិត្យ, តំកល់ឱ្យល្អ…។ល។

ឯកភោគះ = ភោគៈទ្រព្យរួម, ភោគៈរួមតែមួយ..។ល។

*ស្លោកទី៧

តេឞាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…គេ, គាត់ ឬ ទេពទាំងឡាយនោះ។

សុរាណាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ទេព ឬ ទេវតាទាំងឡាយ ។

ឥហ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…ទីនេះ, ទីស្ថាននេះ, កន្លែងនេះ..។ល។

ភ្ឫត្យសំខ្យា = ចំនួននៃទ្រព្យ, មនុស្ស, សត្វសម្រាប់បម្រើការទាំងឡាយ ។ល។

សំបិណ្ឌិតា = សរុប, សង្ខេប, ពួនផ្ដុំ, គួបផ្គុំ, រួមសរុប…។ល។

ស្យាត៑ = បានមានហើយ..។ល។

ត្រិឝតី = ចំនួន ៣០០ ។

គវាំ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…គោទាំងឡាយ

  = ផង, ក្ដី, ក៏, ឬក៏, ថែមទាំង..។ល។

ត្រឹឝតី = ចំនួន ៣០ ។

ក្ឞេត្រកមាហិឞាណាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ក្របីទាំងឡាយ សម្រាប់ធ្វើស្រែ..។ល។

ប្រត្យេកម៑ = ចំណែក, ដោយឡែកៗ, វគ្គ, តែមួយៗ, នីមួយៗ..។ល។

អារាម = សួន, សួនច្បារ, សួនដំណាំ, សួនផ្កាបន្លែផ្លែឈើ, អារាម, ទីអាស្រម, ទីអាវាស..។ល។

ឥតិ = ដូច្នេះ, យ៉ាងនេះ, ដោយប្រការយ៉ាងនេះ, ថា, គឺ, ជា..។ល។

ត្រយាណាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ចំនួន ៣។

*ស្លោកទី៨

ឯតានិ = ទាំងឡាយនេះ, ទាំងអស់នេះ..។ល។

គោភូធនបូវ៌្វកានិ =(គោ+ភូ+ធន+បូវ៌ក)

គោ ដី និង ទ្រព្យធនទាំងឡាយរបស់ជីដូនជីតា ឬ អ្នកជំនាន់មុន។

សវ៌្វាណិ = សព្វគ្រប់, សព្វគ្រប់ទាំងអស់, សព្វសារពើ…។ល។

ធម៌្មាត៌្ថម៑  (ធម៌+អថ៌) = នូវ-កាន់-ញាំង-អស់-នឹង-ចំពោះ-ដោយ-ក្នុង …ប្រយោជន៍ជាធម៌..។ល។

ឧបាជ្ជិតានិ = ភាពបានរុងរឿងទាំងឡាយ, ភាពភ្លឺផ្សាយទៅទាំងឡាយ..។ល។

បទេ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…ចំណែកជាគ្រឿងដល់,មាគ៌ា, ផ្លូវ, ជំហាន, បទ…។ល។

កុលានាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ត្រកូល ឬ ពូជពង្សទាំងឡាយ..។ល។

ស្វកុលៃកទីបះ (ស្វ-កុល-ឯក-ទីប) = ប្រទីបមួយដើមក្នុងវង្សត្រកូលរបស់ខ្លួន ។

វ្រៅឯត្ត នាមាត៑ = អំពី-ចាក-ចាប់តាំង-រហូតដល់-ហេតុ-ព្រោះ…ជនឈ្មោះ វ្រៅឯត្ត ។

ឥតះ = អំពី..នេះ, ខាងមុខនេះ, ក្នុងនេះ…។ល។

ទេវតាភ្យះ = អំពី-ចាក-ចាប់តាំង-រហូតដល់-ហេតុ-ព្រោះ-ដល់-ដើម្បី-បម្រុង-សម្រាប់….ទេវតាទាំងឡាយ។

*ស្លោកទី៩

យជ្វា = បានថ្វាយហើយ, បានបូជាហើយ..។ល។

ត្រយាណាម៑ =នៃ-របស់-ដល់-ដើម្បី-សម្រាប់…ទាំងបី ៣ ។

ឥហ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…ទីនេះ, ទីស្ថាននេះ, កន្លែងនេះ..។ល។

ទេវតានាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…ទេព ឬ ទេវតាទាំងឡាយ ។

ទត្វា = បានឱ្យហើយ, បានបរិច្ចាគហើយ..។

ធនម៑ = នូវ-កាន់-ញាំង-អស់-នឹង-ក្នុង-ដោយ-ចំពោះ…។ល។

យះ = ជន ឬ បុគ្គលឯណា ។

ហរតិ ស្ម = បាននាំយកទៅហើយ, បានលួចទៅហើយ..។ល។

លោភាត៑ = ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ…សេចក្ដីលោភលន់, បំណងចង់បាន, ការជំពាក់ចិត្ត..។ល។

សហ = ជាមួយ, រួមជាមួយ, មួយអន្លើ…។ល។

ប្រសូត្យា = ដោយកើតជាមួយ, កើតរួមជាមួយ..។ល។

និរយេ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…ស្ថាននករ ។

និមជ្ជេត៑ = ត្រូវ-នឹងត្រូវ-គប្បី-គួរតែ..ធ្លាក់ចុះ, ច្រមុចចុះ…។ល។

អាសំ = នូវ-កាន់-ញាំង-អស់-នឹង-ក្នុង-ដោយ-ចំពោះ…ការបំបែក, ការបំផ្លាញ, ការប៉ះទង្គិចឱ្យខូច…។ល។

ប្លវាត៑ = អំពី-ចាក-ចាប់តាំង-រហូតដល់-ហេតុ-ដោយ-ព្រោះ…ការផ្លាស់ប្ដូរ, ការយកពីកន្លែងមួយទៅកាន់កន្លែងមួយទៀត, លោត, ផ្លោះ…។ល។

ស្ថាវរជង្គមនាម៑ = នៃ-របស់-ដល់-ដើម្បី-សម្រាប់…វត្ថុដែលមានចលនា និង គ្មានចលនា, វត្ថុដែលអាចនាំយកទៅបាន និង មិនអាចនាំយកទៅបាន, ចលនវត្ថុ និង អចលវត្ថុទាំងឡាយ ។    

*ស្លោកទី១០

សមា ឝកេន្ទ្រស្យឝរេឞុវាណៃះ  វ្វិនិគ៌្គតា

សមា= ឆ្នាំ, វស្សា, វត្សរ៍ ។

ឝកេន្ទ្រស្យ = នៃ-របស់..ស្ដេចសកៈ ។

ឝរ= ព្រួញ, លេខ៥…។ល។

ឥឞុ = ព្រួញ, លេខ៥…។ល។

វាណៃះ = ព្រួញ, លេខ៥…។ល។

វិនិគ៌្គតា = បានកន្លងទៅហើយ, បានហួសទៅហើយ …។ល។

ឆ្នាំនៃស្ដេចសកៈ បានកន្លងទៅហើយ ៥៥៥ ឆ្នាំ (វាណ-ឥឞុ-ឝរ)។

ចៃត្រសិតាទិរាត្រិះ = ខាងដើមរាត្រី ខាងខ្នើតខែចេត្រ ។

យទា = ពេលណា, ថ្ងៃណា..។

អឝ្វិនីសីតករោនុយាត្រិ =ព្រះចន្ទ្រសោយឫក្ស អឝ្វិនីនក្សត្រ ។

តុលោទយះ = តុលារាសីងើបឡើង ឬ រះឡើង..។ល។

មៃថុនភាគយុក្តះ = ដល់ព្រម-ប្រកបដោយភាគមៃថុនរាសី ឬ មិថនរាសី..។ល។

*ស្លោកទី១១

មីនាជវីនាឈឞមាគ៌្គកុម្ភ         ចាបក្រមស្ថា ឝុភលគ្ន ទាស្តេ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត….ខណៈពេលសុភលគ្នដ៏ល្អ ដែលកំពុងស្ថិតតាមលំដាប់ចាកពី មីនៈរាសី មេសៈរាសី ធនុរាសី រហូតចាប់យកកន្លងវីថីនៃ កុម្ភៈរាសី ។

សូយ៌្យោទយះ (សូយ៌+ឧទយះ) = ព្រះសុរិយារះឡើង, ព្រះអាទិត្យរះឡើង, ព្រះសុរិយោទ័យ…។ល។

ឝ្រីហរក្ឫឞ្ណមូត៌្តិម៑ (ឝ្រី+ហរ+ក្ឫឞ្ណ+មូត៌ិ) = នូវ-កាន់-ញាំង-អស់-នឹង-ក្នុង-ដោយ-ចំពោះ…ព្រះបដិមា ព្រះស្រី (ព្រះនាងលក្ស្មី) ព្រះហរៈ (ព្រះសិវៈ) ព្រះក្រឹស្ណៈ (ព្រះវិស្ណុ) ។

អតិឞ្ឋិបត៑ = បានប្រតិស្ថានហើយ, បានតំកល់ហើយ, បានកសាងហើយ…។ល។

តាន៑ = នូវ-កាន់-ញាំង-អស់-នឹង-ក្នុង-ដោយ-ចំពោះ…ទាំងនោះ ។

វិធិនា =ដោយ-ដោយសារ-ព្រោះ-ព្រោះតែ-ហេតុ-ដោយហេតុតែ…ពិធីកម្ម, បែបកិច្ចការ, របៀបធ្វើ..។ល។

ឥហ = ក្នុង-ឰដ៏-ត្រង់-ជុំនុំ-បណ្ដា-លើ-ទៀប-ជិត…ទីនេះ, ទីស្ថាននេះ, កន្លែងនេះ..។ល។

យជ្វា = បានបូជាហើយ, បានថ្វាយហើយ..។ល។

អត្ថបទដោយ៖ លោក កំ វណ្ណរ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!