បុរាណដ្ឋានប្រាសាទស្រះខ្ចៅ មានទីតាំងស្ថិតនៅលើជួរភ្នំមួយដែលរត់ជួរតាំងពីភ្នំចំប៉ា ភ្នំស្រួច ភ្នំសន្ទុក ភ្នំត្បែង ភ្នំពែនជុំ ហើយស្ថិតនៅក្នុងរដ្ឋបាលភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៥គ.ម. ភាគឦសានទីប្រជុំជនឃុំកកោះ។ នៅភ្នំស្រះខ្ចៅ មានរឿងព្រេងមួយដែលនិទានអំពីឈ្មោះរបស់ប្រាសាទនិងភ្នំ ហើយសាច់រឿងសង្ខេបមានដូចតទៅ៖ “កាលពីបុរាណភ្នំស្រះខ្ចៅ មានឈ្មោះថា “ភ្នំតូច” ឯភ្នំសន្ទុកមានឈ្មោះថា “ភ្នំធំ”។ ក្រោយមកព្រះបាទចមពង្សទ្រង់ត្រាស់បង្គាប់ឲ្យពលសេនាគាស់ថ្មជីកស្រះយកទឹកប្រើប្រាស់ និងយកខ្ចៅ ខ្ចង គ្រំចិញ្ចឹមក្នុងស្រះនេះដើម្បីធ្វើឲ្យទឹកថ្លាឈ្វេងសម្រាប់ព្រះអង្គ និងនាហ្មឺនសព្វមុខមន្រ្តីប្រើប្រាស់ជាប្រចាំ ព្រោះទីនេះបានក្លាយជាទីតាំងព្រះពន្លាជ័យ។ ក្រោយមកទៀត ស្រាប់តែកើតខ្ចៅនៅពេញស្រះ ទោះបីជានាហ្មឺនមន្រ្តីចាប់យកទៅធ្វើម្ហូបយ៉ាងណាក៏មិនចេះអស់ រហូតជាប់ឈ្មោះភ្នំនេះថា “ភ្នំស្រះខ្ចៅ” មកទល់បច្ចុប្បន្ន។ លុះមកដល់ស.វ.ទី៨ មានព្រះមហាក្សត្រមួយអង្គបាន កសាងប្រាសាទមួយនៅលើភ្នំនេះដោយមានប្រាសាទធំនៅចំកណ្តាល និងប្រាសាទតូចៗចំនួនបួនសង់នៅគ្រប់ជ្រុងទាំងបួនទិសដោយមានក្លោងទ្វារនិងជណ្តើរឡើងពីទិសខាងលិចតាំងពីជើងភ្នំរហូតដល់តួប្រាសាទដែលនៅលើកំពូលភ្នំ”។
រឿងព្រេងនេះទំនងឆ្លុះបញ្ចាំងខ្លះៗអំពីឈ្មោះប្រាសាទ ដ្បិតសាច់រឿងអំពីដើមហេតុនៃការហៅឈ្មោះនេះ គឺមានប្រភពចេញពីស្រះទឹក។ យើងជឿថាប្រភពនៃការហៅឈ្មោះថា “ស្រះខ្ចៅ” នេះទំនងចេញពីស្រះទឹកមួយដែលស្ថិតនៅទិសឦសានប្រាសាទ ដែលជាស្រះមានរៀបថ្មភក់ជុំវិញ។ ចំណែក ពាក្យថា “ខ្ចៅ” ទំនងគេសំដៅលើថ្មនៅជុំវិញមាត់ស្រះដែលគេចោះប្រហោងរាងមូលដូចគូទខ្យង ព្រោះពាក្យថា “ខ្ចៅ” អាចសំដៅលើរាងវង់ ឬរាងដូចគូទខ្យង។ បើក្រឡេកមើលសិលាចារឹកបុរាណវិញ ពាក្យនេះមានប្រើជាឈ្មោះស្រុកមួយនៅសម័យបុរាណដូចឃើញមាននៅក្នុងសិលាចារឹកវត្តដំណាក់ K.420 ដែលរៀបរាប់ថា “ស្រុកខ្ចៅវ”។
ដោយឡែក ប្រាសាទភ្នំស្រះខ្ចៅ ក្នុងពេលបច្ចុប្បន្ននេះ បានបាក់បែកទាំងស្រុងអស់ទៅហើយ នៅសល់តែទួលគរដោយពំនូកឥដ្ឋជាច្រើន ហើយអ្នកស្រុកបានរៀបជាសាឡុំមួយនៅពីលើទួលប្រាសាទបាត់ទៅហើយ។ ម្ល៉ោះហើយ យើងពិបាកក្នុងការដឹងច្បាស់ថា តើប្រាសាទនេះមានតួប៉មសរុបចំនួនប៉ុន្មានឱ្យប្រាកដនោះទេ។ ម្យ៉ាងវិញទៀត នៅសម័យអាណានិគមបារាំង ដែលជាពេលជនជាតិមកពីតំបន់អឺរ៉ុបសិក្សានិងចុះបញ្ជីសំណង់បេតិកភណ្ឌរបស់ខ្មែរ គេមិនបានសិក្សាប្រាសាទនេះឡើយ ដូច្នេះហើយ យើងកាន់តែបាត់ពត៌មានបន្ថែមអំពីប្រាសាទ។ ដោយឡែក ប្រសិនបើយើងជឿតាមរឿងព្រេងថាមានតួប៉ម ៥ ពិតមែន វាអាចជាមានតួប៉មកណ្តាលមួយធំ និងតួប៉មតូចៗចំនួន៤ នៅព័ទ្ធជុំវិញ។ ការដែលគិតបែបនេះ ដ្បិតយល់ថារឿងព្រេងប្រហែលជាកើតឡើងយូរយារ ហើយបង្កើតជារឿងតាមបរិបទជាក់ស្តែងដែលគាត់មើលឃើញ។ ជួនកាលរឿងព្រេងនេះអាចមានឡើងមុនការបាក់បែកនៃប្រាសាទក៏ថាបាន ប៉ុន្តែ មិនអាចប្រាកដនោះឡើយ ដ្បិតប្រាសាទបានរលំទាំងស្រុងទៅហើយ។
បង្គោលសីមារាងផ្កាឈូក នៅច្រកខាងកើតនៃ ប្រាសាទភ្នំស្រះខ្ចៅ
ប្រាសាទស្រះខ្ចៅ មានផ្លូវចូលពីទិសខាងកើត ដែលនៅសងខាងផ្លូវចូលគេមានតម្រៀបជាថ្មបង្គោលរាងផ្កាឈូកដូចឃើញនៅប្រាសាទព្រះវិហារដែរ។ ទំនៀមនៃការសាងសង់ប្រាសាទ ដោយមានការដាក់បង្គោលដូចជាសីមានៅអមផ្លូវចូលនេះ ទំនងមានតាំងពីសម័យមុនអង្គរ ក្នុងស.វ.ទី៧មកម្ល៉េះ ព្រោះយើងធ្លាប់ឃើញភស្តុតាងតាមរយៈការធ្វើកំណាយនៅមុខតួប៉មកណ្តាលប្រាសាទយាយព័ន្ធដោយអ្នកស្រាវជ្រាវបារាំងកាលពីរវាងទសវត្សរ៍១៩២០ ដោយបានរកឃើញបង្គោលថ្មបាយក្រៀមរាងមូលមានកម្ពស់ទាបៗ ដាក់អមផ្លូវចូលចាប់ពីតួប៉មកណ្តាល S1 រហូតដល់តួប៉ម S2។ ប៉ុន្តែ បង្គោលផ្កាឈូកនៅប្រាសាទភ្នំស្រះខ្ចៅ មានទម្រង់សិល្បៈស្រដៀងបង្គោលផ្កាឈូកនៅស.វ.ទី១០ ឬទី១១ ពោល គឺស្រដៀងបង្គោលផ្កាឈូកនៅប្រាសាទប្រែរូប ប្រាសាទបន្ទាយស្រី និងប្រាសាទព្រះវិហារ។ សព្វថ្ងៃ បង្គោលផ្កាឈូកនៅច្រកទ្វារខាងកើតទាំងនេះ បានដួលអស់ហើយ។
វត្ថុសិល្បៈអំពីថ្មភក់ នៅប្រាសាទភ្នំស្រះខ្ចៅ
ទោះបីប្រាសាទភ្នំស្រះខ្ចៅបានបាក់បែកទៅហើយក្តី ប៉ុន្តែវត្ថុសិល្បៈដែលធ្វើឡើងអំពីថ្មភក់មានសេសសល់ច្រើនណាស់ តួយ៉ាងដូចជា ផ្តែរទ្វារ ជើងទម្រ បំណែកបដិមា កំពូលប្រាសាទ បំណែកសសរពេជ្រ មេទ្វារ ទ្រនាប់ជណ្តើរ។ល។ ក្នុងនោះ ផ្តែរទ្វារនៅប្រាសាទភ្នំស្រះខ្ចៅ គេរកឃើញចំនួនពីរផ្ទាំងដែលស្ថិតនៅសម័យកាលផ្សេងៗពីគ្នា។ ផ្តែរទ្វារទីមួយ យើងឃើញសិល្បករលម្អដោយក្បាច់បន្ទាត់ធ្នូរាងផ្តេកត្រង់ និងខាងចុងគួចវង់មកខាងលើដូចគូទខ្យង ហើយនៅចុងសងខាងមានចម្លាក់ក្បាលសសរនៅពីក្រោម។ នៅលើបន្ទាត់ធ្នូ មានលម្អជាក្បាច់រាងរង្វង់ចំនួន៣ ដែលលម្អដោយរូបទេពផ្សេងៗ ប៉ុន្តែសព្វថ្ងៃក្បាច់ត្រង់កន្លែងនេះមានភាពរលុបខ្លាំង យើងមិនអាចមើលដឹងថាជារូបទេពអ្វីឡើយ។ នៅផ្នែកខាងក្រោមនៃផ្តែរ លម្អជារំយោលផ្កា ឬកម្រងមាលាឆ្លាស់គ្នា ដែលជាទម្រង់ទូទៅនៃផ្តែរទ្វារសម័យមុនអង្គរ។ ផ្តែរទ្វារនេះទំនងស្ថិតនៅក្នុងសិល្បៈចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ ដែលមានអាយុកាលនៅរវាងពាក់កណ្តាលស.វ.ទី៧។
ចំណែក ផ្តែរទ្វារទីពីរសិល្បករឆ្លាក់រូបព្រះឥន្រ្ទគង់លើដំរីព្ធវ៌ត (ដំរីក្បាលមួយ) នៅចំពាក់កណ្តាលផ្តែរ ដែលអមដោយតោពីរកំពុងខាំ លេប ឬខ្ជាក់ក្បាច់បន្ទាត់ធ្នូរាងមូលដូចមែកឈើ ហើយការលម្អផ្សេងទៀតជាចង្វាយក្បាច់អង្គរ។ លក្ខណៈផ្តែរទ្វារទីពីរនេះ ទំនងជាសិល្បៈនៅស.វ.ទី១០ រចនាបថកោះកេរ ឬរចនាបថប្រែរូប។
ក្រៅអំពីផ្តែរទ្វារទាំងពីរ វត្ថុសិល្បៈផ្សេងទៀតដែលនៅសល់ ដូចជា សសរពេជ្រ ទ្រនាប់ជណ្តើរ សុទ្ធសឹងជាសិល្បៈសម័យមុនអង្គរ ក្នុងរចនាបថព្រៃក្មេង ឬកំពង់ព្រះ។ អ្វីដែលពិសេសនៅបុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ គេបានរកឃើញផ្ទាំងថ្មគោលសិលាចារឹកមួយផ្ទាំង ដែលចារឹកអក្សរចំនួនបីទិស ហើយសំណេរទាំងនោះមានអាយុកាលពីរសម័យកាលផ្សេងៗគ្នា ពោល គឺផ្ទាំងខាងមុខជាអក្សរចារឹកសម័យមុនអង្គរ ក្នុងស.វ.ទី៧ ហើយអក្សរនៅសងខាងជាសំណេរនៅសម័យអង្គរ ក្នុងស.វ.ទី១០។
ផ្ទាំងគោលចារឹកនេះ ផ្នែកខាងក្រោមបាត់អស់មួយកំណាត់ ហើយផ្នែកដែលនៅសល់ក៏បានបាក់បែកជាពីរថែមទៀត។ នៅផ្ទៃខាងមុខដែលចារឹកនៅសម័យមុនអង្គរ គេចារជាភាសាសំស្រ្កឹត ហើយបន្ទាត់ដែលនៅសល់មានចំនួន ១១ បន្ទាត់ ស្មើនឹង ១១ស្លោកដូចគ្នា។ ចំណែក អក្សរចារឹកនៅសងខាង គេចារឹកជាភាសាខ្មែរ ដែលមុខទីមួយមាននៅសល់ ២១បន្ទាត់ និងមុខទីពីរមាននៅសល់ ២១បន្ទាត់ដូចគ្នា។ អក្សរចារឹកនៅសម័យមុនអង្គរ រៀបរាប់អំពីការស្ថាបនា និងគោរពបូជាសិវលិង្គនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ និងមានរៀបរាប់ដល់ការពោលសរសើរព្រះរាជា។ ចំណែក សិលាចារឹកនៅសម័យអង្គរវិញ ទំនងចុះកាលបរិច្ឆេទមហាសករាជឆ្នាំ៨៤៥ (គ.ស.៩២៣) គឺរៀបរាប់អំពីដង្វាយថ្វាយចំពោះអាទិទេពនៃប្រាសាទ ដែលតំណាងដោយសិវលិង្គ និងរឿងរ៉ាវផ្សេងៗរបស់មន្រ្តីក្នុងស.វ.ទី១០។
គោលចារឹកអក្សរនៅប្រាសាទភ្នំស្រះខ្ចៅ ដែលបាក់បែកជាពីរកំណាត់
សរុបសេចក្តីមក បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ មានតឹកតាងផ្នែកប្រវត្តិសាស្រ្តយ៉ាងសម្បើមបម្រើដល់ការងារសិក្សាស្រាវជ្រាវ និងអភិរក្ស បើទោះបីសព្វថ្ងៃប្រាសាទបានបាក់រលំទៅហើយក៏ដោយ។ បុរាណដ្ឋាននេះ អាចចាប់ផ្តើមឡើងនៅស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស. ៦៥៧ ដល់ ៦៨១) ដែលជាព្រះមហាក្សត្រដ៏សំខាន់នៅសម័យចេនឡា និងជាស្តេចដែលបានបន្សល់សិលាចារឹកច្រើនជាងគេ ហើយក្រោយមកទៀតគេបានសាងសង់សំណង់បន្ថែមទៀតនៅលើភ្នំស្រះខ្ចៅក្នុងស.វ.ទី១០ មហាសករាជឆ្នាំ៨៤៥ ត្រូវនឹងគ.ស.៩២៣ ពោល គឺត្រូវនឹងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២១-៩៤១) ឬរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ និងព្រះបាទឦសានវរ្ម័នទី២ ដែលទាំងពីរអង្គត្រូវជាបុត្រារបស់ព្រះបាទយសោវរ្ម័នទី១ ឡើងសោយរាជ្យបន្តបន្ទាប់គ្នាចាប់ពីគ.ស.៩១០ ដល់ ៩២៨។ តាមពត៌មានមួយចំនួនពីសិលាចារឹក យើងអាចសន្និដ្ឋានថា បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ សាងឡើងឧទ្ទិសដល់ព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា៕
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី