ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹក​វត្តមៀន K.១០៥ (ភាគ១)

សិលាចារឹក​វត្តមៀន K.១០៥ (ភាគ១)

ស្របគ្នា​នឹងការសិក្សាសិលាចារឹកដែលរកឃើញថ្មីៗជាបន្ដបន្ទាប់ ការត្រឡប់​ទៅ​ពិនិត្យ​សើ​រើដើម្បីសិក្សាឡើងវិញ នូវសិលាចារឹកដែល​ធ្លាប់​បោះពុម្ព​ដោយ​អ្នក​ស្រាវ​ជ្រាវ​បរទេស​រួច​មក​នោះ ក៏ជារឿងចាំបាច់ផងដែរ។ ឯកសារជាភាសាបរទេស គឺជារនាំង​ដល់​សិស្ស​និស្សិត ​និង​សាធារណ​ជនខ្មែរមួយចំនួន​ ដើម្បីស្វែងយល់​អំពីសង្គម ប្រវត្តិសាស្ត្រ សាសនា ភាសា​… ​នា​សម័យ​បុរាណ តាមរយៈអត្ថបទ​សិលាចារឹក​។ ម្យ៉ាងវិញទៀត ការ​ពិនិត្យ​ឡើង​​វិញ​នេះ អាចឱ្យយើង​ផ្ទៀង​ផ្ទាត់​ និងបំពេញ​បន្ថែម​លើ​ឯកសារ​ដែល​មាន​កន្លង​មក​ផង​។ ហេតុ​ដូច្នេះ​ហើយ ទើប​ការ​រៀប​ចំ​អត្ថបទ​​ឬសៀវភៅជាភាសាខ្មែរ មាន​សារៈ​សំខាន់​ដែល​គួរ​តែ​ធ្វើ​ជារឿយៗ រហូត​​ដល់​មាន​ឯកសារ​ជា​មូលដ្ឋានគ្រប់គ្រាន់ ដែល​ជា​កាំ​ជណ្ដើរ​សម្រាប់​ជាន់​ឡើងទៅមុខជា​លំដាប់។

នៅក្នុងអត្ថបទនេះ យើងនឹងលើកយកសិលាចារឹក​វត្តមៀនមក​សិក្សាជាថ្មី​ម្ដង​ទៀត​ ដ្បិត​សិលាចារឹកនេះ មានបញ្ហាចំណោទលើអំណានកាលបរិច្ឆេទ និង​វាក្យ​សព្ទ​​មួយចំនួន​ ដែល​ត្រូវពិនិត្យឡើងវិញ ព្រមទាំង​មាន​​ស្ថាននាមដែលត្រូវសិក្សាបន្ថែមផងដែរ​។

ព័ត៌មានអំពីបុរាណដ្ឋាន

វត្តមៀន មានទីតាំង​នៅខាងត្បូងបឹងក្រពិតស្ថិតក្នុងភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ នៅ​ក្នុងបរិវេណវត្តនេះ​ មាន​ទីតាំង​ប្រាសាទបុរាណមួយ​ ដែល​បច្ចុប្បន្ន​បាន​បាត់​រូប​រាង​ទាំង​ស្រុងទៅហើយ​ ​នៅសល់​តែ​សំណល់បុរាណ​វត្ថុ​​មួយចំនួន​ប៉ុណ្ណោះ។ បុ​រា​ណ​​​​ដ្ឋាន​នេះ ស្ថិត​នៅភាគ​​ខាង​ត្បូងនៃ​​​ខេត្តត្បូងឃ្មុំ នៅជាប់​ព្រំប្រទល់ខេត្តព្រៃវែង និងខេត្ត​កំពង់ចាម។  

ប្រាសាទព្រះវិហារគុហ៍ ទីតម្កល់សិលាចារឹកវត្តមៀន

ទីតាំងស្ថានីយបុរាណវិទ្យាមួយនេះ ចុះលេខ​ IK. ១១៥ ក្នុង​បញ្ជី​ប្រាសាទ​បុរាណ​ខ្មែរ​​របស់​លោក លុយណេត៍ ដឺឡាហ្សុងគីយែរ។ ពុំ​មាន​ឯកសារដែល​​និយាយ​លម្អិត​អំពី​ទី​តាំង​ប្រាសាទ​នេះ​ទេ មានតែការរៀបរាប់ខ្លីៗប៉ុណ្ណោះ។  អតីតប្រាសាទវត្ត​មៀននេះ ជា​ប្រាសា​ទដែល​មាន​ជា​​​ប្រាង្គ​ឥដ្ឋ​បាក់បែកមួយ មានរាងបួនជ្រុងស្មើ​​ បែរ​មុ​ខ​ទៅ​ទិស​ខាង​កើត មាន​កសិន្ធុ​ទឹកព័ទ្ធជុំ​វិញ និង​មានល្បើក ឬបារាយណ៍ទឹកមួយ នៅទិសខាងកើត។ បច្ចុប្បន្ន​ អ្នក​ស្រុក​ហៅ​ល្បើក​នេះ​ថា «បឹង» ដែល​មានទទឹងប្រហែល១២០ម៉ែត្រ និងបណ្តោយ​ប្រហែល២០០ម៉ែត្រ និង​បានក្លាយទៅជា​ស្រែ​របស់ប្រជាពលរដ្ឋដែល​ជា​អតីត​ចៅ​អធិការវត្តនេះ​ទៅហើយ។ ជាទូទៅ យើង​សង្កេត​ឃើញ​ថា​ប្រាសាទដែល​​មាន​សហគ​ម​ន៍​​​​មនុស្ស​រស់នៅច្រើន​ តែងមានបារាយណ៍ទឹកមួយនៅខាងមុខ ដ្បិត​​ជា​និមិត្ត​រូបផង និង​សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនផង។ ដូច្នេះហើយ ទីតាំងនេះ ទំនង​​ជា​ទី​ប្រជុំ​ជន​សំខាន់មួយ​ដែលស្ថិត​នៅក្នុងវិសាលភាពនៃ​​រាជធានីឥន្ទ្របុរ ដែល​យោង​តាម​សិលាចារឹក​ស្ដុកកក់ធំ ឥន្ទ្របុរ គឺ​ជាទីតាំង​ដំបូង​ដែល​ព្រះ​បាទ​ស្រី​ជ័យវម៌្ម​ទេវទី២ មក​គ្រប់​​គ្រង​​ក្រោយ​ពេល​ទ្រង់​ត្រឡ​ប់​មក​អំពីជវា។

សំណល់ផ្តែរប្រាសាទ

សព្វថ្ងៃយើងឃើញមានសំណង់ថ្មីកសាងពីបេតុង រចនា​រូបរាងជា​ប្រាសាទ​ ហៅ​ឈ្មោះ​ថា​ «ប្រាសាទ​​ព្រះ​វិហារ​គុក» ឬហៅ​ខ្លីថា «វិហារគុក»។ បច្ចុប្បន្ននៅទី​នេះឃើញ​មាន​សំណ​ល់​បុរាណវត្ថុ​មួយ​ចំនួន​ដូចជា៖ ​ថ្មទ្រនាប់ជណ្តើរសាងពី​ថ្មបាសាល់ ថ្មបាយក្រៀម បំណែក​​ផ្តែរមួយផ្ទាំង ជើងទម្រ​ចំនួន២ បន្ទះថ្មស្នានទ្រោនី មេទ្វារប្រាសាទចំនួនពីរ ដែល​មេ​ទ្វារ​មួយ​មាន​សិលាចារឹក K.១០៥ នេះ​។ បំណែក​ផ្ដែរ​ដែល​នៅសល់ អាច​ឱ្យ​យើង​ដឹង​ថា​ផ្ដែរនេះ ​ស្ថិត​នៅ​អន្ដរកាល រវាងរចនាបថ​បាខែង និងរចនាបថកោះកេរ នៅ​រវាង​ចុង​ស.វ.​ទី៩​និង​ដើម​ស.វ.​ទី១០។ ​សិលាចារឹកវត្តមៀននេះ​​ ក៏​មាន​ចុះកាលបរិច្ឆេទ​រំលឹក​ដល់​ព្រឹត្តិ​ការណ៍​នា​មហាសករាជឆ្នាំ​៨៣៤ ត្រូវ​​នឹងគ្រិ​ស្ដ​​​សក​រាជ​ឆ្នាំ​៩១២ ដែលមាន​លក្ខណៈ​ស្រប​គ្នានឹងផ្ដែរ និង​​នាំ​ឱ្យ​យើង​អាច​យល់​បាន​ថា​​បុរាណ​​ដ្ឋា​ននេះ យ៉ាងហោច​ណាស់​ក៏បន្សល់តាំងពីរវាង​ដើមស.វ.ទី១០មកម្ល៉េះ។​ យ៉ាងនេះក្ដី ថ្ម​ទ្រនាប់​ជណ្ដើរ​សាងពី​ថ្ម​បាសា​ល់ ដែល​ភាគច្រើន​និយម​ប្រើ​ក្នុង​សម័យ​​​មុន​អង្គរ នៅតំបន់ខេត្តកំពង់ចាម ជា​ទី​ដែល​មាន​ប្រភ​ព​​ថ្ម​នេះ ក៏​អាច​ឱ្យ​យើង​យល់​បាន​​ថា​ នៅទី​តាំង​ប្រាសាទវត្តមៀន​នេះ​ អាចមាន​អត្ថិភាព តាំង​ពី​សម័យ​មុន​អង្គរ​មក និងកសាងបន្ថែមនៅសម័យអង្គរ​។ ជាការសោកស្ដាយ ដែល​​ពុំ​​មាន​កំណាយ​បុរាណ​វិទ្យា​ ដើម្បីពិនិត្យផ្ទៀងផ្ទាត់​ពី​អាយុ​កាល​ចំណាស់​របស់​ទី​តាំង​​នេះ​បាន​។​

ជើងទម្រនិង​បន្ទះស្នាទ្រោនី
ថ្មទ្រនាប់ជណ្ដើរសាងពីថ្មបាសាល់

ប្រវត្តិនៃការសិក្សាសិលាចារឹក​​

អ្នកស្រាវជ្រាវ​ជាតិបារាំង ចាប់ផ្ដើម​​សិក្សាអំពី​ប្រាសាទ និងសិលាចារឹកវត្តមៀន តាំងពីឆ្នាំ១៩០០មកម្ល៉េះ។  លោក អៃម៉ូនីញ៉េរ៍ បានរៀបរាប់​អំពីទីតាំងប្រាសាទ និងសិលាចារឹក ព្រម​ទាំង​សង្ខេបអត្ថន័យរបស់សិលាចារឹកនេះផង ចុះផ្សាយ​នៅ​ក្នុងសៀវភៅរបស់​លោក​ដែលមានចំណង​ជើង​ថា «ប្រទេសកម្ពុជា ភាគទី១ (Le Cambodge I)» នៅ​ទំព័រទី២៨២។ ចំណែក​នៅ​ក្នុងសៀវភៅ «បញ្ជីសារពើភណ្ឌពិពណ៌នានៃប្រាសាទប្រទេស​កម្ពុជា ភាគទី១ (Inventaire Descriptif des Monuments du Cambodge, Tome 1)» ទំព័រ១៥៥ វិញ​ លោក លុយណេត៍ ដឺ ឡាហ្សុងគីយែរ បានរៀបរាប់បន្ថែម​អំពីប្រាសាទវត្ត​មៀន និងរំឭកពី​សិលាចារឹកនៅប្រាសាទនេះបន្តិចបន្តួចប៉ុណ្ណោះ។ បន្ទាប់មកទៀត នៅ​​ឆ្នាំ១៩៥៤ លោក ហ្ស៊ក សឺដែស បានសិក្សាអត្ថបទ​សិលាចារឹកនេះ​ ដោយចម្លងអត្ថបទ​​ជាអក្សរឡាតាំង បកប្រែជាភាសាបារាំង ចុះផ្សាយនៅ​ក្នុងកម្រងស្នាដៃ​សៀវភៅ «សិលាចារឹកនៃប្រទេសកម្ពុជា ភាគ​ទី៦ (Inscription du Cambodge Volume 6)»។  ការ​ដែលយកសិលាចារឹកនេះ​មក​សិក្សា​​ឡើង​វិញ លោកបានកែតម្រូវកំហុសមួយចំនួនរបស់លោក អៃម៉ូនីញ៉េរ៍ ទាក់​ទង​នឹងផ្នែក​នរនាមនិងស្ថាននាមឱ្យ​បានត្រឹមត្រូវតាមអត្ថបទចារឹកឡើងវិញ។ ចុងក្រោយ យើង​ឃើញ​លោក ហ្វីលីព ជេន្នឺរ៍ បានសិក្សា​សិលាចារឹកវត្ត​មៀននេះឡើងវិញ ចុះផ្សាយ​ជាភាសាអង់គ្លេស នៅលើគេហទំព័រ sealang.netដែល​ការសិក្សានោះ​ពឹងផ្អែកលើសៀវភៅរបស់លោក ហ្ស៊ក សឺដេស និង​ឯក​សា​រ​​​​មុនៗដែលបានរៀបរាប់។ ការសិក្សារបស់លោក ក៏បាន​កែសម្រួលអំណានខ្លះៗ បន្ថែម​លើអំណាន​របស់អ្នកសិក្សាកន្លងមក។

សិលាចារឹកវត្តមៀន  

ព័ត៌មាននិងអត្ថន័យសិលាចារឹក

សិលាចារឹកភូមិមៀន ចុះលេខបញ្ជីសារពើភណ្ឌសិលាចារឹកខ្មែរ​ K.១០៥ ចារ​លើ​មេ​ទ្វារ​​សាងពីថ្មភក់ ​ដែល​បច្ចុប្បន្ន​មាន​សភាព​សឹករេចរឹល របេះថ្មដោយអន្លើ។ មេទ្វារ​នេះ​តម្កល់ដោយ​ចាក់​ភ្ជាប់​នឹង​បល្ល័ង្ក​​ព្រះ​ពុទ្ធរូប ជ្រុងខាងត្បូង ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ​គុហ៍ និង​​ចុះ​​បញ្ជី​​​សារពើភណ្ឌបុរាណ​វត្ថុ​របស់​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ លេខ PVK-​២០១៨-០០៣ ​ដោយ​ ។ អត្ថបទ​ទាំងមូល ចារជាភាសាខ្មែរបុរាណ ដែលអាច​ចែក​​ជា​៣ផ្នែក​​ផ្សេងគ្នា សរុបមានចំនួន ៣០បន្ទាត់។ អត្ថបទនីមួយៗ មានបង្ហាញ​ពី​កាលបរិច្ឆេទនា​ស.វ.​ទី៩និងទី​​១០។

អត្ថបទផ្នែកទី១៖ មាន១៦បន្ទាត់ ចុះកាលបរិច្ឆេទ​មហាសករាជឆ្នាំ​៨៣៤ ត្រូវនឹង​គ្រិស្ដ​​សករាជឆ្នាំ​៩១២។

អត្ថបទផ្នែកទី២៖ មាន៤បន្ទាត់ ចុះកាលបរិច្ឆេទ​មហាសករាជឆ្នាំ​៩០៨ ត្រូវនឹង​គ្រិស្ដ​​សករាជឆ្នាំ៩៨៦។

អត្ថបទផ្នែកទី៣៖ មាន៨បន្ទាត់ ចុះកាលបរិច្ឆេទ​មហាសករាជឆ្នាំ៩០៩ ត្រូវនឹង​គ្រិស្ដ​​សករាជឆ្នាំ៩៨៧។

នៅ​ក្នុងអត្ថបទចារឹកផ្នែកទី១ អ្នក​ស្រាវជ្រាវដែលបានសិក្សា​​សិលាចារឹកនេះ​កន្លង​មក​ មាន​ភាព​ស្រពិចស្រពិលត្រង់តួលេខ​ទី​ពីរ​ ដ្បិត​ផ្អែកលើក្រដាសផ្ដិត​ មិនអាចកំណត់​បាន​ច្បាស់ថាជាលេខ ២ ឬ ៣។ ដោយ​ហេតុ​ដូច្នេះហើយ ទើប​លោក អៃម៉ូនីញេរ លោក សឺដែស និងលោក ជេន្នើរ ស្នើកាលបរិច្ឆេទ​នេះ​ថាអាចមានលទ្ធភាព​អាន​បាន​ពីរយ៉ាង គឺ​មហាសករាជឆ្នាំ​៨២៤ ឬ ៨៣៤។ ប៉ុន្ដែ​​តាមរយៈការពិនិត្យ​លើថ្មផ្ទាល់​​ អាចឱ្យយើងឃើញ​យ៉ាង​​ច្បាស់​ថាតួលេខនោះ គឺជាលេខ ៣ ពុំ​មែន​ជា​តួលេខ ២ នោះទេ។ យើង​អាចសម្គាល់​តួ​​សញ្ញា​លេខ​២ និងលេខ៣ ដោយសារ​ខ្សែ​កោង​ពាក់​កណ្ដាលរង្វង់(/កួច)​នៅផ្នែ​ក​ខាង​ស្ដាំ​នៃ​តួ​លេខ​​ទាំ​ងពីរនេះ។ លេខ ២ មាន​ខ្សែ​កោង​ពាក់​កណ្ដាលរង្វង់ចំនួនពីរ ចំណែកលេខ ៣ មានចំនួនបី។ រូបរាងតួលេខនៅលើសិលាចារឹកនេះ មាន​ខ្សែកោងនោះចំនួនបីដង ដែ​ល​​បង្ហាញ​យ៉ាងច្បាស់ថាជាលេខ ៣ ដោយ​ឥត​មាន​អ្វី​ជា​មន្ទិល​សង្ស័យ​ទៀតនោះឡើយ។ ដូច្នេះ​កាលបរិច្ឆេទនេះ គឺមហាសករាជឆ្នាំ ៨៣៤ ត្រូវ​នឹង​គ្រិស្ដ​សករាជឆ្នាំ​ ៩១២ ដែល​សាច់​រឿងនេះ ស្ថិត​នៅក្នុងរាជ្យព្រះបាទស្រីហស៌វម៌្មទេវទី១ (គ.ស.៩១០-៩២៥)។ ចំណែក​ឯ​​​អត្ថបទ​ផ្នែក​ទីពីរនិងទីបី ចុះកាលបរិច្ឆេទនៅគ្រិស្ដសករាជឆ្នាំ ៩៨៦ និង ៩៨៧ ដែល​ស្ថិត​​នៅក្នុង​រាជ្យព្រះបាទ​ស្រី​ជ័យវម៌្មទេវទី៥ (គ.ស.៩៦៨-១០០១)។ តាមរយៈកាលបរិច្ឆេទ​និង​ទម្រង់តួអក្សរ សិលាចារឹក​នេះចារឡើងនៅអំឡុងចុងស.វ.ទី១០ និងដើមស.វ.ទី១១ ក្នុង​រាជ្យ​ព្រះ​បា​ទ​​​ស្រី​ជ័យវម៌្មទេវទី៥។ ការចារអត្ថបទនេះ មានពីរដំណាក់កាលផ្សេងគ្នា។ ដំណាក់​កាលទី​មួយ គឺចារអត្ថបទ​ផ្នែកទី១ និងដំណាក់កាលទីពីរ គឺចារអត្ថបទ​ផ្នែកទី២​និង​ទី៣។​ អត្ថបទ​ផ្នែកទី១ ចារឡើងនៅក្រោយកាលបរិច្ឆេទ​ដែលបានចុះនៅលើនោះ ពោល​​ គឺជាអត្ថបទ​ដែលចាររំលឹកអំពីហេតុការណ៍​ដែលបាន​កើតឡើងរួចមកហើយ។

ចំពោះអត្ថន័យសិលាចារឹកវិញ នៅក្នុងអត្ថបទទី១ ផ្តើមឡើងដោយចុះកាលបរិ​ច្ឆេទនៅមហាសករាជឆ្នាំ៨៣៤។ នៅឆ្នាំនោះ មានព្រះរាជបន្ទូលពីព្រះមហាក្សត្រ​ ត្រាស់​បង្គាប់​ដល់ម្រតាញស្រីវិក្រមសន្នាហ ទៅស្ថាបនាបដិមាព្រះនៅស្រុកទៃ នៅព្រៃវ្យក ខេត្តស្រី​ឥន្ទ្របូរ។ មន្ត្រីរូបនេះ និងម្រតាញខ្លោញមហាបុរស បានថ្វាយនូវទ្រព្យ ខ្ញុំបម្រើ ដី និងស្រែចំពោះព្រះ។ សេចក្ដីចុងក្រោយ គឺ​ជាបញ្ញត្តិ​ហាម​ប្រាម និងដាក់​ទោស​ទណ្ឌ​ដល់​​នរណាដែលយកព្រះតង្វាយនឹងត្រូវកាប់ក្បាល។

អត្ថបទទី២ ចុះកាលបរិច្ឆេទនៅមហាសករាជឆ្នាំ៩០៨ (គ.ស. ៩៨៦)។ នៅ​ឆ្នាំ​នោះ​មានព្រះរាជបន្ទូលពីព្រះមហាក្សត្រ ទៅដល់វាបហឫទ័យសិវៈដែលជារាជ​បម្រើ​ប្រចាំការ​ថ្នាក់​ទី៤ ឱ្យមកធ្វើតង្វាយ​ជាដីស្រែ ចំពោះប្រាសាទ​ព្រះគម្តែងអញភគវតី។ ដី​ស្រែ​ដែ​ល​ត្រូវ​​ឱ្យ​នោះ ជាថ្លៃសងនឹងការបុលក្របី១នឹម ដើម្បីទិញថ្ម​បាយក្រៀមមកសាងប្រាសាទ។ វាប​សិបជាខ្លោញឈ្នួល(មេឈ្នួល) មន្ត្រីទសាធិក្រឹត្ត និងរាជមន្ត្រី ជាអ្នក​ថ្វាយស្រែចំពោះទេពស្រីអង្គនោះ ជំនួសវាប​ហឫទ័យសិវៈ។ ចំណែកឯអត្ថបទទី៣វិញ មាន​ចុះកាលបរិច្ឆេទមហាសករាជ​ឆ្នាំ៩០៩ (គ.ស.​៩៨​៦​) គឺ​ជា​បញ្ជីអត្ថបទដែល​រៀប​រាប់​ឈ្មោះអ្នកបម្រើប្រាសាទ​ ដែលខ្លោញពល និងខ្លោញវិស័យ​ភ្នំកន្សិង ថ្វាយចំពោះទេពស្រីនៃប្រាសា​​ទព្រះគម្ដែងអញ​ភគវតី​។ នៅក្នុងនោះ ក៏មាន​រៀប​រាប់​ពីរបៀបដែលទិញខ្ញុំបម្រើទាំងនោះផងដែរ៕

——————————

Vat Mean inscription, K.105 (part 1)

Vat Mean inscription has been studied. However, there are some errors in the date and the words. Therefore, this short article will be discussing the issue.

Vat Mean is located in the south of Krapit lake, Mean village, Mean commune, O Reang Ouv district, Tbong Khmum province. Unfortunately, the temple has completely vanished. The inventory number of the temple is IK.115 in the publication of Lunet de Lajonquiére. Accordingly, it is known that the temple is made in brick of square plan that faces east. It is surrounded by a moat and a Bray at the east.

In 2003, a new temple was installed on the mount of the temple and named Prasat Preah Vihear Kuk or Vihear Kuk. Based on the survey, the site remains two engraved steps, a fragment of a lintel, two pedestals, the support of Linga, and door jams with inscription K.105. Based on the remains, the temple was made between Bakheng and Koh Ker styles, at the end of the 9th to early 10th century. The inscription mentions the date 834 Caka or 912 CE. However, the engraving step could date to the Pre-Angkorian period. Thus, the location has been used since the pre-Angkorian period.

Vat Mean inscription has been studied since the 1900s. Aymonier described the temple and inscription, published in Le Cambodge I, page 282. Also, it has been published in Inventaire Descriptif des Monuments du Cambodge, Tome 1, page 155. In 1954, George Coedès published it in Inscription du Cambodge Volume 6. Later, it has studied and published in sealang.net by Philippe Jenner.

Vat Mean inscription has inventory number K.105, carved on sandstone door-jam. Currently, the door frame is attached by cement to the pedestal of the Buddha statue which is located in the southern part of Preah Vihear Kuk temple. Also, it is in the inventory of the Ministry of Culture and Fine Arts, PVK-2018-003. The inscription has three parts with 30 lines and contains the date of the 9th and 10th centuries.

Part 1: there are 16 lines and mention the date 834 Caka or 912 CE.

Part 2: 4 lines mention the date 908 Caka or 986 CE.

Part 3: 8 lines mention the date 909 Caka or 987 CE.

Inscription part 1 mentions the date 834 Caka and expresses the order of the King to Mratan Sri Vikramasanaha to build a statue in Sruk Dai at Vrai Vyak of Sri Indrapura. This official and Mratañ Khloñ Mahāpurusa offered the properties, servants, and paddies to the God there. The inscription ends with giving caution by cutting the head of whom the temple is destroyed.

Inscription part 2 illustrates the date 908 Caka and says about the order of the King to Bahardayasiva who is working in the 4th category to offer paddies to Prasat Vrāḥ Kamteṅ Añ Bhagavati. The paddies are the payment of the debt from borrowing a couple of buffalos to buy the laterite. Vap Sip, a Khloñ, an officer Sadhikritta, and a royal official, has offered the offerings.

Inscription part 3 mentions the date 909 Caka. It describes the name of the servants who work for the temple which Khlon Pol and Khloñ Visaya Phnom Kansiṅ offered to a female God of Prasat Vrāḥ Kamteṅ Añ Bhagavati. Also, it illustrates the way to buy the servants.

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!